លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា គណបក្សសង្គ្រោះជាតិបានរាប់ចំនួនកម្មកររោងចក្រកាត់ដេរ ដែលកងរាជអាវុធហត្ថបានបាញ់សម្លាប់អំឡុងការតវ៉ាកាលពីថ្ងៃសុក្រសប្ដាហ៍មុននៅក្នុងរាជធានីភ្នំពេញថា មានប្រាំមួយនាក់។
តួលេខនេះគឺខ្ពស់ជាងតួលេខ ដែលបុគ្គលិកមន្ទីរពេទ្យចំនួនបីនៅក្នុងរាជធានីភ្នំពេញបានរាយការណ៍ប្រាប់អ្នកកាសែតកាលពីថ្ងៃអង្គារថាមានប្រាំនាក់ គឺខ្ពស់ជាងម្នាក់ហើយតួលេខជនរងគ្រោះវិញ គឺខ្ពស់ជាងតួលេខដែលប្រមូលដោយអង្គការសិទ្ធិមនុស្សក្នុងស្រុកលីកាដូ គឺខ្ពស់ជាងពីរនាក់។
លោក សម រង្ស៊ី បានចេញផ្សាយបញ្ជីឈ្មោះអ្នកស្លាប់ទាំងប្រាំមួយនាក់នៅក្នុងគេហទំព័រហ្វេសបុ៊ករបស់លោកកាលពីម្សិលមិញ ដោយបន្ថែមឈ្មោះ ខេង កុសល អាយុ២៣ឆ្នាំ ទៅក្នុងបញ្ជីឈ្មោះអ្នកដែលកង
រាជអាវុធហត្ថបាញ់សម្លាប់ ដែលគណបក្សសង្គ្រោះជាតិបានចងក្រងកាលពីថ្ងៃអាទិត្យ។
ឈ្មោះនិងអាយុរបស់អ្នកស្លាប់មួយចំនួន ក្នុងចំណោមអ្នកស្លាប់ទាំងនោះត្រូវបានរៀបរាប់ខុសគ្នា ហើយឈ្មោះក៏សរសេរខុសគ្នាដែរ។
កាលពីថ្ងៃអាទិត្យ គណបក្សសង្គ្រោះជាតិបានលើកឡើងថា គឹម ផល្លី អាយុ២៩ឆ្នាំ យាន រិទ្ធី អាយុ២៦ឆ្នាំ ស្រេង វិបុល អាយុ២២ឆ្នាំ និង អ៊ុក ភក្ត្រ អាយុ២៣ឆ្នាំ ត្រូវបានបញ្ជាក់ថា ស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយថា សំ រ៉ាវី អាយុ២៦ឆ្នាំត្រូវបានបញ្ជាក់ថា ស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត។
លោក ឈឹង យ៉ាវយ៉ែន អនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានមានប្រសាសន៍កាលពីថ្ងៃអង្គារថា អ្នកតវ៉ាបួននាក់ដែលបញ្ជូនមកពីកន្លែងតវ៉ានៅផ្លូវវេងស្រេងបានស្លាប់នៅមន្ទីរពេទ្យរបស់លោក ចំណែកឯបុគ្គលិកនៅមន្ទីរពេទ្យកាល់ម៉ែតវិញ បានបញ្ជាក់ថា មានអ្នកតវ៉ាស្លាប់ម្នាក់ទៀត។
លោកស្រី ណាលី ពីឡូក ប្រធានអង្គការលីកាដូបានមានប្រសាសន៍ថា មានមនុស្សតែបួននាក់ប៉ុណ្ណោះត្រូវបានក្រុមរបស់លោកស្រីដែលមានគ្នាពីរនាក់ត្រូវបានចាត់តាំងឲ្យទៅស៊ើបអង្កេតអំពីការស្លាប់របស់អ្នកតវ៉ាដែលគេបានរាយការណ៍នៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញនោះបានបញ្ជាក់ថា ស្លាប់។
លោកស្រីបានថ្លែងថា “ យើងមានវេជ្ជបណ្ឌិតពីររូបប្រចាំនៅមន្ទីរពេទ្យទាំងបី គឺមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យព្រះកុសុមៈ ហើយយើងបានថតរូបនិងបាននិយាយជាមួយវេជ្ជបណ្ឌិតនិងសាច់ញាតិជនរងគ្រោះ។ យើងអាចបញ្ជាក់ថា មានអ្នកស្លាប់តែបួននាក់ប៉ុណ្ណោះ”។
លោកស្រី ណាលី ពីឡូក មានប្រសាសន៍ថា វេជ្ជបណ្ឌិតរបស់អង្គការសិទ្ធិមនុស្សលីកាដូបានបញ្ជាក់ថា ផេង កុសល អាយុ២៤ឆ្នាំ យាន រិទ្ធី អាយុ២៤ឆ្នាំ និង គឹម ផូលីន អាយុ២៩ឆ្នាំ ក៏ត្រូវបានកត់ត្រាថា ស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ផងដែរ ព្រមទាំង កង រ៉ាវ អាយុ២៥ឆ្នាំ ត្រូវបានកត់ត្រាថា ស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត។
លោកស្រីបានបន្ថែមថា លោកស្រីមិនជឿថា អ្នកផ្សេងទៀតមាន ស្រេង វិបុល ឬ ខេង កុសល ដែលមានឈ្មោះនៅក្នុងបញ្ជីរបស់គណបក្សសង្គ្រោះជាតិនោះត្រូវបានកត់ត្រាថា ស្លាប់នៅមន្ទីរពេទ្យឡើយ ប៉ុន្តែលោកស្រីបានមានប្រសាសន៍ថា វាអាចថា ពួកគេបានស្លាប់ ហើយមិនត្រូវបានដឹកទៅកាន់មន្ទីរពេទ្យ។
លោកស្រីបានមានប្រសាសន៍ថា លោក យ៉ាវយ៉ែន បានប្រាប់បុគ្គលិកអង្គការលីកាដូកាលពីល្ងាចម្សិលមិញថា តាមពិតមានអ្នកតវ៉ាតែបីនាក់ប៉ុណ្ណោះត្រូវបានកត់ត្រាថា បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនោះ។
គេមិនអាចទាក់ទងលោក យ៉ាវយ៉ែន ដើម្បីសុំការបញ្ជាក់ពីតួលេខនេះបានទេ។
លោក ចាន់ សុវ៉េត អ្នកស៊ើបអង្កេតជាន់ខ្ពស់នៅអង្គការសិទ្ធិមនុស្សអាដហុកបានមានប្រសាសន៍ថា អង្គការរបស់លោកនៅតែកត់ត្រាថា មានអ្នកស្លាប់ប្រាំនាក់ដដែល។ លោកបានបន្ថែមថា លោកដឹងពីតួលេខថា មានប្រាំមួយនាក់នេះពីលោក សម រង្ស៊ី ប៉ុន្តែលោកមិនជឿថា មានអ្នកតវ៉ាទី៦ស្លាប់នោះទេ។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា ការខុសគ្នាពីតួលេខនេះអាចមកពីវិធីស៊ើបអង្កេតខុសគ្នា។ប្រធានគណបក្សប្រឆាំងរូបនេះបានមានប្រសាសន៍ថា “ មានអ្នកស្លាប់ម្នាក់មិនត្រូវបានរាប់បញ្ចូល…ដែលសាកសពត្រូវបានបញ្ជូនទៅស្រុកកំណើតរបស់ខ្លួននោះ។ ពួកគេ[អង្គការសិទ្ធិមនុស្សក្នុងស្រុកបានរាប់ចំនួនសាកសពតែនៅតាមសាលតម្កល់សព ប៉ុន្តែយើងដឹងថា មានអ្នកតវ៉ាម្នាក់ស្លាប់រួចទៅហើយ ប៉ុន្តែមិនត្រូវបានបញ្ជូនទៅកាន់សាលតម្កល់សព”៕ សារុន