លោកស្រី ពូ ជៀនហ្គូ (Bu Jianguo) អគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានវាយប្រហារ ទៅលើលោកនាយករដ្ឋ មន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ (Shinzo Abe) តាមលិខិតមួយច្បាប់ដែលត្រូវបានបោះពុម្ពផ្សាយ កាលពីម្សិលមិញនៅក្នុងសារព័ត៌មានភាសាខ្មែរជុំវិញដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីសក្ការបូជា កាលពីខែមុន ដើម្បីគោរពវិញ្ញាណក្ខន្ធជនជាតិជប៉ុន ដែលបានទទួលមរណភាពអំឡុងសង្គ្រាមរបស់ប្រទេសជប៉ុន។
លោក ស៊ីន ហ្សូអាបេ បានធ្វើទស្សនកិច្ចទៅកាន់ទីសក្ការបូជា យ៉ាស៊ូគុនី (Yasukuni Shrine) កាលពីចុងខែធ្នូឆ្នាំមុន ដែលនេះជាសកម្មភាពមួយធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមានភ្លាមៗទៅលើទំនាក់ទំនងដ៏រឹងមាំស្រាប់រវាងប្រទេសជប៉ុន និងប្រទេសចិន។ ក្នុងចំណោមអ្នកដែលស្លាប់ដោយសារសង្គ្រាមចំនួន២,៥លាននាក់ដែលត្រូវបានគោរពវិញ្ញាណក្ខន្ធនោះ មានឧក្រិដ្ឋជនសង្គ្រាមជាច្រើននាក់នៅពីក្រោយអំពើឈ្លានពាន និងអំពើកាន់កាប់ដ៏ខ្លាំងក្លាពីសំណាក់ប្រទេសជប៉ុន ទៅលើប្រទេសចិនអំឡុងសង្គ្រាមលោកលើកទី២។
នៅក្នុងលិខិតចុះផ្សាយក្នុងសារព័ត៌មានខ្មែរដេលី លោកស្រី ពូ ជៀនហ្គូ ហៅដំណើរទស្សនកិច្ចរបស់លោក ស៊ីន ហ្សូអាបេ ថា ជាការរករឿងយ៉ាងជាក់ស្តែង ចំពោះប្រជាជនដែលស្រឡាញ់សន្តិភាពនៅទូទាំងពិភពលោក និងបានលើកឡើងថា ដំណើរទស្សនកិច្ចនេះ “កំពុងតែបំផ្លាញស្ថិរភាព និងសន្តិភាពក្នុងតំបន់”។
ទាក់ទងនឹងការស្អប់គ្នាជាច្រើនទសវត្សរ៍មកហើយដោយសារសង្គ្រាមនោះ ប្រទេសទាំងពីរបច្ចុប្បន្នជាគូបក្ខដិបក្ខនឹងគ្នា ជុំវិញបញ្ហាកោះដែលមានជម្លោះរវាងប្រទេសទាំងពីរ។ ប្រទេសទាំងពីរបាន និងកំពុងខិតខំបង្កើនឥទ្ធិពលជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ បូករួមទាំងប្រទេសកម្ពុជាដែលចាត់ទុកប្រទេសចិនជាវិនិយោគិនដ៏ធំបំផុត និងប្រទេសជប៉ុនជាម្ចាស់ជំនួយបរទេសដ៏ មានសណ្តានចិត្តល្អបំផុតរបស់ខ្លួនផងដែរ។
លោកស្រី ពូ ជៀនហ្គូ បានសរសេរទាក់ទងទៅនឹងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីជប៉ុនថា “ទង្វើនេះពិតជាមានផលប៉ះពាល់អាក្រក់យ៉ាងខ្លាំង និងលាតត្រដាងអាថ៌កំបាំងនៃមូលដ្ឋាននយោបាយក្នុងទំនាក់ទំនងរវាងប្រទេសចិន និងប្រទេសជប៉ុន។ទង្វើនេះក៏ជាការប្រមាថខ្លាំងៗទៅលើប្រជាជនគ្រប់រូបដែលធ្លាប់រងគ្រោះដោយសារអំពើឈ្លានពានរបស់ក្រុមយោធានិយមជប៉ុន”។
លោក ចេង ហុងប៉ូ (Cheng Hong Bo) ដែលជាប្រធានផ្នែកនយោបាយនៅស្ថានទូតចិនបានលើកឡើងថា លោកស្រីឯកអគ្គរដ្ឋទូតចិនបានសង្កត់ធ្ងន់ទៅលើជម្លោះនេះ ពីព្រោះដំណើរទស្សនកិច្ចរបស់លោក ស៊ីន ហ្សូអាបេ ទៅកាន់ទីសក្ការបូជានោះ ក៏ជាការប្រមាថប្រជាជនខ្មែរផងដែរ។ លោកបានមានប្រសាសន៍ថា “ សង្គ្រាមឈ្លានពានធ្វើឡើងដោយក្រុមយោធានិយមជប៉ុនអំឡុងសង្គ្រាមលោកលើកទី២ មិនមែនត្រឹមតែធ្វើឲ្យនឹកឃើញដល់គ្រោះមហន្តរាយដល់ប្រជាជនចិនដែលគ្មានការបង្ហាញប៉ុណ្ណោះទេ ថែមទាំងនឹកឃើញដល់ការឈឺចាប់យ៉ាងខ្លាំងដែលកើតឡើងទៅលើប្រជាជនក្នុងតំបន់អាស៊ី រួមទាំងតំបន់អាស៊ីអាគ្នេយ៍ ដូចជា ប្រទេសកម្ពុជាជាដើម។ដូច្នេះ ចាំបាច់ត្រូវលាតត្រដាងការពិតទាំងនេះ ឲ្យប្រជាជនក្នុងប្រទេសបានដឹង”។
លោក ចេង បានឲ្យដឹងបន្ថែមទៀតថា លិខិតរបស់ឯកអគ្គរដ្ឋទូតចិន ត្រូវបានចុះផ្សាយនៅក្នុងសារព័ត៌មានចំនួនពីរ និងសារព័ត៌មានជាភាសាចិនចំនួនបួននៅប្រទេសចិន។ លោក តាកាក់ យូស៊ី គុរុមិយ៉ា (Takayoshi Kuro-miya) ក្រុមប្រឹក្សាស្ថានទូតជប៉ុន បានអះអាងថា ដំណើរទស្សនកិច្ចរបស់ស៊ីន ហ្សូអាបេ មកកាន់ទីសក្ការបូជា ត្រូវបានសមភាគីចិនយល់ខុស។
លោកបានមានប្រសាសន៍ថា “ចេតនារបស់លោកក្នុងការមកធ្វើទស្សនកិច្ចនៅទីសក្ការបូជា យ៉ាស៊ូគុនី គឺដើម្បីគោរពវិញ្ញាណក្ខន្ធរបស់អ្នកដែលស្លាប់ និងសន្យាថា នឹងមិនធ្វើសង្គ្រាមទៀតទេ។ អស់រយៈពេល៦៨ឆ្នាំតាំងពីសង្គ្រាមលោកលើកទី២មក ប្រទេសជប៉ុន តែងតែគោរពសេរីភាព លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ហើយថែមទាំងបានចូលរួមចំណែកក្នុងសន្តិភាព និងវិបុលភាពនៅតំបន់អាស៊ីយ៉ាងជាក់ស្តែងទៀតផង។ ប្រទេសជប៉ុន នឹងមិនដើរតាមផ្លូវផ្សេងទេ ក្នុងនាមជារដ្ឋដែលមានសន្តិភាព”៕ សុធា