28.4 C
Phnom Penh

កម្មក​ររោង​ចក្រកាត់​ដេរ​មួយ​ចំនួន​ធ្វើ​កូដកម្ម​ឡើង​វិញ​ដោយ​សារ​​រោង​ចក្រ​មិន​​​​បើក​ប្រាក់​​ឈ្នួល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ម​ករ​រោង​ចក្រ​កាត់ដេរ​រាប់​ពាន់​នាក់​មក​ពី​រោង​ចក្រ​ចំនួន​បួន​បាន​ធ្វើ​កូដកម្ម​ឡើង​វិញ​នៅ​សប្តាហ៍នេះ​ដើម្បី​តវ៉ា​ចំពោះ​សេចក្តី​សម្រេច​របស់​និយោ​ជក​ខ្លួន​ដែល​​មិន​ព្រម​បើក​ប្រាក់​​ឈ្នួល​សម្រាប់​ថ្ងៃ​ដែល​ពួកគេ​មិន​បាន​ធ្វើការ​អំឡុង​ការ​ធ្វើ​កូដកម្ម​នៅទូទាំង​ប្រទេស​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​មក​នេះ។

តំណាង​សហជីពនិង​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​បានលើកឡើង​កាល​ពី​ម្សិល​មិញ​ថា កម្ម​​​ករ​​​ចន្លោះ​​​ពី​៨.៥០០​នាក់​ទៅ​១២.៥០០​នាក់​នៅ​រោង​ចក្រ​​​​ចំនួន​បួន​ គឺ​រោង​ចក្រ​ពីរ​នៅក្នុង​រាជ​ធានី​ភ្នំពេញ​ មួយ​នៅក្នុង​ខេត្ត​កណ្តាល និង​មួយ​ទៀត​នៅ​​​ក្នុង​​​​ខេត្ត​កំពង់​ចាម​​​បាន​ធ្វើ​កូដ​​​កម្ម​ឡើង​​​វិញ។

លោក ប៉ាវ ស៊ីណា​ ប្រធាន​សម្ព័ន្ធ​សហ​ជីព​ចលនា​កម្ម​ករ​បាន​មាន​ប្រសា​សន៍​ថា “នេះ​គឺ​ជា​ការ​ធ្វើ​កូដកម្ម​ឈានចូលថ្ងៃទី​២ហើយ​របស់​កម្មករ​រោង​ចក្រ​កាត​់​ដេរ​ដែល​បាន​ទាម​ទារ​ឲ្យ​រោង​ចក្រ​ពីរ​នៅក្នុង​​រាជ​ធានី​ភ្នំពេញ​បើក​ប្រាក់​ឈ្នួល​ឲ្យ​ពួកគេ​ ​ព្រោះ​រោង​ចក្រ​​​​​​នេះ​​បាន​កាត់​ប្រាក់​ឈ្នួល​របស់​ពួកគេ​១០០​​​ភាគ​រយ​នៅពេល​ពួកគេ​មិនបាន​​ធ្វើ​ការ​អំឡុង​​​​​ពេល​​ធ្វើ​កូដ​កម្ម”។

តំណាង​សហជីព​នៅ​រោង​ចក្រ​ពីរ​ទៀត​បាន​លើក​ឡើង​ថា កម្ម​ករ​នៅទី​នោះ​បាន​ធ្វើ​កូដកម្ម​ដោយ​មូល​ហេតុ​ដូច​គ្នា​នេះ​ដែរ។ ការ​ធ្វើកូដកម្ម​ថ្មី​​នេះ​កើ​តមាន​ឡើង​បន្ទាប់​ពី​មាន​ការ​ធ្វើ​កូដកម្ម​ក្នុង​វិស័យ​កាត់​ដេរ​ដ៏​ធំ​​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​​នេះ ហើយ​អំឡុង​ការ​ធ្វើ​កូដកម្ម​នោះ​ កម្ម​ករ​ទាម​ទារ​ដំឡើង​​​​​​​ប្រាក់​ខែ​គោល​​ក្នុង​វិស័យ​នេះ​ទ្វេដងដល់​១៦០​ដុល្លារ​ ដែល​បាន​បង្ខំឲ្យ​រោងចក្រចំនួន​៥០០​កន្លែង​នៅ​​​​​​ទូទាំង​ប្រទេស​បិទ​ទ្វារ​ ឬ​កាត់​​បន្ថយ​ផលិត​កម្ម​អស់​រយៈពេល​ជា​ច្រើន​​ថ្ងៃ។

ដោយ​រដ្ឋាភិបាល​និង​រោង​ចក្រ​កាត់​ដេរ​​មិន​ព្រម​​​ដំឡើង​ប្រាក់​​ខែ​គោល​​ឲ្យ​​លើស​ពី​១០០ដុល្លារ​នោះ កូដកម្ម​បាន​បញ្ចប់​ដោយ​​​ហិង្សា​ ​នៅពេល​​ដែល​នគ​រ​បាល​បាន​បាញ់​​ទៅ​លើ​​ក្រុម​អ្នក​តវ៉ា​នៅ​ខាង​ក្រៅ​​រោង​ចក្រ​កាត់​ដេរ​​ក្នុង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ដោយ​បាន​បណ្តាល​ឲ្យ​កម្ម​ករ​ប្រាំ​នាក់​ស្លាប់​ និង​របួស​ជា​ច្រើន​នាក់​ទៀត។

បើ​ទោះ​ជា​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​បាន​ណែនាំសមាជិក​របស់​ខ្លួន​កុំ​ឲ្យ​បើក​ប្រាក់​ឈ្នួល​ដល់​កម្ម​ករ​ដែល​បាន​ត្រឡប់​ចូល​មក​ធ្វើ​ការ​វិញ​សម្រាប់​ថ្ងៃ​ដែល​ពួកគេ​ធ្វើ​កូដ​កម្ម​ ដោយ​លើក​ឡើង​តាម​ច្បាប់​ការ​ងារ​ក្នុង​ប្រទេស​កម្ពុជា​​ក៏​ដោយ ក៏​រោង​ចក្រ​​មួយ​ចំនួន​បាន​សម្រេច​​​បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​របស់​ខ្លួន​ពាក់​កណ្តាល​ដែរ។

យោង​តាម​សហជីព​បាន​ឲ្យ​ដឹង​ថា រោង​ចក្រ​ដែល​កម្ម​ករ​បានធ្វើ​កូដកម្ម​ឡើង​​វិញ​នោះ​​មិន​បើក​ប្រាក់​ឈ្នួល​សម្រាប់​​​​​​​ថ្ងៃ​ដែល​កម្មករ​មិន​បាន​ធ្វើ​ការ​ឡើយ​។
ជៀម សុវណ្ណ ជា​កម្មការិនី​ម្នាក់​នៅ​រោង​ចក្រ​ Quality Textile ក្នុង​រាជ​ធានី​ភ្នំពេញ​បាន​និយាយ​ថា តាម​ធម្មតា​គាត់​ទទួល​បាន​ប្រាក់​ឈ្នួល​១៤០ដុល្លារ​ក្នុង​មួយ​ខែ​ ប៉ុន្តែ​រោងចក្រ​បាន​កាត់​១៨ដុល្លារ​សម្រាប់​ថ្ងៃដែល​គាត​់​ចូលរួម​ធ្វើ​កូដកម្ម​កាល​ពី​​ខែ​មុន។

គាត់​​និយាយ​ថា កម្មករ​ជាង​ពាក់​កណ្តាល​ក្នុង​ចំណោម​កម្មក​រ​ប្រហែល​១.៥០០​នាក់​​​ឥឡូវ​នេះ​មិន​ព្រម​​ចូលធ្វើការ​វិញ​ឡើយ។ គាត់​បាន​និយាយ​ទៀត​ថា “យើ​ង​​​ចង់​ធ្វើ​ការ​ចរចា​ជាមួយ​ម្ចាស់​ក្រុមហ៊ុន​ទាម​ទារ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​បើក​ប្រាក់​ឈ្នួល​ឲ្យ​ពួក​យើង​អំឡុង​​ការ​ធ្វើ​កូដ​កម្ម​ ប៉ុន្តែ​មិន​មាន​នរ​ណា​ម្នាក់​ចេញ​មក​ជួប​ពួកយើង​ឡើយ”។

នៅ​រោង​ចក្រ​កាត់​ដេរ Quint Major Industrial ក្នុង​ខេត្ត​កណ្តាល​ឯណោះ​វិញ កម្ម​ការិនី​​ឈ្មោះ យិន សំអឿន បាន​និយាយ​ថា គាត់​និង​​​កម្មករ​ប្រហែល​៦.០០០នាក់​ទៀត​បាន​ចូល​ក្នុង​​រោង​ចក្រ​កាល​ពី​ម្សិល​មិញ ហើយ​បាន​អង្គុយ​​តាម​ក​ន្លែង​រៀង​ខ្លួន​​តែមិន​ធ្វើ​ការ​ឡើយ។

លោក ភីធើ ប៉ាន (Peter Pan) អ្នក​គ្រប់​គ្រង​​​​​​​រោង​ចក្រ​ជ​ន​ជាតិតៃវ៉ាន់​លើក​ឡើង​​ថា កម្ម​​​ករ​ ដែល​ធ្វើ​កូដកម្ម​នោះ​មាន​តែ​២.០០០នាក់​ប៉ុណ្ណោះ។ ប៉ុន្តែ​លោក​បាន​អះ​អាង​ថា កម្មករ​ទាំងនោះ​មិន​ទទួល​បាន​ប្រាក់​ឈ្នួល​សម្រាប់​ថ្ងៃដែល​ពួកគេ​មិន​ធ្វើការ​អំឡុង​ការ​ធ្វើ​កូដ​​​កម្ម​កន្លង​មក​ឡើយ។ លោក​បាន​មាន​ប្រសាសន៍ថា “ខ្ញុំ​ធ្វើ​តាម​ច្បាប់។ កម្មករ​មួយ​ចំនួន​ដែលមក​ទី​នេះ​ដើម្បី​ធ្វើការ​ ខ្ញុំ​បើក​ប្រាក់​ឈ្នួល​ឲ្យ​ពួកគេ​១០០​​​​​​ភាគ​រយ…ប្រសិន​បើ​ពួក​គេ​មិន​មាន​ការ​ងារ​ធ្វើ​វិញ ខ្ញុំបើក​ប្រាក់​ឈ្នួល​ឲ្យ​ពួកគេ​៥០​​​ភាគរយ។ ប្រសិន​បើ​កម្មករ​មិន​មក​ធ្វើការ​ ខ្ញុំ​មិន​បើក​ប្រាក់​ឈ្នួល​ឲ្យ​ទេ”។

គេ​មិនអាច​ទាក់​ទង​តំណាង​រោង​ចក្រ​កាត់​ដេរ​បី​ទៀត​ដើម្បីសុំ​អត្ថាធិប្បាយ​បាន​ទេ។ លោក ខៀវ សាវុធ អនុប្រធាន​គណៈ​​​កម្ម​​​ការ​ដោះស្រាយ​វិវាទ​ការ​ងារ​នៅ​ក្រសួង​ការ​ងារ​បាន​អះ​អាង​ថា កូដកម្ម​បាន​បន្ត​ឡើង​​វិញ​នៅ​រោង​ចក្រ​ចំនួន​បួន។ លោកបាន​មាន​ប្រសាសន៍ថា ក្រសួង​បាន​ណែនាំ​រោង​ចក្រ​ទាំង​អស់​ឲ្យ​បើក​ប្រាក់​​ឈ្នួល​​​​ឲ្យ​កម្មករ​របស់ខ្លួន​យ៉ាង​ហោច​ណាស់​មួយ​ភាគដែរ​សម្រាប់​ថ្ងៃដែល​ពួក​គេ​ចូលរួម​ធ្វើ​​​កូដ​​​កម្ម​កាល​ពី​ខែ​ធ្នូ​ឆ្នាំមុន និង​ដើម​ខែ​មករា​ឆ្នាំនេះ ហើយ​បាន​បង្វែរ​វិវាទ​ថ្មី​​នេះ​ទៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល។​

លោក សុខ ឡោ នាយក​ប្រតិបត្តិ​ក្រុម​ប្រឹក្សា​​​​​​​អាជ្ញាកណ្តាល​បាន​មាន​ប្រសា​សន៍​ថា លោក​បាន​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​ភាគី​ទំាំងពីរ​សម្រុះ​​​​​​​សម្រួលគ្នា។
លោក​បាន​មាន​ប្រសាសន៍ថា “យើង​នឹង​អញ្ជើញ​និយោ​ជក និង​តំណាងកម្មករ​ឲ្យ​ជ្រើស​​​​​​រើស​អាជ្ញាកណ្តាល​សម្រាប់​ភាគី​នីមួយ​ៗ បន្ទាប់មក​យើង​នឹង​បើក​សវនា​ការ​ស្វែង​រក​ដំណោះ​ស្រាយ”។លោក​​បន្ថែម​ថា “ប៉ុន្តែ​ក្នុង​​ករណី​ដែល​ភាគី​ទាំង​ពីរមិន​យល់​ស្របនឹង​ការ​សម្រុះ​សម្រួល​របស់​យើងនោះ​​ យើង​នឹង​ចេញ​បទ​បញ្ជាតាម​ច្បាប់​តែម្តង”៕សារុន

(រាយ​ការ​ណ៍បន្ថែមដោយ Zsombor Peter)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស