33 C
Phnom Penh

លោក សម រង្ស៊ី រិះគន់​ប្រទេស​វៀតណាម​ខ្លាំង​ៗ​​ជុំ​វិញ​ជម្លោះ​សមុទ្រ​ចិន​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ ​ជាតិ​បាន​មាន​ប្រសាសន៍​កាល​ពីថ្ងៃ​សុក្រ​ថា គណបក្ស​របស់​លោក​គាំទ្រ​ប្រទេស​ចិន​នៅក្នុង​ជម្លោះ​ពហុ​ជាតិ​សា​ស​ន៍​​ជុំ​វិញ​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​បាន​អះអាង​ថា ប្រទេស​វៀត​ណាម​កំពុង​ព្យាយាម​ទន្ទ្រាន​ចូល​ដែន​សមុទ្ររបស់​​ចិន។

លោកបានថ្លែង​ទៅកាន់​អ្នក​គាំទ្រ​គណ​បក្ស​សង្គ្រោះជាតិ​ប្រមាណ​១.០០០នាក់​នៅ​ទីស្នាក់​​ការ​បក្ស​សង្គ្រោះ​ជាតិ​ប្រចាំខេត្ត​ក្នុងក្រុង​សៀម​រាប​​​ថា “យើងឈរ​​នៅ​ខាង​ប្រទេស​ចិន​ ហើយ​យើង​គាំទ្រចិន​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​វៀតណាម​ជុំ​វិញ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​”។

អំឡុង​សុន្ទរកថា​របស់​លោក​ លោក សម រង្ស៊ី​​ បាន​ប្រើ​វោ​ហារសាសន៍​ប្រឆាំង​វៀត​ណាម​ ហើយ​បាន​មាន​ប្រសាសន៍​សំដៅ​ដល់​ជន​ជាតិ​វៀត​ណាម​ និង​ប្រទេស​វៀត​ណាម​ម្តង​ហើយ​ម្តង​ទៀត​ថា “យួន​” ជា​ពាក្យ​សម្តី​មួយ​ដែល​មនុស្ស​មួយ​ចំនួន​យល់​ថា ជាការ​ប្រមាថ​មាក់ងាយ​ជន​ជាតិ​វៀត​ណាម​។

លោកបាន​មាន​ប្រសាសន៍ថា “វា [វៀត​ណាម​] ​ទៅ​ឈ្លានពាន​គ្រប់​កន្លែង​ ហើយវា​បាន​ លួច​ប្លន់​ទឹក​ដី​ពីប្រជាពលរដ្ឋ​កម្ពុជា​​ពី​ព្រោះ​រដ្ឋាភិបាល​ខុស​ច្បាប់​នេះ​  ​គឺជា​អាយ៉ង​យួន​។​​ កោះ​ទាំង​នោះ​ជា​កោះ​របស់​ចិន​ ប៉ុន្តែ​ កំពុង​តែ​ ព្យាយាម​ដំណ្តើម​កាន់​កាប់ [កោះ​ទាំង​នោះ​]​  ពីចិន​ ពីព្រោះ​យួន​អាក្រក់​ណាស់​”។

មួយ​ភាគធំនៃ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ប្រទេស​ចិន​អះ​អាង​ថាជាកម្មសិទ្ធិ​របស់​ខ្លួន​  ក៏​ត្រូវ​បាន​អះអាង​ពីសិទ្ធិកាន់​កាប់​ដោយ​ប្រទេ​ស​វៀត​ណាម​ ហ្វីលីពីន​ ឥណ្ឌូណេស៊ី​ ម៉ាឡេស៊ី ព្រុយ​ណេ​ និង​កោះតៃវ៉ាន់​ដែរ​។

លោក ត្រាន់​ វ៉ានថុង មន្ត្រី​កុង​ស៊ុល​នៅ​ស្ថានទូត​វៀត​ណាម​ក្នុង​រាជធានី​ភ្នំពេញ​ បាន​​មាន​ប្រសា​សន៍​ថា ការ​អត្ថាធិប្បាយ​របស់​លោក សម រង្ស៊ី​​ ជុំ​វិញ​ជម្លោះ​ដែន​សមុទ្រ​នេះ​មិន​ធ្វើ​ឲ្យលោក​ឈឺក្បាល​ទេ​។ លោក​មាន​​ប្រសាសន៍ថា “យើង​មិន​ចាប់​អារម្មណ៍​នឹង​ពាក្យ​សម្តី​របស់គាត់​ទេ​”។

សៀម​រាប​ គឺជា​ទី​ឈប់​សំចត​ដំបូង​សម្រាប់​មេដឹកនាំគណបក្ស​ប្រឆាំង​រូប​នេះ​នៅក្នុង​ដំណើរ​ទស្ស​នកិច្ច​មួយ​ដែល​នឹង​នាំ​លោក​ និង​លោក​ កឹម​ សុខា អនុប្រ​ធាន​​គណ​បក្ស​សង្គ្រោះ​ជាតិ​​ទៅ​កាន់​ខេត្ត​មួយ​ចំនួន​ ហើយ​នៅ​ក្នុង​ខេត្ត​ទាំង​នោះ​ពួកលោកនឹង​ព្យាយាម​កៀង​គរ​កា​រគាំទ្រ​មុន​ពេល​លោក​ទាំង​ពីរ​ដល់​ពេល​ត្រូវ​ចូលខ្លួន​​ឲ្យសាលាដំបូង​​រាជ​ធានី​ភ្នំពេញ​សាកសួរ​នៅថ្ងៃ​អង្គារ ពីបទ​ញុះ​ញង់​ឲ្យកម្មករ​ធ្វើការ​តវ៉ា​។

លោក​ ផៃ​ ស៊ីផាន​ អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍ថា លោក សម រង្ស៊ី អាច​គាំទ្រ​អ្នកណា​ក៏បាន​តាម​តែ​លោក​ចង់​ ប៉ុន្តែ រដ្ឋាភិបាល​គណបក្ស​ប្រជា​ជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​មាន​ជំហរ​អព្យាក្រឹត​ជុំវិញ​ជម្លោះនេះ​រវាង​ប្រទេស​ចិន​ និង​បណ្តា​ប្រទេស​ជា​សមា​ជិក​អាស៊ាន​។លោក​មាន​ប្រសាសន៍ថា “យើង​​អព្យា​ក្រឹតណាស់​ពាក់​ព័ន្ធ​នឹង​ករណីនេះ​ពី​ព្រោះ យើង​មិន​គាំទ្រ​​ប្រទេស​ណា​ឡើយ​”។​

ទោះជា​យ៉ា​ង​ណា ​រដ្ឋាភិបាល​របស់​លោក​  ហ៊ុន សែន ត្រូវ​បាន​គេ​មើល​ឃើញថា គ្មាន​ជំហរ​អព្យាក្រឹតនោះ​ទេ​នៅពេលដែល​​និយាយ​ដល់​ចំណុច​​អះអាង​សិទ្ធិកាន់​កាប់​របស់​ប្រទេស​ ចិន​នៅ​ក្នុង​ជម្លោះ​ដែន​សមុទ្រ​​ដ៏​រំជើប​រំជួល​នេះ​។ អំឡុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​កាល​ពីខែកក្កដា ឆ្នាំ​២០១១​ អាស៊ាន​ដែល​មាន​ សមាជិក​១០​ប្រទេស​​មិន​បានចេញ​សេច​ក្តី ថ្លែង​ការណ៍​រួ​ម​ជាលើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​៤៥​ឆ្នាំ​របស់​ខ្លួន ​នៅពេល​កម្ពុជា​ដែល​ធ្វើ​ជា​ប្រធាន​នៃកិច្ច​ប្រជុំនេះ​ បាន​ព្យាយាម​ធ្វើ​រឿង​គ្រប់​យ៉ាង​តាម​អំណាច​របស់​ខ្លួន​ដើម្បី​រក្សា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ឲ្យស្ថិត​នៅក្រៅ​របៀប​វារៈ​ ជា​ហេតុ​ធ្វើ​ឲ្យ​សមាជិក​ជាច្រើន​​របស់ខ្លួន​ខក​ចិត្ត​។ ពេល​នេះ​ប្រទេស​កម្ពុជា​ត្រូវ​បាន​ចាត់​ទុក​​ជាសម្ពន្ធមិត្ត​ដ៏​ស្មោះ​ស្ម័គ្រ​របស់​ចិន​ក្នុង​តំបន់​៕ សុខុម​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស