សមាជិកគ្រួសាររបស់កម្មកររោងចក្រកាត់ដេរធ្វើកូដកម្មដែលត្រូវបានសម្លាប់ រងរបួស និងបាត់ខ្លួនបន្ទាប់ពីកងរាជអាវុធហត្ថបានបង្ក្រាបការតវ៉ាដោយហិង្សានៅតាមផ្លូវវ៉េងស្រេង កាលពីថ្ងៃសុក្រមុន បានចាប់ផ្តើមធ្វើពាក្យបណ្តឹងទៅអាជ្ញាធរនិងអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល។
មនុស្សយ៉ាងតិចប្រាំនាក់ត្រូវបានបាញ់ស្លាប់ និងជាង៤០នាក់បានរងរបួស បន្ទាប់ពីកងរាជអាវុធហត្ថប្រដាប់ដោយកាំភ្លើង AK-47 បានបង្ក្រាបការតវ៉ាមួយរបស់កម្មករធ្វើកូដកម្មចោលដុំថ្ម។
អ្នកស្រី ឈីវ ផានិត អាយុ២០ឆ្នាំភរិយារបស់លោក សំ រ៉ាវី ដែលកងរាជអាវុធហត្ថបាញ់ស្លាប់បានមានប្រសាសន៍ថា អ្នកស្រីនឹងធ្វើពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញដោយស្វែងរកឲ្យមានការស៊ើបអង្កេតមួយក្នុងការស្លាប់ស្វាមីរបស់អ្នកស្រី និងបង្ហាញមុខឃាតករ។
អ្នកស្រី ផានិត បានលើកឡើងក្នុងពាក្យបណ្តឹងលាយល័ក្ខណ៍អក្សររបស់អ្នកស្រី ដែលនឹងដាក់ជូនទៅតុលាការថា “អាជ្ញាធរដែលគេមិនស្គាល់ឈ្មោះ…បានបាញ់សម្លាប់ប្តីរបស់ខ្ញុំឈ្មោះ សំ រ៉ាវី នៅម៉ោង១០និង១៥នាទីព្រឹក អំឡុងការបង្ក្រាបទៅលើបាតុកម្មរបស់កម្មករ”។
អ្នកស្រីបានបន្ថែមថា “ប្តីរបស់ខ្ញុំត្រូវបានបាញ់ត្រូវចំក្រោមទ្រូងខាងឆ្វេង ហើយអាជ្ញាធរបានវាយត្រូវច្រមុះ និងថ្គាមរបស់គាត់ ហើយគាត់បានស្លាប់នៅម៉ោង១០និង៣០នាទីព្រឹកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយបន្សល់ទុកកូនពីរនាក់អាយុ ២ឆ្នាំ និងអាយុ១០ខែ និងរូបខ្ញុំផ្ទាល់”។ អ្នកស្រី ផានិត បានលើកឡើងតាមទូរស័ព្ទថា “នេះជាការបង្ក្រាបខុសច្បាប់ទៅលើបាតុកម្មមួយ។ ខ្ញុំចង់ឲ្យមានការដាក់ទោសជនដៃដល់ទៅតាមច្បាប់”។
លោក ខែម សឿន អាយុ៤១ឆ្នាំ កាលពីថ្ងៃពុធ ក៏បានធ្វើពាក្យបណ្តឹងទៅអង្គការសិទ្ធិមនុស្សក្នុងស្រុកអាដហុកផងដែរ អំពីកូនប្រុសអាយុ១៦ឆ្នាំដែលកំពុងតែបាត់ខ្លួនរបស់លោកឈ្មោះ ខែម សុផាត ដែលលោកបានឲ្យដឹងថា លោកខ្លាចក្រែងថា កូនគាត់ស្លាប់ បន្ទាប់ពីទទួលដំណឹងថា កូនប្រុសរូបនេះត្រូវបានគេបាញ់ក្នុងការប៉ះទង្គិចគ្នានៅលើផ្លូវវេ៉ងស្រេង។
លោក ខែម សឿន បានឲ្យដឹងកាលពី ថ្ងៃពុធថា “យើងបាននិងកំពុងតែតាមរកវាគ្រប់កន្លែង តាមវត្ត តាមមន្ទីរពេទ្យ ជាមួយមិត្តភក្តិរបស់វា ក៏ប៉ុន្តែ យើងមិនអាចរកឃើញវាឡើយ។រដ្ឋាភិបាលត្រូវទទួលខុសត្រូវចំពោះកូនរបស់ខ្ញុំដែលបាត់ខ្លួន ពីព្រោះមិត្តភក្តិរបស់វាដែលត្រូវបាន [កងរាជអាវុធហត្ថ] បាញ់នោះបាននិយាយថា នគរបាលបាន នាំខ្លួនវាចេញក្នុងឧបទ្ទវហេតុដូចគ្នានេះ”។
លោក ខែម សឿន បានមានប្រសាសន៍កាលពីម្សិលមិញថា លោកគិតថា សាកសពកូនប្រុសរបស់គាត់បាត់ដោយសារតែកងរាជអាវុធហត្ថដែលបើកការវាយប្រហារទៅលើបាតុករ នៅលើផ្លូវវ៉េងស្រេង អំឡុងការតវ៉ារបស់កម្មករនោះ៕ ប៊ុននី