26 C
Phnom Penh

សាលាឧទ្ធរណ៍​នឹង​ចេញសេចក្តី​សម្រេច​ថាតើ​ត្រូវ​ផ្អាក​ការ​ធ្វើ​បត្យាប័ន​លោក​ ប៉ូឡុន​ស្គី​ ឬក៏អត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​សាលា​ឧទ្ធរណ៍​បាន​ឲ្យ​ដឹងថា ​ខ្លួន​នឹង​ចេញ​សេចក្តី​សម្រេច​នៅ​ថ្ងៃ​ច័ន្ចសប្តាហ៍​ក្រោយថា តើ​ត្រូវ​ផ្អាក​ការ​ធ្វើ​បត្យា​ប័ន​​លោក​ សេ​រហ្គេ ប៉ូឡុន​ស្គី​ អតីត​មហា​សេដ្ឋី​រុស្ស៊ី​ ដែល​ត្រូវ​ប្រ​ទេស​របស់​លោក​តាម​ចាប់​ខ្លួន​ពី​បទ​ឆ​បោក​ប្រាក់​រាប់​លាន​ដុល្លារ​ឬក៏​អត់​។​

​​លោក​ ប៉ូឡុន​ស្គី​ សព្វ​ថ្ងៃ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ចំនួន​ពីរ​។ លោក​ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​ឆ​បោក​ប្រាក់​ប្រហែល​១៧៦​លាន​ដុល្លារ​ពី​វិនិយោគិន​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​អចល​នទ្រព្យមិន​ទាន់​បញ្ចប់​មួយ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​។ ចំណែក​ឯនៅ​ក្នុង​សំណុំ​រឿង​ដាច់​ដោយ​ឡែក​មួយ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ​ បាន​ចោទ​ប្រកាន់​លោក​ ប៉ូឡុន​ស្គី​ ពី​បទ​វាយ​ដំ​ បន្ទាប់​ពីមាន​ជម្លោះមួយ​ជាមួយ​កម្មករ​ដើរ​ទូក​លើ​​សមុទ្រ ក្នុង​ក្រុង​ព្រះ​សីហនុ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១២។

ពេល​បង្ហាញ​ខ្លួន​នៅ​តុលាការ​កាល​ពី​ម្សិល​មិញ​ លោក ប៉ូឡុន​ស្គី​ បាន​យក​ដៃ​ចាប់​អង្កាំរម្ងាប់​អារម្មណ៍​មួយ​ខ្សែ​យ៉ាង​ណែន​ ហើយ​បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​ឡើយ​ បន្ទាប់​ពី​ការ​បើក​សវនាការ​ជំនុំ​ជម្រះ​ក្តី​រួច​។

លោក​ វង្ស​ មុនាថ មេធាវី​របស់​លោក​ ប៉ូឡុន​ស្គី​ បាន​លើក​ឡើង​ថា​ កូន​ក្តី​របស់​លោក​ចង់​ស្នាក់​នៅ​ប្រទេស​កម្ពុជា ​ដើម្បី​ចាប់​ផ្តើម​ជំនួញ​ថ្មី​មួយ​និង​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក​បាន​មាន​ប្រសាសន៍​ថា “លោក​ចង់​​រស់​នៅ​និង​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​”។

លោក​ បែន​ សុន​សម័យ មេ​ធាវី​ម្នាក់​ទៀត​របស់​លោក​ ប៉ូឡុន​ស្គី​ បាន​ឲ្យ​ដឹង​ថា កូន​ក្តី​របស់​លោក​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ណាមួយ​ឡើយ​ ហើយ​បាន​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក​ ប៉ូឡុនស្គី​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​ស្នើ​ឲ្យ​តុលាការ​អនុញ្ញាត​ឲ្យ​គាត់​បាន​រស់​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​វិនិយោគ​នៅ​លើ​កោះ​ចំនួន​ប្រាំ​បី​ក្នុង​ទឹក​ប្រាក់​ចំនួន​១​ពាន់​លាន​ដុល្លារ”​។​

លោក​ សេង​ ស៊ី​វុត្ថា​ ​ចៅក្រម​ប្រធាន​ក្រុម ​​ប្រឹក្សា​ជំនុំ​ជម្រះ​​មាន​ប្រសាសន៍​ថា “តុលាការ នឹងប្រកាស​សាល​ដីកានៅ​ថ្ងៃ​ច័ន្ទ​”។៕ ស៊ុយឈាង​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស