38 C
Phnom Penh

ប្រជាពលរដ្ឋខ្មែរ​ និងកូរ៉េជាច្រើន​រយ​នាក់ធ្វើបាតុកម្មនៅក្នុងទីក្រុង សេអ៊ូល 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋខ្មែររាប់​​​រយ​នាក់​​​ដែល​​រស់​​នៅ​ក្នុង​ប្រទេ​ស​​កូ​រ៉េ​ខាង​​ត្បូង​ ​​បា​នធ្វើការ​​​តវ៉ា​​​នៅ​​​មុខ​សាលា​ក្រុង​​​សេអ៊ូល​កា​ល​​​ពីម្សិល​មិញ​ ដោ​យ​​​ទាម​​ទារ​រកយុត្តិធម៌ឲ្យ​កម្ម​ករ​​​​​កាត់​​​ដេរ​​ចំ​នួន​ប្រាំ​​នាក់​ ​ដែល​​ត្រូ​វ​បាន​​សម្លាប់​​ក្នុ​ង​ការ​​ប៉ះ​​ទង្គិចគ្នា​​ជាមួ​យ​​​នគរបាល​កា​ល​ពី​ថ្ងៃ​​ទី​​៣ ខែមករា និង​​ទាមទារឲ្យ​លោក​​នាយ​ក​​រដ្ឋ​មន្ត្រី​ ហ៊ុន សែ​ន ​ចុះ​ចេញពី​តំ​ណែ​​ង។

​ដោយសារ​តែ​​កា​រ​​​តវ៉ា​​​ជា​សា​​​ធា​​រណោៈ​​​ត្រូ​វ​បា​ន​ហា​ម​​ប្រាម​​គ្មាន​​​ពេល​​កំ​ណត់​​​នៅ​ក្នុ​ង​​ប្រទេ​ស​កម្ពុជា ​​បាតុ​កម្ម​​នៅ​ក្នុ​ង​​​ប្រទេ​ស​​កូ​រ៉េ​​ខាង​​ត្បូ​ង គឺ​​​ជា​បាតុកម្ម​ដ៏ធំ​បំ​ផុត​ ដោយសារតែ​មាន​ការ​ប្រមូល​ផ្តុំយ៉ាង​ច្រើន​ ហើយ​សកម្ម​ភាព​តវ៉ា​បានប្រព្រឹត្ត​ទៅ​នៅ​​​ជុំ​​វិញ​ពិ​ភ​ព​លោក​ ​ចាប់​​តាំ​ងពី​កម្លាំ​ង​​​សន្តិ​សុខ​​របស់រដ្ឋាភិបាល​​កា​ល​ពី​ថ្ងៃ​​ទី​៣ ខែ​មករា ​​ដែលបាន​​​បាញ់​​ប្រ​ហា​រ​លើ​កម្មករ​រោង​ចក្រ​កាត់​​ដេរ​​ ដែល​​ធ្វើ​កូដកម្ម​ប្រដាប់​ដោ​យ​ដុំ​ថ្ម និ​ង​ដប​​សាំ​ង។

លោក តាំង គឹម​ស្រ៊ុយ អាយុ​​២៩​ឆ្នាំ​ ជា​និស្សិតថ្នាក់ក្រោយ​ឧត្តម​នៅ​​ទី​ក្រុង​​សេអ៊ូល ​ដែល​បា​ន​ចូលរួម​ក្នុង​ការតវ៉ា​នោះ​ដែរ​ ​​បា​ន​ឲ្យដឹង​ថា នៅ​​​ទី​​កន្លែង​​ធ្វើបាតុ​កម្មកា​ល​​ពី​​ម្សិល​មិញនៅ​​​​ក្រុ​ង​សេអ៊ូល កម្មករ​​​ចំ​ណាក​ស្រុក​​កម្ពុជា​​រាប់​​​រយ​នាក់​​​ដែល​​​បា​ន​រៀប​ចំ​​ការ​​​តវ៉ា​នេះ ​មា​ន​​ការ​ចូ​ល​រួ​ម​​​ពី​សំ​ណាក់​និស្សិត​​សា​កល​​​វិទ្យា​ល័​យ ​និង​ស្រ្តី​ខ្មែរ​​ដែល​​រៀ​ប​ការ​​ជា​មួ​យ​​​​បុរសជន​​ជាតិ​​​កូ​រ៉េ។

លោក គឹម ស្រ៊ុយ ​បា​ន​​​មា​ន​ប្រ​សាសន៍​ថា “ពួ​ក​គេ​ធ្វើ​បាតុ​កម្ម​ដើម្បីទាមទារ​ឲ្យ​​រដ្ឋា​​ភិ​បាល​កម្ពុជា​ទទួល​ខុស​ត្រូ​វ​​ចំ​​ពោះ​អ្វី​​ដែល​​បា​ន​កើត​ឡើង​កា​ល​​ពី​សប្តា​ហ៍​មុន​… និង​​ជំ​រុញ​ឲ្យ​​រដ្ឋាភិ​បាលកម្ពុជាដោះ​លែង​​​​សមា​​ជិក​ស​ហ​ជី​ព​​ទាំង២៣រូ​ប​។ ​ពួ​ក​​គេ​ក៏​ស្រែក​​ខ្លាំ​ង​​​ៗ​ផង​ដែរ​ឲ្យ​លោក​នាយ​ក​​រដ្ឋ​ម​ន្ត្រី ហ៊ុន សែន ​ចុះ​​​ពី​តំ​​ណែង”។

រូប​ថត​នៃ​ការ​​តវ៉ា​​​នេះ​​ដែល​បង្ហោះ​​នៅ​​លើ​​គេហទំព័រ​បណ្តាញ​ទំនាក់​ទំនង​ ហ្វេស​​ប៊ុក បង្ហាញ​​​បាតុ​ករពាក់​​អា​វ​ធំរុំ​ក​ និង​​កន្សែង​ក្នុង​សី​តុណ្ហភាព​ក្រោ​ម​សូន្យ​ គ្រវីទង់​​​ជាតិ​កម្ពុជា និង​កាន់​​រូ​​ប​ថត​កម្មករ​​​ដែល​​រង​​របួស​ដោ​យ​​សារ​អំពើហិង្សារបស់​នគរបាល។

លោក គឹមស្រ៊ុយ ​​បា​ន​មាន​ប្រ​សាសន៍​ថា ​សកម្ម​​និយមក្នុង​ផ្នែក​នយោ​បា​យ​​​នៅ​​សហ​គមន៍ដែល​មា​ន​​កម្មករ​​ចំ​ណាក​​ស្រុក​​​ជាង​២០.០០០​​នាក់​​​ នៅ​ក្នុ​ង​ប្រទេ​ស​​​កូ​រ៉េ​​ខាង​​ត្បូ​ង​ គឺ​​​ជា​ការ​​ឆ្លើយ​ត​ប​​ជា​​​ធម្ម​ជាតិ ទៅនឹងការ​រស់​​នៅ​ នៅ​ក្រៅ​​ប្រទេ​ស​។

លោក គឹម​ស្រ៊ុយ ​​បា​ន​ឲ្យដឹង​ថា​ “កម្មករខ្មែរ​​​​ដែល​​ធ្វើ​ការ​​នៅ​ក្នុ​ង​ប្រទេ​ស​​កូ​រ៉េ យល់​​​​​ដឹង​​អំ​​​ពី​លទ្ធិ​ប្រជា​ធិប​តេយ្យ​ សិទ្ធិ​មនុស្ស​និង​សេរីភាព​​​របស់​​ខ្លួ​ន​ផ្ទាល់​។ ​​ពួ​កគេ​ក្រឡេក​មើល​មក​សង្គម​​​របស់​​ខ្លួ​ន​ក្នុង​ប្រទេ​ស​កម្ពុជា​​​វិញ​ ​ហើយ​ឃើញ​ថាប្រទេស​នេះ​​​ពិ​ត​​​ជា​គ្មា​នសិទ្ធិ​​សេរីភាពដូច​​ពួ​ក​​គេ​មា​ន​​នោះ​ទេ​”។ លោក​​​​​​​បន្ត​​ថា “ដូច្នេះ​​នេះ​​គឺ​ជា​មូ​ល​ហេតុ​​​ដែល​បាតុករ​ងើប​ឡើង​​​​រួប​រួ​ម​គ្នា​​ដើម្បី​​បញ្ជូន​សារ​​មួ​យ​​​ទៅ​រដ្ឋាភិ​បាល​កម្ពុជា ដើម្បី​ឲ្យដឹង​នូ​វ​​​អ្វី​​ដែល​​​​ពួ​ក​គេកំ​ពុ​ង​ធ្វើ​ និង​អ្វី​ដែលពួក​គេបាន​ធ្វើ គឺ​​មិន​​​មែន​​​ជា​​ទិស​​ដៅ​​ត្រឹម​ត្រូ​វ​​នោះ​ទេ”។

លោកស្រី មីគ្យុង រ៉ូ​ (Mi-Kyung Ryu)​ នាយក​​​អន្តរ​​​ជាតិ​​នៃ​សហ​​​ព័ន្ធ​សហ​​ជី​ព​​កូ​រ៉េ ​​ដែល​​សហ​ការ​ក្នុង​ការ​រៀប​ចំ​​​បាតុ​​កម្ម​​​នោះ​ ​បានឲ្យដឹង​​ថា បាតុកម្ម​នេះ​​​មា​ន​កា​រ​​​ចូ​ល​​​រួ​ម​​ពី​សំ​ណាក់​​​អ្នក​​តវ៉ា​​យ៉ាង​តិច​២.០០០​​នាក់​។ លោកស្រីបាន​​​ឲ្យដឹង​ទៀត​ថា ប្រទេស​កូរ៉េ​​ខាង​ត្បូ​ង​​​​​​​ចូលរួ​ម​ចំ​ណែ​ក​​​ទទួល​ខុស​ត្រូ​វ​​ចំ​ពោះ​​​​កា​រ​​បង្ក្រាប​ដ៏​​​ឃោរ​​ឃៅ​​ទៅ​លើ​កម្មករ​ខ្មែរ​​​ ដែល​​​ទាម​​​ទារ​ប្រាក់​ឈ្នួល​​ខ្ពស់​ជាង​មុន។

លោកស្រី មីគ្យុង រ៉ូ ​​បា​ន​មានប្រសាសន៍​ថា “គេកំ​ពុ​ងគាប​​​សង្កត់​​​កម្មករ​ក្នុង​ប្រទេ​ស​​នានាដូ​ច​​ជា​​ប្រទេ​ស​កម្ពុជា ជាដើម ដើម្បី​បង្កើនប្រាក់​ចំណេញ​​​អតិបរមា​​​របស់​ខ្លួន​ ​និ​ង​កាត់​​បន្ថយ​ការ​ចំ​ណាយ​លើ​ការ​​ងារ​​ពល​កម្ម។ ការ​បាញ់ប្រ​ហារនៅ​ក្នុង​ប្រទេសកម្ពុជា​ទៅ​លើ​កម្មករកាត់​​ដេរ កំ​ពុ​ង​តែ​កើត​ឡើង​ក្នុង​​អន្តរកាល​នៃការ​កេងប្រវ័ញ្ចក្នុង​​វិស័យ​កាត់​ដេរ​ទូទាំង​ពិ​ភព​លោក”៕ ​ប៊ុននី​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស