27 C
Phnom Penh

មន្ត្រី​​​រាជការ​​​ស៊ីវិល​​​​​​ត្រូវ​​​បាន​​​ជំរុញ​​​ឲ្យ​​​ធ្វើ​​​កូដកម្ម​​​សុំ​​​ដំឡើង​​​ប្រាក់​​​ខែ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគម​​​មួយ​​​​​​តំណាង​​​ឲ្យ​​​បុគ្គលិក​​​និយោ​​​ជិត​​​ក្នុង​​​​​​​​​វិស័យ​​​​​​សាធា​​​រណៈ​​​ បាន​​​ជំរុញ​​​ឲ្យ​​​មន្ត្រី​​​រាជការ​​​ស៊ីវិល​​​ទូទាំង​​​ប្រទេស​​​​​​ចាប់​​​ផ្ដើម​​​ធ្វើ​​​​​​កូដកម្ម​​​សន្ដិ​​​វិធី​​​​​​តាម​​​គ្រូបង្រៀន​​​ ដើម្បី​​​ទាមទារ​​​​​​សុំ​​​ដំឡើង​​​ប្រាក់​​​ខែ​​​។

សេចក្ដី​​​ថ្លែងការណ៍​​​មួយ​​​ដែល​​​​​​សមាគម​​​មន្ត្រី​​​រាជការ​​​​​​កម្ពុជាបាន​​​ចេញ​​​កាល​​​ពី​​​ម្សិលមិញ​​​និង​​​​​​ដែល​​​អះអាង​​​ថា មាន​​​​​​សមាជិក​​​ចំនួន​​​១.៥៣០​​​នាក់​​​នោះ​​​ បាន​​​លើក​​​ឡើ​​​ងថា ប្រាក់​​​ខែ​​​​​​របស់​​​មន្ត្រី​​​រាជ​​​ការ​​​នៅ​​​ពេល​​​បច្ចុប្បន្ន​​​មិន​​​គ្រប់គ្រាន់​​​សម្រាប់​​​ទប់​​​ទល់​​​នឹង​​​​​​តម្លៃ​​​​​​ទំនិញ​​​កើន​​​ឡើ​​​ង​​​នោះ​​​ទេ​​​ ហើយ​​​បាន​​​អំពាវនាវ​​​ឲ្យ​​​រដ្ឋាភិបាល​​​ផ្ដល់​​​ប្រាក់​​​ខែ​​​គោល​​​មួយ​​​លាន​​​រៀល​​​​​​ជាមួយ​​​នឹង​​​ការ​​​សន្យា​​​ដំឡើ​​​ងប្រាក់ខែ​​​តាម​​​ពេល​​​វេលា​​​សម​​​ស្រប​​​រហូត​​​ដល់​​​ពីរ​​​លាន​​​រៀល។

សេចក្ដី​​​ថ្លែង​​​ការណ៍​​​នេះ​​​មាន​​​ខ្លឹម​​​​​​សារ​​​ដូច្នេះ​​ថា “ដោយ​​​​​​មើល​​​ឃើញ​​​ថា ប្រាក់​​​ខែ​​​របស់​​​មន្ត្រីរាជការ​​​​​​ទាប​​​ និង​​​មិន​​​ស័ក្ដិសម​​​នឹង​​​​​​តម្លៃ​​​ទំនិញ​​​កើន​​​ឡើង​​​នៅ​​​ក្នុង​​​ទី​​​ផ្សារ​​​ដែល​​​បន្ត​​​​​​ឡើង​​​ពី​​​មួយ​​​ថ្ងៃ​​​ទៅ​​​មួយ​​​ថ្ងៃ​​​ និង​​​ដោយ​​​ផ្អែក​​​លើ​​​លក្ខន្ដិកៈ​​​ពាក់​​​ព័ន្ធ​​​ផ្សេង​​​ៗ​​​ទៀត​​​ សមាគម​​​មន្ត្រីរាជការ​​​​​​ឯករាជ្យ​​​កម្ពុជា​​​សូម​​​អំពាវនាវ​​​​​​ដល់​​​មន្ត្រីមក​​​ពីគ្រប់​​​​​​ស្ថាប័ន​​​ទាំងអស់​​​មេត្តា​​​​​​ចេញ​​​ធ្វើ​​​កូដកម្ម​​​​​​ដោយ​​​សន្ដិវិធី​​​តាម​​​រយៈ​​​​​​ការ​​​មិន​​​បំពេញ​​​ការងារ​​​ ដើម្បីឲ្យ​​​រដ្ឋាភិបាល​​​ដំឡើង​​​ប្រាក់​​​ខែ​​​គោល​​​ពីរ​​​លាន​​​​​​រៀល​​​”។

លោក​​​ ប៊ុត​​​ កុសល អនុប្រធាន​​​​​​សមាគម​​​មន្ត្រី​​​ឯករាជ្យ​​​កម្ពុជា ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា សមាជិក​​​​​​នៃ​​​សមាគម​​​នេះ​​​​​​គួរ​​​តែ​​​​​​ “ចាប់​​​ផ្ដើម​​​​​​ធ្វើ​​​កូដកម្ម​​​​​​ចាប់​​​ពី​​​ពេល​​​នេះ​​​តទៅ​​ជាមួយ​​​សមា​​​គម​​​គ្រូ​​​បង្រៀនកម្ពុជា​​​ឯករាជ្យ​​​ដែល​​​កំពុង​​​ធ្វើ​​​កូដកម្ម​​​ទាមទារ​​​​​​ដំឡើង​​​ប្រាក់ខែ​​​ក្នុង​​​ចំនួន​​​​​​ដូច​​​គ្នា​​​នៅ​​​ទូទាំង​​​ប្រទេស​​​”។ លោក​​​មាន​​​ប្រសាសន៍​​​ថា ការ​​​អំពាវ​​​នាវ​​​​​​ឲ្យ​​​ធ្វើ​​​កូដកម្ម​​​ទាម​​​ទារ​​​ដំឡើង​​​ប្រាក់ខែ​​​នេះ​​​​​​ គឺ​​​ដោយ​​​​​​សារ​​​តែ​​​មាន​​​​​​ចលនា​​​ស្រដៀង​​​គ្នា​​​​​​មួយ​​​របស់​​​កម្មករ​​​កម្មការិនី​​​កាត់​​​ដេរ​​​ ដែល​​​កំពុង​​​ទាម​​​ទារ​​​ដំឡើង​​​ប្រាក់ខែ​​​គោល​​​​​​១៦០​​​ដុល្លារ​​​។

លោក​​​​​​បាន​​​បន្ត​​​ថា “យើង​​​បាន​​​មើល​​​ឃើញ​​​​​​ថា ជីវភាព​​​របស់​​​កម្មករ​​​កម្មការិនី​​​កាត់ដេរ ​​​និងមន្ត្រីរាជការ​​​​​​​​​មិន​​​ខុសគ្នា​​​ទេ​​​។ ពួក​​​គាត់​​​សុំ​​​ដំឡើង​​​ប្រាក់​​​ខែ​​​គោល​​​​​​សមរម្យ​​​ដើម្បី​​​ឲ្យ​​​មាន​​​ជីវភាព​​​រស់​​​នៅ​​​សមរម្យ​​​នឹង​​​គេ​​​។​​​ ក្រសួង​​​ការងារ​​​​​​បាន​​​លើក​​​ឡើ​​​ង​​​ថា ខ្លួន​​​នឹង​​​​​​ផ្ដល់​​​ប្រាក់​​​ខែ​​​គោល​​​​​​ដល់​​​កម្មករ​​​ [កាត់​​​ដេរ] ១៦០​​​ដុល្លារ​​​នៅ​​​ឆ្នាំ​​​២០១៨។ មន្ត្រី​​​រាជការ​​​ចង់​​​ដឹង​​​ថា តើ​​​ប៉ុន្មាន​​​ឆ្នាំ​​​ទៀត​​​សម្រាប់​​​យើង​​​?”។ លោក​បាន​​​​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា ប្រាក់​​​ខែ​​​ខ្ពស់​​​នឹង​​​ជួយ​​​ទប់​​​ស្កាត់​​​ “អំពើ​​​ពុក​​​រលួយ​​​ ប្រាក់ទឹក​​​តែ ភាព​​​អយុត្តិធម៌ និង​​​ការិយា​​​ធិបតេយ្យ​​​ដែល​​​មិន​​​ចំាបាច់​​​”។

ពាក់​​​ព័ន្ធ​​​នឹង​​​សកម្មភាព​​​ធ្វើ​​​កូដកម្ម​​​ មន្ត្រី​​​រាជការ​​​​​​អាច​​​ដើរ​​​ចេញ​​​មិន​​​ធ្វើ​​​ការ​​​​​​ ឬ​​​ធ្វើ​​​ដូច​​​​​​គ្រូ​​​បង្រៀន​​​ ដែល​​​ពួក​​​គាត់​​​​​​បាន​​​ធ្វើ​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ថ្ងៃ​​​ថ្មី​​​ៗ​​​នេះ​​​នៅ​​​តាម​​​សាលា​​​ ដោយ​​​ពួក​​​គាត់​​​ទៅ​​​ធ្វើការ​​​ ប៉ុន្តែ​​​​​​មិន​​​បំពេញ​​​ការងារ​​​។

លោក ប៊ុត​​​ កុសល​​​ បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “យើង​​​នឹង​​​ប្រកាន់ជំហរ​​​នេះ​​​​​​រហូត​​​ដល់​​​​​​មាន​​​ដំណោះ​​​ស្រាយ​​​ពី​​​រដ្ឋាភិបាល​​​។ រដ្ឋា​​​ភិបាល​​​ត្រូវតែ​​​បង្ហាញ​​​ឆន្ទៈ​​​របស់​​​ខ្លួន​​​ ហើយ​​​ប្រាប់​​​យើង​​​ថា ពេល​​​ណា​​​​​​នឹង​​​​​​ដំឡើ​​​ងប្រាក់ខែ​​​របស់​​​ពួក​​​យើង​​​”។

កាលពី​​​ឆ្នាំ​​​មុន​​​  លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​ បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​អនុក្រឹត្យ​​​​​​មួយ​​​នៅ​​​មុន​​​ការ​​​បោះឆ្នោត​​​ថា នឹង​​​ដំឡើង​​​ប្រាក់​​​ខែ​​​​​​​​​របស់​​មន្ត្រី​​​ថ្នាក់​​​ភូមិ ឃុំ​​​-សង្កាត់​​​ ទ្វេដង​​​​​​ដោយ​​​​​​មាន​​​ប្រសិទ្ធភាព​​​ចាប់​​​ពី​​​ដើម​​​ឆ្នាំ​​​នេះ​​​ទៅ​​​។

ដូច្នេះ​​​មេឃុំ​​​-ចៅ​​​សង្កាត់​​​ នឹង​​​ទទួល​​​បាន​​​ការ​​​ដំឡើងប្រាក់​​​ខែ​​​ពី​​​៣៧,៥០​​​ដុល្លារ​​​​​​ដល់​​​៧៥​​​ដុល្លារ​​​ ហើយ​​​ជំទប់​​​​​​ឃុំ​​​-សង្កាត់​​​ នឹង​​​ទទួល​​​បាន​​​ការ​​​ដំឡើង​​​ប្រាក់ខែ​​​ពី​​​៣០​​​ដុល្លារ​​​ ដល់​​​​​​៦០​​​ដុល្លារ​​​ ប៉ុន្តែ​​​ប្រាក់​​​ខែ​​​នេះ​​​គឺ​​​នៅ​​​​​​ទាប​​​ជាង​​​​​​ឆ្ងាយ​​​ណាស់​​​ បើ​​​ប្រៀប​​​ធៀប​​​ទៅ​​​នឹង​​​ចំនួន​​​ដែល​​​គេ​​​កំពុង​​​ទាមទារ​​​។ ប្រាក់​​​ខែ​​​ទាប​​​ក្នុង​​​វិស័យ​​​សាធារណៈ​​​ត្រូវ​​​បាន​​​គេ​​​បន្ទោស​​​ជា​​​ទូទៅ​​​​​​ថា​​​ បណ្ដាល​​​ឲ្យ​​​មាន​​​ការ​​​ផ្ដល់​​​សេវា​​​អន់​​​និង​​​អំពើ​​​ពុក​​​រលួយ​​​​​​។

លោក​​​ ផៃ ស៊ីផាន​​​ អ្នក​​​នាំពាក្យ​​​ទីស្ដីការ​​​គណៈរដ្ឋមន្ត្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​រាជការ​​​ស៊ីវិល​​​គ្មាន​​​សិទ្ធិ​​​ទាមទារ​​​ដំឡើង​​​ប្រាក់ខែ​​​ទេ​​​ ពីព្រោះ​​​ពួ​​​កគេ​​​យល់​​​ព្រម​​​​​​បោះ​​​បង់​​​សិទ្ធិ​​​របស់​​​ខ្លួ​​​ន​​​ នៅ​​​ពេល​​​ពួក​​​គេ​​​បម្រើ​​​ការងារ​​​ឲ្យ​​​រដ្ឋាភិបាល​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “មន្ត្រី​​​រាជ​​​ការ​​​មិន​​​មែន​​​ជា​​​កម្មករ​​​រោងចក្រ​​​ទេ​​​”។ ពួក​​​គាត់​​​មាន​​​កិច្ច​​​សន្យា​​​ជាមួយ​​​រដ្ឋាភិបាល​​​ ដូច្នេះ​​​ពួក​​​គាត់​​​ត្រូវ​​​បោះ​​​បង់​​​សិទ្ធិ​​​របស់​​​ខ្លួន​​​ដើម្បី​​​គោរព​​​តាម​​​វិធាន​ផ្ទៃ​​​ក្នុង​​​របស់​​​ខ្លួន​​​”។

លោក​​​បាន​​​បន្ត​​​ថា មន្ត្រី​​​រាជការ​​​ត្រូវតែ​​​​​​គោរព​​​​​​តាម​​​លក្ខន្ដិកៈ​​​ស្ដី​​​ពី​​​មន្ត្រី​​​រាជការ​​​ ក្រម​​​សីល​​​ធម៌​​​សម្រាប់​​​មន្ត្រី​​​រាជការ​​​​​​ និង​​​ក្រម​​​​​​ព្រហ្ម​​​ទណ្ឌ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “មន្ត្រី​​​រាជការ​​​សាធារណៈ​​​ត្រូវ​​​តែ​​​គោរព​​​ការងារ​​​ [ការ​​​ទទួល​​​ខុស​​​ត្រូវ​​​] របស់​​​ខ្លួន​​​ បើ​​​មិនដូច្នោះ​​​ទេ​​​​​​ ពួក​​​គេ​​​នឹង​​​ត្រូវ​​​ប្រឈម​​​​​​​​​ករណី​​​ព្រហ្ម​​​ទណ្ឌ”។

លោក​​​ រ៉ុង ឈុន​​​ ប្រធាន​​​សមាគម​​​គ្រូ​​​បង្រៀន​​​កម្ពុជា​​​ឯករាជ្យ​​​បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិលមិញ​​​ថា  “គ្រូបង្រៀន​​​គួរ​​​តែ​​​​​​ធ្វើ​​​កូដ​​​កម្ម​​​បន្តទៀត​​​ ទោះ​​​បី​​​ជា​​​អាជ្ញាធ​​​រ​​​ចាត់​​​វិធាន​​​ការ​​​បង្ក្រាប​​​ក្រោម​​​រូប​​​ភាព​​​នគរបាល​​​​​​ធ្វើ​​​ការ​​​សាកសួរ​​​ និង​​​​​​បង្ខំ​​​ឲ្យ​​​គ្រូបង្រៀន​​​ចុះ​​​កិច្ច​​​សន្យា​​​ប្រឆាំង​​​ការ​​​ធ្វើ​​​​​​កូដកម្ម​​​ក៏​​​ដោយ​​​”៕ សុខុម​​​

(រាយការណ៍​​​បន្ថែម​​​ដោយ​​​ Lauren Crothers)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស