38 C
Phnom Penh

អាជ្ញាធរ​លើក​ឡើង​ថា អ្នកត​វ៉ាដែលបាន​បាត់​ខ្លួន​​​២៣នាក់​​ត្រូវ​ឃុំខ្លួន​នៅ​​ពន្ធនាគារ​ខេត្ត​កំពង់ចាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប​់ពី​បដិសេធ​អស់​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មិន​បង្ហាញ​អំពី​ទី​កន្លែងឃុំ​ខ្លួន​​អ្នក​តវ៉ា​២៣​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​សប្ដា​ហ៍​មុន​ ហើយ​បន្ទាប់មក​ត្រូវ​បាន​ចោទ​​​ប្រកាន់​នៅ​តុលា​ការ​នោះ​ ក្រុម​មន្ត្រី​ពន្ធ​​នា​គារ​បាន​បង្ហើប​​​​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា អ្នក​ត​វ៉ាមួយ​ក្រុម​នេះ​កំពុង​ត្រូវ​បានឃុំ​ខ្លួន​​​ក្នុង​ពន្ធ​នាគារ​ដែល​​មាន​ឈ្មោះ​អសោច​មួយក្នុង​ខេត្ត​កំពង់​ចាម។

មនុស្ស​១០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ហើយ​១៣​នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​សុក្រ អំឡុង​ការ​តវ៉ា​របស់​កម្មករ​រោងចក្រ​កាត​់ដេរ​ ដែលពេល​នោះ​កម្មករ​​យ៉ាង​ហោច​ណាស់​ប្រាំនាក់​ត្រូវបាន​​កង​រាជអាវុធ​ហត្ថ​បាញ់​​សម្លាប​់។

លោក​ កែវ សុវណ្ណា ប្រធាន​មណ្ឌល​កែ​​​ប្រែ​៣ ក្នុង​ខេត្ត​កំពង់​ចាម​បាន​បញ្ជាក់​ដូចការ​បា៉ាន់ស្មានរបស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ និង​លីកា​ដូ​កាលពី​ដើម​សប្ដាហ៍​នេះដែល​ថា អ្នក​តវ៉ា​​ទាំង​​២៣​នាក់​ ដែល​មិន​ទាន​់​ត្រូវ​បាន​កាត់ឲ្យ​ជាប់ទោស​ពី​បទ​ឧក្រិដ្ឋ​ណាមួយ​នៅ​ឡើយ​នោះ​កំពុង​ត្រូវបាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​​​​ដែលមាន​ការ​យាម​កាម​យ៉ាង​តឹង​រឹុងនេះ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ យើង​បាន​ឃុំ​ខ្លួន​ពួក​គេ​នៅ​ក្នុង​អគារ​តែ​មួយ​ [នៅ​​ទីនេះ] ពីព្រោះ​យើង​មិនមាន​បន្ទប់​ដើម្បី​​ឃុំ​ខ្លួន​ពួក​គេ​ដាច់​ដោយ​ឡែកពីគ្នា​​ឡើយ”។

លោក សុវណ្ណា បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​បន្ថែម​ឡើយ​នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​​សុខភាព​ឬ​ការ​ប្រព្រឹត្តលើមនុស្ស​ទាំង​២៣​នាក់​នេះ​។

ក្រុម​នេះ​រួម​មាន​មេដឹកនាំ​សហ​ជីព​ សកម្ម​​​​ជន និងកម្មករ​ធ្វើ​កូដកម្ម​ដែលត្រូវ​បាន​ចោទ​ប្រកាន់​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា​ និង​ការប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ ដែល​ជា​បទ​ល្មើសមាន​ស្ថាន​ទម្ងន់​ទោស​។

កាល​ពី​ថ្ងៃ​ច័ន្ទ អង្គការ​សិទ្ធិ​មនុស្ស​លី​កា​ដូ និង​មជ្ឈមណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហ​គម​ន៍​បាន​ពណ៌នាពី​​មណ្ឌល​កែប្រែ​៣​នេះ​ថា “ ស្ថិត​ក្នុង​ចំណោម​ពន្ធនាគារ​ដែល​មាន​​ការ​យាម​​​កាម​តឹង​រុឹង​បំផុត​ក្នុង​ប្រទេស​កម្ពុជា​”។

លោក​ អំ សំអាត អ្នក​ស៊ើប​អង្កេត​ជាន់​​ខ្ពស់​​នៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​​មាន​ប្រសាសន៍​ថា ក្រុម​វេជ្ជបណ្ឌិត​មក​ពី​អង្គការ​របស់​លោក​បាន​ទៅ​​​មណ្ឌល​កែប្រែ​៣​នេះ​កាល​ពីម្សិលមិញ​ ហើយ​បាន​ជួប​ជាមួយ​អ្នក​ទោស​ទាំង​នោះ​ហើយ។​​​លោក​​​​បាន​​មាន​ប្រសាសន៍ថា  ពួកគេ​​ម្នាក់​ៗ​ត្រូវ​បាន​​វាយ​ដំ​ទាំង​មុន​​​និង​ក្រោយ​ពេលត្រូវ​ការ​ចាប់​ខ្លួន​។

ដោយ​សំដៅ​ដល់​មេដឹកនាំ​សហ​ជីព​ដ៏​ល្បី​មួយ​រូប​ដែល​ជា​ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​​​លោក អំ សំអាត​ បាន​មាន​ប្រសា​សន៍​ថា “ ស្ថាន​ភាព​​​លោក​ វ៉ន ពៅ ធ្ងន់ជាង​គេ​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ ថ្មីៗ​នេះ​ លោក​ វ៉ន ពៅ ទើប​តែ​បាន​​វះ​កាត​​​់​​​​​​ជំងឺ​តម្រង់នោម​ ហើយ​លោក​ត្រូវ​បាន​ទាត​់​ធាក់​ចំ​កន្លែង​នោះ​ម្តង​ហើយ​ម្តង​ទៀត​ធ្វើ​ឲ្យ​លោក​ឈឺ​ចាប់​យ៉ាង​ខ្លាំង​ត្រង់​កន្លែង​វះកាត់​នោះ​។ អ្នក​​​​ដែល​ត្រូវ​បាន​ឃុំ​ខ្លួនទាំង​ប៉ុន្មាន​ទៀត​​ក៏​​បាន​រង​ការ​វាយ​ដំ​ជា​ទម្ងន់​​​ដែរ​”។

លោក ចាន់​ សុវ៉េត អ្នក​ស៊ើប​អង្កេត​​ជាន់​ខ្ពស់​នៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​បាន​មាន​ប្រសាសន៍​ថា ក្រុម​​​​របស់​លោក​ក៏​បានទៅជួប​​​មនុុស្ស​​ទាំង​២៣​នាក់​នោះ​ដែរ ហើយ​បាន​បញ្ជាក់​ថា ​អ្នក​ទាំង​អស់​នោះ​ត្រូវ​បាន​ទាត់​ធាក់​ និង​វាយ​ដំឥត​ឈប់ឈរ​។

លោក ចាន់​ សុវ៉េត​ បាន​ចោទ​សួរពី​មូល​ហេតុ​ដែល​អ្នក​ជាប់​ឃុំ​រង់ចាំ​ការ​កាត់​ក្តី​​ត្រូវ​បាន​បញ្ជូន​ទៅ​​ពន្ធនា​គារ​ ដែល​មាន​ការ​យាម​កាម​​​​តឹង​រឹុងបំផុត​ដែល​ត្រូវ​ធ្វើ​ដំណើរ​​​​រាប់​ម៉ោងពី​ភ្នំពេញ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ មណ្ឌល​​​កែប្រែ៣ គឺ​ជា​កន្លែង​​​សម្រាប់​អ្នក​​ដែលត្រូវ​បាន​កាត់​ឲ្យ​ជាប់ទោសពី​​បទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ រួច​​​​​ផ្ដន្ទា​ទោស​ដាក់​​ពន្ធ​​​នាគារ​យ៉ាង​ហោច​ណាស់​​​១០​ឆ្នាំ​។ វា​ជា​​រឿង​ខុស​ប្រក្រតី​​ដែល​​តុលា​ការ​និង​នាយក​ដ្ឋាន​ពន្ធ​នាគារ​ឃុំ​ខ្លួន​មនុស្ស​២៣​នាក់​​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​នៅទី​នោះ​​​ខណៈ​ដែលពួក​គេ​គ្រាន់​តែ​ស្ថិត​​ក្រោម​ការ​​ឃុំ​ខ្លួន​​រង់​ចាំការកាត់​ក្តី​នោះ​។

លោក គុយ ប៊ុន​សន​ អគ្គនាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ​ ដែល​កាលពី​ដើម​សប្ដាហ៍​នេះបាន​បដិសេធ​មិន​​ប្រាប់​អំពី​កន្លែង​ឃុំ​ខ្លួន​មនុស្ស​ទាំង​២៣​នាក់​នេះ​ ​នោះ​បាន​មាន​ប្រសាសន៍​ថា វា​គ្មាន​អ្វី​ខុស​ប្រក្រតី​ទេ ដែល​អ្ន​កទាំង​នោះ​​ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ​៣នៅ​ខាង​កើត​ក្រុង​​កំពង់​ចាម​ ដែលត្រូវ​ធ្វើ​ដំណើរ​ពី​រ​ម៉ោង​ពី​រាជធានី​ភ្នំពេញ​នោះ​​។

ដោយ​សំដៅ​ដល់កោះ​ឃុំ​ខ្លួន​អ្នក​ទោស​នៅ​សម័យ​​អាណានិគម​​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា ដែល​សព្វថ្ងៃ​នេះ​ជា​ទឹកដី​​វៀតណាម​នោះ​ លោក​ គុយ ប៊ុន​សន​ បាន​មាន​ប្រសា​សន៍​​ថា “ សម័យ​បារាំង ​អ្នក​ទោស​ត្រូវ​បញ្ជូន​ទៅ​ពន្ធនាគារ​កោះ​ត្រឡាច​ ដែល​គ្មាន​នរណា​ម្នាក់​អាច​ទាក់ទង​ពួក​គេ​ ឬ​ទៅសួរ​សុខទុក​្ខ​ពួក​គេ​បាន​ឡើយ”។

លោក​ អំ សំអាត និង​លោក​ ចាន់ សុវ៉េត បាន​មាន​ប្រសាសន៍​ថា មេធាវី​ការពារ​និង​សាច់​ញាតិ​មនុស្ស​​ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ទាំង​២៣​នាក់នេះ​​អាច​ទៅ​សួរ​សុខ​ទុក​្ខ​ពួក​គេ​បាននៅ​ថ្ងៃ​នេះ​៕ សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស