34 C
Phnom Penh

ពេល​កំណត់​នៃ​ការ​កាត់​បន្ថយ​កម្ពស់​អគារ​ដែល​សាងសង់​លើស​កម្ពស់​ត្រូវ​បាន​ពន្យារពេល​ម្តង​ទៀត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពេល​កំណត់​នៃ​ការ​កាត់​បន្ថយកម្ពស់​អគារ​​​ចំនួន​ពីរ​ដែល​បាន​សង់​លើសកម្ពស់​កំណត់​ក្បែរ​​ព្រះ​បរម​រាជ​វាំង បាន​ហួស​រយៈ​ពេល​​​ជាង​មួយ​ខែ​ទៅ​​ហើយ​ ប៉ុន្តែ​កម្ពស់​អគារ​​​នៅ​តែ​មិន​ទាន់​កាត់​បន្ថយ​ដដែល​ ហើយ​មន្ត្រី​សាលា​រាជ​ធានី​ភ្នំពេញ​បាន​ស្តី​បន្ទោស​​​​ចំពោះ​ការ​ពន្យា​​រពេលនេះ​លើ​គណបក្ស​ប្រឆាំង​និង​ការ​តវ៉ា​របស់​កម្មកររោង​ចក្រ​​កាត់​ដេរ​កាល​ពី​ម្សិល​មិញ​។

លោក​ ឡុង​ ឌី​ម៉ង់​ អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញបាន​មាន​ប្រសាសន៍​ដោយ​សំដៅ​ទៅ​លើ​​​ការ​ប៉ះ​ទង្គិច​គ្នា​ដ៏​ហិង្សា​កាល​ពី​ថ្ងៃ​សុក្រ ​រវាង​កម្មករ​រោង​ចក្រ​កាត់​ដេរ​និង​នគរបាល​ដែល​បណ្តាល​ឲ្យ​មនុស្ស​ប្រាំ​នាក់​ស្លាប​់​និង​ការ​បោស​​​សម្អាត​អ្នក​តវ៉ា​ពី​ទីលាន​ប្រជា​ធិបតេយ្យ​ថា  “ យើង​នៅ​មិន​ទាន់​កំណត​់​ពេល​ដើម្បី​វាយ​កម្ទេច​កម្ពស់​អគារ​ដែល​សាងសង់លើស​នៅ​ឡើយ​ទេ​ព្រោះ​យើង​មាន​ការ​រវល​​​់​ខ្លាំង​ណាស់​ជាមួយ​​​អ្នក​តវ៉ា​”។

លោក ឌី​ម៉ង់​ បាន​ឲ្យ​ដឹង​ថា នៅ​មិន​ទាន់​មាន​ការ​កំណត់​ពេល​សម្រាប់​ការ​កាត់​បន្ថយ​កម្ពស់​អគារ​ដែល​ត្រូវ​បាន​ពន្យារពេល​យ៉ាង​យូរ​នេះ​នៅ​ឡើយ​ទេ​។

លោក​បាន​មាន​ប្រសាសាន៍​ថា “ យើង​មិន​​​ទាន់​បាន​កំណត់​ពេលវេលា​នៅ​ឡើយ​ទេ​”។

ពេល​វេលា​កំណត់​លើក​ដំបូង ​គឺ​នៅ​ថ្ងៃ​ទី​២១​ខែ​វិច្ឆិកា​ ប៉ុន្តែ​លោក​ បា៉ សុជាតិ​វង្ស​ អភិ​បាល​​​រាជ​ធានី​ភ្នំពេញ​បាន​ពន្យារ​ពេលនៃ​​ការ​កាត់​បន្ថយ​កម្ពស់​អគារ​នេះ​រយៈពេល​ដប់​ថ្ងៃ​ បន្ទាប់​ពី​មាន​ការ​ស្នើ​ពី​ម្ចាស់​អគារ​មួយ​ក្នុង​ចំណោម​អគារ​លើសកម្ពស់​ទាំង​ពីរ​។ ហើយ​កាល​ពី​ដើម​ខែ​ធ្នូ​ លោក​ ប៉ា​ សុជាតិ​វង្ស​ បាន​លើក​ឡើងម្តង​ទៀតថា​ ការ​កាត់​បន្ថយ​កម្ពស់​អគារ​នឹង​នៅ​តែ​ដំណើរ​ការ​​ទៅ​មុខ​។

ឥឡូវ​នេះ​គឺ​ឆ្នាំ​ថ្មី​ហើយ​ បុ៉ន្តែ​​អគារ​ចំនួន​ពីរ​​ដែល​មាន​ទី​តាំង​នៅ​ក្បែរ​ព្រះ​បរម​រាជ​វាំង​នៅ​តែ​ឈរ​យ៉ាង​ស្រស់​សង្ហា។

អគារ​មួយ​គឺ​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ក្រុម​​ហ៊ុន​អចលន​ទ្រព្យ​វឌ្ឍនៈ​ដែលមាន​ទំនាក់​ទំនង​នឹង​ធនាគារ​វឌ្ឍនៈ​ ហើយ​មាន    ​ទី​តាំង​នៅ​តាម​បណ្តោយ​តីរវិថី​ស៊ីសុវត្ថិ​ក្បែរ​ផ្លូវ​លេខ​១៨៤។​ ហើយ​អគារ​ដែល​ខុស​ច្បាប់​​មួយ​ផ្សេង​ទៀត​​ គឺ​ជា​អគារ​កម្ពស់​ច្រើន​ជាន់​​គ្រប់​គ្រង​ដោយ​ក្រុម​ហ៊ុន​ឯក​ជន​មួយ​ផ្សេង​ទៀត។ អគារ​នេះ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​តូច​មួយ​ គឺ​ផ្លូវ​លេខ​១៩ខាង​ក្រោយ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ។

អគារ​របស់​ក្រុម​ហ៊ុន​វឌ្ឍនៈ​នេះ​ត្រូវ​បាន​អនុញ្ញាតឲ្យសាង​សង់​ត្រឹម​តែ​កម្ពស់​១៤​ម៉ែត្រ​ប៉ុណ្ណោះ ប៉ុន្តែ​វា​ត្រូវបាន​សាង​សង់​លើស​​២០​​​ម៉ែត្រ​ទៅ​ទៀត​។ ​អគារ​មួយ​ផ្សេង​​ទៀត​​ដែល​គេ​សាង​សង់​ឡើង​សម្រាប់​ធ្វើ​សណ្ឋាគារ​​គឺ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សាង​សង់​ត្រឹម​តែ​កម្ពស់​២៤,៥​ម៉ែត្រ​ប៉ុណ្ណោះ​ ប៉ុន្តែ​ឥឡូវ​នេះ​វា​មាន​កម្ពស់់​រហូត​ទៅ​ដល់​ជាង​៣៤,៥​ម៉ែត្រ​ឯណោះ​។

លោកស្រី​ រឿង​ ផល​្លីន​  ចៅ​សង្កាត់​ជ័យ​ជំនះ​​ជាទី​ដែល​អគារ​ទាំង​ពីរនេះ​ត្រូវ​បាន​សាង​សង់​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា លោក​​ សុិន​ គឹម​ហេង ម្ចាស់​អគារ​ដែល​ស្ថិត​នៅ​តាម​ផ្លូវ​លេខ​១៩​គ្រោង​នឹងមក​​ជួប​​​ជា​​​មួយ​មន្ត្រី​សាលា​រាជ​ធានី​ភ្នំពេញ ​ដើម្បី​ដោះ​ស្រាយ​សំណុំ​រឿង​របស់​គាត់​ ប៉ុន្តែ​កា​រ​គ្រោង​​​នេះ​ត្រូវ​បាន​ពន្យា​រពេល​វិញ​ដោយ​សារ​តែ​ការ​ធ្វើ​បាតុកម្ម​ក្នុង​ពេល​ថ្មី​ៗ​​​នេះ​។

លោក​ស្រី​បាន​មាន​ប្រសាសន៍បន្ត​ទៀត ​​ថា ​​​ “ ភាគី​​​ទាំង​​​ពីរ​បាន​យល់​ព្រម​ពិភាក្សា​អំពី​អគារ​នេះ​”។

កាល​ពី​ម្សិល​មិញ ​ការ​សាង​សង់នៅ​ការ​ដ្ឋាន​​សាង​សង់​អគារ​របស់​លោក​ គឹម​ហេង​ នៅ​តែ​បន្ត​​ជា​ធម្មតា​។

កម្មករ​នៅ​ការដ្ឋាន​សាង​សង់​នេះបាន​និយាយ​ថា ពួកគេ​នៅ​មិន​ទាន់​ទទួល​បាន​បទ​​បញ្ជាឲ្យ​បញ្ឈប់​ការសាង​សង់​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​ប្រាប់​ឲ្យ​បញ្ចប់​ការ​សាង​សង់​របស់​ខ្លួន​ឲ្យ​បាន​មុន​ពេលចូល​ឆ្នាំ​ខ្មែរ​។

លោក​ គឹម​ហេង​ បាន​បដិសេធ​មិន​ធ្វើ​អត្ថា​​​ធិប្បាយ​ឡើយ​ ប៉ុន្តែ​កាល​ពីលើក​មុន​លោក​​បាន​ទទួល​ស្គាល់​ថា ពិត​ជា​បាន​សាង​សង់​អគារ​លើស​​កម្ពស់​ដែល​បាន​កំណត់​មែន​។

រីឯ​នៅ​ការដ្ឋាន​សាង​សង់​អគារ​​របស់​ក្រុម​ហ៊ុន​វឌ្ឍនៈ​ ដែល​ការ​សាង​សង់​ត្រូវ​បាន​ផ្អាក​ចាប់​​តាំង​ពី​ថ្ងៃ​ទី​១​ខែ​តុលាមក​​វិញ គឺគ្មាន​សញ្ញា​​ពី​ការ​សាង​សង់​បន្ត ឬក៏​​​​ការ​កាត់​បន្ថយ​កម្ពស់​ឡើយ។ ហើយ​អគារនេះ​ត្រូវ​បាន​គ្រប​ដោយ​​​សំណាញ់​ពណ៌​បៃតងនិង​មាន​របង​ព័ទ្ធជុំវិញ​មិន​ឲ្យ​នរណា​ចូល​ឡើយ៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស