មនុស្សប្រហែល១០០នាក់រួមទាំងព្រះសង្ឃចំនួន២០អង្គផងដែរ បានប្រារព្ធពិធីមួយក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសុក្រ ដើម្បីឧទិ្ទសកុសលដល់កម្មកររោងចក្រកាត់ដេរទាំងប្រាំនាក់ដែលត្រូវគ្រាប់កាំភ្លើងស្លាប់កាលពីសប្តាហ៍មុន នៅពេលកងរាជអាវុធហត្ថបានបើកការបាញ់ប្រហារលើកម្មកររោងចក្រកាត់ដេរ និងដើម្បីទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែគោលឲ្យបានសមរម្យដល់កម្មកររោងចក្រកាត់ដេរនិងមន្ត្រីរាជការ។
នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ តំណាងមកពីសហជីពនិងអង្គការតស៊ូមតិចំនួនប្រាំពីរ បានឲ្យដឹងថា ខ្លួននឹងសាមគ្គីគ្នាជាមួយនឹងកម្មកររោងចក្រកាត់ដេរដែលកំពុងតែទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែគោលពី៨០ដុល្លារទៅ១៦០ដុល្លារក្នុងមួយខែ ប៉ុន្តែពួកគេបានលើកឡើងថា ការដំឡើងប្រាក់ខែនេះគួរតែត្រូវធ្វើឡើងនៅវិស័យផ្សេងៗផងដែរ។
អង្គការដែលរួមមានសម្ព័ន្ធសហគមន៍កសិករកម្ពុជា បណ្តាញព្រះសង្ឃឯករាជ្យសម្រាប់យុត្តិធម៌សង្គម ក៏បានអំពាវនាវឲ្យមានការដោះលែងកូដករសកម្មជន និងតំណាងសហជីពទាំង២៣នាក់ដែលត្រូវបានឃុំខ្លួននៅមណ្ឌលអប់រំកែប្រែម៣ នៅខេត្តកំពង់ចាម បន្ទាប់ពីការចាប់ខ្លួនកាលពីសប្តាហ៍មុន។
លោក ហេង សំអូន អគ្គលេខាធិការ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាអង្គការដែលតំណាងឲ្យអ្នករត់រ៉ូម៉កម៉ូតូកង់បី និងអ្នកធ្វើការក្រៅប្រព័ន្ធផ្សេងៗទៀត បានមានប្រសាសន៍ថា “យើងទាមទារឲ្យមានការដោះលែងអ្នកដែលត្រូវបានចាប់ខ្លួនទាំង២៣នាក់។ យើងទាមទារឲ្យមានការបញ្ចប់ការប្រើអំពើហិង្សានៅគ្រប់ស្ថានភាពទាំងអស់ និងទាមទារឲ្យមានការដំឡើងប្រាក់ខែគោលដល់១៦០ដុល្លារសម្រាប់កម្មករនិងអ្នកផ្សេងៗទៀតនៅគ្រប់វិស័យ។ រដ្ឋាភិបាលមិនគួរចរចាតែជាមួយវិស័យកាត់ដេរនោះទេ”។
លោក ស មូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា បានឲ្យដឹងថា លោកមិនអាចទទួលយកទង្វើដ៏ហិង្សាក្នុងពេលថ្មីៗនេះរបស់រដ្ឋាភិបាលបានឡើយ ហើយលោកសូមជម្រាបថា បាតុកម្មនឹងបន្តទោះបីជាមានការយល់ព្រមឬក៏គ្មានក៏ដោយ។ លោកបានមានប្រសាសន៍ថា “ប្រសិនបើពួកគេមិនដោះលែងមនុស្សទាំង២៣នាក់នោះទេ យើងនឹងប្រមូលផ្តុំគ្នានៅទីសាធារណៈក្នុងរាជធានីភ្នំពេញនៅដំណាច់ខែនេះ។ហើយទោះបីជាសាលារាជធានីឬរដ្ឋាភិបាលរារាំងយើងក៏ដោយ យើងនឹងមិនព្រួយបារម្ភពីបញ្ហានេះទេ”។
លោក មូរ៉ា ក៏បានអំពាវនាវឲ្យមានការដំឡើងប្រាក់ខែគោលនៅទូទាំងប្រទេស ក៏ដូចជាការអំពាវនាវដាច់ដោយឡែកមួយផ្សេងទៀតកាលពីថ្ងៃព្រហស្បតិ៍ ឲ្យមន្ត្រីរាជការធ្វើកូដកម្មទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែគោលដល់២៥០ដុល្លារផងដែរ។ កាលពីថ្ងៃទី៤ខែមករា ក្រសួងមហាផ្ទៃ បានព្យួរដោយគ្មានពេលកំណត់នូវមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញដែលទាក់ទិននឹងសិទ្ធិសេរីនៃការបញ្ចេញមតិ និងការជួបជុំដោយហាមមិនឲ្យមានការជួបជុំជាសាធារណៈចាប់ពី១០នាក់ឬក៏លើសពីនេះ។
ការប្រមូលផ្តុំស្រដៀងគ្នាដើម្បីឧទ្ទិសកុសលដល់កម្មកររោងចក្រកាត់ដេរចំនួនប្រាំនាក់ដែលត្រូវគ្រាប់ស្លាប់ ក៏ត្រូវបានធ្វើឡើងនៅខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ និងខេត្តព្រះសីហនុកាលពីថ្ងៃសុក្រផងដែរ។ ពិធីឧទ្ទិសកុសលកាលពីថ្ងៃសុក្រក៏ត្រូវបានធ្វើឡើងដំណាលគ្នាជាមួយនឹងសប្តាហ៍សកម្មភាពពិភពលោក ដែលរៀបចំឡើងដោយវេទិកាអាស៊ីប៉ាស៊ីហ្វិកស្តីអំពីស្ត្រី ច្បាប់និងការអភិវឌ្ឍដែលមានមូលដ្ឋាននៅប្រទេសថៃដើម្បីប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ចំពោះការបង្ក្រាបកម្មករកាត់ដេរដែលបណ្តាលឲ្យមានអ្នកស្លាប់ផងដែរ។
កាលពីថ្ងៃសុក្រដដែលនោះ សហព័ន្ធសហជីពកូរ៉េ បានធ្វើបាតុកម្មមួយ នៅក្នុងទីក្រុងសេអ៊ូលនៅខាងក្រៅក្រសួងការបរទេសរបស់ប្រទេសនេះ ហើយការតវ៉ាមួយទៀតក៏ត្រូវបានធ្វើឡើងនៅឯស្ថានទូកកម្ពុជាក្នុងទីក្រុងបាងកកផងដែរ។ ដោយឡែកក្នុងទីក្រុងហុងកុងឯណោះវិញខ្សែអាត់វីដេអូមួយដែលគេបង្ហោះនៅលើគេហទំព័រ YouTube បានបង្ហាញឲ្យឃើញពីមន្ត្រីសហជីពនិងសកម្មជនការពារសិទ្ធិការងារ កំពុងតែតតំាងគ្នាជាមួយលោក ឈាង ធីរ៉ា តំណាងអគ្គកុងស៊ុលនៅខាងក្រៅស្ថានកុងស៊ុលកម្ពុជា។
សកម្មជនម្នាក់បាននិយាយថា “យើងមានកំហឹងយ៉ាងខ្លាំងចំពោះការបង្ក្រាបរបស់រដ្ឋាភិបាល។ វាមិនអាចទទួលយកបានទេ។ វារំលោភសិទ្ធិជាមូលដ្ឋានរបស់មនុស្ស។ យើងទាមទារយ៉ាងដាច់ខាតឲ្យរដ្ឋាភិបាលពន្យល់យើងអំពីអ្វីដែលបានកើតឡើងនៅប្រទេសកម្ពុជា”។ តំណាងអគ្គកុងស៊ុលរូបនេះបានឲ្យដឹងថាលោកមិនអាចធ្វើអត្ថាធិប្បាយបានទេ ប៉ុន្តែលោកនឹងទទួលយកលិខិតដែលអ្នកតវ៉ាដាក់ជូនមកលោក។ លោកមានប្រសាសន៍ថា “ខ្ញុំមិនមានអ្វីត្រូវនិយាយទៅកាន់អ្នកតវ៉ាទេ។ ខ្ញុំគ្រាន់តែមកទីនេះដើម្បីទទួលយកលិខិតរបស់អ្នកតវ៉ាប៉ុណ្ណោះ ហើយបន្ទាប់មកខ្ញុំនឹងរាយការណ៍ទៅកាន់រដ្ឋាភិបាលរបស់យើង”។ អ្នកតវ៉ាជាច្រើននាក់បានឆ្លើយតបថា “រដ្ឋាភិបាលកម្ពុជាគ្មានកេរ្តិ៍ខ្មាស់!”។
យោងតាមសេចក្តីរាយការណ៍ព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃសុក្រ អង្គការក្រៅរដ្ឋាភិបាល និងតំណាងសហជីពក្នុងប្រទេសម៉ាឡេស៊ីបានប្រគល់ញត្តិមួយទៅឲ្យមន្ត្រីស្ថានទូតកម្ពុជាក្នុងទីក្រុងគូឡា ឡាំពួរ ដែលអំពាវនាវឲ្យមានការដោះលែងមនុស្សចំនួន២៣នាក់ ហើយបានថ្កោលទោសចំពោះការប្រើកម្លាំងហួសហេតុទៅលើកម្មកររោងចក្រកាត់ដេរដែលនាំគ្នាធ្វើកូដកម្ម។
នៅក្នុងទីក្រុងហ្សាការតា រូបភាពដែលគេបង្ហោះនៅលើអ៊ីនធើណិត បានបង្ហាញឲ្យឃើញពីអ្នកតវ៉ាកំពុងកាន់បដាមួយចំនួនក្នុងនោះមានបដាមួយមានខ្លឹមសារថា “កុំសម្លាប់មិត្តភក្តិរបស់យើងនៅកម្ពុជា”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា បាតុករអន្តរជាតិចាំបាច់ត្រូវតែស៊ើបឲ្យដឹងរឿងពិតអំពីការស្លាប់និងការរងរបួសរបស់កម្មករ។ លោកនៅតែរក្សាជំហរថា “ពួកគេនៅឆ្ងាយពីការពិត ហើយទទួលបានតែព័ត៌មានមិនពិតនិងព័ត៌មានបំបែកបំបាក់។ កម្មករកាត់ដេរចំនួន៩៩ភាគរយបានត្រឡប់ទៅធ្វើការនៅក្នុងរោងចក្ររបស់ខ្លួនជាធម្មតាវិញហើយ”៕ ស៊ុយឈាង