27 C
Phnom Penh

បុគ្គលិក​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដហុក​​​អះអាង​​​ថា ខ្លួន​​​ត្រូវ​​​គេ​​​ប៉ុនប៉ងបើក​​​​​​រថយន្ត​​​បំបុក​​​ផ្ដាច់ជីវិត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​សម្របសម្រួល​​​មួយ​​​រូប​​​នៅ​​​អង្គការ​​​សិទ្ធិមនុស្ស​​​អាដហុក​​​ប្រចាំ​​​ខេត្ត​​​​​​មណ្ឌល​​​គិរី​​​​​​បាន​​​អះអាង​​​កាលពី​​​ម្សិលមិញ​​​ថា តំណាង​​​ម្នាក់​​​​​​របស់​​​ក្រុមហ៊ុន​​​មួយ​​​ ដែល​​​អង្គការ​​​នេះ​​​កំពុង​​​​​​ស៊ើប​​​អង្កេត​​​​​​ បាន​​​​​​ប៉ុនប៉ង​​​​​​បើក​​​រថយន្ត​​​របស់​​​ខ្លួន​​​បំបុក​​​គាត់​​​និង​​​សហការី​​​ពីរ​​​នាក់ទៀត​​​របស់​​​គាត់​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះ។


លោក​​​ សុខ រដ្ឋា បាន​​​លើក​​​ឡើង​​​​​​ថា លោក​​​បាន​​​ទទួល​​​ពាក្យ​​​បណ្ដឹង​​​មួយ​​​កាលពី​​​ខែ​​​ធ្នូ ប្ដឹង​​​ក្រុមហ៊ុន​​​មួយ​​​ឈ្មោះ​​​​​​ វីឡា ឌីវើឡុប​​​មឹន (Villa Development) ដែលកំពុង​​​​​​ឈូស​​​ឆាយ​​​ដី​​​នៅ​​​ក្នុង​​​ស្រុក​​​សែន​​​មនោរម្យ​​​ ហើយ​​​លោក​​​​​​និង​​​សហ​​​ការី​​​ពីរ​​​នាក់​​​របស់​​​លោក​​​​​​ឈ្មោះ​​​ ប៊ុន​​​ ចាន់​​​ថា និង​​​ លា កៅ បាន​​​​​​ជិះ​​​​​​ម៉ូតូ​​​ទៅ​​​ពិនិត្យ​​​មើល​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ រួម​​​ជាមួយ​​​នឹង​​​​​​មេដឹកនាំ​​​​​​សហជីព​​​​​​ក្នុង​​​មូលដ្ឋាន​​​ចំនួន​​​ប្រាំ​​​បួន​​​នាក់​​​ផ្សេង​​​ទៀត​​​ ដើម្បី​​​ស៊ើប​​​អង្កេត​​​​​​ការ​​​​​​ឈូស​​​ឆាយ​​​ដី​​​របស់​​​​​​អ្នក​​​ភូមិ។

លោក​​​​​​បាន​​​មានប្រសាសន៍​​​ថា នៅ​​​ពេល​​​​​​ពួក​​​លោក​​​​​​ទៅ​​​ដល់​​​​​​ទីតាំង​​​​​​នោះ​​​​​​គ្មាន​​​អ្នក​​​ឃាត់​​​ពួក​​​លោក​​​​​​​​​ទេ​​​ ហើយ​​​បាន​​​​​​ជិះ​​​ម៉ូតូ​​​ចូល​​​តាម​​​ខ្លោង​​​ទ្វារ​​​បើក​​​ចំហ​​​ ប៉ុន្តែ​​​នៅ​​​ពេល​​​ចូល​​​ទៅ​​​ដល់​​​ខាង​​​ក្នុង​​​ចម្ងាយ​​​ប្រហែល​​​២០០​​​ម៉ែត្រ​​​​​​ស្រាប់​​​តែ​​​មាន​​​រថយន្ត​​​មួយ​​​គ្រឿង​​​​​​បាន​​​បើក​​​ក្នុង​​​ល្បឿន​​​យ៉ាង​​​លឿន​​​សំដៅ​​​ទៅ​​​រក​​​ពួ​​​ក​​​លោក​​​ ហើយ​​​ប៉ុនប៉ង​​​បើក​​​បុក​​​ពួកលោក​​​នៅ​​​លើ​​​ផ្លូវ​​​។ លោក​​​បាន​​​បន្ត​​​ថា មេដឹក​​​នាំ​​​សហ​​​គមន៍​​​​​​បាន​​​បញ្ជាក់​​​អត្តសញ្ញា​​​​​​ណ​​​​​​អ្នក​​​បើក​​​បរ​​​រូប​​​នោះ​​​ថា ជា​​​កម្មករ​​​ម្នាក់របស់​​​​​​ក្រុមហ៊ុន​​ វីឡា ឌីវើ​​​ឡុបមឹន។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​យល់​​​ថា វា​​​ជា​​​ការ​​​ប៉ុនប៉ង​​​ធ្វើ​​​ឃាត​​​ ហើយ​​​ខ្ញុំ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​ទៅ​​​នគរបាល​​​រួច​​​ហើយ​​​។ យើង​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​ចំពោះ​​​សុវត្ថិភាព​​​របស់​​​យើង​​​ នៅពេល​​​មាន​​​រឿង​​​បែប​​​នេះ​​​កើត​​​ឡើង​​​​​​ចំពោះពួក​​​​​​យើង​​​”។ កាលពី​​​ម្សិលមិញ​​​ មិន​​​អាច​​​ទំនាក់​​​ទំនង​​​ក្រុមហ៊ុន​​​វីឡា ឌីវើឡុបមឹន​​​ដើម្បី​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​ពាក់​​​ព័ន្ធ​​​នឹង​​​រឿង​​​នេះ​​​​​​។

លោក​​​ ញឹម វណ្ណនី​​​ ស្នង​​​ការ​​​​​​ខេត្ត​​​មណ្ឌល​​​គិរី​​​ បាន​​​បញ្ជាក់​​​កាលពី​​​ម្សិលមិញ​​​ថា លោក​​​ទទួល​​​បាន​​​ពាក្យ​​​បណ្ដឹង​​​មួយ​​​ពី​​​អង្គការ​​​អាដហុក​​​កាលពី​​​ថ្ងៃ​​​ពុធ​​​។
លោក​​​បាន​​​មានប្រសាសន៍​​​ថា “យើង​​​បាន​​​ទទួល​​​ពាក្យ​​​បណ្ដឹង​​​​​​រួច​​​ហើយ​​​ ហើយ​​​នគរបាល​​​កំពុង​​​​​​ស៊ើប​​​អង្កេត​​​ករណី​​​នេះ​​​”។

លោក​​​ សុខ រដ្ឋា មក​​​ពី​​​អង្គការ​​​អាដហុក​​​​​​បាន​​​មានប្រសាសន៍​​​ថា តំណាង​​​សហគមន៍​​​ម្នាក់​​​បាន​​​ប្រាប់​​​លោក​​​ថា  ដី​​​ទំហំ​​៧២៨ហិកតា​​​ក្នុង​​​ឃុំ​​​សុខុម​​​ ដែល​​​រួម​​​មាន​​​ទាំង​​​ដី​​​របស់​​​អ្នកភូមិ​​​ផង​​​នោះ​​​ ត្រូវ​​​បាន​​​ក្រុមហ៊ុន​​​វីឡា ឌីវើឡុបមឹន ឈូស​​​ឆាយ​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ថា ដី​​​ឈូសឆាយ​​​រួច​​​មួយ​​​ចំនួន​​​ជា​​​កម្មសិទ្ធិ​​​​​​របស់​​​លោក​​​​​​ យីម លុច​​​ អភិបាល​​​រង​​​​​​ខេត្ត​​​នេះ​​​។

នៅ​​​ពេល​​​ទាក់ទង​​​សុំ​​​ការ​​​បំភ្លឺ​​​​​​កាល​​​ពីម្សិល​​​មិញ​​​ លោក​​​ យីម លុច បាន​​​មានប្រសាសន៍​​​ថា ដី​​​ទាំង​​​អស់​​​នោះ​​​ជា​​​កម្មសិទ្ធិ​​​របស់​​​​​​ក្រុមហ៊ុន​​​ វីឡា ឌីវើឡុបមឹន ហើយ​​​ថា លោក​​​គ្មាន​​​អ្វី​​​ពាក់​​​ព័ន្ធ​​​នឹង​​​ក្រុមហ៊ុន​​​​​​ដែល​​​មាន​​​បំណង​​​បង្កើត​​​ចម្ការ​​​កៅ​​​ស៊ូ​​​មួយ​​​នេះ​​​ទេ​​​។ អភិបាល​​​​​​រង​​​ខេត្ត​​​រូប​​​នេះ​​​បាន​​​​​​បញ្ជាក់ថា “ដី​​​នេះ​​​មិន​​​មែន​​​ជាដី​​​របស់​​​ខ្ញុំ​​​ទេ​​​”។

កាលពី​​​ម្សិលមិញ​​​ អង្គការ​​​អាដហុក​​​ បាន​​​ចេញ​​​សេចក្ដីថ្លែង​​​ការណ៍​​​មួយ​​​ថ្កោល​​​ទោស​​​​​​ការ​​​ប៉ុនប៉ង​​​នេះ​​​មក​​​លើ​​​បុគ្គលិក​​​របស់​​​ខ្លួន​​​។ សេចក្ដី​​​ថ្លែង​​​ការណ៍​​​នោះ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា “យើង​​​សូម​​​ថ្កោល​​​ទោស​​​ចំពោះ​​​​​​​​ការ​​​ប៉ុនប៉ង​​​ធ្វើឃាត​​​នៅ​​​ក្នុង​​​ខេត្ត​​​​​​មណ្ឌល​​​គិរីនេះ​​​។ ពួក​​​គាត់​​​បាន​​​ជិះ​​​ម៉ូតូ​​​ទៅ​​​ទីនោះ​​​ ហើយ​​​រថយន្ត​​​ក្រុមហ៊ុន​​​មួយ​​​គ្រឿង​​​​​​បាន​​​ព្យាយាម​​​​​​បុក​​​ពួក​​​គាត់​​​ ប៉ុន្តែ​​​សំណាង​​​ល្អ​​​បុក​​​មិន​​​ត្រូវ​​​”៕សុខុម​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស