38 C
Phnom Penh

ការសិក្សា​ស្រាវ​ជ្រាវ​មួយ​រក​ឃើញ​ថាអ្នក​ជក់​បារី​ជា​បុរស​នៅ​កម្ពុជា​នឹង​ស្លាប់​យ៉ាង​ច្រើន​នាពេល​អនាគត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​របាយការណ៍​ថ្មី​របស់​សហ​អ្នក​និពន្ធ​ស្តី​អំពី​ការ​ជក់​បារី​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​​​​​​ ក្នុង​ព្រឹត្តិប័ត្រ​សហគម​វេជ្ជសាស្ត្រ​អាមេរិក​​​​ (Journal of the  American Medical  Association) នៅ​​ថ្ងៃ​នេះ​គឺ​បាន​ឲ្យដឹង​ថា រដ្ឋា​ភិបាល​កម្ពុជា​​​ត្រូវ​តែ​ចាត់​វិធាន​ការ​ក្នុង​ពេល​​នេះ​ ដើម្បី​ចៀសវាង​កុំ​ឲ្យ​កើត​មានការ​ស្លាប់​យ៉ាង​​ច្រើន​ដោយ​សារ​ថ្នាំ​ជក់​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ។

ការ​សិក្សាស្រាវ​ជ្រាវ​មួយ​ដែលមាន​ចំណង​​​ជើង​ថា ‘ ការ​ជក់​បារី​នៅ​ក្នុង​ប្រទេស​ចំនួន​១៨៧​ ចាប់​ពី​ឆ្នាំ​១៩៨០ដល់​ឆ្នាំ​២០១២’​ ត្រូវ​​​បាន​ធ្វើ​ឡើង​សម្រាប់​វិទ្យាស្ថាន​សុខាភិបាល​មួយ​ឈ្មោះ​ថា Health Metrics and Evaluation នៅសាកល​វិទ្យាល័យ​​វ៉ាស៊ីនតោន (University of Washington)។ ការ​សិក្សានេះ​រក​ឃើញ​ថា ការ​ជក់​បារីបាន​សម្លាប់​បុរស​កម្ពុជា​ចំនួន​៩.០០០ នាក់​ជា​រៀង​រាល់​ឆ្នាំ​។

កាលពី​ថ្ងៃច័ន្ទ លោក​ អាឡេន​ ឡូប៉េស (Alan Lopez) សហ​អ្នក​​​និពន្ធ​និង​ជា​សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យា​ល័យ​ម៉េលប៊ន​ (University of Melbourne) បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ២០១២​ មាន​បុរស​កម្ពុជា​​​ចំនួន​៤២​,១​ភាគរយ​បាន​ជក់បារី​​រៀង​រាល់ថ្ងៃ​ជា​ប្រចាំ​ពោល​​គឺ​​មាន​អាត្រា​ខ្ពស់​ជាង​គេ​ទី​៤​នៅ​ក្នុង​តំបន់​ រីឯ​ស្ត្រីកម្ពុជា​ដែល​ជក់​បារី​វិញ​មាន​ត្រឹម​តែ​៤​ភាគរយ​ប៉ុណ្ណោះ​ ជា​ភាគរយ​ដែល​ទាប​ជាង​គេបំផុត​មួយ​នៅ​ក្នុង​តំបន់​និង​ជា​ភាគរយ​ដែល​លោក​ ឡូប៉េស​ ចាត់​ទុក​ថា វា​ជា​ស្ថានភាព​ធម្មតា​មួយ​​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

ចំនួន​នៃ​អ្នក​ជក់​បារី​ដែល​ជា​បុរស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ “ គឺ​ជា​ចំនួន​មួយ​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​តំបន់ ហេតុ​ដូច្នេះ​រដ្ឋាភិបាល​​កម្ពុជា​​គួរ​តែ​ចាត់​ទុក​ថា​ ចំនួន​នេះ​ជា​ចំនួន​ដ៏​ធ្ងន់​ធ្ងរ​។ ហើយ​បើ​យោង​តាម​ការ​ព្យាករថ្នាំ​ជក់​នឹង​សម្លាប់​អ្នក​ជក់​បារី​ដែល​ជា​បុរស​ចំនួន​៥០ភាគរយ​នា​ពេល​អនាគត​”។

លោក​ ឡូប៉េស​ បាន​លើក​ឡើង​ថា មនុស្ស​​​​មិន​ទាន់​ពេញ​វ័យ​ចំនួន​៧​ភាគរយ​នៅ​ក្នុង​​ប្រទេស​កម្ពុជាបាន​ជក់​បារី​ ហើយ​ជំងឺ​ដែល​កើត​ឡើង​ដោយ​សារ​ការ​ជក់​បារី​ដូច​ជា មហា​រីក​ និង​ជំងឺ​សួតជាដើម​ នឹង​ជា​បន្ទុក​ដ៏​ធ្ងន់​ធ្ងរ​​មួយធ្លាក់​លើ​​វិស័យ​សុខាភិបាល។  លោក​បាន​ថ្លែង​​ថា “ ហេតុ​ដូច្នេះ​រដ្ឋាភិ​បាល​​ គួរ​តែ​ព្រួយ​បារម្ភ​បំផុត ​​​ ព្រោះ​​​​​អ្នក​ជក់​បារី​ជា​បុរស​នឹង​ស្លាប់​យា៉ង​ច្រើន​​​ដោយ​សារ​ថ្នាំ​ជក់​នៅ​ប៉ុន្នាន​ឆ្នាំ​ខាង​មុខ​។ ហើយ​នេះ​គឺ​ជា​រឿង​មួយ​ដែល​អ្នក​ជក់​បារី​ជា​បុរស​ចាត់​​ទុក​ជា​បញ្ហា​ធ្ងន់​ធ្ងរ​”។

លោក​បាន​ឲ្យ​ដឹង​ថា ជំហាន​ដំបូង​ដើម្បី​ទប់​ស្កាត់​បញ្ហានេះ ​គឺ​ត្រូវ​តដំឡើង​តម្លៃ​បារី​​ទ្វេ​ដង​ឬ​បី​ដង​។ លោក​មាន​ប្រសាសន៍​ថា     “ ប្រសិន​បើ​យើង​ដំឡើង​តម្លៃ​បារី​  យើង​នឹង​អាចធ្វើ​ឲ្យ​ការ​ជក់បារី​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។​ហើយ​វិធី​សាស្ត្រ​ផ្សេង​មួយ​ទៀត​ គឺ​ត្រូវ​ហាម​មិនឲ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​បារី ​ទោះ​បី​ជា​ក្រោម​រូបភាព​ណា​ក៏​ដោយ​។ បញ្ឈប់​ការ​ផ្សព្វ​ផ្សាយ​អំពី​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់​។ចាប់​ផ្តើម​បង្កើត​កម្ម​វិធី​អំពី​ផល​ប៉ះពាល់​នៃ​ការ​ជក់​បារី​នៅ​តាម​សាលា​រៀន​ រីឯនៅ​លើ​កញ្ចប់​បារី​វិញ ​គឺ​មិន​ត្រូវ​ប្រើ​ពាក្យ​ណា​ដែល​ជំរុញ​ឲ្យ​មានការ​ជក់បារី​ឡើយ”។

លោក​បាន​ព្យាករ​ថា ពលរដ្ឋ​ខ្មែរ​ប្រហែល​​​​​១,២លាន​នាក់​នឹង​ស្លាប់​ដោយ​សារ​ការ​ជក់​បារី​នៅ​រយៈ​ពេល​៣០​ឆ្នាំ​ទៅ​៥០​ឆ្នាំ​ខាងមុខ  ហើយ​ពាក់​កណ្តាល​នៃ​តួ​លេខ​នេះ​គឺ​មនុស្ស​វ័យ​កណ្តាល​ ហេតុដូច្នេះដើម្បី​ចៀស​​វាង​​ការ​ស្លាប់​យ៉ាង​ច្រើន​នេះ​ រដ្ឋា​ភិបាល​ត្រូវ​តែ​ចាត់​វិធាន ​ការ​ប្រឆាំង​ការ​ជក់​បារី​បន្ថែម​៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស