35 C
Phnom Penh

សម្ព័ន្ធ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថ្កោលទោស​ជា​សាធារណៈ​ចំពោះ​ការ​គំរាម​សម្លាប់​លោក​ អ៊ូ វីវៈ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ថ្ងៃ​ពុធ​ សម្ព័ន​្ធ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​​បាន​ចេញ​ញត្តិ​មួយ​ដើម្បី​ដាក់​សម្ពាធ​​លើ​​លោក​ សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​​​ជាតិ​និង​សមាជិក​ជាន់​ខ្ពស់​មួយ​ចំនួន​របស់​រដ្ឋា​ភិបាលដើម្បី​ថ្កោល​ទោស​ជា​សាធារណៈ​និង​ដើម្បី​ស៊ើប​អង្កេត​លើ​ការ​គំរាម​សម្លាប់​លោក​ អ៊ូ​ វីរៈ​ មេដឹក​នាំ​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ បន្ទាប​់​ពី​លោក​បាន​រិះ​គន់​ចំពោះ​ការ​លើក​ឡើង​របស់​លោក​ សម​ រង្ស៊ី​ អំឡុង​ការ​ធ្វើ​បាតុកម្ម​មួយ​របស់​គណបក្ស​ប្រឆាំង​។

ចាប់​តាំង​ពី​លោក វីរៈ​ប្រធាន​មជ្ឈ​មណ្ឌល​​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​ចេញ​លិខិត​ជា​សាធា​រណៈ​មួយ​កាល​ពី​ថ្ងៃ​១២​ខែ​ធ្នូ​រិះគន់​ការ​ប្រើ​ពាក្យ​ប្រឆាំង​វៀត​ណាមពីសំណាក់​​​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​អំឡុង​ការ​តវា៉ា​របស់​គណបក្ស​ប្រឆាំង​មក​ លោកបានរង​​ការ​រំលោភ​​បំពាន​ជា​ហូរ​ហែ​តាម​អុីនធើណិត​​​ពី​ក្រុម​អ្នក​គាំ​ទ្រ​គណ​បក្ស​ប្រឆាំង​ ដោយ​រិះ​គន់​​យ៉ាង​ខ្លាំង​​ចំពោះ​ជំហរ​របស់​លោក​ថាជា​ជន​ក្បត់​ជាតិ​ រីឯ​បុគ្គលិក​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្សកម្ពុជា​​ផ្សេង​ៗ​ទៀត​ បាន​រាយ​ការណ៍​ថា ខ្លួន​ក៏​ទទួល​បាន​ការ​គំរាម​កំហែង​​ធ្វើ​ទុក្ខ​បុក​ម្នេញ​រួម​ទាំង​ការ​​គំរាម​​សម្លាប់​ផង​ដែរ​។

សេចក្តី​ថ្លែង​ការណ៍​មួយ​ធ្វើ​ឡើង​ដោយ​អ្នក​អង្កេត​ការ​ណ៍​របស់​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​ ជា​កម្មវិធី​រួម​មួយ​រវាង​អង្គការ​ពិភព​លោក​ប្រឆាំង​ការ​ធ្វើ​ទារុណ​កម្ម​និង​សហ​ព័ន្ធ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ បាន​អំ​ពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់​មួយ​ដើម្បី​ស្វែង​រក​ជន​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បំភិត​បំភ័យ​នេះ​ ហើយ​ចាប់​ខ្លួន​ពួក​គេ​ឲ្យ​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​។
េសចក្តី​ថ្លែង​ការណ៍​នេះ​ក៏​បាន​រិះ​គន់​លោក​ សម​ រង្ស៊ី​ ផង​ដែរ​ដោយ​សារ​លោក​មិន​​បាន​ថ្កោល​ទោស​ចំពោះជន​ដែល​​គំរាម​​លោក​ ​វីរៈ​។

សេចក្តី​ថ្លែង​ការណ៍​នេះ​មាន​ខ្លឹម​សារ​ថា ចាប់​តាំង​ពី​មាន​ការ​ផ្សព្វ​ផ្សាយ​ជា​សាធាណៈ​នូវ​លិខិត​នេះ​រួច​ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ជា​ពិសេស​លោក​ អ៊ូ វីរៈ​ ដែល​ជា​ប្រធាន​​​​របស់​មជ្ឈមណ្ឌល​នេះ​ផ្ទាល់​ បាន​ទទួល​នូវ​​ការ​រិះ​គន់​ សារ​អាក្រក់​ៗ និង​ការ​គំរាម​ជា​ហូរ​ហែ​រួម​ទាំង​កា​រ​គំរាម​សម្លាប់​តាម​រយៈ​អុីម៉េល​និង​បណ្តាញ​ទំនាក់​ទំនង​សង្គម​ផង​ដែរ”។

លោក​ យឹម​ សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹង​ថា គណបក្ស​ប្រឆាំង​មិន​អាច​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​គំរាម​លោក​ វីរៈ​និង​បុគ្គលិក​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ទេ​ ប៉ុន្តែ​ទោះ​ជាយ៉ាង​ណា​គណ​បក្ស​​របស់​លោក​ គឺ​ជា​គណបក្ស​ដែល​ប្រឆាំង​ទៅ​នឹង​ការ​បំភិតបំ​ភ័យ​គ្រប់​រូប​ភាព​ទាំង​អស់។​​

លោក​មាន​ប្រសាសន៍​ថា “ យើង​ថ្កោល​​​​ទោស​ចំពោះ​ការ​គំរាម​កំហែង​លើ​នរណា​​​ម្នាក់ព្រោះ​វា​ផ្ទុយ​​ពី​ច្បាប់​និង​រដ្ឋធម្មនុញ្ញ។​ វា​ជា​រឿង​មួយ​ដែល​មិន​អាច​ទទួល​យក​បាន​ទាល់​តែ​សោះ​”។ លោក​បាន​បន្ថែម​ថា វា​អាស្រ័យ​លើ​អាជ្ញា​ធរ​ថា តើ​ត្រូវ​អនុ​វត្ត​​ការ​ស៊ើប​អង្កេត​ដើម្បី​ចាប់​ខ្លួន​ជន​ល្មើស​​មក​ផ្តន្ទាទោស​ឬក៏​​អត់​នោះ​។

លោក​ វីរៈ​ បាន​លើក​ឡើង​ថា ការ​ឆ្លើយ​តប​យ៉ាង​ខ្លាំង​បែប​នេះ​ចំពោះ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែលមាន​បំណង​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​និង​ជំទាស់​ការ​គាប​សង្កត់​ណា​មួយ​ពី​គ្រប់​ភាគី​ទាំង​អស់​ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​រូបភាព​មិន​ល្អ​នៅ​ក្នុង​សង្គម​កម្ពុជាសព្វ​ថ្ងៃ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​​មិន​មែន​ស្តី​បន្ទោសទោស​លោក​ សម រង្ស៊ី​ ឬ​ក៏​គណ​បក្ស​ប្រឆាំង​នោះ​ទេ​ ប៉ុន្តែ​យើង​ធ្លាប់​បាន​ដឹង​មក​ហើយ​​ថា មនុស្ស​មិន​មែន​សុទ្ធ​តែ​ត្រូវ​រហូត​នោះ​ទេ​ ហើយ​នេះ​គឺ​ជា​បញ្ហា​ដ៏​ធំ​ព្រោះ​ប្រសិន​បើ​មេ​ដឹក​នាំ​របស់​យើង​​​មិន​ថ្កោល​ទោស​ចំពោះ​​ការប្រើ​អំពើ​ហិង្សា​និង​ការ​បំភិត​បំភ័យ​នោះ​ទេ​ វា​អាច​បង្កើត​ជា​គំរូ​អាក្រក់​សម្រាប់​ថ្ងៃ​អនាគត​”៕ ស៊ុយ​ឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស