អ្នកភូមិនិងនគរបាលបានលើកឡើងថា អ្នកភូមិដែលជាប់ពាក់ព័ន្ធក្នុងវិវាទដីធ្លីមួយក្នុងខេត្តបាត់ដំបង កាលពីថ្ងៃច័ន្ទបានឃាត់ខ្លួនបុរសប្រាំមួយនាក់បណ្តោះអាសន្ន ដែលធ្វើការឲ្យក្រុមហ៊ុនកសិពាណិជ្ជកម្មមួយ នៅពេលដែលពួកគេកំពុងត្រៀមរានដីមានជម្លោះ។
យោងតាមលោក ប៉ែន សុផុន តំណាងសហគមន៍បានឲ្យដឹងថា កម្មករប្រាំមួយនាក់បានប្រើប្រាស់ឧបករណ៍រាវមីន ដើម្បីរុករកយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងតំបន់នោះ ស្រាប់ តែអ្នកភូមិជាង១០០នាក់មកពីឃុំបន្ទាយឆ្មា ស្រុកថ្មពួក បានឡោមព័ទ្ធពួកគេ ហើយបានឃាត់ខ្លួនពួកគេរយៈពេលខ្លី និងបានដកហូតឧបករណ៍រាវមីន។
លោក សុផុន បានមានប្រសាសន៍ថា អ្នកភូមិដែលជាប់ពាក់ព័ន្ធក្នុងវិវាទដីធ្លីជាមួយក្រុមហ៊ុនលាងប៊ូ ចាប់តាំងពីឆ្នាំ២០០៨មក បន្ទាប់ពីដីទំហំ១.៧០០ហិក តានេះត្រូវបានផ្ដល់ជាដីសម្បទាន ដែលអ្នកភូមិជាង៥០០គ្រួសារបានធ្វើស្រែចម្ការចាប់តាំងពីឆ្នាំ ២០០០មកម៉្លេះ។ លោកបានមានប្រសាសន៍ថា ត្រាក់ទ័រឈូសឆាយបានរានដីដែលមានជម្លោះនោះអស់មួយផ្នែកទៅហើយកាលពីខែមុន បន្ទាប់ពីកម្មករបានមកដោះមីននៅតំបន់នេះ។
លោកបានមានប្រសាសន៍ថា “នេះជាមូលហេតុដែលយើងតវ៉ា ហើយឃាត់ខ្លួនកម្មករទាំងប្រាំមួយនាក់នេះ និងដកហូតឧបករណ៍រាវមីន”។ លោកបានបន្ថែមថា អ្នកភូមិបានដោះលែងកម្មករទាំងនោះវិញហើយ បន្ទាប់ពីពួកគេសន្យាថា នឹងឈប់រាវមីនទៀត។
លោក យ៉ត រ៉ៃ អធិការនគរបាលស្រុកថ្មពួកបានអះអាងថា ក្រុមហ៊ុនលាងប៊ូ បានកាន់កាប់ដីនេះ ប៉ុន្តែ លោកមានប្រសាសន៍ថា លោកមិនអាចផ្ដល់ព័ត៌មានលម្អិតអំពីក្រុមហ៊ុន ឬដីសម្បទាននេះបានឡើយ។ លោកបានមានប្រសាសន៍ថា “នគរបាលបានធ្វើការអប់រំ” អ្នកភូមិដែលបានឃាត់ខ្លួនកម្មករទាំងនោះ។លោក យ៉ត រ៉ៃ បានមានប្រសាសន៍ថា “យើងបានអប់រំអ្នកភូមិដែលបានទាមទារសិទ្ធិកាន់កាប់និងបានប្រើប្រាស់ដីដែលមានវិវាទនេះ កុំឲ្យប្រើអំពើហិង្សា ឬប៉ះពាល់ដល់អាយុជីវិតបុគ្គលិករបស់ក្រុមហ៊ុន”។
លោក សំ ចាន់គា អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តនេះបានមានប្រសាសន៍ថា ក្រុមហ៊ុនមិនបានផ្ដល់សំណងដល់អ្នកភូមិ ដែលបានបាត់បង់ដីស្រែរបស់ខ្លួនឡើយ។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “ វិវាទដីធ្លីជាមួយក្រុមហ៊ុនលាងប៊ូនេះកាន់តែធ្ងន់ធ្ងរទៅៗដោយសារមិនមានដំណោះស្រាយសម្រាប់អ្នកភូមិដែលរងផលប៉ះពាល់”។
លោក ផ្លេក វ៉ារី អភិបាលស្រុកថ្មពួក បានមានប្រសាសន៍ថា គណៈកម្មាធិការមួយដែលរួមមានអាជ្ញាធរមូលដ្ឋាន រដ្ឋបាលព្រៃឈើ និងមន្ទីររៀបចំដែនដីនិងបរិស្ថានខេត្តកំពុងធ្វើការសម្របសម្រួលរវាងអ្នកភូមិនិងក្រុមហ៊ុនលាងប៊ូ៕ សារុន