38 C
Phnom Penh

រោង​ចក្រ​កាត់​ដេរ​ជាង​១០០​ដាក់​ពាក្យ​ប្តឹង​សហជីព​ចំនួន​៦ដែល​នៅ​ពី​ក្រោយ​ការ​ធ្វើ​កូដកម្ម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រោង​ចក្រ​កាត់​ដេរ​ជាង​១០០​បានដាក់​ពាក្យ​ប្តឹង​សហ​ជីព​ចំនួន​ប្រាំមួយ​ ដែល​នៅ​ពី​ក្រោយ​ការ​ធ្វើ​កូដ​កម្មដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​អប្ប​បរមា​​ទ្វេ​ដង​​កាល​ពី​ពេល​ថ្មីៗ​ ហើយ​មេធាវី​តំណាង​រោង​ចក្រ​កាត់​ដេរ​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា អាច​នឹង​មាន​ពាក្យ​បណ្តឹង​បន្ថែម​ទៀត​។

រោង​ចក្រ​កាត់​ដេរ​ទាំង​នេះ​បាន​ចោទ​ប្រកាន់សហជីពដែល​គ្មាន​ទំនាក់​ទំនង​ជា​មួយ​​រដ្ឋាភិបាល​ទាំង​ប្រាំមួយនេះ​ពី​បទ​ញុះញង់​ឲ្យមានការ​​តវ៉ា​ ដែលពេល​ខ្លះបាន​ផ្ទុះ​​អំពើ​ហិង្សានិងពី​បទ​​បំផ្លិច​បំផ្លាញ​​ទ្រព្យ​សម្បត្តិ​​មួយ​ចំនួន​របស់​រោង​ចក្រ​។​​សហ​ជីព​​ទាំង​នេះ​សុទ្ធតែ​បាន​បដិសេធ​ចំពោះ​​ការ​ចោទ​ប្រកាន់​នេះ​ ហើយ​បាន​ងាក​ទៅ​ចោទ​​ប្រកាន់​កង​សន្តិសុខ​ថា​ បាន​ប្រើ​កម្លាំង​ហួស​ហេតុ​លើ​​អ្នក​តវ៉ា​ដែល​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​  ​ប្រាំ​នាក់​​ស្លាប់​និង​៤២នាក់​ផ្សេង​ទៀត​រង​របួស​កាល​ពី​សប្តាហ៍​មុន។

លោក​ ប្រាក់ សាវុធ​ ប្រធាន​ក្រឡា​បញ្ជី​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យដឹង​ថា ចាប់តាំង​ពី​ថ្ងៃ​ច័ន្ទ​មក ​លោក​ទទួល​បាន​ពាក្យ​បណ្តឹង​ជា​ច្រើន​​ព​ី​លោក​ ខៀវ​ សំបូរ​ មេធាវី​តំណាង​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ (GMAC) ដែល​តំណាង​ឲ្យ​រោង​ចក្រ​កាត់​ដេរ​ជាង​៥០០​នៅ​កម្ពុជា​​។
លោក​បាន​មាន​ប្រសាសន៍​ថា “ លោក​[លោក​ សំបូរ] បាន​ប្រាប់​ខ្ញុំ​ថា គាត់​នឹង​ដាក់​ពាក្យ​បណ្តឹង​បន្ថែម​ទៀត​ទៅ​តុលា​ការ​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​”។

លោក​ សំបូរ​ បាន​លើក​ឡើង​ថា មេដឹក​នាំ​​សហជីព​គួរ​តែ​ត្រូវ​ចាប់​ខ្លួន​យកមក​​ផ្តន្ទាទោស​​ពី​បទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​រោង​ចក្រ​ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ប្រាប់​ពី​ទំហំ​នៃ​ការ​ខូច​ខាត​ឬ​ក៏​បញ្ជាក់​ថា​ តើ​រោង​ចក្រ​នឹង​ទារ​ប្រាក់​សំណង​ប៉ុន្មាន​នោះ​ទេ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ យើង​ត្រូវ​​ការ​​ឲ្យ​មនុស្ស​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ញុះ​ញង់​និង​ការ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​រោង​ចក្រ​ ហើយ​យើង​ត្រូវ​តែ​ទាមទារ​ប្រាក់​សំណង​”។

លោក​បាន​បន្ថែម​ថា “ យើង​ទទួល​បាន​ពាក្យ​បណ្តឹង​ជាង​១០០​ ហើយ​យើង​បាន​ប្តឹង​ទៅ​​តុលា​ការ​រួច​ហើយ​។ ខ្ញុំ​សង្ឃឹម​ថា ពាក្យ​បណ្តឹង​នឹង​កើន​ដល់​២០០​ឬ​ច្រើន​ជាង​នេះ​​នៅ​ប៉ុន្មានថ្ងៃ​ក្រោយ​”។
តុលាការ​បាន​ឲ្យ​ដឹង​ថា ​មក​ទល់​នឹង​ពេល​នេះ​ខ្លួនបាន​កោះ​ហៅ​មេ​ដឹកនាំ​សហ​ជីព​ចំនួន​ពីរនាក់​មក​សាក​សួរ​កាល​ពី​ថ្ងៃ​អង្គារ​ គឺ​មាន​ដូច​ជា​លោក អាត់​ ធន់​ ប្រធាន​សម្ព័ន្ធ​សហ​ជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ ហៅ​កាត់​​ស៊ី​ខៅឌូ និង​លោក​ រ៉ុង​ ឈុន​ប្រធានសម្ព័ន្ធសហជីពកម្ពុជា​។

មេដឹក​នាំ​ទាំង​ពីរ​ក្នុង​ចំណោម​មេ​ដឹក​នាំ​សហ​ជីព​ទាំង​ប្រាំមួយ​នេះ​មិន​អាច​ទាក់​ទង​បាន​ទេ​កាល​ពី​ម្សិលមិញ។ ​ រីឯ​មេ​ដឹក​នាំ​​សហជីព​ចំនួន​បួន​នាក់​ផ្សេង​ទៀត​​និយាយ​ថា ខ្លួន​នៅ​មិន​ទាន់​ទទួល​បាន​ដីកា​កោះ​ហៅ​ណា​មួយ​ពី​តុលាការ​នៅ​ឡើយ​ទេ។

លោក​ ពៅ​ ស៊ីណា​ ប្រធាន​សម្ព័ន្ធ​សហជីព​​ចលនា​កម្មករ​បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​នៅ​មិនទាន់​ទទួល​បាន​ដីកា​កោះ​ហៅ​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ខ្ញុំ​នឹង​​ទៅ​បង្ហាញ​ខ្លួន​ប្រសិន​តុលា​ការ​កោះ​ហៅ​ខ្ញុំ​ឆ្លើយ​បំភ្លឺ​”។

​ លោក​បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​មិន​ខ្លាច​ការ​ចាប់​ខ្លួន​ឡើយ​ព្រោះ​កម្មករ​រាប់​ពាន់​នាក់​នឹង​ក្រោក​ឈរ​ឡើង​តវ៉ា​ ពី​ព្រោះ​ពួក​គាត់​គាំ​ទ្រ​សហ​ជីព​របស់​ខ្ញុំ។​ កម្មករ​រាប់​ពាន់​នាក់​ បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​តវ៉ា​ប្រឆាំង​អាជ្ញាធរ​និង​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ ប្រសិនបើ​មេ​ដឹក​នាំ​សហ​ជីព​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ពួក​គាត់​នឹង​តស៊ូ​រហូត​ដល់​ស្លាប់  ​ទោះបី​ជា​អាជ្ញាធរ​ប្រើ​អំពើ​ហិង្សា​ក៏​ដោយ​”។

លោក ស៊ី​ណា​ បាន​លើក​ឡើង​ថា លោក​ក៏ទទួល​បាន​ដំណឹង​ពី​ការិយាល័យ​សាខា​របស់​សហជីព​លោក​នៅ​ក្នុង​ក្រុង​បាវិត​ខេត្ត​ស្វាយ​រៀង​ដែរ​ថា នគរបាល​ប្រហែល​២០​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ខាង​ក្រៅ​អគារ​មួយក្នុង​គោល​បំណង​បំបាក់​ស្មារតី​កម្មករ​កុំឲ្យ​ប្រមូល​ផ្តុំ​គ្នា​នៅ​ទី​នោះ​ឬ​ក៏​ស្វែង​រក​ជំនួយ​ពី​សហជីព​។ ​លោក​ កែវ ហ៊ន​ អធិការ​​រង​នគរ​បាល​ក្រុង​បាវិត​ បាន​លើក​ឡើង​ថា លោក​ពំុ​បាន​ដឹង​ពី​ការ​ដាក់​ពង្រាយនេះ​ទេ។

លោក​ស្រី​ ឆេង​ ឡាង​ អនុ​ប្រធាន​សហ​ព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ​កាត់​ដេរ​កម្ពុជា​បាន​លើក​ឡើង​ថា សហ​ជីព​របស់​លោក​ស្រី​មិន​ទទួល​បាន​ពាក្យ​បណ្តឹង​ឬ​ដីកាកោះ​ហៅ​ពី​តុលាការ​ឡើយ​ ប៉ុន្តែ​អ្នក​ស្រី​បាន​ត្រៀម​ខ្លួ​ន​រួច​ហើយ​។

លោក​ស្រី​បាន​​មាន​ប្រសាសន៍​ថា “ ខ្ញុំ​បាន​ត្រៀម​មេធាវី​ ដើម្បី​ការ​ពារ​យើងពី​ពាក្យ​បណ្តឹង​​រួច​ហើយ​ ទោះបី​ជា​យើង​មិន​ទាន់​បាន​​ទទួល​បាន​សេចក្តី​បង្គាប់​ពី​តុលាការ​ក៏ដោយ​”។

ទោះ​បី​ជា​កម្មករ​ភាគច្រើន​ក្នុង​ចំណោម​កម្មករ​កាត់​ដេរ​ប្រមាណ​៦០០.០០០​នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​បន្ទាប់​ពី​ការ​ធ្វើ​កូដកម្ម​ក៏​ដោយ​ ក៏​សហជីព​បាន​ប្តេជ្ញា​ថា​ នឹង​បន្ត​ការ​តវ៉ា​បន្ត​ទៀត​ ប្រសិន​​បើ​រដ្ឋាភិបាល​និង​រោង​ចក្រ​នៅតែបដិសេធ​មិន​ព្រម​ដំឡើង​ប្រាក់​ខែ​អប្បបរមា​ទ្វេដង​ឲ្យ​ដល់​១៦០​ដុល្លារតាម​ការទាម​ទារ​នោះ​។

នៅ​ពេល​រោង​ចក្រ​កាត់​ដេរ​ស្ថិត​ក្នុង​ដំណើរ​ការ​បើក​ប្រាក់​ខែ ​សម្រាប់​ខែ​មុនឲ្យ​កម្មករ​​ សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​​​​កម្ពុជា​កាល​ពី​ម្សិល​មិញ​​ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​ក្រសួង​ការ​ងារ​ដើម្បី​ប្តឹង​អំពី​ការ​ទាម​ទារ​របស់​សហ​ជីព​ ដែ​ល​ទាម​ទារ​ឲ្យ​មាន​ការ​បើក​ប្រាក់​ខែ​ពេញ​​មួយ​ខែ​ឲ្យ​កម្មករ​សូម្បី​តែ​នៅ​ថ្ងៃ​ធ្វើ​កូដ​កម្ម​ក៏​ដោយ​។ សមាគម​បាន​ស្នើ​ឲ្យ​ក្រសួង​ចេញ​លិខិត​បញ្ជាក់​មួយ​ច្បាប់​ដើម្បី​ពន្យល់​ថា ច្បាប់​មិន​តម្រូវ​ឲ្យ​រោង​ចក្រ​បើក​ប្រាក់​ឈ្នួល​សម្រាប់​ថ្ងៃ​ធ្វើ​កូដ​កម្ម​ទាំងនោះ​ឡើយ៕​ ស៊ុយ​ឈាង
(រាយ​ការណ៍​បន្ថែម​ដោយ​ Zsombor Peter)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស