សកម្មភាពខិតខំប្រឹងប្រែងរៃអង្គាសមូលនិធិដែលត្រូវបានធ្វើឡើង ដើម្បីជួយគ្រួសាររបស់លោក ហឿន ចាន់ ដែលកម្រើក ខ្លួនមិនរួច បន្ទាប់ពីត្រូវបាននាយនគរបាលម្នាក់បាញ់ចំឆ្អឹងខ្នង អំឡុងការតវ៉ារបស់កម្មកររោងចក្រកាត់ដេរ អេសអិល (SL Garment Factory) កាលពីខែវិច្ឆិកាឆ្នាំមុន បានបញ្ចប់កាលពីម្សិលមិញ ដោយរៃអង្គាសបានប្រាក់ជាង១.៥០០ដុល្លារ។
យុទ្ធនាការ “សាមគ្គីភាពជាមួយ ហឿន ចាន់” ត្រូវបានបង្កើតឡើងដោយ ហ្វ្រង់សេស្កា អ៊ែលឌ្រីក (Francesca Eldridge) ជនជាតិនូវែលសេឡង់ កាលពីក្នុងខែធ្នូ ដើម្បីជួយសងប្រាក់កម្ចីជាង៤.០០០ដុល្លារ ដែលគ្រួសាររបស់លោក ហឿន ចាន់ ជាប់បន្ទុក ទូទាត់ថ្លៃសេវាព្យាបាលលោក។ អ្នករៃអង្គាសរូបនេះបានបញ្ចប់យុទ្ធនាការរៃអង្គាសរបស់ខ្លួននៅវេលាម៉ោង៧ព្រឹកតាមគេហទំព័រ YouCaring កាលពីម្សិលមិញ បន្ទាប់ពីបានរៃអង្គាសប្រាក់១.៥១៥ដុល្លារសម្រាប់គោលដៅ៣.០០០ដុល្លាររបស់ខ្លួន។
អ្នកស្រី ហួន ខុន ដែលត្រូវជាម្តាយអាយុ៥១ឆ្នាំរបស់ជនរងគ្រោះ បានឲ្យដឹងថា អ្នកស្រីអរគុណសម្រាប់ការផ្តល់ប្រាក់ទាំងនេះ ដែលនឹងជួយទូទាត់ប្រាក់ចំនួន១៣លានរៀល (ប្រហែល៣.២៥០ដុល្លារ) ដែលអ្នកស្រីនិយាយថា គ្រួសារនេះជំពាក់អ្នកចងការឯកជននៅឡើយ។ អ្នកស្រី ហួន ខុន បាននិយាយថា “ យើងពិតជារីករាយចំពោះជំនួយទាំងនេះ។ប្រសិន បើគ្មានជំនួយទាំងនេះទេ គ្រួសាររបស់ខ្ញុំនឹងជំពាក់បំណុលកាន់តែច្រើនឡើង”។
អ្នកស្រីបានបន្ថែមទៀតថា “ចាប់តាំងពីកូនរបស់ខ្ញុំវិលត្រឡប់ពីការព្យាបាលនៅក្នុងប្រទេសវៀតណាមវិញមក ស្ថាន ភាពរបស់វាកាន់តែដុនដាបទៅៗ។ ដំបៅរបស់វាកាន់តែរីកធំឡើងនៅលើរាងកាយ ហើយវាស្រែកយំស្ទើរតែរាល់ថ្ងៃ។ ខ្ញុំពិបាកចិត្តណាស់”។
លោក ហឿន ចាន់ ដែលបានគេចខ្លួននៅ អំឡុងកូដកម្មនោះ ត្រូវបានបាញ់ត្រូវចំឆ្អឹងខ្នងដោយនាយនគរបាលឆេវឆាវមួយរូប ដែលត្រូវបានរំដោះចេញពីស្ថានភាពចំណាប់ ខ្មាំងមួយធ្វើឡើងដោយកម្មករធ្វើកូដកម្ម។
នៅក្នុងព្រឹត្តិការណ៍កាលពីចុងឆ្នាំមុនអ្នកលក់បាយម្នាក់ត្រូវបាននគរបាលបាញ់ស្លាប់ ហើយបន្ទាប់មកបានក៏មានប្រតិបត្តិការបង្ក្រាបសកម្មភាពតវ៉ាកាលពីថ្ងៃសុក្រសប្តាហ៍មុន។ នៅក្នុងប្រតិបត្តិការនោះ កងរាជអាវុធហត្ថប្រដាប់ដោយកាំភ្លើង AK-47 បានបាញ់សម្លាប់កម្មករកាត់ដេរធ្វើកូដកម្មប្រាំនាក់។
លោក អំ សំអាតអ្នកស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការសិទ្ធិមនុស្សក្នុងស្រុក លីកាដូបានលើកឡើងថា អង្គការរបស់លោកក៏បានផ្តល់់ជំនួយដល់លោក ហឿន ចាន់ ផងដែរ ដើម្បីជួយចេញថ្លៃព្យាបាល ពីអង្កការក្រៅរដ្ឋាភិបាលផ្នែកវេជ្ជសាស្ត្រមួយ។ លោក អំ សំអាត បានមានប្រសាសន៍ថា “យើងនៅតែសុំឲ្យមានការស៊ើបអង្កេតឯករាជ្យមួយក្នុងករណីនេះ។ ប្រសិនបើគ្មានទេ នឹងមាននិទណ្ឌភាពទៀត ហើយ… នគរបាលនឹងបន្តប្រើអំពើហិង្សាទៀត”៕ ប៊ុននី