មន្ត្រីនគរបាលម្នាក់ដែលបានបាញ់ឲ្យបុរសម្នាក់ស្លាប់ និងពីរនាក់ទៀតរងរបួសក្នុងការប៉ុនប៉ងចាប់ខ្លួនអ្នកនេសាទខុសច្បាប់មិនបានសម្រេចនៅក្នុងខេត្តកណ្តាលកាលពីខែមករា ឆ្នាំ២០១១នោះ កាលពីម្សិលមិញត្រូវសាលាឧទ្ធរណ៍កាត់បន្ថយទោសជាប់ពន្ធនាគាររបស់គាត់ពីប្រាំបីឆ្នាំមកប្រាំមួយឆ្នាំ។
លោក នី ឈឿន ជាមន្ត្រីនគរបាលត្រូវបានសាលាដំបូងខេត្តផ្តន្ទាទោសកាលពីខែកុម្ភៈ ឆ្នាំ២០១២ឲ្យជាប់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំពីបទមនុស្សឃាតដោយចេតនាបន្ទាប់ពីគាត់បានបាញ់អ្នកនេសាទបីនាក់ នៅពេលពួកគេប្រើឧបករណ៍ឆក់ត្រីដែលគេហាមឃាត់នៅបឹងមួយក្នុងឃុំកោះខែល ស្រុកស្អាង។
លោក ញូង ធុល ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានមានប្រសាសន៍កាលពីម្សិលមិញថា សាលាឧទ្ធរណ៍បានតម្កល់សាលក្រមដើមពីបទមនុស្សឃាតដោយចេតនា ប៉ុន្តែបានសម្រេចកាត់បន្ថយទោស តែលោកមិនបានពន្យល់ពីមូលហេតុនៃការកាត់បន្ថយទោសជាប់ពន្ធនាគារនេះឡើយ។ លោកចៅក្រម ញូង ធុល បានមានប្រសាសន៍ថា “តុលាការបានសម្រេចកែប្រែទោសជាប់ពន្ធនាគាររបស់លោក នី ឈឿន ពីប្រាំបីឆ្នាំមកប្រាំមួយឆ្នាំ”។
លោក អ៊ឹម ម៉ាច មេធាវីចុងចោទបានមានប្រសាសន៍ថា កូនក្តីរបស់លោកដែលអះអាងថា គាត់បាញ់ត្រូវបុរសទាំងនេះដោយអចេតនានៅពេលបាញ់ព្រមាននោះ នឹងពិចារណាប្តឹងទៅតុលាការកំពូល។ លោកមានប្រសាសន៍ថា “វាមិនយុត្តិធម៌សម្រាប់កូនក្តីខ្ញុំទេ ពីព្រោះគាត់គ្មានបំណងបាញ់សម្លាប់ជនរងគ្រោះឡើយ គាត់គ្រាន់តែបំពេញបេសកកម្មប៉ុណ្ណោះ”៕សារុន