34 C
Phnom Penh

រដ្ឋាភិបាល​កត់​ត្រា​​​​ថា ចំណូល​ពន្ធ​កើន​ឡើង​១៦,១ភាគរយ​​ក្នុង​ឆ្នាំ​២០១៣បើ​ធៀប​នឹងឆ្នាំ​២០១២

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​សេចក្តី​ប្រកាស​​ចេញ​ផ្សាយ​ដោយ​​​អគ្គ​​នាយកដ្ឋាន​ពន្ធដារ ​នៃ​ក្រសួង​សេដ្ឋ​​​កិច្ច និង​ហិរញ្ញវត្ថុ​ ​បង្ហាញ​ថា រដ្ឋា​ភិបាល​សម្រេច​បាន​ចំណូល​ពន្ធ​ជិត​៨៨១,៤លាន​ដុល្លារ​ ក្នុង​ឆ្នាំ​២០១៣ ពោល​គឺ​កើន​ឡើង​១៦,១​ភាគ​រយ បើ​ធៀប​ចំណូល​ពន្ធ​ក្នុង​ឆ្នាំ​២០១២។

​សេចក្តី​ប្រកាស​នេះបាន​ឲ្យ​ដឹងទៀតថា លោក គង់ វិបុល អគ្គនាយក​ នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​ បាន​លើក​ឡើង​ថា កំណើន​នៃ​ចំណូល​ពន្ធនេះ​សម្រេច​បាន​ដោយ​សារ​​មន្ទីរ​​ពន្ធដា​រនានា​ និង​មន្ត្រី​នាយក​ដ្ឋា​ន​ទាំង​នោះ​ ធ្វើការ​មាន​ប្រសិទ្ធភាព​ និង​មាន​វិជ្ជាជីវៈ​ជាង​មុន​។

សេចក្តី​ប្រកាស​នោះមាន​ខ្លឹមសារ​ថា “លោក [គង់ វិបុល] បានលើក​សសើរ​មន្ទីរ​ពន្ធដា​រទាំង​អស់ដែល​បាន​បន្ត​ការ​ខិត​ខំ​ធ្វើការ​… និង​បាន​សរសើរ​មន្ត្រី​ទទួល​បន្ទុក​ផ្នែក​ពន្ធ​ ដែល​បាន​ពង្រឹង​ក្រម​សីលធម៌​វិជ្ជា​ជីវៈ​ ដោយ​អនុវត្ត​ច្បាប់​ និង​ពង្រឹង​វិន័យ​”។ តួលេខ​ថ្មី​បំផុត​នេះ​បង្ហាញ​ថា ចំណូល​ពន្ធ​បាន​កើន​ឡើង​៥,៨ភាគ​រយ​ក្នុង​ខែ​ធ្នូ បើ​ធៀប​នឹងខែ​ដូចគ្នា​ កាលពី​ឆ្នាំ​មុន ពោលគឺ​សម្រេច​បាន​ចំណូល​ពន្ធ​៨១,២លាន​ដុល្លារ​ក្នុង​ថវិកា។

ចំណូល​បាន​ពី​កំពង់​ផែ​ និង​អាកាស​យាន​ដ្ឋាន​កើន​ឡើង​ស្ទើរ​តែ​ទ្វេ​ដង​ បើធៀប​នឹង​ឆ្នាំ​​២០១២ ​ហើយ​​ចំណូល​ពន្ធ​បាន​ពី​វិស័យ​កាត់​ដេរ​ បាន​កើន​ឡើង​៤៤,៥​ភាគ​រយ​និង​ខណៈដែល​ចំណូល​ពន្ធ​បាន​ពី​វិស័យ​សំណង់​បាន​កើន​ឡើង​៣៤,២ភាគ​រយ​។ ចំណូល​ពន្ធ​បាន​ពី​សកម្មភាព​ផលិត​ម្ហូប​អាហារ បាន​កើន​ឡើង​​៥៣,៧ភាគរយ​ និង​ចំណូល​បាន​ពី​សកម្មភាព​ផលិត​ថាមពល​អគ្គិ​សនី​ បាន​កើនឡើង​៣៦,៣ភាគរយ​។ ចំណូល​​​ពន្ធ​ទទួល​បាន​ពី​ការ​លក់​រថយន្ត​ បាន​កើន​ឡើង​២៣៦,៦ភាគរយ​។

លោក យេត ជ័យ​សាន អ្នកស្រាវ​ជ្រាវ​នៅ​បណ្តាញ​ទំនាក់​ទំនង​សម្រាប់​គណនេយ្យ​ភាព​សង្គម​ក្នុង​តំបន់​អាស៊ីបូពា៌​បាន​លើក​ឡើង​ថា ប្រព័ន្ធ​ប្រមូល​ពន្ធ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​មាន​ចន្លោះ​ប្រហោង​ ជា​ហេតុ​បណ្តាល​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ មាន​លទ្ធ​ភាពគេចវិះ​ពីការ​បង់​ពន្ធ​ផ្ទាល់​ខ្លួន​ ជា​ពិសេស​​ពន្ធទៅលើ​ការ​ទិញ​គ្រឿង​ប្រណិត​ៗ​ ដូចជា​ រថយន្ត​ជា​ដើម​។លោក​បាន​ថ្លែង​ថា “ ការ​ប្រមូល​ពន្ធ​នៅ​មិន​ទាន់​សុក្រឹត​ទេ​ ដោយ​សារ​តែ​មាន​​ការ​ជ្រៀត​ជ្រែកពី​សំណាក់អ្នក​​មាន​មុខ​តំណែង​​​​ដែល​មាន​អំណាច​ ពោលគឺ​មន្ត្រី​មាន​រថយន្ត​ ដែល​គួរ​តែ​បង់​ពន្ធ​នោះ​បែរជាគេច​វិះ​ពី​ការ​បង់​ពន្ធ​ ដោយ​ប្រើ​ស្លាក​លេខ​រដ្ឋ​ ដូចជា ស្លាក​លេខ​កង​យោធពល​ខេមរភូមិន្ទ​ជាដើម”៕​សុធា​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស