29.3 C
Phnom Penh

មេដឹកនាំ​គណបក្សសង្គ្រោះ​ជាតិ​​ទាំង​ពីរ​រូប​បង្ហាញខ្លួននៅតុលាការ​នៅ​ថ្ងៃនេះ​ជាមួយ​មេធាវី​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​បាន​​លើក​ឡើង​កាលពីម្សិលមិញ​ថា លោក សម រង្ស៊ី និង​លោក​ កឹម សុខា មេដឹកនាំ​គណ​បក្ស​ប្រឆាំង​ត្រូវ​​បង្ហាញ​ខ្លួន​នៅ​​ចំពោះ​មុខ​សាលា​ដំបូ​ង​រាជធានីភ្នំពេញ​តាម​ការ​គ្រោង​ទុក​នៅ​ព្រឹកនេះ​បន្ទាប់ពី​រក​បាន​មេធាវីថ្មី​។

លោក សម រង្ស៊ី និង​លោក កឹម សុខា ព្រម​ទាំ​ង​លោក រ៉ុង ឈុន និង​លោក អាត់​ ធន់ មេដឹកនាំ​សហជីព​នឹង​ត្រូវ​សាក​សួរ​​ចំពោះ​​ការ​ចោទ​ប្រកាន់ថា បាន​​ញុះញង់​កម្មករ​រោង​ចក្រ​កាត់​ដេរ​ឲ្យ​ចូល​រួមធ្វើការ​​តវ៉ា​កាល​ពីថ្ងៃ​ទី៣ ខែ​មករា ហើយ​ក្នុង​ការ​តវ៉ា​នោះ​​នគរ​បាល​បាន​បាញ់​សម្លាប់​កម្មករ​ប្រាំ​នាក់​។ លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​កាល​ពីថ្ងៃ​អាទិត្យ​ថា គណបក្ស​របស់​លោក​នឹង​ស្វែង​រក​មេធាវីថ្មី​បន្ទាប់​ពីលោក ជូង ជូងី មេធាវី​ដំបូង​របស់​​ពួកគាត់នោះ​​មាន​ប្រសាសន៍​ថា លោក​​ជាប់​រវល់​​ដោះ​ស្រាយ​រឿង​ក្ដី​ផ្សេង​ ហើយ​បាន​ស្នើ​ឲ្យ​តុលាការ​ពន្យារ​​ពេល​​ការ​សាក​សួ​រ​នៅ​​ថ្ងៃ​​នេះ​។

លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណ​បក្ស​សង្គ្រោះជាតិ​ ​មាន​ប្រសាសន៍​កាល​ពីម្សិល​​មិញ​ថា ​លោក​ទាំង​ពីរ​នឹង​ត្រូវ​តំណាង​​​​ដោយ​​លោក​មេធាវី​ កែត ឃី ដែល​ជា​សមាជិក​សភា​គណបក្ស​ សម ​រង្ស៊ី កាល​ពី​អាណត្តិ​មុន​។ លោក​បាន​មាន​ប្រសាសន៍​ថា “លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​លោក​ កឹម សុខា អនុប្រធាន​នឹង​បង្ហាញ​ខ្លួន​នៅតុលាការ​ ដោយមាន​​លោក កែត ឃី មេធាវី​តំណាង​លោក​ទាំង​ពីរ​ ហើយ​​គ្មាន​​​អ្វី​ផ្លាស់​ប្ដូរ​ឡើយ​”។

លោក កែត ឃី បាន​មាន​ប្រសាសន៍​ថា លោក​ ហៀង សុភក្ត្រ ព្រះរាជ​អាជ្ញា​រង​នឹង​សាក​សួរ​កូន​ក្ដី​របស់​លោក​ដាច់​ដោយ​ឡែក​ពីគ្នា​ ដោយ​លោក​ កឹម សុខា បង្ហាញ​ខ្លួន​នៅ​ម៉ោង​៩​ព្រឹក​ ហើយ​លោក សម រង្ស៊ី បង្ហាញ​ខ្លួន​នៅ​ម៉ោង​១០ព្រឹក​។

លោក ខេង ទីតូ អ្នក​នាំពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​មាន​ប្រសា​សន៍​ថា មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​នឹង​ទៅ​រក្សា​សន្តិ​សុខ​នៅជុំវិញ​តុលាការ​នោះ ប៉ុន្តែ​មិន​បាន​​បញ្ជា​ឲ្យ​បំបែក​ក្រុម​ណាមួយ​ដែល​បាន​ចេញ​មក​គាំទ្រ​មេដឹកនាំទាំងពីររូប​នេះ​ឡើយ​។ លោក​ឧត្តម​សេនីយ៍​ត្រី ខេង ទីតូ បាន​​​មាន​​ប្រសាសន៍​ថា “កង​រាជ​អាវុធ​ហត្ថ​នឹង​ត្រូវ​ដាក់​ពង្រាយ​ដើម្បី​រក្សា​សន្ដិសុខ​។ មិន​មាន​ការ​ដាក់​កម្លាំង​ច្រើន​ទេ​ ហើយ​ពួកគេ​នឹង​មិន​ផ្ដោត​លើ​អ្នក​តវ៉ា​ឡើយ​”។

កាលពីដើម​ខែ​នេះ រដ្ឋាភិបាល​បាន​ចេញ​បម្រាម​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​ជួប​ជុំគ្នា​ជា​សាធារណៈ​ដែលមាន​មនុស្ស​ចាប់​ពី​១០​នា​ក់​ឡើង​ទៅ​។ ​

លោក​ សម រង្ស៊ី​ បាន​មាន​ប្រសាសន៍​ថា លោកនិង​លោក​ កឹម សុខា មិនអាច​ហាម​ឃាត់​​​​អ្នក​គាំទ្រ​មិន​ឲ្យធ្វើដំណើរ​ទៅ​​​មុខ​​តុលា​ការ​បាន​ឡើយ​។ លោក សម រង្ស៊ី​ បាន​មាន​ប្រសាសន៍​ថា “យើង​មិន​បាន​ស្នើ​សុំ​ឲ្យ​នរណា​ម្នាក់​មក​​ទេ ហើយ​ក៏មិន​បាន​ជំរុញ​ប្រជា​ពល​រដ្ឋ​ឲ្យ​មក​ដែរ​ ប៉ុន្តែ​យើង​មិនអាច​ហាម​ឃាត់​ពួកគាត់​មិន​​​​​​ឲ្យ​មក​បាន​ទេ​។ វា​ជា​សេរី​ភាព​របស់​បុគ្គល​គ្រប់​រូប​ដែលចង់​ធ្វើ​អ្វី​ដែល​ខ្លួន​​ចង់​”។

កាលពីម្សិលមិញ គណៈប្រតិភូ​សហ​ភាព​អឺរ៉ុបប្រចាំ​រាជ​ធានីភ្នំពេញ​ក៏​បាន​ចេញ​  “សេច​​​​ក្តី​​ប្រកាស​បន្ទាន់​មួយ​” បញ្ជាក់​ថា លោក​ ហ្សង់ ហ្វ្រង់ស័រ កូតាំង ឯកអគ្គ​រដ្ឋ​ទូត​របស់​ខ្លួន​នឹង​មិន​​​​ទៅ​​តុលាការ​អម​លោក​ សម រង្ស៊ី និង​លោក កឹម សុខា នៅថ្ងៃ​នេះ​ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ​របស់​លោក​ឡើយ​។ សេចក្ដី​ប្រកាស​នេះ​បាន​លើក​ឡើង​ថា គណៈ​ប្រតិភូ​…​សូម​បញ្ជាក់​ថា ព័ត៌មាន​​​ចុះ​ផ្សាយ​នៅ​ក្នុង​គេហទំព័រ​ហ្វេស​ប៊ុក​​ឈ្មោះ​ថា “គណៈបក្ស​សង្គ្រោះជាតិ​ សុធាណា”  ដែល​​លើក​ឡើង​​ថា ឯកអគ្គរដ្ឋទូត​សហ​ភាព​អឺរ៉ុប​នឹង​ចូល​រួម​​ការ​សាក​សួរ​នៅ​​តុលា​ការ​នោះ…​ជារឿង​មិន​​​​ពិត​ទាល់​តែសោះ​”៕​ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស