28 C
Phnom Penh

​អាដ​ហុក​៖ ពុំ​​ទាន់​បាន​​ដាក់​ពាក្យ​បណ្តឹង​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​ទេ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​រៀប​ចំ​ញត្តិ​​ដែល​បានចោទ​ប្រកាន់​កង​យោធពល​ខេមរភូមិន្ទ​​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ពី​អំពើ​ពុក​រលួយ​ក្នុង​ចំណោម​អតីត​មេកើយ​ពីរ​នាក់​របស់​ខ្លួន​ក្នុង​ជួរ​កងទ័ព បាន​បំភ្លឺ​​កាលពីថ្ងៃ​សុក្រថា ខ្លួន​នៅ​មិនទាន់​ដាក់ពាក្យ​បណ្ដឹង​ផ្លូវ​ការ​ទៅ​អង្គការ​សិទ្ធិមនុស្ស​អាដ​ហុក​ទេ ខណៈ​​​មនុស្ស​ម្នាក់​ទៀត​ដែល​បាន​ចុះ​ហត្ថ​លេ​ខា​លើ​​ញត្តិ​នេះ​​ដែលបានអះអាង​ថា ញត្តិ​នេះ​គេ​ធ្វើ​រាប់​ឆ្នាំ​មក​​​ហើយ​ ដោយ​បាន​បញ្ជាក់​ថា ខ្លួន​ចាត់​ទុក​ថា​ រឿង​នេះត្រូវ​​បាន​ដោះ​ស្រាយ​រួច​ហើយ​។

កាលពីថ្ងៃ​ព្រហស្បតិ៍​ សមាជិក​មួយ​រូប​ក្នុង​ជួរ​កងយោធពល​ខេម​រភូមិន្ទ​​បាន​ផ្ញើ​ច្បាប់​ចម្លង​​នៃ​ពាក្យ​បណ្ដឹង១៦​ទំព័រ​​ និង​ញត្តិ​​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោ​យ​​កង​ទ័ព​៤១​នាក់​​នៅ​ខេត្ត​បន្ទាយ​មានជ័យ ​ទៅ​​ការិយាល័យ​របស់​​​អង្គការ​សិទ្ធិមនុស្ស​អាដ​ហុក។

ទោះជា​យ៉ាង​ណា លោក ស៊ុំ ចាន់​គា អ្នក​សម្រប​សម្រួល​របស់​អង្គការ​អាដ​ហុក​ប្រចាំ​ខេត្ត​​​នេះ​ឲ្យ​ដឹង​ថា ញត្តិ​នេះ​ធ្វើ​តាំង​ពី​ឆ្នាំ​២០១០​ ​​ហើយ​កង​ទ័ព​ដែលធ្វើ​ញត្តិ​នេះ​មិន​ទាន់​​បាន​បំពេញ​​​​ទម្រង់​បែប​បទ​នៃ​ពាក្យ​បណ្ដឹង​​​ផ្លូវ​ការ​​ដែល​ត្រូវ​តែ​មាន​ជា​ចាំ​បាច់​មុន​ពេល​អង្គ​ការ​​​នេះ​​​ចាប់​ផ្ដើម​ស៊ើប​អង្កេត​ការ​ចោទ​ប្រកាន់​លើ​​មេ​បញ្ជា​ការ​សឹក​រង​ខេត្ត​​ និង​មេ​បញ្ជា​ការ​រង​ទេ​។

លោក​ ស៊ុំ ចាន់​គា បាន​មាន​ប្រសាសន៍​ថា “យើង​កំពុង​ពិនិត្យ​មើល​ពាក្យ​បណ្ដឹង​​និង​ញត្តិ​​នោះ​” ដោយ​លោក​បាន​បន្ថែមថា ​លោក​​​រង់ចំា​ឲ្យ​កង​ទ័ព​រូប​នោះ​ដាក់​ពាក្យ​បណ្ដឹង​ផ្លូវ​ការ​​ទៅ​ការិយាល័យ​របស់​លោក​តែម្ដង​។

វរសេនីយ៍ឯក​ វណ្ណ ឆុំ អតីត​មេបញ្ជាការ​រង​នៃ​តំបន់​សឹក​រង​ខេត្ត​បន្ទាយ​មាន​ជ័យ និង​​តំណាង​ម្នាក់​របស់​អ្នក​ចុះ​ហត្ថលេខា​លើ​ញត្តិ​នេះ​អះអា​ង​ថា កង​ទ័ព​ទាំង​នោះ​​​បាន​​ព្យា​យាម​​ដាក់​ពាក្យ​បណ្ដឹង​ទៅអាជ្ញាធរ​​ប៉ុន្មាន​ជាន់​ថ្នាក់​​ហើយ​ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ប៉ុន្តែ​រាល់​លើក​ពាក្យ​បណ្ដឹង​របស់​ពួកគាត់​មិន​​ដែល​ទទួលបាន​ការ​ឆ្លើយ​តបឡើយ​។

វរសេនីយ៍​ឯក​ វណ្ណ ឆុំ បាន​បញ្ជាក់​ថា លោក​​​បាន​ដាក់​ពាក្យ​បណ្ដឹ​ង​ទៅអង្គការ​អាដ​ហុក​រួច​ហើយ ហើយ​ពេល​នេះ​នឹង​ជួប​ជាមួយ​​​អ្នក​ចុះ​​​ហត្ថលេខា​ផ្សេង​ៗ​ទៀតដើម្បី​សម្រេច​​ថាតើ​​ត្រូវ​ធ្វើ​សំណើ​ផ្លូវ​ការ​ទៅ​អង្គការ​អាដ​ហុកឲ្យ​​​​សើ​រើ​ការ​ចោទ​ប្រកាន់​ជាច្រើន​អំពីការ​ប្រព្រឹត្ត​​​​ខុស​ធ្ងន់​​ដូច​មាន​បញ្ជាក់យ៉ាង​លម្អិត​នៅ​​ក្នុង​​ពាក្យ​​​បណ្ដឹង​​១៦​ទំព័រ​នេះ​ឬក៏យ៉ាង​ណា​​នោះ​។

អ្នក​ធ្វើ​ញត្តិ​ទាំង​ប៉ុន្មាន​នាក់​នេះ​អះ​អាង​ថា ពាក្យ​បណ្ដឹង​ដើម ​ដែល​ត្រូវ​បាន​រៀប​ចំ​នៅ​ក្នុង​​ឆ្នាំ​២០១០​នោះ​ ​គឺ​ត្រូវបាន​ផ្ញើ​ជូន​ខុទ្ទ​កា​ល័យ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ឧត្តម​សេនីយ៍ទៀ ​បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​​ជាតិ ថ្នាក់​ដឹក​នាំ​កង​យោធពល​​ខេមរ​ភូមិន្ទ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។​

ទោះ​ជា​យ៉ាង​​ណា វរសេនីយ៍ឯក ហ៊ុយ វុទ្ធី ដែល​ក៏ជា​អតី​ត​មេបញ្ជាការ​រង​​នៃ​តំបន់​សឹក​រង​ខេត្ត​បន្ទា​យ​មាន​ជ័យ និង​ដែល​ឥឡូវ​នេះ​​ឈរ​ជើង​​​នៅ​រាជ​ធានី​ភ្នំពេញ​នោះ បាន​ឲ្យ​ដឹង​ថា ក្រសួង​​​ការ​ពារ​ជាតិ​បាន​បញ្ជូន​អ្នក​​ស៊ើ​ប​អង្កេត​មួយ​ក្រុមទៅ​ខេត្ត​នេះ​ បន្ទាប់ពីមាន​ការ​ដាក់​ពាក្យ​បណ្ដឹង​ក្នុង​ឆ្នាំ​២០១០​​ដែល​​ប្ដឹង​មេបញ្ជា​​​ការ​មួយ​រូប​ និង​​មេបញ្ជាការ​រង​​របស់​គាត់​​​ជា​មួយ​នឹង​ការ​ចោទ​ប្រកាន់​ថា​ អ្នក​ទាំង​ពីរ​​បាន​លេប​យក​​ចំណែក​ប្រាក់​ខែ​​​ និង​របប​អង្ក​ររបស់​កង​ទ័ព​ និង​យោធិន​។ លោក​ វុទ្ធី បាន​និយាយ​ថា “ក្រសួង​ការ​ពា​រ​ជាតិ​ក៏​បាន​បញ្ជូន​គណៈកម្មាធិការ​មួយ​ក្រុម​​ទៅ​ពិនិត្យ​ និង​ដោះស្រាយ​រឿង​នេះ​រួច​ហើយ​ដែរ​ ដូច្នេះ​ខ្ញុំ​មិន​ចង់​ពាក់​ព័ន្ធ​នឹង​រឿង​នេះ​ទៀត​ទេ”។

ឧត្តម​សេនីយ៍ត្រី ផ្លន តារា ដែល​ជា​មេ​បញ្ជា​​ការ​សឹក​រង​ខេត្ត​បន្ទាយ​មាន​ជ័យក្នុង​ឆ្នាំ​២០១០​ និង​ដែល​នៅ​បន្ត​កាន់​​​តួនាទី​នេះ​ដដែល​នោះ​​ បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​អំពី​ញត្តិ​នេះ​ទេ កាលពីម្សិល​មិញ។ មេបញ្ជាការ​ជាន់​ខ្ពស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​​​បីរូប​ទៀត​ក៏​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ដែរ​៕ សេរីរុធ

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស