33 C
Phnom Penh

អាជ្ញាធរ​នៅ​រាជធានីភ្នំពេញ និង​ខេត្ត​មួយ​ចំនួន​ចាប់​ផ្ដើម​បង្ក្រាប​គ្រូបង្រៀន​ដែលនាំគ្នា​​ធ្វើ​កូដកម្ម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​​​នៅ​​​​រាជធានីភ្នំពេញ និង​​​​នៅ​​​ខេត្ត​​​​យ៉ាង​តិច​​​ចំនួន​បី​​បាន​ចាប់​ផ្ដើម​ធ្វើការ​បង្ក្រាប​លើ​គ្រូ​បង្រៀន​ដែល​ធ្វើ​កូដកម្ម​ទាម​ទារ​ប្រាក់​ខែ​ខ្ពស់​ជាង​មុន​​ ដោយ​តំណាង​សហជីព​ម្នាក់​ត្រូវ​បាន​ប្រាប់​​​ឲ្យ​ចុះ​ហត្ថលេខា​លើកិច្ច​សន្យា​​​​បញ្ឈប់​ការ​ធ្វើ​កូដកម្ម ខណៈ​តំណាង​សហ​ជីព​ម្នាក់​​ទៀត​ត្រូ​វ​បាន​នគរ​បាល​ហៅ​ទៅ​សាក​សួរ​​​​រឿង​​​ធ្វើ​​​កូដកម្ម​​​នេះ​​​។

នៅ​ក្នុង​ស្រុ​ក​កៀន​ស្វាយ ខេត្ត​កណ្ដាល អ្នកស្រី​ អ៊ុក ឆាយ៉ាវី ដែល​ជា​គ្រូ​បង្រៀន​មួយ​​​រូប​នៅ​វិទ្យាល័យ​ជ័យវរ្ម័ន​ទី​៧ និង​ជា​សកម្ម​ជន​របស់​សមាគម​គ្រូបង្រៀន​​កម្ពុជា​ឯក​រាជ្យ​​ បាន​ឲ្យ​ដឹង​កាលពីម្សិលមិញ​ថា អ្នក​ស្រី​ត្រូវ​​​បាន​ហៅ​ទៅ​ការិយាល័យ​ស្រុក​បន្ទាប់ពី​បាន​ធ្វើ​​កូដកម្ម​ទាម​ទារ​ប្រាក់​ខែ​អប្បបរមា​២៥០​ដុល្លារ​ក្នុង​មួយ​ខែ​។

អ្នកស្រី​បាននិយាយ​ថា “ នាយក​សាលា​ និង​មន្ត្រី​ការិយាល័យ​អប់​រំ​ស្រុក​​បាន​ប្រាប់​ខ្ញុំ​ឲ្យ​ផ្ដិត​មេដៃ​លើ​កិច្ច​សន្យា​​បញ្ឈប់​ការ​តវ៉ា។ ខ្ញុំ​មិន​ព្រម​ផ្ដិត​មេដៃ​ជា​ដាច់​ខាត​។ ពួកគេ​ចង់​​កោះ​ហៅ​ខ្ញុំ​តាម​ចិត្ត​ចង់​ ក៏ប៉ុន្តែ​ខ្ញុំ​​មិន​បញ្ឈប់​ការ​តវ៉ា​ជា​ដាច់​ខាត​រហូត​ទាល់​តែ​យើង​ទទួល​​​បាន​ប្រាក់​ខែ​២៥០​ដុល្លារ​​”។

គ្រូបង្រៀនចំនូន​​៤០​នាក់​ក្នុង​ចំណោម​គ្រូ​បង្រៀន​​​ទាំង​១០០​នាក់​នៅ​សាលា​របស់​អ្នកស្រីបាន​វិល​ទៅធ្វើការ​វិញ​ហើយ ប៉ុន្តែ​​បាន​បដិសេធ​មិន​បង្រៀន​ទេកាលពីម្សិល​មិញ ហើយ​បាន​ផ្ដល់​​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នូវ​រូប​ថត​បង្ហាញ​ពីសកម្ម​ភាព​ពួកគាត់​ឈរ​នៅ​ក្នុង​សាលា​កាន់​បដា​ទាមទារ​​ប្រាក់​ខែ​ខ្ពស់​​ជាង​​​​​មុន​​។

នៅ​ក្នុង​ខេត្ត​កំពង់​ចាមឯណោះវិញ លោក ជួន​ ចាំ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯក​រាជ្យ​ប្រចាំ​ខេត្ត​ និងជា​គ្រូ​បង្រៀន​មួយ​រូប​នៅ​​​វិទ្យាល័យ​​ព្រះបាទ​សុរាម្រិត​ បាន​ឲ្យ​ដឹង​ថា រូប​​​លោក​ត្រូវ​បាន​​គេ​ស្នើ​ឲ្យ​ទៅ​ស្នងការ​ដ្ឋាន​នគរ​​​បាល​នៅ​ព្រឹកថ្ងៃ​​​ម្សិលមិញ​នេះ​។

លោ​ក​បាននិយាយ​ថា “ ខ្ញុំទៅជាមួយ​សហ​​​សេវិក​បួននាក់​របស់​ខ្ញុំ​ ហើយ​ពួកគេ​បាន​សួរ​ថា តើ​ខ្ញុំ​មាន​គម្រោង​ទៅ​ធ្វើ​បាតុកម្ម​នៅ​ក្នុង​​រាជធានីភ្នំពេញ​ដែរ​ឬទេ” ដោយ​​បាន​បន្ថែម​​​ថា លោក​​បាន​ពន្យល់​ប្រាប់​នគរ​បាល​ថា ​លោក​​​គ្មាន​គម្រោង​ធ្វើ​ដូច្នេះ​ទេ​។

លោក ចាំ បាន​មាន​ប្រសាសន៍ថា “ យើង​ឃើញ​នគរ​បាល​ និង​កង​ទ័ព​សម្អាត​ទីលាន​ប្រជា​ធិបតេយ្យ​ ដូច្នេះ​ខ្ញុំ​មិន​អាច​ស្នើ​ឲ្យ​គ្រូ​​បង្រៀន​របស់​ខ្ញុំ​ធ្វើ​តាម​ [ប្រធាន​​សមាគម​] លោក​ រ៉ុង ឈុន បាន​ឡើយ​ រហូត​ទាល់​តែ​ខ្ញុំ​ប្រា​កដ​​​ថា ខេត្ត​ធំៗ​ទាំង​ឡាយធ្វើ​តាម​ដែរ​”។

នៅ​វិទ្យាល័យ​ទួល​ទំពូង​ នៅ​ក្នុង​រាជ​ធានី​ភ្ន​ំ​ពេញ ដែល​គ្រូបង្រៀន​ប្រហែល​​១៥០​ទៅ​​​២០០​នាក់​​បាន​បដិសេធ​មិន​បង្រៀន​កាល​ពី​ថ្ងៃ​ច័ន្ទ​នោះ ការ​បង្រៀន​​ត្រូវ​បាន​អះអាង​ថា បាន​ចាប់​ផ្ដើម​ធម្មតា​វិញ​ហើយ​បន្ទាប់ពី​នគរ​បាល​បានចុះ​​​ទៅ​​​​សាលា​នេះ​កាលពី​រសៀល​ថ្ងៃ​ច័ន្ទ​។

គ្រូបង្រៀន​ម្នាក់​ដែល​ស្នើ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ដោយសារ​ខ្លាចបាត់​បង់​ការ​ងារ​នោះ​បាន​និយាយ​ថា “ កង​រាជ​អាវុធ​ហត្ថ​និង​ជន​ស៊ីវិល​ប្រហែល​៦០​នាក់​បាន​ឡោម​ព័ទ្ធ​សាលា​នេះ​ហើយ​១០​នាក់​ក្នុង​ចំណោម​ពួកគេ​បាន​ចូល​មក​ក្នុ​ងបរិវេណ​សាលា​ ហើយ​បា​ន​ស្រង់​ឈ្មោះ​​​គ្រូបង្រៀន​​ដែល​ចូល​រួម​ក្នុង​ការ​ធ្វើ​កូដកម្ម។​ពួកគេ​បាន​ព្រមាន​យើង​មិន​ឲ្យ​ធ្វើ​កូដកម្ម​ឡើយ​ បើ​មិន​​ដូច្នោះទេ ត្រូវ​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​។ យើង​ខ្លាច​ណាស់​ យើង​លែង​ធ្វើ​កូដកម្មទៀត​ហើយ​”។

លោក រ័ត្ន ស៊្រាង​ មេបញ្ជាការ​កង​រាជ​អាវុធ​​​ហត្ថ​រាជធានីភ្នំពេញ បាន​បដិសេធ​ថា មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​​មិន​បាន​ចូលទៅ​​ក្នុង​សា​លានេះទេ​។

លោក​បាន​អះអាង​ថា “ កង​រាជ​អាវុធ​ហត្ថ​បានទៅ​តំបន់​នោះ​ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់​ ព្រោះមាន​អគ្គិភ័យ​នៅ​ក្បែរ​នោះ​”។

នៅវិទ្យាល័យ​ជាស៊ីមចម្រើន​រដ្ឋ ក្នុង​រាជ​ធានីភ្នំពេញ បណ្ណារក្ស​ម្នាក់​ឈ្មោះ កែវ ភិរម្យ បាន​ឲ្យ​ដឹង​ថា លោក​​​បាន​ប៉ះ​​​ទង្គិច​​​ជាមួយ​​​នឹង​​​សមាជិក​ជាន់​ខ្ពស់​នៃ​គណៈគ្រប់​គ្រង​សាលា​កាលពី​ម្សិលមិញ បន្ទាប់ពីរូប​លោក និង​​គ្រូ​​​បង្រៀន​ធ្វើ​កូដកម្ម​ចំនួន​​​ប្រាំពីរ​នាក់​ទៀត​បាន​លើក​​​​បដា​ដែលមាន​សរសេរ​​​សារ​មួយ​ចំនួន​​​ដូចជា“ ​ប្រសិន​បើ​គ្មាន​ប្រាក់​ខែ​​គ្រប់​គ្រាន់​ យើង​​​​គ្មាន​ទឹក​ចិត្ត​បង្រៀន​​​​។​ គ្រូបង្រៀនសម​នឹង​ទទួលបាន​ភាព​ថ្លៃថ្នូ​រ” ជាដើម​​​។​​​
លោក ភិរម្យ បាន​បន្ថែម​ថា “ [គាត់​] បាន​យក​បដា​របស់​ខ្ញុំ​​​​ទៅ​​​​ហែក​​ចោល​ រួច​ច្រាន​​​ខ្ញុំ​ដោយ​ព្យាយាម​ដណ្ដើម​កាមេរ៉ា​របស់​ខ្ញុំ”។

នៅក្នុងខេត្ត​​សៀម​រាបឯណោះវិញ លោក ហ៊ី សម្បត្តិ ប្រធាន​សមា​គម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​​ប្រចាំនៅ​ក្នុង​ខេត្ត​នេះ​បាន​ឲ្យ​ដឹង​ថា គ្រូបង្រៀន​​​២០នាក់​ដែល​ធ្វើ​កូដកម្ម​នៅ​លើ​ផ្លូវ​បាន​ទទួល​ការ​ព្រមាន​ពីមន្ទីរអប់រំ​ឲ្យវិល​ចូល​ទៅក្នុង​សាលាវិញ។

លោក Dave Welsh តំណាង​ប្រចាំប្រទេស​របស់​មជ្ឈមណ្ឌល​សាមគ្គីភាព​ (Solidarity Center) ដែល​ជា​អង្គការ​តស៊ូមតិ​ផ្នែកការ​ងារ​មាន​មូល​ដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ បាន​លើក​ឡើង​​​​កាលពីម្សិលមិញ​ថា ការ​រារាំង​គ្រូ​បង្រៀន​​​មិន​ឲ្យ​ប្រមូល​ផ្ដុំគ្នា​ គឺ​ជា​ការ​រំលោភ​លើ​អនុ​សញ្ញា​អង្គការ​ពល​កម្ម​អន្តរជាតិ​​៨៧​ និង​៩៨​ដែល​ប្រទេស​កម្ពុជា​បាន​ចុះ​ហត្ថលេខា​។

ក្រសួង​អប់​រំមិនអា​ច​ទាក់​ទង​សុំការ​អត្ថា​ធិប្បាយ​បានទេ​កាលពីម្សិលមិញ​​៕ សេរីវុធ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស