35 C
Phnom Penh

រដ្ឋាភិបាល​​ពេល​នេះនៅ​តែ​មិន​ទាន់​ប្រាប់​ពី​ទី​កន្លែង​​ឃុំ​ខ្លួន​អ្នក​តវា៉​ដែល​ត្រូវ​បាន​ចាប់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវី​ការពារ​ក្តី​ម្នាក់​និង​សកម្មជន​ការ​ពារ​សិទ្ធិ​មនុស្ស​បាន​ដឹង​ឲ្យ​ថា កាល​ពី​ម្សិល​មិញ មន្ត្រី​តុលា​ការ​និង​មន្ត្រី​ពន្ធនាគារ​បាន​បន្ត​លាក់​បាំង​ទី​តាំង​របស់​មនុស​្ស​ចំនួន​២៣​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​អំឡុង​ការ​តវ៉ា​របស់​កម្មករ​កាត់​ដេរ​ដែល​កំពុង​ធ្វើ​កូដកម្ម​ក្នុង​រាជ​ធានី​ភ្នំពេញ​កាល​ពី​សប្តាហ៍មុន​។

មនុស្ស​១០​នាក់​រួម​មាន​មេដឹក​នាំ​សហ​ជីព​និង​សកម្ម​ជន​នយោ​បាយ​ត្រូវ​ទាហាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ។ ហើយ​មនុស្ស​១៣​នាក់​បន្ថែម​ទៀត​ត្រូវ​កង​រាជ​អាវុធ​ហត្ថ​​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ ​អំឡុង​ពេល​បង្ក្រាប​លើ​ការ​តវ៉ាមួយ​ដែល​បណ្តាល​ឲ្យ​កម្មករ​កាត់​ដេរ​ចំនួន​ប្រាំ​នាក់​បាន​បាត់​បង់​ជីវិត​ដោយ​​សារ​ត្រូវ​គ្រាប់​កាំភ្លើង​ពិត​។

លោក​ អំ សំអាត​ អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​​នៅអង្គការ​សិទ្ធិ​មនុស្ស​លីកាដូបាន​ឲ្យ​ដឹង​ថា ក្រុម​គ្រួសារ​និង​មេធាវី​របស់អ្នក​ដែល​ត្រូវ​គេ​ចាប់​ខ្លួន​ទាំង​នោះ​នៅ​មិន​ទាន់​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ដឹង​ពី​ដំណឹង​ណា​មួយ​នៅ​ឡើយ​ទេ។

លោក​ សំអាត​ បាន​មាន​ប្រសាសន៍​ថា​​​​​​  “ មក​​ទល់​នឹង​ថ្ងៃ​នេះ​យើង​នៅ​មិន​ទាន់​ទទួល​បាន​ដំណឹង​ណាមួយពី​ទី​តាំង​របស់​ពួក​គេ​នៅ​ឡើយ​ទេ​។ មេ​ធាវី​ការពារ​ក្តី​ទាំង​អស់​របស់​យើង​ និង​សាច់​ញាតិ​របស់​អ្នក​ដែល​ត្រូវ​​​គេ​ចាប់​ខ្លួន​ក៏បាន​បញ្ជាក់​ដែរ​ថា ខ្លួន​នៅ​មិន​ទាន់​ទទួល​បាន​ដំណឹង​ពីទី​តាំង​របស់​កូន​ក្តី​ខ្លួន​នៅ​ឡើយ​ទេ”។

លោក​ សំអាត​ បាន​បន្ថែម​ថា “ នៅ​តែ​មាន​​ពាក្យ​ចចាមអារ៉ាម​ថា ពួក​គេ​កំពុង​ត្រូវ​បាន​ឃុំឃាំង​នៅ​មណ្ឌល​កែ​ប្រែ​៣ និង​មណ្ឌល​កែ​ប្រែ​៤​ ដែល​ជា​​​ពន្ធនាគារ​ដ៏​ធំ​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​និង​ខេត្ត​កំពង់​ចាម។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ បុគ្គលិក​របស់​យើង​នឹង​ចុះ​ទៅ​ពន្ធ​នាគារ​នៅ​ក្នុង​ខេត្ត​កំពង់​ចាម​នៅ​ថ្ងៃ​ស្អែក​ដើម្បី​ត្រួត​ពិនិត្យ”។

លោក ជូង​ ជូងី មេធាវី​ការ​ពារ​ក្តី​របស់​មនុស្ស​ចំនួនប្រាំមួយ​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​បាន​លើក​ឡើង​ថា លោក​នឹង​ដាក់​សំណើ​ទៅ​កាន់​សាលា​​ដំបូង​រាជធានី​ភ្នំពេញ​នៅថ្ងៃ​នេះ​ដើម្បី​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​​ ជួស​មុខ​ឲ្យ​កូន​ក្តី​របស់​ខ្លួន​  ប៉ុន្តែ​លោក​​នៅ​តែ​មិន​ទាន់​ដឹង​ថា​ តើ​កូន​ក្តី​របស់​លោក​​ស្ថិត​នៅ​ទី​ណា​នោះ​ទេ​។

លោក​ ចាន់​ សុវ៉េត​ អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​បាន​លើក​ឡើង​ថា លោក​ក៏​ជឿជាក់​ថា​ មនុស្ស​ដែល​ត្រូវ​គេ​ចាប់​ខ្លួន​ទាំង​២៣​នាក់នោះ​កំពុង​ត្រូវ​បា​ន​គេ​ឃុំ​ឃាំង​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់​ចាម​ដែល​គេ​ល្បី​ថា ជា​ពន្ធនាគារ​ធ្វើ​បាប​អ្នក​ទោស​​​។

សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ចេញ​ដោយ​អង្គការ​លី​កាដូ​និង​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​កម្ពុជា កាល​ពី​ថ្ងៃ​ច័ន្ទ​ បាន​រៀបរាប់​ថា មណ្ឌល​​​​កែ​ប្រែ​៣​គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​ពន្ធនាគារ​ដែល​លំបាក​បំផុតមួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក​ គា​ សុវណ្ណា​ ប្រធានមណ្ឌល​កែ​ប្រែ​៣​​​​បាន​បដិសេធ​ កាល​ពី​ថ្ងៃ​ច័ន្ទ​ថា អ្នក​ទោស​មិន​នៅ​ទី​នោះ​ឡើយ​ ប៉ុន្តែ​គេ​មិន​អាច​ទាក់​ទង​លោក​បាន​ឡើយ​កាល​ពី​ម្សិលមិញ​។

លោក សុក សំអឿន​ ប្រធាន​ក្រុម​អ្នក​ច្បាប់​ការ​ពារ​សិទ្ធិ​កម្ពុជា​ ជា​អង្គការ​ក្រៅ​រដា្ឋ​​ភិបាល​ផ្តល់​ជំនួយ​ផ្លូវ​ច្បាប់​បាន​លើក​ឡើង​ថា លោក​មិន​ធ្លាប់​ឃើញ​ករណី​ស្រដៀង​គ្នា​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ​ចាប់​តាំង​ពី​អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​រៀបចំ​ការ​បោះ​ឆ្នោត​​ជាតិ​ក្នុង​ឆ្នាំ​១៩៩៣​មក​។

លោក​ សំអឿន​ បាន​មាន​ប្រសាសន៍​ថា “នេះ​គឺ​ជា​បញ្ហាមួយ​​ដែល​បាន​កើត​ឡើង​ជា​ញឹក​ញាប់​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ហើយ​នេះ​ប្រហែល​ជា​យើង​បាន​ត្រឡប់​ទៅ​កាន់​សម័យ​នោះ​វិញ​ហើយ​មើល​ទៅ​”។

លោក​បាន​បន្ថែម​ទៀត​ថា “ [​ក្នុងពេល​បច្ចុប្បន្ន​] ​ជួន​កាល​ពួក​គេ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ទោស​ទាក់​ទង​មេធាវី​ឬ​សមាជិក​ក្រុម​គ្រួសារ​របស់​ខ្លួន​ឡើយ​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ នៅ​ថ្ងៃ​ណា​មួយ​ ពួក​គេ​នៅ​តែ​មិន​អាច​លាក់​បាំង​ពី​ទី​កន្លែង​ឃុំ​ឃាំង​អ្នក​ទោស​ទាំង​នោះ​បាន​ឡើយ​”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស