កាលពីម្សិលមិញ ស្ថានទូតកូរ៉េខាងត្បូងបានច្រានចោលសេចក្តីរាយការណ៍ក្នុងសារព័ត៌មានដែលថា ខ្លួនបានណែនាំឲ្យអាជ្ញាធរយោធាកម្ពុជា “ បង្ក្រាបក្រុមអ្នកតវ៉ា” ក្នុងបំណងការពារវិនិយោគកូរ៉េ នៅក្នុងវិស័យកាត់ដេរ មុនពេលកម្លាំងកងរាជអាវុធហត្ថធ្វើឲ្យអ្នកតវ៉ាប្រាំនាក់បាត់បង់ជីវិត កាលពីថ្ងៃសុក្រសប្តាហ៍មុន និងអ្នកតវ៉ាជាង៤០នាក់ផ្សេងទៀតរងរបួស។
អត្ថបទមួយដែលត្រូវបានចេញផ្សាយកាលពីល្ងាចថ្ងៃអង្គារ ដោយសារព័ត៌មាន ក្លូប៊លផុស ( GlobalPost) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដោយដកស្រង់ខ្លឹមសារនៅក្នុងសេចក្តីថ្លែងការណ៍របស់ស្ថានទូតកូរ៉េខាងត្បូងដែលត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធអីុនធើណិត ជាភាសាកូរ៉េ។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ មន្ត្រីស្ថានទូត តាមការចោទប្រកាន់ បានលើកឡើងថា ខ្លួនបានស្នើឲ្យយោធាកម្ពុជា “ ដាក់ចេញនូវចំណាត់ការឲ្យបានឆាប់រហ័ស” ដើម្បីការពាររោងចក្រដែលជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋខ្លួន។
យោងតាមសារព័ត៌មាន ក្លូប៊លផុស បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃច័ន្ទនោះ “ ស្ថានទូតកូរ៉េខាងត្បូងបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាយល់អំពីស្ថានភាពធ្ងន់ធ្ងរ និងចាត់វិធានការឲ្យបានលឿន។ ស្ថានទូតនេះបានចាត់ទុកការជំរុញកម្រិតខ្ពស់កាលពីពីរសប្តាហ៍មុនជាការចូលរួមចំណែកក្នុងការទទួលជោគជ័យក្នុងការការពារផលប្រយោជន៍ពាណិជ្ជកម្ម”។
សារព័ត៌មាន ក្លូប៊លផុស បានរាយការណ៍ដោយដកស្រង់ខ្លឹមសារនៅក្នុងសេចក្តីថ្លែងការណ៍ដដែលទៀតថា “ ជាវិធានការជាក់ស្តែង កម្លាំងយោធា និងនគរបាលបានសហការជាមួយយើងក្នុងការការពារក្រុមហ៊ុនកូរ៉េ តាំងពីពេលយើងបានធ្វើទស្សនកិច្ចទៅកាន់អគ្គបញ្ជាការដ្ឋានការពារជាតិក្នុងរាជធានី ជាមួយពាណិជ្ជករកូរ៉េ ដើម្បីប្រាប់មន្ត្រីទាំងនោះអំពីស្ថានភាពនេះ”។
សេចក្តីថ្លែងការណ៍ដែលត្រូវបានផ្សព្វផ្សាយតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតកូរ៉េខាងត្បូងមានខ្លឹមសារថា “ ជាលទ្ធផលក្នុងការការពារកំុឲ្យមានសកម្មភាពប៉ុនប៉ងដុតបំផ្លាញ ឬក៏លួចទ្រព្យសម្បត្តិផ្សេងៗ កម្លាំងយោធាកំពុងការពារដោយផ្ទាល់តែក្រុមហ៊ុនកូរ៉េ ក្នុងចំណោមក្រុមហ៊ុនរោងចក្រជាច្រើនក្នុងបរិវេណសួនឧស្សាហកម្មកាណាឌីយ៉ា”។
សារព័ត៌មានក្លូប៊លផុស បានរាយការណ៍បន្ថែមទៀតថា មន្ត្រីស្ថានទូតកូរ៉េខាងត្បូងបានបង្កើនសេចក្តីអំពាវនាវរបស់ខ្លួន អំឡុងកិច្ចប្រជុំជាមួយលោក ឱម យិុនទៀង ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស លោក អ៊ូច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមន្ត្រីដទៃទៀត។
កាលពីម្សិលមិញ មន្ត្រីស្ថានទូតកូរ៉េខាងត្បូងមួយរូបបានលើកឡើងថា មន្ត្រីស្ថានទូតទាំងនោះគ្រាន់តែធ្វើការងាររបស់ខ្លួនប៉ុណ្ណោះ ដោយស្នើឲ្យមន្ត្រីរដ្ឋាភិបាលការពារអាជីវកម្មកូរ៉េខាងត្បូង ក៏ប៉ុន្តែ មិនបានស្នើឲ្យមានការដាក់ចេញនូវចំណាត់ការយោធា ឬក៏អំពើហិង្សាទៅលើក្រុមអ្នកតវ៉ាទេ។
លោក លី យុនចុង (Lee Hyunt-Jong ) ក្រុមប្រឹក្សារដ្ឋមន្ត្រីនៅស្ថានទូតកូរ៉េខាងត្បូង បានមានប្រសាសន៍កាលពីម្សិលមិញថា “ យើងបានទទួលរបាយការណ៍មួយចំនួនពីសហគមន៍ អាជីវកម្មកូរ៉េ ទាក់ទងទៅនឹងចលាចលពលកម្មដែលអាចកើតឡើង និងក្តីកង្វល់របស់ពួកគេ។ ដូច្នេះក្នុងមុខងារការទូតធម្មតាយើងបានបង្ហាញក្តីបារម្ភទាំងនេះដល់អាជ្ញាធរកម្ពុជា…”។ លោក លី បានមានប្រសាសន៍បន្តថា “ យើងស្នើឲ្យរដ្ឋាភិបាលកម្ពុជា ផ្តោតអារម្មណ៍ទៅលើស្ថានភាពលំបាកៗដែលវិនិយោគិនកូរ៉េប្រឈម ដោយសារតែចលាចលពលកម្ម”។ លោកបានលើកឡើងបន្តថា កាលពីថ្ងៃទី២៧ ខែធ្នូ មន្ត្រីស្ថានទូតបានជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ ប៉ុន្តែ មិនមានកិច្ចពិភាក្សាអំពីចំណាត់ការទៅលើកម្មករកម្មការិនីរោងចក្រកាត់ដេរទេ។
លោក លី ក៏បានឲ្យដឹងផងដែរថា មានលិខិតជាច្រើនត្រូវបានផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង។ នៅក្នុងលិខិតនោះក៏មានសំណើជាទូទៅឲ្យមានការការពារក្រុមហ៊ុនកូរ៉េខាងត្បូងផងដែរ។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “ យើងបានលើកសំណើជាទូទៅ ក៏ប៉ុន្តែ មិនបានស្នើឲ្យមានចំណាត់ការជាក់លាក់ណាមួយ ឡើយ។ដូច្នេះ យើងមិនបានស្នើឲ្យមានបទ អន្តរាគមន៍ផ្នែកយោធាទេ”។ លោកបានបន្ថែមថា សេចក្តីថ្លែងការណ៍របស់ស្ថានទូតកូរ៉េខាងត្បូងត្រូវបានបកស្រាយខុស។ លោក បន្តថា “ យើងគ្រាន់តែបានទំនាក់ទំនងម្តង [ ជាមួយយោធាកម្ពុជា] កាលពីថ្ងៃសៅរ៍ បន្ទាប ់ ពីការបង្ក្រាបបានកើតឡើង ពីព្រោះយើងមានក្រុមហ៊ុនកូរ៉េមួយចំនួននៅសួនឧស្សាហកម្មកាណាឌីយ៉ា ហើយក្រុមហ៊ុនទាំងនោះពិត ជាព្រួយបារម្ភអំពីស្ថានភាពពលកម្មមែន”។
លោក ផៃ សីុផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលមិនបានផ្តល់ចំណាត់ការពិសេសដល់នរណាម្នាក់ទាក់ទងទៅនឹងផ្នែកសន្តិសុខទេ។
លោកបាន ផៃ សីុផាន មានប្រសាសន៍ថា “ យើងយល់ថា សមាជិកស្ថានទូតបរទេសនៅក្នុងប្រទេស កម្ពុជាបានស្នើឲ្យមានការការពារវិនិយោគ របស់ខ្លួន និងទ្រព្យសម្បត្តិឯកជនរបស់វិនិយោគិនរបស់ខ្លួន។ ច្បាប់ហាមមិនឲ្យយើងធ្វើបែបនោះទេ”។ លោកបានបន្ថែមថា វិនិយោគិនបរទេសទាំងអស់មានតម្លៃស្មើៗគ្នា។
ក៏ប៉ុន្តែ រោងចក្រមួយ គឺរោងចក្រកាត់ដេរ យ៉ាក់ជីន (Yakjin) ដែលជាកម្មសិទ្ធិរបស់វិនិយោគិនកូរ៉េខាងត្បូង ពិតជាបានទទួលចំណាត់ការពិសេសកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន នៅពេលនាយទាហានប្រហែល
១៥០នាក់មកពីកងឆត្រយោងលេខ៩១១ ដែលត្រូវបានដាក់ពង្រាយនៅក្លោងទ្វារចូលរបស់រោងចក្រដែលស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនេះ។
កម្មកររោងចក្រកាត់ដេរ មេដឹកនាំសហជីព និងសកម្មជនដទៃទៀត បានកំពុងតវ៉ានៅខាង ក្រៅរោងចក្រ យ៉ាក់ជីន នៅពេលកម្លាំងទ័ពឆត្រយោងវាយប្រហារដោយដំបងទៅលើក្រុមអ្នកតវ៉ាទាំងនេះ បន្ទាប់ពី ហេតុការណ៍គប់ដំុថ្មបានកើតឡើង។ ទាហានដែលបំពាក់ដោយដំបងដែក ដំបងឆក់ ចំពាមកៅស៊ូ និងខ្សែតីភ្ជាប់ជាមួយបំពង់ជ័រ បានវាយយ៉ាងសាហាវទៅលើកូដករ មេដឹកនាំសហជីព និងអ្នកសារព័ត៌មាន និងបានឃាត់ខ្លួនព្រះសង្ឃប្រាំអង្គ និងអ្នកតវ៉ា១០នាក់ផ្សេងទៀត។
រូបថតកម្លាំងទ័ព្រឆត្រយោងលេខ៩១១មួយរូបនៅកន្លែងកើតហេតុនៃអំពើហិង្សានេះ បង្ហាញឲ្យច្បាស់ថា ទាហានឆត្រយោងរូបនេះពិតជាពាក់ទង់ជាតិកូរ៉េខាងត្បូងជាសញ្ញាកម្លាំងប្រដាប់អាវុធនៅលើឯកសណ្ឋាន របស់ខ្លួន។ សញ្ញាបែបនេះតែងតែជាសញ្ញាសម្គាល់នៅពេលទាហានកម្ពុជាមួយរូបទទួលបានការបណ្តុះបណ្តាលនៅក្រៅប្រទេស។
អំពើហិង្សាបានផ្ទុះឡើងដោយសារកម្លាំង ទ័ពឆត្រយោងទាំងនេះ នៅរោងចក្រ យ៉ាក់ជីន គឺជាហេតុការណ៍ដំបូងដែលបានកើតឡើងកាលពីពីរសប្តាហ៍មុននៅពេលកម្មកររោងចក្រកាត់ដេរកំពុងធ្វើកូដកម្ម និងជាលើកដំបូងដែលទាហានសមរភូមិមុខត្រូវបានដាក់ពង្រាយនៅតាមវិថីនានាក្នុងរាជធានីភ្នំពេញដើម្បីបង្ក្រាបកូដកម្ម។
មិនទាន់មានសេចក្តីពន្យល់ពីសំណាក់រដ្ឋាភិបាលទាក់ទងទៅនឹងមូលហេតុដែលរោងចក្រយ៉ាក់ជីន ទទួលបានកិច្ចការពារពិសេសពីអង្គភាពទ័ពឆត្រយោងនេះនៅឡើយទេ។
លោក ផៃ សីុផាន ក៏បានអះអាងកាលពីម្សិលមិញផងដែរថា ទ័ពឆត្រយោងបានមកគាំទ្រកម្លាំងនគរបាល ក៏ប៉ុន្តែ សាក្សីរួមទាំងអ្នកសារព័ត៌មានកាសែត ខេមបូឌា ដេលី បាន ឲ្យដឹងថា ទ័ពឆត្រយោងលេខ៩១១គ្រាន់តែជាកម្លាំងដែលត្រូវបានដាក់ពង្រាយនៅរោងចក្រ យ៉ាក់ជីន ប៉ុណ្ណោះ និងមិនមានកម្លាំង នគរបាលនៅក្បែររោងចក្រនោះទេ នៅមុន ឬក៏ក្រោយហេតុការណ៍អំពើហិង្សាដែលបង្កឡើងដោយកម្លាំងទ័ពទាំងនេះ៕ សុធា
(រាយការណ៍បន្ថែមដោយ ហ៊ុល រស្មី)