30.1 C
Phnom Penh

មេធាវី​ត្រូវបាន​​​ហាម​​​មិន​ឲ្យ​ចូលទៅ​ជួប​កូនក្តី​របស់ខ្លួន ក្នុង​​​​មណ្ឌលកែប្រែនៅ​​​កំពង់​​​ចាម​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញនេះ​​​ ​មេធាវី​និង​​បុគ្គលិក​អង្គការ​សិទ្ធិ​មនុស្ស​ត្រូវ​បាន​ហាម​ឃាត​់​មិន​ឲ្យ​ចូល​ទៅ​ក្នុង​មណ្ឌល​​​​កែ​ប្រែ៣​​​​ ក្នុង​ខេត្ត​កំពង់​ចាម​ទេ នៅពេល​​ពួក​គេ​​​ព្យាយាម​ជួប​ជាមួយ​មនុស្ស​មួយ​ចំនួន​ក្នុង​ចំណោម​អ្នក​តវ៉ា​ និង​មេដឹកនាំ​សហ​ជីពដែល​ត្រូវ​បាន​​ឃុំ​ខ្លួន​ទាំង​​​​​​​២៣​នាក់​​​​កាល​ពី​សប្ដាហ៍​មុន​ក្រោយ​​​​ការ​តវ៉ា​ដែល​ត្រូវ​បាន​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​​​​​​​កង​កម្លាំង​​​​ប្រដាប់​​​អាវុធ​​​​។

មេធាវី​ និង​បុគ្គលិក​​អង្គការ​សិទ្ធិ​មនុស្ស​​​​​​​អាដហុក​បាន​​​ឲ្យ​​​ដឹង​​​​ថា សន្ដិ​សុខ​​​ក្នុង​​​​​​​​មណ្ឌល​​​​​​​កែ​ប្រែ​៣នៅ​​​ក្បែរ​​​​​​​ព្រំដែន​វៀត​ណាម​ដែល​មាន​ឈ្មោះ​​​យ៉ាង​​​​អសោចនោះ​ ​​​ត្រូវ​បានគេ​​​​ពង្រឹង​​យ៉ាងខ្លាំង​នៅ​​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ ដោយ​មាន​ការ​ដាក់ពង្រាយ​ទាហាន​ប្រហែល​​​​​​​៥០​នាក់​នៅ​ទី​នោះទៀត​ផង​​។

លោ​កស្រី មុត ពិសិដ្ឋ មេធាវី​តំណាង​​​កូដ​​​ករ​១០​នាក់​ក្នុង​ចំណោម​កូដករ​ជាប់​​​ឃុំ​​ទាំង​អស់​ ​​​ដែលត្រូវ​បាន​កង​រាជ​អាវុធ​ហត្ថ​ព័ទ្ធ​ចាប់​ក្នុង​​​សួន​ឧស្សា​ហកម្ម​កា​ណា​​​​​ឌីយ៉ា​នៅ​តាម​ផ្លូវ​វេង​ស្រេង​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​​​នោះ​​​បាន​​​មាន​ប្រសា​សន៍​ថា “គេ​មិន​អនុញ្ញាត​ឲ្យ​យើង​ចូល​ទៅ​ជួប​កូន​ក្ដី​របស់​យើង​ឡើយ​”។​​ ម​​នុស្ស​​​​ទាំង​​​១០​នាក់នេះ​​​គឺ​​​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បង្ក​​​អំពើហិង្សា​​​និង​បំផ្លិច​​​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា​។

លោក​ស្រី​ ពិសិដ្ឋ បាន​​​ឲ្យ​​​ដឹង​ថា មាន​ការ​ដាក់​ប៉ុស្តិ៍​​​ត្រួតពិនិត្យ​​​នៅ​​​​ចម្ងាយ​២០០​ម៉ែត្រ​ពី​ច្រក​ទ្វារ​ចូល​ពន្ធនាគារ​ ដែល​នៅទី​នោះ ​បុគ្គ​លិក​អង្គការ​សិទ្ធិមនុស្ស​ និង​មេធា​វី​ត្រូវ​បង្ហាញ​​​​​​​លិខិត​បេសកកម្ម​របស់​ខ្លួន​មុន​ពេល​​​ត្រូវ​​​បាន​​​អនុញ្ញាត​ឲ្យចូលទៅ​ក្នុង​​​​ពន្ធ​នាគារ​។ លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា “មន្ត្រី​ពន្ធ​នាគារ​​អះ​អាង​ថា មាន​មេធាវី​និង​​បុគ្គលិក​​​​អង្គការ​សិទ្ធិមនុស្ស​​​​​នៅ​​​ក្នុង​ពន្ធនាគារច្រើន​​​ពេក​​​​ ដូច្នេះ​ពួក​គេ​មិន​អាច​អនុ​​​ញ្ញាត​ឲ្យ​​​​​​យើង​និង​សាច់ញាតិ​អ្នក​ដែល​​​ត្រូវ​​​​បានឃុំ​ខ្លួន​រង់ចាំ​ការ​កាត់​ក្ដី​​ចូលទៅ​​​ទេ​”​​​។

មេធាវី​និង​បុគ្គលិក​អង្គការ​សិទ្ធិ​មនុស្ស​​លីកាដូ​និង​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​​សហគមន៍​មួយ​ចំនួន​​ត្រូ​វ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ពន្ធនាគារ​ ក៏​​​ប៉ុន្តែ​មិន​អាច​ជួប​ជាមួយអ្នក​ដែល​ត្រូវ​បាន​​​ឃុំ​ខ្លួន​ទាំង​អស់​​​​​ឡើយ​​​​។

លោក អំ សំអាត​ អ្នក​គ្រប់គ្រង​បច្ចេក​ទេស​​​​​​​នៅ​អង្គការ​លីកាដូ​​ បាន​​​​ឲ្យ​​​ដឹង​​​​ថា មេធាវី​​​​ពីរ​រូប​មក​ពី​អង្គការ​លីកាដូ​បាន​ជួប​ជាមួយ​កូន​ក្ដី​ប្រាំនាក់​ក្នុង​ចំណោម​កូន​ក្ដី​របស់​ខ្លួន​​​​ទាំង​​​ប្រាំ​​​បួន​នាក់​ ចំណែក​ឯ​មេ​ធាវី​មក​ពី​មជ្ឈ​​​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​វិញ​​​ ជួប​កូន​ក្ដី​​​របស់ខ្លួន​​បាន​តែ​​បី​នាក់​ប៉ុណ្ណោះ​។​​​

លោក​ ឡុង វុទ្ធី ជា​​​មន្ត្រី​ផ្នែក​​​តស៊ូ​មតិ​និង​​​​​ដោះ​ស្រាយ​​​​​​​វិវាទមកពី​​​ខាង​​​​​​សមាគម​ប្រជាធិប​​​តេយ្យ​ឯក​​​រាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​​​​ដែល​​​តំណាង​​​​​​ឲ្យ​​​កម្មករ​​​មិន​​​ផ្លូវការ​​​  ពិសេស​​​គឺ​​​អ្នក​​រត់ម៉ូតូឌុបនិង​​រ៉ឺម៉ក​​​ម៉ូតូ​កង់​បី​នោះ​​​បានឲ្យ​​​ដឹង​​​ថា ទាហាន​ដែល​បាន​ដាក់​ពង្រាយ​នៅ​ពន្ធនា​​​គារ​​​​នោះ​​​​មើលទៅ​​​គឺ​​​​តឹង​តែង​ និង​​​​ពុំរាក់ទាក់​​​សោះឡើយ​​​។ លោ​ក​បាន​មាន​ប្រសាសន៍​ថា “សន្ដិ​សុខ​តឹង​រ៉ឹង​​​ខ្លាំងណាស់​​​​។​សាច់​ញាតិ​ មិត្តភក្តិ និង​មេធាវី​ការពារក្ដី​​​​ គួរ​តែ​​​ត្រូវបាន​​​អនុញ្ញាត​ឲ្យ​​​ចូល​​ជួបអ្នក​ដែ​លត្រូវ​បាន​ឃុំខ្លួន​ ប៉ុន្តែ​មន្ត្រី​ពន្ធនា​គារ​​​មិន​​​ព្រម​​​ឲ្យ​​​ចូល​​​ទេ​​​​​​​”។

លោក គុយ ប៊ុនសន អគ្គនាយក​នៃ​អគ្គ​​​នាយកដ្ឋាន​ពន្ធនាគារ​​​​​នៃ​​​ក្រសួង​មហាផ្ទៃ​​​​ បាន​​​អះ​​​អាង​ថា គ្មាន​ការ​ហាម​ឃាត់​មិន​ឲ្យ​គេ​​​ចូល​ទៅ​​​ក្នុង​​មណ្ឌល​កែ​ប្រែ​៣​ឡើយ​​​។ លោក​បាន​​មាន​ប្រសាសន៍​ថា “គ្មាន​នរណា​ម្នាក់​​ត្រូវ​បាន​ហាម​​​​ឃាត់​មិន​ឲ្យ​ចូល​ទៅ​សួរ​សុខ​ទុក្ខ​​​អ្នក​​​​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ទាំង​នោះទេ​ប៉ុន្តែ​អ្នក​​​​​​​​​​​​​​​​ខ្លះ​​​​នាំ​​​គ្នា​​​មក​​​ច្រើន​​​ពេក​​​​​ ដូច្នេះ​យើង​មិន​អាច​អនុញ្ញាត​ឲ្យ​ពួក​គេ​ចូល​​​ទាំង​អស់​គ្នា​​​​​​បាន​​ឡើយ​​​”។

លោក​បាន​និយាយ​​​អំពី​​​មនុស្ស​​​ដែល​ត្រូវ​បាន​​​​ឃុំ​ខ្លួន​​​​ទាំង​២៣​នាក់​​​​ថា “សុខភាព​របស់​ពួក​គេ​មិន​​​អី​​​ទេ​ ​​​គ្មាន​​​អ្វី​​​គ្រោះថ្នាក់​​​​ដល់​អាយុ​ជីវិត​ឡើយ​ ហើយ​យើង​ក៏​​​បាន​ផ្ដល់​ថ្នាំ​ពេទ្យ​ដល់​ពួក​គេ​​​​ដែរ​​​”។

លោក​  គុយ  ប៊ុន​សន  ដែលកាលពី​ដើម​សប្ដាហ៍​មុន​បាន​បដិសេធ​មិន​​បង្ហើប​ឲ្យ​ដឹង​ពី​កន្លែង​​ឃុំ​ខ្លួន​ពួកគេនោះ​ ​បាន​​​និយាយ​ការពារ​ការ​ឃុំ​ខ្លួន​​រង់​ចាំ​ការ​កាត់​ក្ដី​នៅ​​​ក្នុង​​​ពន្ធនាគារ​​ដែល​មាន​ការ​យាម​កាម​ដ៏​​​តឹង​រ៉ឺងនេះ​​ ដោយ​លោក​​​បាន​​​លើក​​​​ឧទាហរណ៍​​​អំ​ពី​ការ​​ប្រ​ព្រឹត្ត​​ទៅ​លើ​អ្ន​ក​​​ទោស​ក្រោម​ការ​គ្រប់គ្រង​របស់​អាណា​​​ព្យាបាល​​​​បារាំង​។ លោក  ប៊ុនសន  បាន​​​អះអាង​​​ថា  អំឡុង​​​​​​​សម័យ​​​អាណានិគម​​​​បារាំង​ អ្នក​ទោស​ត្រូវគេ​​​​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​កោះ​ត្រឡាច​​​​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​ដែល​គ្មាននរ​​​ណា​ម្នាក់​អាច​ទាក់​​​ទង​​ឬ​សួរ​សុខទុក្ខ​ពួ​កគេ​បាន​​”៕ សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស