យោងតាមនគរបាលបានឲ្យដឹងថា បុរសអាយុ៤៩ឆ្នាំម្នាក់ត្រូវឪពុកក្មេករបស់ខ្លួនវាយរហូតដល់ស្លាប់ក្នុងខេត្តកំពង់ចាមកាលពីថ្ងៃ ច័ន្ទ បន្ទាប់អ្នកទាំងពីរទាស់គ្នារឿងលុយកាក់។
លោក សួន រស់ អធិការរងនគរបាលស្រុក ព្រៃឈរបានមានប្រសាសន៍ថា បុរសឈ្មោះ ម៉ែន អាន អាយុ៧២ឆ្នាំមានកំហឹងយ៉ាងខ្លាំងនឹងកូនប្រសារបស់ខ្លួនឈ្មោះ រៀល រេន មួយ រយៈមកហើយ ពីព្រោះគាត់គិតថា កូនប្រសា រូបនេះបានយកលុយដែលប្រពន្ធរបស់ខ្លួនទៅធ្វើការជាពលករចំណាកស្រុកនៅក្នុងប្រទេសថៃផ្ញើមកផ្ទះទៅចាយវាយមិនត្រឹម ត្រូវ ដោយយកទៅទិញស្រា មិនទុកផ្គត់ផ្គង់កូនៗរបស់ខ្លួន។
លោក សួន រស់ បានមានប្រសាសន៍ថា “ កាលពីថ្ងៃច័ន្ទ បន្ទាប់ពីដឹងថា កូនប្រសារបស់ខ្លួនស្រវឹងស្រាដេកមិនដឹងខ្លួននោះ បុរសជាឪពុកក្មេកឈ្មោះ អាន បានវាយជនរងគ្រោះជាច្រើនដំបងត្រង់ក្បាល ដោយបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង”។
លោកបានបន្ថែមថា នគរបាលកំពុងស្វែងរកចាប់ខ្លួនឪពុកក្មេកជាជនដៃដល់នេះដែលបានរត់គេចខ្លួនបន្ទាប់ពីប្រព្រឹត្តបទឧក្រិដ្ឋរួចមក។
ក្នុងករណីដាច់ដោយឡែកមួយទៀត បុរសម្នាក់ត្រូវមិត្តភក្តិរបស់ខ្លួនវាយរហូតដល់ស្លាប់ក្នុងស្រុកពញាក្រែក ខេត្តកំពង់ចាម កាល ពីថ្ងៃអង្គារ បន្ទាប់ពីទាស់សម្តីគ្នាពេលផឹកស៊ី។
លោក ពុយ ដាវី នាយប៉ុស្តិ៍ឃុំកោងកាងបានមានប្រសាសន៍ថា បុរសដែលនគរបាលស្គាល់ថា ឈ្មោះ ឈឿន បានវាយមិត្តភក្តិរបស់ខ្លួនឈ្មោះ ជា សារ៉ាត់ អាយុ៣០ឆ្នាំរហូតដល់ស្លាប់ ហើយឥឡូវនេះកំពុងរត់គេចខ្លួននៅឡើយ៕សារុន