ជាថ្មីម្ដងទៀត មេធាវីតំណាងឲ្យ តា អាន អតីតអនុប្រធានតំបន់មជ្ឈិមរបស់ខ្មែរក្រហម ដែលជាជនសង្ស័យម្នាក់នៅក្នុងសំណុំរឿង០០៤នៅសាលាក្ដីខ្មែរក្រហមបានអំពាវនាវឲ្យការិយាល័យសហចៅក្រមស៊ើបសួរអនុញ្ញាតឲ្យពួកគេពិនិត្យមើលសំណុំរឿងនេះ ឬដកការស៊ើបអង្កេតលើតួនាទីរបស់កូនក្ដីខ្លួននៅក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ប្រសិនបើធ្វើមិនយុត្តិធម៌ទេនោះ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីម្សិលមិញ មេធាវី ហ្គោរ៉ាន ស្លីតធើ (Goran Sluiter) និងមេធាវី ម៉ម លុច បានលើកឡើងថា ការទទួលបានសំណុំរឿងបែបនេះ “គឺមានសារៈសំខាន់សម្រាប់ការពារសិទ្ធិរបស់ជនសង្ស័យក្នុងការទទួលបានសវនាការដោយយុត្តិធម៌ និងដើម្បីធានាការផ្ដល់យុត្តិធម៌ត្រឹមត្រូវ”។
កាលពីខែកក្កដា សហចៅក្រមស៊ើបអង្កេត ម៉ាក ហាមុ៉ន (Mark Harmon) បានកែប្រែការបង្គាប់មួយកាលពីខែកុម្ភៈ ឆ្នាំ២០១២ របស់បុព្វាធិការីរបស់លោកថា ឲ្យផ្ដល់ឲ្យក្រុមអ្នកច្បាប់នូវឯកសារពាក់ព័ន្ធនឹងសំណុំរឿងនេះដែលផ្ដល់សេចក្ដីលម្អិតស្ដីពីការស៊ើបអង្កេតលើ តា អាន និងជនសង្ស័យពីរនាក់ទៀតឈ្មោះ តា ទិត និង តា ឆែម។
លោក ស្លីតធើ និងលោក លុច បានប្ដឹងទាស់នឹងសេចក្ដីសម្រេចនោះទៅអង្គបុរេជំនុំជម្រះ។ លោកទាំងពីរថ្លែងថា “យើងសហមេធាវីតំណាងឲ្យជនសង្ស័យម្នាក់នៅក្នុងសំណុំរឿង០០៤ព្រួយបារម្ភយ៉ាងខ្លាំងដោយសារយើងនៅមិនទាន់ទទួលបានសំណុំរឿងនេះអស់រយៈពេលរាប់ឆ្នាំនិងត្រង់ចំណុចដែលចៅក្រមនៅ ECCC មិនបានឆ្លើយតបទៅនឹងញត្តិការពារនិងការប្ដឹងទាស់ឲ្យបានទាន់ពេលវេលា”៕ សុខុម