អ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រមាណ២.០០០នាក់បានប្រមូលផ្ដុំគ្នានៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញ ដោយពួកគេបានបិទចរាចរណ៍តាមបណ្ដោយមហាវិថីព្រះមុនីរ៉េត និងបានបំពានបម្រាមរបស់រដ្ឋាភិបាលមិនឲ្យប្រមូលផ្ដុំគ្នានៅតាមទីសាធារណៈ ខណៈពេលលោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង ត្រូវបានតុលាការកោះហៅទៅសាកសួរជុំវិញការជាប់ពាក់ព័ន្ធរបស់ពួកគាត់នៅក្នុងការតវ៉ារបស់កម្មករកាត់ដេរ ដែលបានផ្ទុះអំពើហិង្សាកាលពីដើមខែនេះ។

ក្រៅពីស្រែកហ៊ោកញ្ជៀវបង្ហាញពីការគាំទ្រលោក កឹម សុខា ដែលបានទៅដល់នៅម៉ោង៩ព្រឹក និងលោក សម រង្ស៊ី ដែលបានទៅដល់នៅម៉ោង១០ព្រឹក ក្រុមអ្នកគាំទ្របានរង់ចាំមេដឹកនាំគណបក្សសង្គ្រោះជាតិចេញពីតុលាការវិញយ៉ាងស្ងៀមស្ងាត់ ហើយនៅទីបំផុតលោកទាំងពីរបានចេញពីតុលាការនៅម៉ោងជាង១កន្លះរសៀល និងបានទះដៃអបអរដោយក្ដីរីករាយ។
បន្ទាប់ពីចេញពីតុលាការជាមួយលោក សម រង្ស៊ី ដោយកាន់ដៃគ្នាលើកឡើងលើ លោក កឹម សុខា បានមានប្រសាសន៍តាមឧគ្ឃោសនសព្ទថា “សូមអរគុណបងប្អូនជនរួមជាតិទាំងអស់ ដែលមកគាំទ្រពួកយើង។ប្រជាពលរដ្ឋត្រូវតែជឿថា យុត្តិធម៌នឹងឈ្នះអយុត្តិធម៌”។ ក្រោយមកបន្តិច លោក សម រង្ស៊ី បានមានប្រសាសន៍នៅទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិថា “ថ្ងៃនេះយើងឈ្នះហើយ។ គ្មាននរណាម្នាក់ហ៊ានប៉ះពាល់ សម រង្ស៊ី និង កឹម សុខា ទេ។ យើងទៅតុលាការដោយសារតែយើងចង់ឲ្យពិភពលោកដឹងថា យើងមិនបានធ្វើអីខុសទេ។ យើងគ្រាន់តែការពារឆន្ទៈរបស់ប្រជាពលរដ្ឋប៉ុណ្ណោះ”។លោក សម រង្ស៊ី ក៏បានមានប្រសាសន៍ដែរថា គណបក្សប្រឆាំងនឹងមិនបំពានបម្រាមរបស់ក្រសួងមហាផ្ទៃមិនឲ្យហែក្បួននិងបាតុកម្មឡើយ “ពីព្រោះយើងចង់គេចពីអន្ទាក់របស់គណបក្សប្រជាជនកម្ពុជា ដែលចង់រកលេសដើម្បី ប្រើអំពើហិង្សាមកលើយើង”។
លោកបានថ្លែងថា “បច្ចុប្បន្នយើងកំពុងប្រឈមនឹងស្ថានភាពប្រកាសអាសន្ន ទោះបីជាគណបក្សប្រជាជនកម្ពុជាមិនហៅវា បែបនោះក៏ដោយ ប៉ុន្តែជាក់ស្ដែងវាគឺជាស្ថានភាពប្រកាសអាសន្ន។ ហើយនៅពេលសេរីភាពត្រូវបានស្ដារឡើងវិញ យើងនឹងរៀបចំការជួបជុំថ្មីទៀត”។ លោក សម រង្ស៊ី បានមានប្រសាសន៍ថា ខណៈពេលដែលការចរចាទ្វារក្រោយរវាងតំណាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាបាននិងកំពុងប្រព្រឹត្តទៅ លោកបានព្យាករថា នៅពេលអនាគតដ៏ខ្លីខាងមុននេះ នឹងគ្មានដំណោះស្រាយខាងនយោបាយឡើយ។
លោកមានប្រសាសន៍ថា “នៅកម្រិតក្រុមការងារ យើងមានតំណាងមួយរូបដែលបានជួបប៉ុន្មានលើកជាមួយតំណាងមួយរូបមកពីគណបក្សប្រជាជនកម្ពុជា។ ដូច្នេះយើងបានផ្លាស់ប្ដូរឯកសារនិងសំណើទៅវិញទៅមក ប៉ុន្តែគ្មានការព្រមព្រៀងគ្នាទេ…។ វាគ្រាន់តែជាការសាកល្បងភាគីម្ខាងទៀតប៉ុណ្ណោះ”។ លោក កឹម សុខា បានមានប្រសាសន៍នៅទីស្នាក់ការរបស់គណបក្សសង្គ្រោះជាតិថា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញដែលបានសាកសួរ មិនបានលើកឡើងថា តើពួកគាត់នឹងចោទប្រកាន់មេដឹកនាំគណបក្សប្រឆាំងទាំងពីររូបនេះ ឬក៏ដកសំណុំរឿងនេះចេញវិញ ឬយ៉ាងណានោះទេ ប៉ុន្តែអាចទូរស័ព្ទទៅមេដឹកនាំគណបក្សសង្គ្រោះជាតិនៅពេលណាក៏បានសម្រាប់ការសាកសួរបន្ថែមទៀត។
លោក កឹម សុខា បានមានប្រសាសន៍ថា “ប្រសិនបើគ្មានសម្ពាធនយោបាយនិងបទបញ្ជាពីលើទេ សំណុំរឿងនេះនឹងត្រូវបញ្ចប់ ពីព្រោះយើងមិនបានធ្វើអ្វីខុសទេ យើងមានចម្លើយសម្រាប់រឿងគ្រប់យ៉ាង គ្មានបញ្ហាទេ។ ប៉ុន្តែប្រសិនបើពួកគេចង់ធ្វើអ្វីមួយ ពួកគេនឹងបញ្ជាតុលាការ [ឲ្យកោះហៅពួកយើង] ម្ដងទៀត”។
លោក កឹម សុខា បានមានប្រសាសន៍ថា ព្រះរាជអាជ្ញាបានសាកសួរលោកអំពីការពាក់ព័ន្ធរបស់លោក នឹងបាតុកម្មលើផ្លូវវ៉េងស្រេង ដែលត្រូវបានបង្ក្រាបដោយហិង្សាពីសំណាក់កងរាជអាវុធហត្ថ ដែលបានសម្លាប់កម្មករប្រាំនាក់ និងធ្វើឲ្យមនុស្សជាង៤០នាក់ទៀតរងរបួសកាលពីថ្ងៃទី៣ ខែមករា និងវត្តមានរបស់លោកប៉ុន្មានថ្ងៃមុនការជួបជុំមួយនៅក្នុងក្រុងកំពង់ចាម ដែលបានបិទស្ពានមួយជាបណ្ដោះអាសន្ន។ លោកបានមានប្រសាសន៍ទៀតថា “ខ្ញុំបានឆ្លើយថា ខ្ញុំមិនដឹងថា បាតុករប្រើអំពើហិង្សានៅលើផ្លូវវ៉េងស្រេងទេ ខ្ញុំគ្រាន់តែដឹងថា អាជ្ញាធរបានប្រើអំពើហិង្សា”។
លោក លី សុផាន់ណា ព្រះរាជអាជ្ញារងមួយរូបក្នុងចំណោមព្រះរាជអាជ្ញារងពីររូបអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានសាកសួរលោក កឹម សុខា និងលោក សម រង្ស៊ី បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីសំណុំរឿងរបស់ពួកលោកទេ កាលពីម្សិលមិញ។
លោក រ៉ុង ឈុន មេដឹកនំាសហជីពគាំទ្រគណបក្សប្រឆាំង ដែលបានជួយរៀបចំកូដកម្មទូទាំងប្រទេស ទាមទារឲ្យដំឡើងប្រាក់ខែគោល១៦០ដុល្លារនៅក្នុងវិស័យកាត់ដេរក៏ត្រូវបានដោះលែងមកវិញដែរ បន្ទាប់ពីត្រូវបានសាកសួរកាលពីព្រឹកម្សិលមិញនៅសាលាដំបូងរាជធានីភ្នំពេញជុំវិញការពាក់ព័ន្ធរបស់លោកទៅនឹងបាតុកម្មហិង្សា។
នៅខាងក្រៅតុលាការ នគរបាលប្រហែល៣០នាក់ត្រូវបានដាក់ពង្រាយឲ្យជួយសម្រួលចរាចរណ៍ ប៉ុន្តែបានឈប់សម្រួលចរាចរណ៍បន្ទាប់ពីលោក កឹម សុខា បានទៅដល់នៅម៉ោង៩ព្រឹក ហើយអ្នកគាំទ្រប្រហែល១.០០០នាក់ប្រជ្រៀតគ្នាព័ទ្ធជុំវិញលោក ដោយបិទចរាចរណ៍និងកាន់កាប់ផ្លូវនេះ។
នៅខាងក្រៅតុលាការក៏មានបុរសក្មេងៗស្លៀកពាក់ស៊ីវិល និងពាក់មួកការពារសុវត្ថិភាពដែរ ដែលបានប្រើប្រាស់អំពើហិង្សាលើបាតុករអហិង្សានៅក្នុងរាជធានីភ្នំពេញ ចាប់តាំងពីលទ្ធផលចម្រូងចម្រាសនៃការបោះឆ្នោតជាតិកាលពីខែកក្កដា មក។
បុរសមួយក្រុមមានគ្នាប្រហែលជាង២០នាក់ ដែលសុទ្ធតែពាក់មួកការពារសុវត្ថិភាពបានឈរតម្រង់ជួរគ្នានៅទល់មុខសាលាដំបូង ប៉ុន្តែត្រូវបានដកថយទៅកាន់ពហុកីឡាដ្ឋានអូឡាំពិកក្បែរនោះនៅមុនម៉ោង៩ និង៣០នាទីព្រឹកបន្ដិច ដោយសារតែការសើចចម្អកនិងការប្រើពាក្យអសុរោះពីសំណាក់ក្រុមអ្នកគាំទ្រគណបក្សប្រឆាំងដែលមានចំនួនច្រើនឡើងៗ។ គ្រាន់តែឃើញបាតុករទាំងនេះ រថយន្តយោធាចំនួន១៣គ្រឿងអមដោយកងរាជអាវុធហត្ថរាប់រយនាក់ត្រូវបានដាក់ឲ្យឈរជើងនៅខាងក្នុងពហុកីឡាដ្ឋានអូឡាំពិក ដែលស្ថិតនៅទល់មុខសាលាដំបូងរាជធានីភ្នំពេញ។
លោក ឡុង រី ប្រធានអង្គរក្សរបស់គណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា បុរសក្មេងៗដែលពាក់មួកការពារសុវត្ថិភាពទាំងនេះត្រូវបានអាជ្ញាធររាជធានីបញ្ជូនមកកាន់តុលាការ ដើម្បី បំភិតបំភ័យក្រុមអ្នកគាំទ្រគណបក្សប្រឆាំង។ កាលពីលើកមុនក្រុមបុរសវ័យក្មេងទាំងនេះធ្លាប់បានវាយដំព្រះសង្ឃស្ត្រីវ័យចំណាស់និងអ្នកកាសែតដោយប្រើដំបង ដំបងឆក់ និងគ្រាប់ចំពាម។
ថ្វីបើកន្លងមកការវាយប្រហាររបស់ពួកគេដោយមានការសហការជាមួយនគរបាលនៅវត្តភ្នំ ទីលានប្រជាធិបតេយ្យ និងនៅ កន្លែងផ្សេងទៀតក្នុងរាជធានីភ្នំពេញក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះក្ដី លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានអះអាងកាលពីម្សិលមិញថា លោកមិនដឹងថា ហេតុអ្វីបានជាយុវជនពាក់មួកការពារសុវត្ថិភាពរាប់សិបអ្នកទាំងនេះ ទៅឈរជើងនៅខាងមុខតុលាការទេ។
នៅឯតុលាការកាលពីម្សិលមិញក៏មានមនុស្សម្នាក់ដែរ ដែលចង់ជួបលោក កឹម សុខា។ នៅម៉ោងប្រហែល៩ និង៣០នាទីព្រឹក ស្ត្រីឈ្មោះ កែវ សុផាន់ណារី ដែលបានអះអាងថា ខ្លួនជាអតីតស្រីកំណាន់របស់លោក កឹម សុខា នោះបានបង្ហាញខ្លួននៅខ្លោងទ្វារចូលទៅសាលាដំបូងរាជធានីភ្នំពេញអមជាមួយម្ដាយរបស់ខ្លួនឈ្មោះ សំ ផល្លា ដើម្បីទាមទារប្រាក់សំណងមួយចំនួនពីលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។
ប៉ុន្តែស្ត្រីឈ្មោះ កែវ សុផាន់ណារី ត្រូវបានក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិព័ទ្ធជុំជិត និងប្រើពាក្យសំដី ចំអកមាក់ងាយ មុនពេលត្រូវនគរបាលឈរក្បែរនោះទាញចេញ។ ក្រោយមកអ្នកស្រី សំ ផល្លា បានអះអាងថា គាត់និងកូនស្រីរបស់ខ្លួនបានរងការវាយដំពីសំណាក់ក្រុមអ្នកគាំទ្រគណបក្សប្រឆាំង ប៉ុន្តែបណ្ដាអ្នកយកព័ត៌មានដែលមានវត្តមាននៅទីនោះបានលើកឡើងថា ក្រុមអ្នកគាំទ្រគ្រាន់តែប្រើពាក្យប្រមាថមាក់ងាយស្ត្រីទាំងពីរនាក់ម្ដាយកូននេះប៉ុណ្ណោះ។
អ្នកស្រី សំ ផល្លា បាននិយាយក្រោយមកទៀតថា “សកម្មជននិងអង្គរក្សរបស់ កឹម សុខា បានវាយដំខ្ញុំនិងកូនស្រីខ្ញុំនៅពេលពួកយើងព្យាយាមសុំប្រាក់មួយចំនួនពី កឹម សុខា ដើម្បីចិញ្ចឹមជីវិត”៕ សុខុម
(រាយការណ៍បន្ថែមដោយ អា៊ង ម៉េងឡេង)