33 C
Phnom Penh

ជប៉ុន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ការ​ពារ​ផលប្រយោជន៍​របស់​ខ្លួន​ក្នុង​ស្ថានភាព​មាន​កូដកម្ម​ជាច្រើន​កើត​ឡើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេស​ជប៉ុន​បាន​បង្ហាញ​ក្តី​កង្វល់​ដ៏​ខ្លាំង​របស់​ខ្លួន​ អំពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​មាន​ករណី​បាត់​បង់​ជីវិត​ អំឡុង​ប្រតិបត្តិ​ការបង្ក្រាប​កូដកម្ម​របស់​កម្មកររោង​ចក្រ​កាត់​ដេរ​កាលពី​ថ្ងៃ​សុក្រមុន និង​បាន​សារ​ភាព​​កាលពី​ម្សិលមិញ​ថា ខ្លួន​បាន​ទាក​់​ទង​រដ្ឋាភិ​បាល​ ​អំឡុង​ពេល​មាន​ការ​តវ៉ា​ ដើម្បី​ស្នើ​សុំ​កិច្ច​ការ​ពារ​ប្រជាជន​​ និង​ក្រុម​ហ៊ុន​ជប៉ុន​។

កម្លាំង​កង​រាជអាវុធ​ហត្ថ​បំពាក់​ដោយ​កាំ​ភ្លើង​ AK-47  បាន​បាញ់​សម្លាប់​ប្រជាជន​ប្រាំ​នាក់​ និង​ធ្វើ​ឲ្យ​៤២នាក់​ផ្សេង​ទៀត​រង​របួស​ បន្ទាប់​ពី​បាន​បាញ់​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ នៅ​ខាង​ក្រៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ស្ថិត​ក្នុង​ខណ្ឌពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ ជា​ហេតុ​នាំ​​ឲ្យ​សកម្មភាព​តវ៉ាភាគច្រើន​ដោយ​​សន្តិវិធីធ្វើ​ឡើង​ដោយ​កម្មករ​រោង​ចក្រ​កាត់​ដេរ​ ដែល​អំពាវ​នាវ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​របស់​ខ្លួន​ បញ្ចប់​ទៅ​ដោយ​មាន​ការ​បង្ហូរ​ឈាម​។

លោកឧត្តម​សេនីយ៍​ ខេង ទីតូ អ្នក​នាំ​ពាក្យ​ កង​រាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​ឲ្យ​ដឹង​ក្រោយ​ហេតុការណ៍​បង្ហូរ​ឈាម​ថា កម្លាំង​របស់​លោក​បាន​អនុវត្ត​ចំណាត់​ការ​ ដោយ​ប្រើ​កម្លាំង​ដែល​បណ្តាល​ឲ្យ​មានការ​បាត់​បង់​ជីវិត​ ដើម្បី​ការពា​រ​រោង​ចក្រ​ និង​ទ្រព្យ​សម្បត្តិ​​ឯកជន​ នៅ​ក្នុង​សួន​ឧស្សាហកម្ម​នេះ​។

មួយ​ថ្ងៃមុន​នេះ លោក ព្រំ សុខា រដ្ឋ​លេខា​​ធិការក្រសួង​មហាផ្ទៃ​ ក៏​បាន​ថ្លែង​ការពារ​ការ​ប្រើប្រាស់​កម្លាំង​ទាហាន​ពិសេស​ ដែល​មក​ពី​អង្គភាព​ទ័ព​ឆត្រ​យោង​លេខ​៩១១ ដែល​បាន​បង្ក្រាប​កូដកម្ម​យ៉ាង​សាហាវ​ នៅ​ឯ​រោង​ចក្រ​ យ៉ាក់ជីន (Yakjin) ដែល​ជា​កម្មសិទ្ធិ​របស់​វិនិយោគិន​កូរ៉េ​ខាង​ត្បូង​ និង​ស្ថិត​នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ផង​ដែរ។

លោក ព្រំ សុខា បាន​លើក​ឡើង​កាលពី​ថ្ងៃ​នោះ​ថា​ ​ទាហាន​ត្រូវ​បាន​ដាក់​ពង្រាយ​បន្ទាប់​ពី​ស្ថានទូត​ជប៉ុន​ បាន​ត្អូញ​ត្អែរ​ជា​ផ្លូវ​ការ​ទៅ​រដ្ឋាភិបាល​ អំពី​ការ​គំរាម​របស់​អ្នក​តវ៉ា​។

លោកបាន​មាន​ប្រសាសន៍​ថា “ គេ​[ស្ថាន​ទូត​ជប៉ុន​] បាន​ត្អូញ​ត្អែរ​ជា​ផ្លូវការ​ អំពី​ក្រុម​អ្នក​តវ៉ា​ដែលគំរាម​ពួកយើង​”។

កាលពី​ថ្ងៃ​ពុធ ទីភ្នាក់​ងារ​ព័ត៌មាន​ ក្លូប៊ល ផុស (Globalpost) បាន​រាយការណ៍​ថា ស្ថាន​ទូត​កូរ៉េ​ខាង​ត្បូង​​ក៏​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​យោធា​កម្ពុជា​ការពារ​រោងចក្រ​កាត់​ដេរ​កូរ៉េខាង​ត្បូង​​កំុឲ្យ​មាន​ការ​ខូច​ខាត​ដោយ​សារ​ក្រុម​អ្នក​តវ៉ា​។

ស្ថានទូត​កូរ៉េ​ខាង​ត្បូង​បាន​ឆ្លើយ​តប​ទៅ​នឹងសេចក្តី​រាយការណ៍​នេះថា ខ្លួន​មិន​បាន​ស្នើ​ឲ្យ​មាន​ការ​ប្រើ​​អំពើ​ហិង្សា​ទៅ​លើ​កូដករ​ ទេ ហើយ​ក៏​បាន​លើក​ឡើង​ទៀត​ថា តាម​រយៈ​ការ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ការពារ​ក្រុម​ហ៊ុន​កូរ៉េ​ខាងត្បូង​ ខ្លួន​គ្រាន់​តែ​ធ្វើការ​ងារ​របស់​ខ្លួន​ប៉ុណ្ណោះ​។

ទោ​ះ​ជាយ៉ាង​ណា មិន​ទាន់​មាន​មន្ត្រី​រដ្ឋា​ភិបាល​រូប​ណាចេញ​មុខ​បក​ស្រាយ​ឲ្យ​បាន​ច្បាស់​លាស់​ អំពី​មូលហេតុ​ដែលបណ្តាល​ឲ្យ​មាន​ការ​ដាក់​ពង្រាយ​កម្លាំង​ទ័ព​ឆត្រ​យោង​​មក​ពី​អង្គភាព​ទ័ព​ឆត្រ​យោង​លេខ​៩១១ ដើម្បី​ការពារ​រោង​ចក្រ យ៉ាក់​ជីន ដែល​ជា​កម្ម​សិទ្ធិ​របស់​វិនិយោគិន​កូរ៉េ​ខាង​ត្បូង​នេះ នៅ​ឡើយ​ទេ ហើយ​នេះ​គឺ​ជាលើក​ដំបូង​ហើយ​ដែល​ទាហាន​​ត្រូវ​បានបញ្ជូន​មក​រាជ​ធានី​ភ្នំពេញ នៅ​តាម​វិថី​នានា​ ដើម្បី​បង្ក្រាប​កូដ​កម្ម​​ភាគ​ច្រើន​ធ្វើ​ឡើង​ដោយ​សន្តិវិធី​ អស់​រយៈ​ពេល​ស្ទើរ​តែ​ពេញ​មួយ​សប្តាហ៍​។កាល​ពី​ម្សិល​មិញ ស្ថានទូត​ជប៉ុន​បាន​បញ្ជាក់​ថា​​ ខ្លួន​ក៏​បាន​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​អំពី​ការ​ការពារ​​រោង​ចក្រ​ និង​បុគ្គលិក​ជប៉ុន​ផង​ដែរ ក៏​ប៉ុន្តែ ខ្លួ​ន​បាន​ជំរុញ​មិន​ឲ្យ​មាន​អំពើ​ហិង្សា​ពី​គ្រប់​ភាគី​។

លោក យ៉ូស៊ីហីុរ៉ូ ហ៊ីហ្គូជី (Yoshihiro Higuchi) អគ្គរាជ​ទូត​ជប៉ុន​ បាន​មាន​ប្រសាសន៍​ថា “ ស្ថាន​ ទូត​ជប៉ុន​មាន​ឱកាសមួយ​ចំនួន​​សម្រាប់​បង្ហាញ​រដ្ឋា​ភិ​បាល​អំពី​ក្តី​កង្វល់​របស់​ខ្លួន​ទាក់​ទង​ទៅ​នឹង​សុវត្ថិភាព​របស់​កម្មករ​ និង​ប្រតិបត្តិការ​របស់រោង​ចក្រ​ជប៉ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​សម្រាប់​ស្នើ​ឲ្យ​​មាន​ការ​ចាត់​វិធាន​ការ​សមស្រប​ ដើម្បី​ឲ្យ​កម្មករ​ និង​រោង​ចក្រ​ទាំង​នោះត្រូវ​បាន​ការពារ​ពី​អំពើ​ហិង្សា​”។

លោក ហ៊ីហ្គូជី បាន​សង្កត់​ធ្ងន់​ថា ស្ថានទូត​ជប៉ុន​បាន​អំពាវ​នាវ​ឲ្យ​ភាគី​ទាំង​អស់ដែល​ពាក់​ព័ន្ធ​ក្នុងវិវាទនេះ ទប់​ស្កាត់​កុំ​ឲ្យ​មាន​អំពើ​ហិង្សា​ និង​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​បញ្ហានេះ​ ដោយ​សន្តិវិធី​។

លោក​បាន​មាន​ប្រសាសន៍​ថា “ យើង​យល់​​អំពី​សិទ្ធិមូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​តវ៉ា​ដោយ​សន្តិវិធី​ ​ហើយ​កូដកម្ម​គួរ​តែ​ត្រូវ​បាន​គោរព​យ៉ាង​សមរម្យ​។ ដូច្នេះ​យើង​សោក​​ ស្តាយ​ជាខ្លាំង​ ដែលនៅក្នុង​ស្ថានភាព​បច្ចុប្បន្ន​ មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កម្លាំង​សន្តិសុខ​ និង​បាតុករ​ ជា​ហេតុ​បណ្តាល​ឲ្យ​មាន​ជន​រង​គ្រោះ​ ជា​ច្រើន​នាក់​”៕ សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស