ស្រុកកោះធំ, ខេត្តកណ្តាល- កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើប្រាស់ពិធីបើកការដ្ឋានសាងសង់ស្ពានថ្មីមួយ ដែលភ្ជាប់ពីកម្ពុជាទៅវៀតណាម ដើម្បីបញ្ជាក់សាជាថ្មីថា លោកគ្មានផែនការចុះចេញពីតួនាទីរបស់លោកទេ ហើយបានប្រាប់អ្នកគាំទ្រគណបក្សប្រឆាំងដែលបានទាមទារឲ្យលោកចុះចេញនោះនៅរង់ចាំជាយូរទៀត។

ពិធីបើកការដ្ឋានសាងសង់ស្ពានជ្រៃធំដែលមានទឹកប្រាក់ចំនួន៣៨,៤លានដុល្លារនៅក្នុងស្រុកកោះធំខេត្តកណ្តាលដែលត្រូវបានព្រមព្រៀងអំឡុងពេលលោក ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមកាលពីខែមុននេះ ធ្វើឡើងនៅថ្ងៃទី៣ នៃដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោក ង្វៀន តាន់យ៉ុង នាយករដ្ឋមន្ត្រីវៀតណាម។
បន្ទាប់ពីបានទៅដល់ទីនោះតាមឧទ្ធម្ភាគចក្រដោយឡែកពីគ្នានៅម៉ោងប្រហែល៨ព្រឹក នាយករដ្ឋមន្ត្រីទាំងពីរបានឱបគ្នាមុនពេលស្វាគមន៍អ្នកគាំទ្រពេលដើរទៅកាន់វេទិកានៅជិតការដ្ឋានសាងសង់ស្ពានថ្មីនេះ។
បន្ទាប់ពីលោក តាន់យ៉ុង ថ្លែងសុន្ទរកថារយៈពេលខ្លីដែលត្រូវបានបកប្រែជាភាសាខ្មែរនោះ លោក ហ៊ុន សែន បានរំឭកពីប្រវត្តិនៃជម្លោះរវាងវៀតណាម និងកម្ពុជា ដោយប្រៀបធៀបពីការកាប់សម្លាប់ និងការលុកលុយនៅតាមព្រំដែនរបស់របប លន់ នល់ និងរបបខ្មែរក្រហមក្នុងទសវត្សរ៍ឆ្នាំ១៩៧០ជាមួយទំនាក់ទំនងជិតសិ្នទ្ធដែលរដ្ឋាភិបាលរបស់លោកមានជាមួយវៀតណាមចាប់តាំងពីពេលនោះមក។
លោក ហ៊ុន សែន ដែលត្រូវវៀតណាមលើកបន្តុបឲ្យធ្វើជានាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៨៥បានមានប្រសាសន៍ថា “ស្ពាននេះគឺជាស្ពានមិត្តភាពដ៏សំខាន់មួយ។ ប្រសិនបើប្រទេសទាំងពីមានជម្លោះជាមួយគ្នា មិនមានស្ពាននៅទីនេះទេថ្ងៃនេះ គឺមានន័យថា អាចមានអាវុធជាច្រើនដាក់នៅទីនេះ”។ លោកបានពន្យល់ប្រាប់ថា “ទំនាក់ទំនងនេះនឹងបំពេញតម្រូវការគ្នាទៅវិញទៅមក ហើយនឹងមិនធ្វើឲ្យខាងណាចាញ់ខាងណាឈ្នះនោះទេ។ កុំទម្លាក់គ្រាប់បែកពីខាងនេះឬខាងនោះ។ យើងទម្លាក់តែអគ្គិសនី និងទំនិញបានហើយ ហើយបន្ទាប់មកយើងទម្លាក់ទំនិញពីទីនេះទៅទីនោះ”។
ដោយបានប្រើពាក្យសម្តីឬភាសាកាយវិការមិនសូវល្អមួយចំនួនដែលធ្លាប់បានប្រើនៅពេលថ្លែងសុន្ទរកថាជាច្រើននៅមុនការបោះឆ្នោតជាតិកាលពីឆ្នាំមុននោះ លោក ហ៊ុន សែន ហាក់ដូចជាមានអារម្មណ៍ល្អ និងរាក់ទាក់នៅពេលថ្លែងសុន្ទរកថា ដោយនៅត្រង់ចំណុចមួយបាននិយាយលេងសើចអំពីមនុស្សរាប់ម៉ឺននាក់ដែលបានហែក្បួននៅទីក្រុងភ្នំពេញស្រែកទាមទារឲ្យលោកចុះចេញ។
លោក ហ៊ុន សែន បានសួរបែបលេងសើចដោយធ្វើឲ្យផ្ទុះសំណើចពីនាយករដ្ឋមន្ត្រីវៀតណាម និងអ្នកចូលរួមថា “អីចុះចេញទៅអើយ ម៉េច? ចាំទាល់តែយូរ គ្មានផ្លូវទេ។ ខ្ញុំឡើងតាមរដ្ឋធម្មនុញ្ញ ហើយចុះវិញក៏តាមរដ្ឋធម្មនុញ្ញដែរ ស្អីចុះអីក៏ស្រួលម៉្លេះ។ ធ្វើខុសពីនិងគឺអត់បាន”។
ទោះជាយ៉ាងណា លោក ហ៊ុន សែន ពិតជាបាននិយាយចំអកឲ្យមេដឹកនាំគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី និងលោក កឹម សុខា ដែលកាលពីចុងឆ្នាំនេះបានដឹកនាំកម្មកររោងចក្រកាត់ដេរដែលធ្វើកូដកម្មរាប់ម៉ឺននាក់ហែក្បួនក្នុងទីក្រុងភ្នំពេញ ដើម្បីទាមទារដំឡើងប្រាក់ខែគោល។ នាយករដ្ឋមន្ត្រីបានថ្លែងមុនពេលច្រានចោលការទាមទារប្រាក់ខែ១៦០ដុល្លារនេះថា “មនុស្សខ្លះទាមទារ១៦០ដុល្លារ ប៉ុន្តែ ពួកគេឲ្យប្រាក់ខែអ្នកបើករថយន្តរបស់ខ្លួនតែ៦០ដុល្លារប៉ុណ្ណោះ”។
នាយករដ្ឋមន្ត្រីរូបនេះ បានថ្លែងសំដៅដល់ការទាមទារប្រាក់ខែនៅក្នុងវិស័យមួយចំនួនថា “មានគេបានសរសេរអំពីរឿងនេះនៅតាមហ្វេសប៊ុកថា ប្រសិនបើកូនយំទារបាយ ឪពុកគួរវាយពួកគេ ប៉ុន្តែ ឪពុកមិនគួរវាយពួកគេទេ ហើយគ្រាន់តែប្រាប់កូននោះថា កូនឯងអាចទទួលបានបាយមួយវែកទៀត។ ដោយសារគ្រួសារយើងក្រ រង់ចាំរហូតដល់យើងមានបន្តិចទៀតសិន ហើយនៅពេលនោះឪពុកនឹងផ្គត់ផ្គង់ឲ្យកូនបានគ្រប់គ្រាន់”។
មួយសប្តាហ៍បន្ទាប់ពីកម្មកររោងចក្រកាត់ដេរធ្វើកូដកម្មទូទាំងប្រទេសកាលពីខែមុនដើម្បីឆ្លើយតបទៅនឹងការសម្រេចដំឡើងប្រាក់ខែគោលពី៨០ដុល្លារដល់៩៥ដុល្លារកាលពីថ្ងៃទី៣១ខែធ្នូ រដ្ឋាភិបាលបានប្រកាសពីការសម្រេចដំឡើងប្រាក់ខែគោលដល់១០០ដុល្លារ។
បីថ្ងៃក្រោយមក កងរាជអាវុធហត្ថប្រដាប់ដោយកាំភ្លើងអាកា៤៧បានបង្ក្រាបការតវ៉ានៅតាមផ្លូវវេងស្រេងដែលមានរោងចក្រកាត់ដេរច្រើនប្រឆាំងនឹងការដំឡើងប្រាក់ឈ្នួលបន្តិចបន្តួចនេះ ហើយបានបាញ់សម្លាប់កម្មកររោងចក្រកាត់ដេរធ្វើកូដកម្មប្រាំនាក់និងបាញ់ឲ្យរងរបួសជាង៤០នាក់។
នៅពេលថ្លែងសុន្ទរកថា លោកនាយរដ្ឋមន្ត្រីវៀតណាម ង្វៀង តាន់យ៉ុង បានលើកឡើងថា វៀតណាមផ្តល់មូលនិធិពាក់កណ្តាលក្នុងចំណោមមូលនិធិ៣៨,៤លានដុល្លារសម្រាប់សាងសង់ស្ពាននេះ ដែលឆ្លងកាត់ទន្លេបាសាក់ នូវចម្ងាយធ្វើដំណើរប្រហែល២ម៉ោងនៅភាគខាងត្បូងទីក្រុងភ្នំពេញ និងពាក់កណ្តាលទៀតផ្តល់ជាកម្ចីទៅឲ្យកម្ពុជាតាមរយៈកម្ចីសម្រាប់ជំនួយអភិវឌ្ឍន៍ផ្លូវការដែលមានការប្រាក់ទាប។
លោក តាន់យ៉ុង បាននិយាយសរសើរស្ពានថ្មីនេះថា “សូម្បីតែវៀតណាមក៏នៅជាប្រទេសក្រីក្រដែរ វៀតណាមនឹងបន្តផ្តល់ជំនួយអភិវឌ្ឍន៍ និងផ្តល់ហិរញ្ញវត្ថុជាប្រភេទផ្សេងៗទៀតដើម្បីផលប្រយោជន៍នៃប្រទេសជិតខាងដ៏ល្អរបស់យើង និងសម្រាប់ការយល់ដឹងពីគ្នាទៅវិញទៅមក”។ លោក តាន់យ៉ុង បានពន្យល់ប្រាប់ថា “ ការសាងសង់ស្ពាននេះនឹងធ្វើឲ្យការធ្វើដំណើរបានលឿនទៅកាន់ទីក្រុងភ្នំពេញ និងទៅកាន់ច្រកទ្វារព្រំដែនខេត្តអានយ៉ាង”។
បន្ទាប់ពីថ្លែងសុន្ទរកថារួច នាយករដ្ឋមន្ត្រីទាំងពីររូបបានធ្វើដំណើរទៅកាន់តុដែលបានរៀបចំដាក់នៅមាត់ទន្លេនោះ។លោកតាន់យ៉ុង ដែលពាក់មួកការពារបានចុចប៊ូតុងក្រហម ដើម្បីចាប់ផ្តើមបុកគ្រឹះសាងសង់ស្ពានដែលមានប្រវែង៤២៨ម៉ែត្រនេះជាផ្លូវការ។ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ស្ពាននេះនឹងត្រូវសាងសង់ដោយក្រុមហ៊ុនខ្មែរ គឺក្រុមហ៊ុន សុខ សុខា និងក្រុមហ៊ុនវៀតណាម CIENCO1 ហើយនឹងត្រូវបញ្ចប់ក្នុងរយៈពេល៣០ខែ៕ គឹមហឿន