28 C
Phnom Penh

រដ្ឋាភិបាល​បង្កើត​ខេត្ត​ថ្មី​​ទៀត​ដែល​ស្ថិតនៅ​​ក្រោម​ឥទ្ធិ​ពល​នៃអំណាច​របស់​​បក្ស​ប្រជា​ជន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សំណើ​របស់​រដ្ឋាភិបាល​ឲ្យ​មាន​ការ​បង្កើត​ ខេត្ត​ថ្មី​មួយ​នៅ​ភាគ​ខាង​កើត​នៃ​ខេត្ត​កំពង់​ចាម​ ដែល​​គណបក្ស​ប្រជាជន​កម្ពុជា​ ទទួល​​ជ័យ​​ជម្នះ​ចំនួន​តែ​ប្រាំ​ស្រុក​ប៉ុណ្ណោះ អំឡុង​ការ​បោះ​ឆ្នោត​ជាតិ​កាលពី​ខែ​កក្កដាឆ្នាំ​មុន ត្រូវ​ព្រះ​មហាក្សត្រ​ នរោត្តម សីហមុនី អនុម័ត កាលពី​ខែ​មុន នេះបើយោង​តាម​រាជក្រឹត្យ​ទទួល​បាន​កាលពី​ម្សិលមិញ។

មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​គណបក្ស​ប្រជា​ជន​កម្ពុជារបស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ឲ្យ​ដឹង​កាលពីម្សិលមិញ​ថា ខេត្ត​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​បែង​ចែក​ផង​ដែរ។ ​នេះ​ជា​ចំណាត់ការ​ដែល​ន​ិន្នាការ​ប្រឆាំង​លើ​ឆាក​នយោបាយ​ បាន​លើក​ឡើង​ថា ជា​ការ​ប៉ុន​ប៉ង បំបែកតំបន់​បោះ​ឆ្នោត​ ក្នុង​បំណង​ផ្តល់​ផល​ប្រយោ​ជន៍​​ដល់​គណបក្ស​កាន់​អំណាច​។

ខេត្ត​ថ្មី​បំផុត​របស់​ប្រទេស​កម្ពុជា​នេះមាន​ឈ្មោះ​ថា ខេត្ត​ត្បូង​ឃ្មុំ​ ​មាន​ប្រាំ​មួយ​ស្រុក​ និង​ ក្រុង​មួយដែល​សុទ្ធ​តែ​លាត​សន្ធឹង​នៅ​ភាគ​ខាង​កើត​​នៃ​ទន្លេមេគង្គ​ ក្នុង​ខេត្ត​កំពង់​ចាម។ ខេត្ត​នេះនឹង​ដាក់​បញ្ចូល​ស្រុក​តែ​ប្រាំ​ប៉ុណ្ណោះ​  ហើយ​ស្រុក​ទាំង​នោះ​ជា​ស្រុក​ដែល​គណ​បក្ស​​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​ភាគ​ច្រើន​អំឡុង​ការ​បោះ​ឆ្នោត​ នេះ​បើ​យោង​តាម​រាជ​ក្រឹត្យ​ដដែល​នេះ។

ចំណែក​ឯ​ស្រុក​ទាំង​១២​នៅ​សល់​ក្នុង​ខេត្ត​កំពង់​ចាម​ គឺ​ជា​ស្រុក​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​សំឡេង​ភាគ​ច្រើន​។

អំឡុង​ថ្ងៃ​បោះ​ឆ្នោត​ជាតិ​ កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​វ៉ា​ដាច់​ដោយ​គណបក្ស​ប្រឆាំង​ នៅ​ក្នុង​ខេត្ត​កំពង់ចាម​ ពោល​គឺ​គណបក្ស​កាន់​អំណាច​​ទទួល​បាន​តែ​៨អាសនៈក្នុង​​ចំណោម​អាសនៈ​ទាំង​១៨​​ក្នុង​រដ្ឋសភា សម្រាប់​ខេត្ត​នេះ ហើយ​នេះ​គឺ​ជាការ​បាត់​បង់​សំឡេង​ភាគ​ច្រើន​ ទាំង​១២អាសនៈដែល​គណបក្ស​កាន់​អំណាច​ទទួល​បាន​អំឡុង​ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​២០០៨។

ខេត្ត​ត្បូង​ឃ្មុំ​នេះនឹង​មានស្រុក​តំបែរក្រូច​ឆ្មារ អូររាំងឪ ពញាក្រែក និង​ស្រុក​ត្បូង​ឃ្មុំ។ នៅ​ស្រុក​ទាំង​នេះ​ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​ភាគ​ច្រើន​ បន្ថែម​លើ​ក្រុង​សួង និង​ស្រុក​មេមត់ នេះ​បើ​យោង​តាម​រាជ​ក្រឹត្យ​ចុះ​ថ្ងៃ​ទី​៣១ ខែធ្នូ។

លោកឧត្តម​សេនីយ៍​ឯក​ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃបាន​ឲ្យ​ដឹង​ថា សេចក្តី​សម្រេច​ថា ត្រូវ​បែង​ចែក​ខេត្ត​នេះ​ជាពីរ​ មាន​​គោល​បំណង​ពង្រឹង​ការ​ផ្តល់​សេវាកម្ម​របស់​រដ្ឋាភិបាល​។

លោក​បាន​មាន​ប្រសាសន៍​ថា “ យើង​បាន​បង្កើត​ខេត្ត​ថ្មី​នេះ ដើម្បី​បង្ក​លក្ខណៈ​កាន់​តែ​ងាយ​ស្រួល​សម្រាប់​យើង​ ក្នុង​ការ​គ្រប់​គ្រង​ការ​ងារ​ និង​ដើម្បី​កំុ​ឲ្យ​សេវា​កម្ម​នានា​ស្ថិត​នៅ​ឆ្ងាយ​ពី​ប្រជាជន​”។

លោក​ឧត្តម​សេនីយ៍​ឯក ខៀវ សុភ័គ បាន​បដិសេធ​ថា ការ​បង្កើត​ខេត្ត​ថ្មី​នេះ​ មិន​មែន​មាន​គោល​បំណង​ផ្តល់​ផល​ប្រយោជន៍​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ហើយ​លោក​ក៏​បាន​ឲ្យដឹង​បន្ថែម​ទៀត​ថា មា​ន​ផែនការ​បំបែក​ ខេត្ត​ផ្សេង​ៗទៀត​ផង​ដែរ។

លោក​បាន​មាន​ប្រសាសន៍ថា “ ឧទាហរណ៍​​យើង​បំបែក​ខេត្ត​បន្ទាយ​មាន​ជ័​យ​ចេញ​ពី​ខេត្ត​បាត់​ដំបង​ ដើម្បី​ឲ្យ​ប្រជាជន​ទទួល​បាន​សេវា​សាធារណៈកាន់​តែ​ប្រសើរ​ ហើយ​សេវាកម្ម​ទាំង​នោះ​ខិត​កាន់​តែ​ជិត​ប្រជាជន​”។

លោក​បាន​មាន​ប្រសាសន៍​​បន្ថែម​ទៀត​ថា “ ក្នុង​ពេល​អនាគត​ យើង​នឹង​បំបែក​ខេត្ត​បន្ថែម​ទៀត​ ប៉ុន្តែ​យើង​មិន​ដឹង​ថា នឹង​ត្រូវ​បំបែក​ខេត្ត​ណា​ខ្លះ​ទេ”។

លោក គុល បញ្ញា នាយក​ប្រតិបត្ត​ិ​គណៈ​កម្មាធិការ​ដើម្បី​ការ​បោ​ះឆ្នោត​ដោយ​សេរី​យុត្តិធម៌​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា សេចក្តី​សម្រេច​នេះ​គួរ​ឲ្យ​សង្ស័យ​ ហើយ​អាច​នឹង​មាន​ការ​ពាក់​ព័ន្ធ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​លួច​បន្លំសន្លឹក​ឆ្នោត។

លោក​បាន​មាន​ប្រសាសន៍ថា “ ខ្ញុំ​មិន​គិត​ថា សេចក្តី​សម្រេច​នេះធ្វើ​ឡើងសម្រាប់​​គោល​​​បំណង​រដ្ឋបាល​ទេ​។ រឿង​នេះ​នឹង​ប៉ះ​ពាល់​ដល់​ការ​បោះ​ឆ្នោត​ក្នុង​ពេល​អនាគត​។ ពួកគេ​កំពុង​តែ​បង្កើត​មណ្ឌល​ថ្មី​ៗ​ ដើម្បី​បង្ក​ផល​ប៉ះពាល់​ទៅ​លើ​ចំនួន​អាសនៈ​ដែល​គណ​បក្ស​ទាំង​នេះ​នឹង​ទទួល​បាន​”។
នៅ​ស្រុក​ផ្សេងៗទៀត​ ក្នុង​ខេត្ត​កំពង់​ចាម​  គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទួល​សំឡេង​ជា​ច្រើន​ក្នុង​ការ​បោះ​ឆ្នោតក្នុង​​ខែ​កក្កដា  ដោយ​​ទទួល​បាន​៥១,៨៦ភាគ​រយ​ ចំណែក​ឯ​គណ​បក្ស​ប្រជាជន​ទទួល​បាន​៤២,៨៦ភាគ​រយ​។
ប្រសិន​បើ​លទ្ធផល​ផ្លូវ​ការ​នៃការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​មុន ដែល​ត្រូវ​បាន​ប្រកាស​ដោយ​គណៈកម្មាធិការ​រៀប​ចំការ​បោះ​ឆ្នោត​ ត្រូវ​បាន​បែង​ចែក​សម្រាប់​ខេត្ត​ថ្មី​ពីរនេះ​ នៅ​ខេត្ត​ត្បូង​ឃ្មុំ​ដែ​ល​មាន​ប្រាំពីរស្រុ​កនោះ គណបក្ស​ប្រជាជន​ប្រហែល​ជា​ទទួល​បាន​៥១,៧៥ភាគ​រយ​នៃ​ចំនួន​សន្លឹក​ឆ្នោត​ ចំណែក​ឯ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​៤២,១០​ភាគរយ​។

នៅ​ក្នុង​ខេត្ត​ថ្មី​ដែល​ត្រូវ​កាត់​បន្ថយ​មក​នៅ​១០ស្រុក​ គឺ​ខេត្ត​កំពង់​ចាម គណបក្ស​សង្គ្រោះ ជាតិ​ប្រហែល​ជា​ទទួល​បាន​៥៩,១៧ភាគរយ​ ខណៈ​ដែល​គណបក្ស​ប្រជា​ជន​កម្ពុជា​ទទួល​បាន​៣៥,៤៣ភាគរយ​។

លោក គុល បញ្ញា បាន​ពន្យល់​ថា “ ពួកគេ​ធ្វើ​បែប​នេះ​នៅ​ខេត្ត​ជា​ច្រើន​ ដើម្បី​បង្កើត​មណ្ឌល​ទាំង​នេះ​ឲ្យ​មាន​ឥទ្ធិពល​ទៅ​លើ​លទ្ធ​ផល​បោះ​ឆ្នោត​ ក៏ប៉ុន្តែ នៅ​ខេត្ត​នេះ​រូប​មន្តក៏​បានបង្កើន​ចំនួន​អាសនៈសម្រាប់​គណបក្ស​ដែល​ទទួល​ជោគ​ជ័យ​ផង​ដែរ”។

គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​បាន​ប្រកាស​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៨ ថា ​ ប្រទេស​កម្ពុជា​បាន​ចាប់​ផ្តើម​ប្រើប្រាស់​រូបមន្ត​បែង​ចែក​អាសនៈ​ក្នុង​រដ្ឋ​សភា​ ដែល​មាន​និន្នាការ​ផ្តល់​ឲ្យ​គណបក្ស​ដែល​ទទួល​បាន​សំឡេង​ភាគ​ច្រើន​ នៅ​ក្នុង​ខេត្ត​មួយ​នៅ​អាសនៈ​ច្រើន​ជាង​ចំនួន​អាសនៈ​ដែល​គណ​បក្ស​នោះ​ទទួល​បាន​តាម​រូបមន្ត​សមាមាត្រ​មូលដ្ឋាន​។

លោក គុល បញ្ញា បាន​មាន​ប្រសាសន៍​បន្ត​ថា “ វា​មាន​ការ​ពាក់ព័ន្ធ​នឹ​ង​រឿង​នយោបាយ​​ច្រើន​។ ការ​សម្រេច​ចិត្ត​បែប​នេះ​ [បំបែក​ខេត្ត​ជា​ពីរ​] ​ហើយ​នោះ​គឺ​ជាមូលហេតុ​តែ​ពួក​គេ​គួរ​តែ​ពិភាក្សាជាមួយ​​គណបក្ស​នយោ​បាយ មុន​នឹង​សម្រេច​ចិត្ត​បែប​នេះ​”។

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​ជា​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​សម្រាប់​មណ្ឌល​ខេត្ត​កំពង់​ចាម បាន​លើក​ឡើង​ថា សេចក្តី​សម្រេច​បំបែក​ខេត្ត​ជាពីរ​នេះ កើត​ឡើង​ដោយ​សារ​តែ​រដ្ឋាភិបាល​ត្រូវ​ការ​រឹត​បន្តឹង​ការ​គ្រប់​គ្រង​របស់​ខ្លួន​ទៅ​លើ​ប្រជាជន​ជា​ជាង​បណ្តាល​មក​ពី​ការ​ខិត​ខំបន្លំ​សន្លឹក​ឆ្នោត​។

លោក​ កឹម សុខា បាន​មាន​ប្រសាសន៍​ដូច្នេះ​​ថា “ វា​មិន​ពាក់​ព័ន្ធ​ទៅ​នឹង​កា​រ​មាន​អ្នក​គាំទ្រ​របស់​យើង​ច្រើន​ជាង​មុន​ ឬ​តិច​ជាង​មុន​នៅ​ក្នុង​តំបន​់​នោះ​ទេ។ ការពិត​គឺ​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​មិន​មាន​សមត្ថភាព​គ្រប់​គ្រង​ប្រជាជន​នៅ​ទីនោះ​”៕ សុធា​​ 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស