ព្រះមហាក្សត្រ នរោត្តម សីហមុនី ទ្រង់មិនទាន់បានប្រកាសដាក់ប្រទេសក្នុងស្ថាន ភាពគ្រាអាសន្ននៅក្នុងប្រទេសកម្ពុជានៅឡើយទេ ក៏ប៉ុន្តែ ការមិនទាន់ប្រកាសនេះមិនែមនមានន័យថា រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែគោរពរដ្ឋធម្មនុញ្ញ នៅក្នុងកិច្ចខិតខំប្រឹងប្រែងបង្ក្រាបសកម្មភាពតវ៉ា និងបំបាត់សំឡេងប្រឆាំងផ្នែកនយោបាយក្នុងរាជធានីភ្នំពេញនោះទេ។
ប្រឈមនឹងសកម្មភាពតវ៉ាទ្រង់ទ្រាយធំដើម្បីអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង និងសកម្មភាពទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលខ្ពស់ជាងមុន នៅក្នុងវិស័យកាត់ដេរ គណបក្សប្រជាជនកម្ពុជាបានយកច្បាប់ដាក់ក្នុងដៃរបស់ខ្លួន ដោយបានផ្អាកការធានានៅក្នុងរដ្ឋធម្មនុញ្ញចំពោះសេរីភាពនៃការជួបជុំគ្នា ការបង្កើតសមាគម និងការតវ៉ាដោយសន្តិវិធី សម្រាប់ប្រជាជនកម្ពុជា។
លោក សុក សំអឿន មេធាវីផ្នែកសិទ្ធិមនុស្សដ៏លេចធ្លោមួយរូប បានលើកឡើងថា មានតែព្រះមហាក្សត្រ នរោត្តម សីហមុនី ប៉ុណ្ណោះ ដែលអាចប្រកាសដាក់ប្រទេសក្នុងស្ថានភាពគ្រាអាសន្នបាន បន្ទាប់ពីមានសំណើ ពីរដ្ឋសភា ដើម្បីអនុញ្ញាតឲ្យរដ្ឋាភិបាលព្យួរសេរីភាពនៅក្នុងរដ្ឋធម្មនុញ្ញ។
លោកបានមានប្រសាសន៍ថា “ មានតែព្រះមហាក្សត្រប៉ុណ្ណោះ ទើបអាចប្រកាសថា រដ្ឋស្ថិតក្នុងស្ថានភាពច្របូកច្របល់បាន”។
លោកបានពន្យល់ថា “ ឧទាហរណ៍នៅពេលមានសង្គ្រាម ហើយរដ្ឋាភិបាលមិនអាចគ្រប់គ្រងប្រទេសបានជាដើម។ ប៉ុន្តែ ដោយសារតែមានបាតុកម្មដោយសន្តិវិធី និងហេតុការណ៍ប៉ះទង្គិចគ្នាបន្តិចបន្តួច យើងអាចមើលឃើញថា រដ្ឋាភិបាលនឹងអាចគ្រប់គ្រងបាន ដូច្នេះច្បាប់អាជ្ញាសឹកមិនអាចអនុវត្តបានទេ”។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសនៅអង្គការសិទ្ធិមនុស្សក្នុងស្រុក លីកាដូ បានលើកឡើងថា ការព្យួររដ្ឋធម្មនុញ្ញមិនមែនគ្រាន់តែធ្វើឲ្យគណបក្សប្រជាជនកម្ពុជារំលោភច្បាប់របស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ។
លោកបានមានប្រសាសន៍ថា “ យើងគិតថា ការប្រើប្រាស់កម្លាំងទាហាននៅពេលបច្ចុប្បន្ន ដែលមកពីអង្គភាពទ័ពឆត្រយោងលេខ៩១១ និងទាហានប្រដាប់ដោយអាវុធគ្រប់ដៃដទៃទៀត ក្នុងប្រតិបត្តិការបង្ក្រាបដោយហិង្សាទៅលើក្រុមអ្នកតវ៉ា គឺជាទង្វើខុសរដ្ឋធម្មនុញ្ញ”។
លោកបានមានប្រសាសន៍បន្តថា “ វាមិនសមស្របទៅតាមគោលការណ៍លទ្ធិប្រជា ធិបតេយ្យទេ។ ការប្រើប្រាស់ច្បាប់អាជ្ញាសឹកត្រូវបានអនុវត្តនៅប្រទេសកុម្មុយនីស្ត ឬក៏ដោយរដ្ឋាភិបាលយោធា”។
ក្នុងសេចក្តីថ្លែងការណ៍មួួយចេញផ្សាយកាលពីម្សិលមិញ សមាគមសិទ្ធិមនុស្សអាដហុក បានលើកឡើងថា ការដាក់ពង្រាយកម្លាំងអង្គភាពទ័ពឆត្រយោងលេខ៩១១ដើម្បីបង្ក្រាបសកម្មភាពតវ៉ា នៅរោងចក្រកាត់ដេរ យ៉ាកជីន (Yakjin) ដែលជាកម្មសិទ្ធិរបស់វិនិយោគិនកូរ៉េខាងត្បូង នៅខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន គឺជាទង្វើផ្ទុយនឹងខ្លឹមសារនៃមាត្រា៩៦នៃក្រមព្រហ្មទណ្ឌ ដែលចែងថា មានតែសមាជិកក្នុងកងកម្លាំងនគរបាលប៉ុណ្ណោះទើបមានអំណាចចាប់ប្រជាពលរដ្ឋបាន។
សមាគមអាដហុក បានលើកឡើងថា “ ទាហានគ្មានយុត្តាធិការក្នុងការធ្វើជាកម្លាំងជំនួយសម្រាប់អំណាចតុលាការទេ”។
អង្គការសហប្រជាជាតិ (UN) និងអង្គការសិទ្ធិមនុស្សនានា បានថ្កោលទោសសកម្មភាពរំលោភរបស់កម្លាំងប្រដាប់អាវុធរដ្ឋ ទៅលើបាតុករសីុវិល កាលពីថ្ងៃព្រហស្បតិ៍ សុក្រ និងថ្ងៃសៅរ៍ សប្តាហ៍មុន និងបានរិះគន់រដ្ឋាភិបាល ដែលបានសម្រេចចិត្តព្យួរសិទ្ធិសេរីភាពជួបជុំគ្នានៅក្នុងរដ្ឋធម្មនុញ្ញ។
លោក ជាម យៀប តំណាងរាស្ត្រជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា ចំណាត់ការដែលកំពុងត្រូវបានគណបក្សកាន់អំណាចរបស់លោកអនុវត្ត “ មិនត្រូវបានហៅថា ច្បាប់អាជ្ញាសឹកទេ” ។ លោកបានបន្តទៀតថា “ ទាំងនេះគឺ ជាវិធានការបង្ការ ដើម្បីទប់ស្កាត់កុំឲ្យមានការបំផ្លាញទ្រង់ទ្រាយធំ ដែលបង្កឡើងដោយក្រុមអ្នកតវ៉ាប្រើអំពើហិង្សា”។
លោក ជាម យៀប បានលើកឡើងបន្ថែម ថា “ បើតាមចិត្តខ្ញុំ ខ្ញុំនឹងប្រើកម្លាំងខ្លាំងជាងនេះទៅទៀត។ ក៏ប៉ុន្តែ សម្តេច ហ៊ុន សែន បានបញ្ជា និងណែនាំឲ្យកម្លាំងប្រដាប់អាវុធប្រកាន់ខ្ចាប់នូវវិធានការបង្ការស្របច្បាប់”។
ក្នុងសេចក្តីថ្លែងការណ៍ ចេញផ្សាយសប្តាហ៍ មុន ក្រសួងមហាផ្ទៃបានប្រកាសថា “ ការតវ៉ាតាមរយៈការប្រមូលផ្តុំគ្នា និងការហែក្បួនត្រូវតែបញ្ឈប់ជាបណ្តោះអាសន្ន លុះត្រាតែសន្តិសុខ និងសណ្តាប់ធ្នាប់ត្រូវបានស្តារឲ្យត្រឡប់ទៅរកស្ថានភាពធម្មតាវិញ”។
លោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មកពីគណបក្សប្រជាជនកម្ពុជាបានអះអាងថា ការព្យួរសេរីភាពក្នុងរដ្ឋធម្មនុញ្ញដោយគ្មានពេលកំណត់ ដោយរដ្ឋាភិបាលរបស់លោក គឺជារឿងចាំបាច់។
លោកបានមានប្រសាសន៍ថា “ អ្នករាល់គ្នាគាំទ្រ [បម្រាមទៅលើសកម្មភាពតវ៉ា] ជាពិសេសប្រជាជនក្នុងរាជធានីភ្នំពេញ ដោយសារតែពួកគេចង់ឲ្យស្ថានភាពត្រឡប់ទៅរកប្រក្រតីភាពវិញ”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “ ទោះបីជាវាមិនមែនស្ថិតនៅកម្រិតច្បាប់អាជ្ញាសឹកក៏ដោយ ខ្ញុំគិតថា រដ្ឋាភិបាលមានសិទ្ធិអំណាចក្នុងការទប់ស្កាត់មិនឲ្យមានអំពើហិង្សា ដោយដាក់ចេញនូវវិធានការនានានៅពេលដែលសន្តិសុខសាធារណៈ ឬក៏ស្ថានភាពច្របូកច្របល់ គឺជាកត្តាគំរាមកំហែង”។
លោក សុខ ទូច អ្នកវិភាគនយោបាយឯករាជ្យ បានលើកឡើងថា រដ្ឋាភិបាលបានរំលោភ ច្បាប់ ដោយសារតែខ្លួនបានចាត់វិធានការបង្ក្រាបសកម្មភាពតវ៉ា និងប្រឆាំងនឹងការគ្រប់គ្រងរបស់ខ្លួន។ លោកបានមានប្រសាសន៍ ថាការបាញ់សម្លាប់កម្មករដែលធ្វើកូដកម្ម មិនអាចត្រូវបានចាត់ទុកថា ជាសកម្មភាពស្របច្បាប់បានទេ”។ លោកបានលើកឡើងបែបនេះដោយចង់សំដៅទៅលើចំណាត់ការរបស់ កម្លាំងកងរាជអាវុធហត្ថក្នុងការបង្ក្រាបក្រុមអ្នកតវ៉ា ដែលមានដុំថ្ម និងដបសាំង នៅខាងក្រៅសួនឧស្សាហកម្មកាណាឌីយ៉ា ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “ ឥឡូវនេះ គណបក្សប្រជាជនកម្ពុជាកំពុងប្រើកម្លាំង ជាថ្មីម្តងទៀត ដើម្បីបង្ហាញថា ពួកគេមានកម្លាំងសម្រាប់ទប់ស្កាត់ក្រុមបាតុករ”។
ក៏ប៉ុន្តែ លោក ផៃ សីុផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា សេរីភាពជួបជុំគ្នាមិនត្រូវបានព្យួរទេ ក៏ប៉ុន្តែ គ្រាន់តែលែងត្រូវបានធានាប៉ុណ្ណោះស្របពេលដែលកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងប្រដាប់អាវុធនៅអង្គភាពផ្សេងៗទៀតរួមទាំងកងអង្គរក្សផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែឈរជើងនៅទីលានប្រជាធិបតេយ្យ និងធ្វើដំណើរតាមវិថីនានាក្នុងរាជធានីភ្នំពេញ ក្នុងបំណងទប់ស្កាត់មិនឲ្យមានសកម្មភាពប្រមូលផ្តុំជាសាធារណៈដែលមានអ្នកចូលរួមលើសពី១០នាក់។
លោក ផៃ សីុផាន បានមានប្រសាសន៍បន្ថែមថា “ យើងមិនព្យួរសិទ្ធិក្នុងរដ្ឋធម្មនុញ្ញទេ ប៉ុន្តែ យើងរង់ចាំឲ្យស្ថានភាពស្ងប់ស្ងាត់។ សម្រាប់អ្នកដែលចង់តវ៉ា និងហែក្បួន ត្រូវស្នើសុំសេចក្តីអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន។ គេ [ក្រសួងមហាផ្ទៃ] ស្នើសុំការសហការ។ ក៏ប៉ុន្តែ ពួកគេមិនទាន់អនុវត្តច្បាប់អាជ្ញាសឹកនៅឡើយទេ”៕ សុធា