សកម្មជន និងព្រះសង្ឃជាង៥០អង្គនាក់ដែលប្រឆាំងនឹងបម្រាមថ្មីចំពោះសកម្មភាពប្រមូលផ្តុំ បានជួបជុំគ្នានៅខាងក្រៅការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅប្រទេសកម្ពុជា កាលពីព្រឹកម្សិលមិញ ដើម្បីទាមទារឲ្យមានការដោះលែងបុរស២៣នាក់ឆាប់ៗនេះ។ គួរបញ្ជាក់ថា បុរសទាំងនេះត្រូវបានចាប់ខ្លួនកាលពីដើមខែនេះអំឡុងហេតុការណ៍ប៉ះទង្គិចគ្នាដោយហិង្សា រវាងក្រុមនគរបាល និងកម្មករកាត់ដេរ។
បុរសទាំង២៣នាក់នោះត្រូវបានចាប់ខ្លួនអំឡុងការតវ៉ារយៈពេលពីរថ្ងៃ ដើម្បីទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យកាត់ដេរ ក៏ប៉ុន្តែ សកម្មភាពតវ៉ានេះបានបញ្ចប់ទៅដោយមានការបាញ់សម្លាប់អ្នកតវ៉ាប្រាំនាក់ ពីសំណាក់កងរាជអាវុធហត្ថនៅខាងក្រៅរោងចក្រមួយក្នុងរាជធានីភ្នំពេញ កាល ពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។
មួយថ្ងៃក្រោយមក ក្រសួងមហាផ្ទៃបានចេញបញ្ជាឲ្យផ្អាកសកម្មភាពជួបជុំគ្នាជាសាធារណៈដែលមានអ្នកចូលរួមចាប់ពី១០នាក់ឡើងទៅ ហើយបុរសទាំង២៣នាក់នោះក៏ត្រូវបានចោទប្រកាន់ថា បានញុះញង់ឲ្យមានអំពើហិង្សា និងសកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជន។ បុរសទាំងនោះប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំក្នុងម្នាក់។
នៅក្នុងឱកាសដែលបេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស គឺលោក សូរិយា ស៊ូបេឌី (Surya Subedi) បានបំពេញទស្ស នកិច្ចនៅប្រទេសកម្ពុជា កាលពីថ្ងៃអាទិត្យ សកម្មជន ព្រះសង្ឃ និងសាច់ញាតិទាំង២៣នាក់ដែលត្រូវបានឃុំខ្លួននោះ បានជួបជុំគ្នានៅខាងក្រៅទីស្នាក់ការអង្គការសហប្រជាជាតិ ដោយមានបដា និងញត្តិមួយ ដើម្បីស្នើឲ្យបេសកជនពិសេសរូបនេះ ជួយជំរុញឲ្យមានការដោះលែងអ្នកទោសទាំងនេះ។
អ្នកស្រី ប្រាក់ សុវណ្ណារី ភរិយារបស់មេដឹកនាំសហជីពជាប់ឃុំឈ្មោះ វ៉ន ពៅ បាននិយាយថា “យើងដឹងហើយថា រដ្ឋាភិបាលកម្ពុជា និងតុលាការមិនដែលធ្វើបានអ្វីល្អ សម្រាប់ប្រជាជនរបស់ខ្លួនទេ ហើយក្តីសង្ឃឹមតែមួយគត់របស់យើងគឺថា មានតែអ្នកក្រៅប៉ុណ្ណោះ ទើបអាចដាក់សម្ពាធលើរដ្ឋាភិបាលបាន”។
អង្គការសិទ្ធិមនុស្ស លីកាដូ ដែលបានបញ្ជូនក្រុមគ្រូពេទ្យមួយក្រុម ឲ្យទៅជួបអ្នកទោសទាំងនោះនៅក្នុងពន្ធនាគារកាលពីសប្តាហ៍មុន បានឲ្យដឹងថា បុរសទាំង២៣នាក់នោះទំនងជាទទួលរងនៅការវាយដំនៅមុន និងក្រោយការចាប់ខ្លួន ហើយលោក ពៅ ស្ថិតក្នុងស្ថានភាពពិបាកបំផុត ដោយសារតែលោកទទួលបានពីការវះកាត់តម្រងនោម កាលពីពេលថ្មីៗនេះ។ បុរសទាំងនោះត្រូវបានឃុំខ្លួននៅក្នុងមណ្ឌលកែប្រែ៣ ដែលគេដឹងថា មានស្ថានភាពពិបាករស់នៅបំផុត នៅខេត្តកំពង់ចាម ក្បែរព្រំដែនប្រទេសវៀតណាម។
លោក ស៊ូបេឌី បានចេញមកក្រៅដើម្បីជួបពិភាក្សាជាមួយក្រុមអ្នកតវ៉ាមួយសន្ទុះ ទទួលញត្តិរបស់ពួកគាត់ និងសន្យាថា លោកនឹងជួបពួកគាត់។ លោកបានមានប្រសាសន៍ថា “ខ្ញុំនឹងពិនិត្យស្ថានភាពឲ្យបានដិតដល់តាមលទ្ធភាពដែលអាចធ្វើទៅបាន។ ខ្ញុំនឹងខិតខំឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំ ក្នុងការជំរុញឲ្យអាជ្ញាធរយកចិត្តទុកដាក់ចំពោះក្តីកង្វល់របស់អ្នកទាំងអស់គ្នា”។
លោក ស៊ូបេឌី ដែលមកធ្វើទស្សនកិច្ច នៅប្រទេសកម្ពុជារយៈពេលមួយសប្តាហ៍ ដើម្បីធ្វើបច្ចុប្បន្នភាពចំពោះខ្លួនឯង ជុំវិញស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នាពេលបច្ចុប្បន្ននោះនឹងជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃស្អែក។
ទោះបីជាមានបម្រាមមិនឲ្យមានការជួបជុំជាសាធារណៈក៏ដោយ នគរបាលមិនបានប៉ុនប៉ងបង្ក្រាបសកម្មភាពតវ៉ាកាលពីព្រឹកម្សិលមិញនេះទេ ប្រហែលជាដោយសារតែ មានការព្រួយបារម្ភខ្លាចហេតុការណ៍ហិង្សាកើតឡើង នៅចំពោះមុខអង្គការសហប្រជាជាតិ។
ទោះបីជាយ៉ាងនេះក៏ដោយ ក៏កាលម្សិលមិញលោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធលើផ្ទៃប្រទេស បានឲ្យដឹងថា អាជ្ញាធរបានជ្រើសរើសយក “ការរក្សាភាពអត់ធ្មត់” ចំពោះក្រុមអ្នកតវ៉ាទាំងនេះ។ លោកបានមានប្រសាសន៍ថា “យើងមិនបំបែកពួកគេទេ ដោយសារតែរដ្ឋាភិបាល និងអាជ្ញាធរមានភាព អត់ធ្មត់ ចំពោះពួកគេ ហើយយើងមិនបានទទួលបញ្ជាពីថ្នាក់លើឲ្យបំបែកពួកគេទេ”។
ដោយមិនញញើតនឹងបម្រាមនេះ អ្នកតវ៉ាមួយចំនួនបានប្តេជ្ញាបង្កើនចំនួនអ្នកតវ៉ា និងពង្រឹងសកម្មភាពតវ៉ាបែបនេះរហូតទាល់តែអ្នកទោសទាំងនោះត្រូវបានដោះលែង។
មេធាវីរបស់លោក ពៅ បានដាក់សំណើសុំនៅក្រៅឃុំមួយទៅសាលាឧទ្ធរណ៍ កាលពីម្សិលមិញ បន្ទាប់ពីសាលដំបូងរាជធានីភ្នំពេញ បានបដិសេធមិនឲ្យលោក ពៅ នៅក្រៅឃុំ កាលពីថ្ងៃសុក្រ ដោយឈរលើមូលដ្ឋានធានាសណ្តាប់ធ្នាប់សាធារណៈ។ មន្ត្រីតុលាការដែលទទួលបន្ទុករឿងក្តីប្រឆាំងលោក ពៅ និងបុរសប្រាំបួននាក់ផ្សេងទៀត ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២ ខែមករានោះ មិនអាចទំនាក់ទំនងធ្វើសេចក្តីអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ។
ទាក់ទងទៅនឹងបទចោទប្រកាន់បុរស១៣នាក់ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃ ទី៣ ខែមករា លោក ភូ ពៅស្រ៊ុន ចៅក្រមស៊ើបសួរអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សំណុំរឿងទាំងនេះកំពុងដំណើរការទៅមុខហើយ។ លោកបានមានប្រសាសន៍ថា “យើងកំពុងតែសាកសួរដើមចោទ និងចុងចោទ និងប្រមូលភ័ស្តុតាង ដើម្បីដាក់ការចោទ ឬក៏ដកការចោទប្រកាន់ពួកគេ ហើយយើងនឹងបញ្ជូនពួកគេទៅកាត់ទោស”។
កាលពីព្រឹកម្សិលមិញផងដែរ សហជីពនិងអង្គការក្រៅរដ្ឋាភិបាល៦៥រួមទាំងអង្គការ អុកស្វាម (Oxfam) និងអង្គការតម្លាភាពអន្តរជាតិ (Transparency International) បានជួបជុំគ្នានៅក្នុងរាជធានីភ្នំពេញ និងបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីចោទនគរបាលថា បានប្រើកម្លាំងហួសហេតុ។ លើសពីនេះទៀត ស្ថាប័នទាំងនេះបានហៅការចាប់ខ្លួនបុរសទាំង២៣នាក់ ដែលធ្វើឡើងដោយកម្លាំងសន្តិសុខ និងមនុស្សដែលស្លៀកពាក់មិនត្រឹមត្រូវតាមច្បាប់ និងបានជំរុញឲ្យរដ្ឋាភិបាលដោះលែងបុរសទាំងនេះ។
ស្ថាប័នទាំងនេះបានចោទប្រកាន់នគរបាលថា បានជំរុញឲ្យមានអំពើហិង្សា ដែលនាំឲ្យមានការបាញ់ប្រហារ ដោយប្រើដំបងឆក់ ដើម្បីបំបែកក្រុមអ្នកតវ៉ាដោយសន្តិវិធី ហើយបានអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យមួយចំពោះហេតុការណ៍នេះ ព្រមទាំងបានអំពាវនាវឲ្យមានការដាក់ចេញនូវចំណាត់ការច្បាប់ទៅលើឧក្រិដ្ឋជន និងការតបស្នងទៅនឹងអ្នកដែលទទួលរងរបួស និងក្រុមគ្រួសាររបស់អ្នកស្លាប់។
លោក យ៉េង វីរៈ នាយកប្រតិបត្តិមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានមានប្រសាសន៍នៅក្នុងកម្មវិធីជួបជុំអង្គការក្រៅរដ្ឋាភិបាលនេះថា “ ប្រសិនបើដំបងឆក់មិនត្រូវបានប្រើប្រាស់ទេនោះ… ខ្ញុំគិតថា អំពើហិង្សាមិនកើតឡើងទេ”។
អង្គការក្រៅរដ្ឋាភិបាលនានា បានបង្ហាញវីដេអូមួយដែលត្រូវបានចែកចាយយ៉ាងទូលំទូលាយ និងត្រូវបានចងក្រងដោយអង្គការ លីកាដូ។ វីដេអូនោះបង្ហាញពីសកម្មភាពប៉ះទង្គិចគ្នា ដោយឃើញថា នគរបាលបានទាត់ និងវាយអ្នកតវ៉ាដែលហាក់ដូចជាមិនបានតដៃទេ។
លោក សុខ សំអឿន ជាមេធាវីផ្នែកសិទ្ធិមនុស្សដ៏លេចធ្លោមួយរូបបានមានប្រសាសន៍ថា “នេះមិនមែនជាការការពារទេ”។ លោក បានលើកឡើងបែបនេះដោយចង់រិះគន់ឥរិយាបថរបស់នគរបាល ជាពិសេសរិះគន់អ្វីដែលលោកហៅថា ជាការប្រើប្រាស់មន្ត្រីយោធាដោយខុសច្បាប់ ក្នុងការឆ្លើយតបទៅនឹងស្ថានភាពច្របូកច្របល់នៅក្នុងប្រទេស។
លោកបានមានប្រសាសន៍បន្តទៀតថា “វាមិនមែនជារឿងសមស្របទេដែលមានការប្រើកម្លាំងយោធាក្នុងអន្តរាគមន៍ក្នុងរឿងសន្តិសុខផ្ទៃក្នុង។ កងទ័ពគួរតែរក្សាភាពអព្យាក្រិត្យ ប្រសិនបើពួកគេចង់រក្សាលទ្ធិប្រជាធិបតេយ្យ។ យើងមានច្បាប់ជាច្រើន ក៏ប៉ុន្តែ ច្បាប់មួយចំនួនគ្រាន់តែហាក់ដូចជាក្រមប្រតិបត្តិ ពីព្រោះមិនមានការពិន័យ [សម្រាប់ការល្មើសច្បាប់ទាំងនេះ] និងគ្មានការអនុវត្ត”។
លោក ហ៊ុន សែន បានចាត់តាំងក្រសួងមហាផ្ទៃឲ្យអនុវត្តគម្រោងស្រាវជ្រាវអំពីហេតុការណ៍ប៉ះទង្គិចគ្នាទាំងនេះ៕ សុធា