27 C
Phnom Penh

រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ដើម្បី​សិក្សា​ពី​លទ្ធភាព​ដំឡើង​ប្រាក់​ខែ​និង​ការ​​ស្លាប់​របស់កម្មករ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ថ្ងៃ​សុក្រ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​ចាត់​តាំង​លោក​ គាត​ ឈន់​ អតីត​​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជា​ប្រធាន​គណៈកម្មការ​ទើប​តែ​បង្កើត​ថ្មី​មួយ​ទទួល​បន្ទុក​​ការ​សិក្សា​អំពី​លទ្ធភាព​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​ដំឡើង​ប្រាក់ខែ​ឲ្យ​មន្ត្រី​រាជការ​និង​កម្មករ​រោង​ចក្រ​កាត់​ដេរ​។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​ដោយ​​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៅ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ លោក​ ហ៊ុន សែន​បាន​លើ​ក​ឡើង​ថា លោក​ចង់​ឲ្យ​លោក គាត​ ឈន់​ “ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ​និង​គណបក្ស​ផ្សេងៗ​ទាក់​ទិន​នឹង​​លទ្ធភាព​ដំឡើង​ប្រាក់​ខែ​និង​កំណែ​ទម្រង់​ប្រាក់ខែ​សម្រាប់​មន្ត្រី​រាជការ​”។

កាល​ពី​ថ្ងៃ​ទី​៣​ខែ​មករា​ កង​រាជ​អាវុធ​ហត្ថ​បាន​​បើក​ការ​បាញ់​ប្រហារបណ្តាល​ឲ្យ​កម្ម​កររោងចក្រកាត់​ដេរ​ប្រាំ​នាក់​ស្លាប់ និង​ជាង​៤០​នាក់​រង​របួស​អំឡុង​ការ​ប៉ះទង្គិច​គ្នា​នៅ​ផ្លូវ​វេងស្រេង​ បន្ទាប់​ពីការ​ធ្វើ​បាតុកម្ម​អស់​រយៈពេល​មួយ​សប្តាហ៍​ដើម្បី​ទាម​ទារ​ដំឡើង​ប្រាកខែគោល​ឲ្យ​បាន​ដល់​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​។

សេចក្តី​ថ្លៃង​ការ​ណ៍​នេះ​មាន​ខ្លឹមសារ​ដូច្នេះ​ថា លោក​ ហ៊ុន​ សែន​ ក៏​​មាន​ប្រសាសន៍​​អំពី​គណៈកម្មការ​ថ្មី​​ចំនួន​ពីរផ្សេង​ទៀត​ផង​ដែរ​ ដោយ​មួយ​ដើម្បី​ “សិក្សា​” អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ផ្លូវ​វេង​ស្រេង​ខណ្ឌ​ពោធិ៍​សែនជ័យ ​ជា​ទី​ដែល​កម្មករ​ប្រាំ​នាក់​ត្រូវ​គ្រាប់​​កាំភ្លើង​ស្លាប់  ​ហើយ​មួយ​ផ្សេង​​ទៀត​ដើម្បី​សិក្សា​អំពី​ការ​ខូច​ខាត​ដែល​បង្ក​ឡើង​ដោយ​ “ក្រុម​បាតុករ​អនា​ធិប​តេយ្យ​”។ គណៈកម្មការ​ទាំង​ពីរ​នេះ​នឹង​ដឹក​នាំ​ដោយ​លោក​ ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​។

ការ​បង្កើត​គណៈកម្មការ​​នេះ​ដោយ​លោក​ ហ៊ុន សែន​ដើម្បី​សិក្សា​ពី​លទ្ធភាព​ដំឡើង​ប្រាក់​ខែ​នេះ​​ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អង្គ​ការ​​មួយ​ដែល​តំណាង​ឲ្យ​សិទ្ធិ​​កម្មករ​​និយោជិត​​ក្នុង​វិស័យ​សាធារណៈ​ កាល​ពី​ថ្ងៃ​ព្រហ​ស្បតិ៍​បាន​អំពាវ​នាវ​ឲ្យ​មន្ត្រី​រាជ​ការ​នៅ​ទូ​ទាំង​ប្រទេស​បន្ត​ធ្វើ​កូដកម្ម​ទាម​ទារ​ឲ្យ​រដ្ឋាភិបាលដំឡើង​ប្រាក់ខែ​គោល​មួយលាន​រៀល​ជាមួយ​នឹង​ការ​សន្យា​ដំឡើង​ប្រាក់​ខែ​តាម​វេលា​សម​ស្រប​រហូត​ដល់​ពីរ​លាន​រៀល​។

គ្រូ​បង្រៀន​ក៏​បាន​ធ្វើ​កូដកម្មដែរ ​នៅ​តាម​សាលា​រៀន​នៅ​ទូ​ទាំង​ប្រទេស​ កាល​ពី​សប្តាហ៍​មុន​ដើម្បី​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​។ កាល​ពី​ថ្ងៃ​សុក្រ​ ទី​ស្តីការ​​គណៈ​រដ្ឋ​មន្ត្រី​ក៏​បាន​ពិភាក្សា​អំ​ពី​លទ្ធភាព​បិទ​បម្រាមហាម​ជក់​បារី​នៅ​តាម​ទី​សាធារណៈនានា​​ដូច​ជា​ ភោជនីយដ្ឋាន​ និង​រង្គសាល​ផង​ដែរ​ ប៉ុន្តែ​សេចក្តី​ព្រាង​អនុ​ក្រឹត្យ​ស្តី​អំពី​បញ្ហា​នេះ​ត្រូវ​បាន​បញ្ចូន​ត្រឡប់​ទៅ​ឲ្យ​ក្រសួង​សុខាភិបាល​ដែល​កំពុង​តែ​ប្រមូល​ឯក​សារ​សម្រាប់​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​បន្ថែម​។

សេចក្តី​ថ្លែង​ការណ៍​មួយ​ទាក់​ទិន​នឹង​រឿង​នេះ​ មាន​ខ្លឹម​សារ​ថា “ទាក់​ទិន​នឹង​ការ​ជក់​បារី​ ការ​ផ្លាស់​ប្តូរ​ត្រូវ​តែ​ផ្តោត​ទៅ​លើ​ការ​អប់រំ​ជាជាង​ផ្តោត​ទៅ​លើ​ការ​ផាក​ពិន័យ​ឬ​ដាក់​ទោស​ទណ្ឌ”។ ទី​ស្តី​ការគណៈ​រដ្ឋ​មន្ត្រី​ក៏​បាន​អនុ​ម័ត​សេចក្តី​ព្រាង​​ផែន​ការ​យុទ្ធ​សាស្ត្រ​ជាតិ​រយៈ​ពេល​១០​ឆ្នាំ​ស្តី​ពីការ​ផ្គត់​ផ្គង់​ទឹក​តាម​ទី​ជន​បទ​និង​អនាម័យ​ក៏​ដូច​ជា​អនុ​ម័ត​​​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តី​ពី​ក្រម​សីលធម៌​សម្រាប់​ឱសថ​ការី​ផង​ដែរ​។ គោលដៅ​មួយ​ក្នុង​ចំណោម​គោល​ដៅ​អភិវឌ្ឍន៍​សហ ស្សវត្សរ៍​​របស់​កម្ពុជា ​គឺ​ថាត្រូវ​ធ្វើ​ឲ្យ​ពលរដ្ឋ​រស់​នៅ​តាម​ទី​ជន​បទចំនួន​​៥០​ភាគរយ​ទទួល​បាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ និង​ធ្វើ​ឲ្យ​មាន​អនាម័យកាន់​តែ​ប្រសើរ​សម្រាប់​ពលរដ្ឋ​ ៣០​ភាគរយ​ឲ្យ​បាន​ត្រឹម​ឆ្នាំ​២០១៥​៕​​ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស