27.5 C
Phnom Penh

ក្រសួង​ការ​ពារជាតិ​លើកឡើង​ថា មន្ត្រី​កងយោធពល​ខេមរភូមិន្ទ​មិន​បាន​ប្រព្រឹត្ត​អំពើពុក​រលួយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិលមិញ​ ក្រសួង​ការពារ​ជាតិ​បាន​លើកឡើង​ថា ពាក្យ​បណ្តឹង​ដែល​ប្តឹង​មេ​បញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ពី​បទ​ពុក​រលួយ​ និង​ប្រព្រឹត្ត​ប​ទ​ល្មើស​ជាច្រើន​ទៀត​នោះ​ត្រូវ​បាន​​​​​ដោះ​ស្រាយ​រួច​ហើយ​កាល​ពី​ឆ្នាំ​២០​១១​។

កាល​ពីថ្ងៃ​សុក្រ​ ទាហា​​ន​ខេត្ត​បាន​ជូន​ដំណឹង​​​ទៅ​​អង្គ​ការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​អាដ​ហុក​ពី​ពាក្យ​បណ្តឹង​មុនៗ​របស់ខ្លួន​ដែលប៉្តឹង​ទៅ​តុលាការ​និង​មន្ត្រី​រដ្ឋាភិបាល​ ដែល​ក្នុង​ពាក្យ​បណ្តឹង​នោះ​ពួកគេ​បាន​​​​ចោទ​ប្រកាន់​លោក​ឧត្តម​សេនីយ៍​ត្រី ផ្លន​ តារា មេ​បញ្ជា​ការ​​​​កង​យោ​ធពល​ខេម​រភូមិន្ទ​ខេត្ត​បន្ទាយ​មាន​ជ័យ​និងលោក​វរសេនីយ៍​​​​​​​ឯក​ កែវ សេងឡុង ​មេ​បញ្ជាការ​រង​ដែលត្រូវ​ជា​សាច់ថ្លៃ​របស់​លោក​ថា បាន​ប្រព្រឹត្ត​បទ​ល្មើស​​​​ជា​ច្រើន ​​រួម​មាន​​​ការ​កាត់​ប្រាក់​ខែ​ទាហាន​ យោធិន​ពិការ​ អតីត​យុទ្ធ​ជន​ លួច​ទ្រព្យ​សម្បត្តិ​កង​យោ​ធពលខេម​រ​ភូមិន្ទ​ និង​បន្ថែម​ឈ្មោះ​ខ្មោច​ក្នុង​បញ្ជី​បើក​ប្រាក់​ខែ​។

លោក វណ្ណ ឆោម អតី​តមេ​បញ្ជា​ការ​​​​រង​​ខេត្ត​​ជា​តំណាង​ទាហាន​ទាំង​នោះ​បាន​ងាក​ទៅ​​​​រក​អង្គការ​អាដ​ហុក​វិញ​កាល​ពីថ្ងៃ​សុក្រ ដោយ​លើកឡើង​ថា តុលាការ​ និង​មន្ត្រី​រដ្ឋា​​​ភិបាល​មិន​បាន​ដោះស្រាយពាក្យ​​ប​ណ្តឹង​​នោះ​​​​រយៈ​ពេល​ច្រើន​ឆ្នាំ​​មក​ហើយ​​រួម​ទាំង​ លោក​ ទៀ​ បាញ់​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិនិង​លោក​​​​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ផង។

ទោះ​យ៉ាង​ណា លោក ឈុំ សុជាតិ​ អ្នក​នាំ​​​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​បាន​មាន​ប្រសា​សន៍​កាល​ពីម្សិលមិញ​ថា នាយក​ដ្ឋាន​អធិការ​កិច្ច​នៅ​ក្រសួង​​​បាន​សើុប​អង្កេត​រឿង​ក្តី​នេះ​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ​ ហើយ​បាន​រក​ឃើញ​​ថា ទាំង​លោក​ឧត្តម​សេនីយ៍ត្រី ផ្លន​ តារា និង​លោក​វរ​សេនីយ៍​ឯក សេង​ឡុង មិន​​​មាន​​​កំហុស​ទេ​។

លោក ឈុំ សុជាតិ​ បាន​មាន​​ប្រសាសន៍​ថា “ ឯក​ឧត្តម​ ទៀ​ បាញ់់ បា​ន​បញ្ជា​ឲ្យ​នាយក​ដ្ឋាន​អធិការ​កិច្ច​ក្រសួង​ការ​ពារ​ជាតិ​ស៊ើប​អង្កេត​កាល​ពី​ថ្ងៃ​ទី​២៣​ខែ​កុម្ភៈ​​ឆ្នាំ​២០១១ ប៉ុន្តែ រក​មិន​​​​ឃើញ​កំហុស​របស់​លោក​ ផ្លន តារា ឡើយ​”។

លោក ឈុំ សុជាតិ​ បានមាន​ប្រសាសន៍​​បន្ថែ​មទៀត​ថា សេចក្តី​រាយ​ការណ៍​ព័ត៌​មាន​ចោទ​ប្រកាន់​ថា លោក​ឧត្តម​​​​សេនីយ៍​ នាង​ ផាត រដ្ឋ​លេខា​ធិការ​ និង​លោក ប៊ុន សេង មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​៥​ដែល​​​​ឈរ​ជើង​នៅខេត្ត​បាត់​ដំបង  ប៉ៃលិន ពោធិ៍​​​សាត់​​​​​​​​​ និង​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​គាំទ្រ​ឧត្តម​សេនីយ៍​ត្រី ផ្លន​ តារា​​ នោះ​ ក៏​មិន​ត្រូវ​​​ដែរ​។ លោក​មាន​ប្រសាសន៍​ថា “យើង​មិន​ចង់​​​ឲ្យសាធារណ​ជន​មាន​ការ​ភាន់​ច្រឡំ​អំពី​រឿង​នេះ​ទេ​ ព្រោះ​វា​មិនមែនជា​រឿង​ថ្មី​ឡើយ​”។

លោ​ក ឈុំ សុជាតិ​ បាន​មាន​ប្រសា​សន៍​ថា “លោក​ ប៊ុន សេង​ មេបញ្ជា​ការ​យោធភូមិ​ភាគ​៥​ និង​លោក​ នាង ផាត រដ្ឋ​លេខា​ធិការ​មិន​បាន​​​​​​នៅ​ពីក្រោយ​លោក​ ផ្លន​​ តារា ទេ​”។ លោក​បាន​បន្ថែម​ថា លោក វណ្ណ ឆោម និង​ទាហាន​​​ផ្សេង​ទៀត​មាន​សិទ្ធិ​ដាក់​ពាក្យ​បណ្តឹង​ទៅ​អង្គការ​អាដ​ហុក​ ប្រសិន​បើ​ពួក​គេ​មិន​ពេញ​ចិត្ត​នឹង​ការ​សើុប​អង្កេត​របស់​ក្រសួង​ការ​ពារ​ជាតិ​។

លោក វណ្ណ សឿង ទាហាន​មួយ​រូប​ដែល​បាន​ផ្តិត​មេដៃ​លើ​ពាក្យ​បណ្តឹង​នោះ​ដែរ​បាន​និយាយ​កាល​ពីម្សិលមិញ​ថា លោក​មិនដែល​បាន​ឮអំ​ពីការ​ស៊ើប​អង្កេត​នេះ​​ទេ ហើយ​លោក​មិន​ពេញ​ចិត្ត​នឹង​ការ​ឆ្លើយ​តប​របស់​ក្រសួង​ឡើយ​។ លោក​បាន​និយាយ​ថា “ខ្ញុំ​គិត​ថា ការ​ស៊ើប​​អង្កេត​បាន​បញ្ចប់​ដោយ​គ្មាន​ការ​គោរ​ព​ច្បាប់​ទាល់​តែ​សោះ​ ពីព្រោះ​ពួកគេ​ការ​ពារ​​តែ​​ផល​ប្រយោជន៍​បុគ្គល​។ លោក ផ្លន​ តារា​ ជា​មេ​ចោរ​នៅ​តាម​ព្រំដែន​ ហើយ​ថ្នាក់​លើ​​បាន​​…​ដោះស្រាយ​បញ្ហា​នេះ​​ឲ្យ​គាត់​​​”។ លោក​បាន​បន្ថែម​ថា ក្រុមទាហាន​កំពុង​​រៀប​ចំ​ពាក្យ​បណ្តឹង​ផ្លូវការ​ដាក់ជូន​ទៅ​​អង្គ​​​ការ​អាដ​ហុក​៕ សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស