38.1 C
Phnom Penh

លោក​ ម៉ម​ សូណង់​ដូ​ គ្រោង​ត​វ៉ា​បន្ទាប់​ពីសំណើ​សុំ​ដំឡើង​ស្ថានីយ​ផ្សាយ​បន្ត​ត្រូវ​បាន​ច្រាន​ចោល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ច្រាន​ចោល​សំណើ​​​​​របស់​លោក​ ម៉ម​ សូណង់ដូ ដែលជាម្ចាស់​ស្ថានីយ​វិទ្យុ​សម្បុកឃ្មុំ​​ដ៏​មាន​ប្រជា​ប្រិយ​ភាព​ដែល​បាន​ស្នើ​សុំ​ដំឡើង​ស្ថា​នី​យ​ផ្សាយ​បន្ត​ទៅ​​តំបន់​ផ្សេង​ៗ​តាម​បណ្តា​ខេត្ត​និងសុំ​​ការ​អនុ​ញ្ញាត​ដើម្បី​បើក​ស្ថានីយ​ទូរទស្សន៍។

ជំនួយ​ការ​របស់​លោក​ ម៉ម​ សូណង់ដូ​ បាន​ឲ្យ​ដឹង​ថា​លោក​បាន​ស្នើ​សុំ​ការ​អនុ​ញ្ញាត​ពី​ក្រសួង​​ព័ត៌មាន ដើម្បី​ដំឡើង​ស្ថានីយផ្សាយ​បន្ត​និង​ដើម្បី​បើក​ស្ថានីយ​ទូរទស្សន៍មួយ​នៅ​ថ្ងៃ​ទី​២​ខែ​មករា​ ប៉ុន្តែ​ក្រសួង​បាន​ច្រាន​ចោល​សំណើ​នេះ​កាល​ពី​ម្សិល​មិញ​។

លោក​ ហួន ផាន់ណារី​ ជំនួយ​ការ​របស់​លោក​​​ ម៉ម​ សូណង់​ដូ​​ បាន​មាន​ប្រសាសន៍​កាល​​ពី​ម្សិល​មិញ​ថា “យើង​ទទួល​បាន​ចម្លើយ​​​ពី​ក្រសួង​ព័ត៌មាននៅ​​ថ្ងៃ​នេះ​ [ថ្ងៃអង្គារ​]​ ថា​ ហ្វ្រេកង់​ចង្អៀត​ណាស់​មិន​អាច​ដំឡើង​ស្ថានីយ​ផ្សា​យបន្ត ឬ​ក៏​​ស្ថានីយ​ទូរទស្សន៍បាន​​នោះ​ទេ​​”។

ដើម្បី​ឆ្លើយ​តប​នឹង​ការ​ច្រាន​ចោល​នេះ​ លោក​ ម៉ម​ សូណង់​ដូ​​​ បានផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោក ប៉ា​ សុជាតិវង្ស​ អភិបាល​រាជ​ធានី​ភ្នំពេញ​ដើម្បី​សុំ​ការ​អនុញ្ញា​ត​ធ្វើ​ការ​តវ៉ា​ចាប់​ពី​ថ្ងៃ​២៧​ខែ​មករា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យ​ដើម្បី​ប្រឆាំង​ការ​សម្រេច​នេះ​។​

លោក​ ម៉ម​ សូណង់​ដូ​ បាន​សរសេរ​នៅ​ក្នុង​លិខិត​របស់​គាត់​ថា “ពលរដ្ឋ​នឹង​ចាប់​ផ្តើម​ប្រមូល​ផ្តុំ​គ្នា​នៅ​ម៉ោង​៧​ព្រឹក​នៅ​ទី​លាន​ប្រជា​​ធិបតេយ្យ​ ហើយ​ចាក​ចេញពី​ទី​លាន​ប្រជា​ធិបតេយ្យ​ នៅ​ម៉ោង​៨​ព្រឹក​ បន្ទាប់​មក​​ហែ​ក្បួន​ទៅ​កាន់​ក្រសួង​ព័ត៌មាន​រហូត​ដល់​ម៉ោង​១២​ថ្ងៃ​ត្រង់​ ដើម្បី​ទាម​ទារ​ឲ្យ​​ក្រសួង​ព័ត៌មាន​យល់​ព្រមផ្តល់​ការ​អនុញ្ញាត​ដល់​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ​ សម្រាប់​ការ​ដំឡើង​ស្ថានីយ​ផ្សាយ​បន្ត​នៅតាម​​​​​បណ្តា​ខេត្ត​ ក៏ដូច​ជា​ការ​សុំ​បន្ថែម​ហ្វ្រេកង់​ដើម្បី​បង្កើត​ស្ថានីយ​ទូរទស្សន៍​ផង​ដែរ”។

បន្ទាប់​ពី​រដ្ឋាភិបាល​បានអនុវត្ត​វិធាន​ការ​ក្តៅ​បណ្តេញ​​អ្នក​តវ៉ា​ចេញ​ពី​ទី​លាន​ប្រជា​ធិប​តេយ្យ​កាល​ពី​​ថ្ងៃ​ទី​៤ខែ​មករា​មក​ សាលា​រាជ​ធានី​ភ្នំ​ពេញ​បាន​ហាម​មិន​ឲ្យ​មាន​ហែ​ក្បួន​និង​ការ​ជួប​ជុំ​អ្វី​ទាំង​អស់​នៅ​ទី​លាន​ប្រជា​ធិប​តេយ្យ​ រហូត​ដល់​សន្តិសុខ​និង​សណ្តាប់​ធ្នាប់​សាធារណៈ​ត្រូវ​បាន​ធានា​ជា​មុន​សិន​។ បទ​បញ្ជា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សេចក្តី​រាយ​ការណ៍​មួយ​ដាច់​ដោយ​ឡែក​ពី​​ក្រសួង​មហា​ផ្ទៃ​ ដែល​បាន​លើក​ឡើង​ថា ខ្លួន​នឹងព្យួរ​​សេរី​ភាព​នៃ​ការ​ជួប​ជុំ​របស់​ពលរដ្ឋ​ដែលមាន​នៅ​ក្នុងរដ្ឋធម្មនុញ្ញជា​បណ្តោះ​អាសន្ន​រហូត​សន្តិ​សុខ​និង​សណ្តាប់​ធ្នាប់​សាធារណៈ​ត្រូវ​បាន​ស្តារឲ្យវិល​មក​រក​សភាព​ធម្មតា​ឡើង​វិញ”។

កាល​ពី​ម្សិល​មិញ​ លោក ឡុង​ ឌី​ម៉ង់​ អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​​បាន​ឲ្យ​ដឹង​ថា លោក​បាន​បញ្ជូន​លិខិត​របស់​លោក​ ម៉ម​ សូ​ណង់​ដូ​ បន្ត​ទៅ​កាន់​លោក ប៉ា​ សុជាតិ​វង្ស​ហើយ​​​​​​ ប៉ុន្តែ​លោក​បាន​លើក​ឡើង​ថា លោក​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហានេះ​បាន​ទេ​។ នៅ​ពេល​ត្រូវបាន​សួរ​ថា តើ​ពេល​ណា​បម្រាម​ហាម​មិន​ឲ្យ​មាន​ការ​តវ៉ា​អហិង្សា​​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ត្រូវ​បាន​លុប​ចោល​ លោក​​ ឡុង​ ឌី​ម៉ង់​ បានមាន​ប្រសាសន៍​ថា “យើង​ត្រូវ​តែ​រង់​ចាំ​រហូត​ទាល់​តែ​ស្ថានភាព​វិល​មក​រក​ភាពស្ងប់​ស្ងាត់​និង​ធម្មតាឡើង​វិញ”។

ឧត្តម​សេនីយ៍ឯក​ ខៀវ​ សុភ័គ​ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​ឲ្យ​ដឹង​ថា ការ​ព្យួរ​រដ្ឋធម្មនុញ្ញ​ដែលអ្នក​ជំនាញ​និយាយ​ថា​ ខុស​ច្បាប់​នោះ​ ​​បម្រើ​ឲ្យ​គោល​ដៅ​មួយ​ និង​ជា​ការ​ចាំបាច់​ដោយ​អះអាង​ថា បាតុកម្ម​លើក​​​​មុន​ៗ​ជិត​ក្លាយ​ជា​កុបកម្ម​ទៅហើយ​​៕ ស៊ុយឈាង​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស