29.3 C
Phnom Penh

ទាហាន​​យោធពលខេមរភូមិន្ទនៅខេត្ត​បន្ទាយមាន​ជ័យ​ប្តឹង​មេ​បញ្ជាការ​របស់ខ្លួន​ពីករណី​មួយ​ចំនួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទាហាន​រាប់​សិប​នាក់​មក​ពី​កង​យោធពល​ខេមរ​ភូមិន្ទ​នៅក្នុង​ខេត្ត​បន្ទាយមាន​ជ័យ​បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​ទៅ​អង្គការសិទ្ធិមនុស្ស​​អាដ​ហុក ដោយ​ចោទ​មេបញ្ជាការ​របស់ខ្លួន​​ថា បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ធ្ងន់​ធ្ងរ​ លួច​​ប្រាក់​សោ​ធន​របស់​អតីត​យុទ្ធ​ជន​ បក្ខ​ពួក​និយម​ និង​កាប់​ឈើ​ខុស​ច្បាប់​។

រយៈពេល​បីឆ្នាំ​ហើយ​ តំណាង​ម្នាក់​របស់​ទាហាន​ទាំង​នេះ​បាន​ឲ្យដឹង​ថា ពួកគេ​បាន​ព្យាយាម​ប្តឹង​លោក ផ្លន តារា មេ​បញ្ជាការ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ប្រចាំខេត្ត​បន្ទាយ​មាន​ជ័យ និង​បង​ប្អូន​ថ្លៃ​របស់​គាត់​ឈ្មោះ កែប​ សេងលុន ជាមួយ​អាជ្ញាធរ​មួយ​ចំនួន​ទៀត​ ប៉ុន្តែ​ បាន​បដិសេធ ឬគ្មាន​ចម្លើយ​ម្តង ហើយ​​ម្តង​ទៀត​​មុន​ពេល​​បង្វែ​​រពាក្យ​បណ្តឹង​ទៅ​​អង្គការ​អាដហុក កាល​ពីម្សិលមិញ​។

ពាក្យ​បណ្តឹង​មាន​​១៦​ទំព័រ​ ដែល​មាន​​ផ្តិត​ស្នាម​មេដៃ​ដោយ​ទាហាន​នៃកង​យោធពល​ខេមរ​ភូមិន្ទ​ចំនួន​៣៩​នាក់​ ជា​តំណាង​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ខេត្ត​បន្ទាយមាន​ជ័យ​ទាំង​មូល​ មាន​ខ្លឹមសារ​ថា “ ហេតុផល​ដែល​យើង​កំពុង​តែ​ធ្វើ​ពាក្យ​បណ្តឹង​នេះ​ គឺថា ឧត្តម​សេនីយ​៍ ត្រី ផ្លន តារា ដែលជា​មេ​បញ្ជាការ​របស់​យើង​ និង​បងប្អូនថ្លៃ​របស់​គាត់​គឺ​ លោកវរៈ​សេនីយ​៍​ឯក​ កែប​ សេងលុន ជាមេ​បញ្ជាការ​រង​បាន​ប្រើ​អំណាច​របស់​ខ្លួន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ និងកេង​ប្រវ័ញ្ច​ទ្រព្យសម្បត្តិ​របស់​អង្គភាព​ទាហាន​ និង​កាត់​ប្រាក់​ខែ​របស់​ទាហាន​”។

ពាក្យ​បណ្តឹង​នេះ​មាន​រៀប​​រាប់​​​ពី​បទ​ល្មើស​ជា​ច្រើន​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​លោក​ឧត្តម​សេនីយ​៍ត្រី ផ្លន តារា និង​វរៈ​សេនីយ​៍​ឯក សេងលុន​ គឺ​ការ​កាត់​ប្រាក់​ខែ​ទាហាន​ ​យុទ្ធ​ជនពិការ​ និង​អតីត​យុទ្ធជន​ចាប់​​ផ្តើម​ក្នុងឆ្នាំ​២០០៥​ ​បន្ថែម​ឈ្មោះ​ទា​ហាន​​ខ្មោច​ ដើម្បីបើក​ប្រាក់​ខែ​ និង​អនុ​ញ្ញាត ​ឲ្យសាច់​ញតិ​របស់ខ្លួន​ប្រមូល​ប្រាក់​ខែ​ ​ដំឡើង​ឋានន្តរ ស័ក​្តិ​ដល់​សមាជិក​គ្រួសារ​នូវ​មុខ​តំណែង​​ខ្ពស់​ លួច​រថយន្ត​ និង​ប្រេង​ សូក​ប៉ាន់​ទាហាន​ថៃ​ដើម្បី​អនុញ្ញាត​ឲ្យពួកគេ​កាប់​ឈើ​គ្រញូង​ឆ្លង​ដែន​ និង​លួច​ជំនួយ​ពីលោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​ភរិយា​​របស់​លោក គឺ លោកស្រី​ ប៊ុន រ៉ានី។

ទាហាន​ទាំង​នោះ​បាន​លើកឡើង​ក្នុង​ពាក្យ​បណ្តឹង​របស់​ខ្លួន​ថា “ ថ្ងៃ​ទី​២៩​ ខែ​កុម្ភៈ​ ឆ្នាំ​២០០៩​ ពួកគេ​បាន​កាត់​ប្រាក់​ខែ​អតីត​យុទ្ធ​ជន​ចំនួន​៧៣៤នាក់​ ចំនួន​២៥០.០០០រៀល​ [ប្រហែល​៦២,៥០ដុល្លារ​] ក្នុង​អតីត​យុទ្ធ​ជន​ម្នាក់​ៗ​សរុប​​១៨៣​.៥០០.០០០រៀល​” ឬ​ប្រហែល​ ៤៥.៨៧៥ដុល្លារ​។

ពាក្យ​បណ្តឹង​នេះ​បន្ត​ថា ក្នុងខែតុលា ឆ្នាំ​២០១០​ លោក​ឧត្តម​សេនីយ​៍ត្រី​ តារា និង​ លោក​វរៈសេនីយ៍​ឯក សេង​លុន បាន​កាត់​ប្រាក​់​១២០.០០០រៀល​ (ប្រហែល​៣០​ដុល្លារ​)  ពីប្រាក់​ខែ​​របស់​ទាហាន​១៥៩​នាក់​ដែល​ក្លាយ​ជា​ទាហាន​ពិការ​ ឬ​អតីត​យុទ្ធ​ជន​នៅខែ​នោះ​សរុប​៤.៧០០ដុល្លារ​។ ពាក្យ​បណ្តឹង​បាន​បន្ថែម​ថា អង្ករ​មួយ​បាវ​ក៏​ត្រូវ​បាន​​លួច​ពី​អតីត​យុទ្ធ​ជន​ ឬយុទ្ធ​ជន​ពិការ​ម្នាក់​ៗ​ផង​ដែរ​។

ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១០​ ពួកគេ​បាន​លួច​ប្រាក់​២២០.០០០រៀល​ ប្រហែល​៥៥ដុល្លារ​ពី​អតីត​យុទ្ធជន និង​ទាហាន​ពិការ​សរុប​​ប្រហែល​៩.០០០ដុល្លារ​ ព្រម​ទាំង​អង្ករ​ពីរ​បាវ​សម្រាប់​អតីត​យុទ្ធ​ជន​ម្នាក់​ៗ​។

ឈ្មោះ​អតីត​យុទ្ធជន យុទ្ធ​ជន​​ពិការ​ ​ និង​ទាហាន​ដែល​ប្រាក់​ខែ​របស់​គេ​ត្រូវ​បា​ន​សម្រប​ សម្រួល​ ត្រូវ​បាន​ចុះ​​ក្នុង​ពាក្យ​បណ្តឹង​នោះ​។

លោក​ឧត្តមសេនីយ៍ត្រី តារា និង​លោក​វរៈសេ​នីយ​៍ឯក​ សេងលុន ក៏ត្រូវ​បាន​ចោទ​ប្រកាន់​ផង​ដែរ​ថា បាន​ដំឡើង​ឋានន្តរស័ក្តិ​​សាច់​ញាតិ​របស់​ខ្លួន​ផ្ទាល់​នៅ​តាម​បណ្តោយ​ព្រំ​ដែន​កម្ពុជា​-ថៃ។

​យោង​តាម​ពាក្យ​បណ្តឹង​បាន​ឲ្យដឹង​ថា “ ពួកគេ​បាន​ដំឡើង​បុណ្យស័ក្ត​​ិ​ដល់​សាច់​ញាតិ​របស់​ខ្លួន​​ និង​បាន​បញ្ជូន​ពួកគេ​ទៅ​កាន់​ព្រំ​ដែន​ កម្ពុជា​-ថៃ​ដើម្បី​រក​ប្រាក់​ឲ្យ​បាន​ច្រើន​ ហើយ​​លោក​ឧត្តម​សេនីយ​៍ត្រី​ តារា មិន​សកម្ម​អំឡុង ការ​បំពេញ​​កាតព្វ​កិច្ច​របស់ខ្លួន​ ហើយ​គិត​តែ មុខ​​ជំនួញ​របស់ខ្លួន​ប៉ុណ្ណោះ​ អនុ​ញ្ញាត​ឲ្យ​បង​ប្អូន​ប្រុស​ថ្លៃ​របស់ខ្លួន​ទទួល​បន្ទុក​ជំនួស​វិញ​”។

លោក​ទាំង​ពី​រ​ក៏ត្រូវ​បាន​ចោទ​ផងដែរ​ថា បាន​បញ្ជា​កង​កម្លាំង​យោធពលខេមរភូមិន​្ទ​កាប់​ឈើគ្រញូង​ខុសច្បាប់​នៅក្នុង​ប្រទេស​ថៃ​ និង​សូក​ប៉ាន់​ទាហាន​ថៃ​។

ពាក្យ​បណ្តឹង​នេះ​មាន​ខ្លឹម​សារ​ថា “ លោក​ទាំង​ពី​រ​បាន​ប្រើ​កម្លាំង​កង​យោធពលខេមរ​ភូមិន្ទ​​ចូល​ក្នុង​ព្រៃ​ថៃ​ ដើម្បីស្វែង​រក​ឈើ​គ្រញូង​ដោយ​​បង់ប្រាក់​ចំនួន​៤០០.០០០​បាត​ [ប្រហែល​១.២០០ដុល្លារ​] ជាសំណូក”។

ចាប់​តាំង​ពីឆ្នាំ​២០១០​ ទាហាន​បាន​បញ្ជូន​ពាក្យ​បណ្តឹង​មក​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន លោក ទៀ​ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ លោក ប៉ុល​ សារឿន អគ្គមេបញ្ជា​ការ​នៃ​កង​យោធពល​ខេមរភូមិន្ទ​ លោក មាស​ សុភា នាយ​អគ្គសេនាធិការ​ទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​​ និង​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។

តំណាង​ម្នាក់​របស់​ទាហានខេមរ​ភូមិន្ទ​​ប្រចាំខេត្ត​បន្ទាយមាន​ជ័យ​ ដែល​មាន​តួនាទី​សំខាន់​ៗ​ ប៉ុន្តែ សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​សារ​តែ​ខ្លាច​មាន​ការ​តាម​សង​សឹក​បាន​លើក​ឡើងថា គ្មាន​នរណា​ម្នាក់​​ចាត់​ការ​បណ្តឹង​​របស់​ពួកគេ​ទេ​ រីឯ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ច្រាន​ចោល​ពាក្យ​បណ្តឹង​នេះ​ ពីព្រោះ​បទ​ល្មើស​​ដែល​ត្រូវ​បាន​ចោទ​នេះ​ ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​មុន​ការ​​បង្កើត​អង្គ​ភាព​នេះ​ទៅ​ទៀត​។

អ្នក​តំណាង​រូប​នេះ​បាន​ឲ្យដឹង​ថា “ យើង​អស់​សង្ឃឹម​ណាស់​ ដូច្នេះ យើង​បង្វែ​រពាក្យ​បណ្តឹង​នេះ​ទៅ​ [អង្គការ​សិទ្ធិមនុស្ស​]អាដ​ហុក​នៅ​ក្នុង​ខេត្ត​បន្ទាយមាន​ជ័​យ​វិញ​”។

លោកឧត្តម​សេនីយ៍ត្រី​ ផ្លន តារា បាន​  បដិ​សេធ​មិន​ធ្វើ​អត្ថាធិប្បាយ​៕ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស