32 C
Phnom Penh

ចោរ​លួច​ទា​​​មួ​​​យ​​​ក្បាល​​​កាប់​​​បុរស​​​ម្នាក់​​​​ស្លាប់​​​និង​​​ម្នាក់​​​ទៀត​​​រង​​​របួស​​​ធ្ងន់​​​​​​ ​ពេល​​​ពួក​​​គាត់​​​​​​​​​ជិះ​ម៉ូតូដេញ​​​​តាម​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា បុរសម្នាក់​​បាន​ស្លាប់ និង​ម្នាក់​ទៀត​​រង​របួស​ធ្ងន់​បន្ទាប់ពី​ពួកគេបាន​ដេញ​តាម​ចោរ​មួយ ក្រុម​ដែលបាន​លួច​ទាមួយក្បាល​ពី​ផ្ទះ​របស់ខ្លួន​កាល​ពី​យប់​ថ្ងៃច័ន្ទ ​នៅក្នុង​ស្រុក​​​ជើង​ព្រៃ ខេត្ត​កំពង់​ចាម។

លោក ស៊ុំ សេន នាយ​ប៉ុស្តិ៍​ឃុំ​គោក​រវៀង បាន​មាន​ប្រសាសន៍ថា ជន​សង្ស័យ​ប្រាំបួន​នាក់​បាន​ផឹក​ស៊ីនៅ​យប់​នោះ ហើយ​បន្ទាប់មក​បាន​ជិះ​ម៉ូតូ​កាត់​ផ្ទះ​ឈើ​តូច​មួយ​ដែល​ម្ចាស់​ផ្ទះ​បាន​ទុក​ទាមួយ​ក្បាល​​នៅទីធ្លា​​​​ផ្ទះ​នោះ​ ហើយ​ចោរ​​បាន​សម្រេច​ចិត្តចាប់​យក​ទានោះ​ទៅ​ធ្វើ​ម្ហូប​​ពេល​យប់​។ លោក​បាន​មាន​ប្រសាសន៍ថា ជន​សង្ស័យ​ពីរនាក់​បាន​ចូល​ទៅក្នុង​ទីធ្លា​​​​ផ្ទះគាត់​​​​ ហើយ​បាន​លួច​យក​ទា​នោះ​ រួច​​បាន​រត់​សំដៅ​ទៅ​មិត្តភក្តិរបស់ខ្លួន​ដែល​កំពុងរង់ចាំ​ជាស្រេច​នៅ​ចិញ្ចើម​ផ្លូវ ហើយ​ក៏ជិះ​ម៉ូតូ​ចេញ​​​​ទៅ​​​។

សំឡេង​នោះបាន​ធ្វើ​ឲ្យ​បុរស​ពីរនាក់​ឈ្មោះ ជឿន  ជើន  អាយុ​៣៦ឆ្នាំ និង​  ងិន សំខាន់ អាយុ​ ២៤ឆ្នាំ​​ដែល​នៅ​ក្នុង​ផ្ទះ​ភ្ញាក់ដឹង​ខ្លួន​  ហើយ​បាន​ជិះ​ម៉ូតូ​ដេញតាម​ជន​​ទាំង​​នោះ។

លោក ស៊ុំ សេន បាន​ថ្លែង​​​​ថា “ជន​រង​​​គ្រោះ​ទាំង​ពីរ​នាក់​បាន​ដេញ​តាម​ជន​សង្ស័យ​ប្រាំបួន​នាក់  ហើយ​បាន​ហៅ​ឲ្យ​ឈប់” ។ លោក​បាន​បន្ថែម​ថា  “ជន​សង្ស័យ​ម្នាក់​មាន​​ពូថៅ ហើយ​បាន​កាប់​លោក ជឿន ជើន​ ចំកបណ្តាលឲ្យ​ស្លាប់។ បុរស​ឈ្មោះ សំខាន់ ត្រូវ​មួយ​ពូថៅចំក្បាល​រង​របួស​ធ្ងន់ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ”។

លោក​ ស៊ុំ សេន បាន​មាន​ប្រសា​សន៍ថា នគរ​បាល​កំពុង​ស្វែង​រក​ជន​ដៃដល់​ទាំង​នោះ។ លោក​បានមាន​ប្រសាសន៍​បន្ថែម​ថា  “កា​រ​សម្លាប់​បុរសម្នាក់​ដោយ​សារតែ​ទាមួយ​ក្បាល​នោះ​ពិត​ជា​ឃោរឃៅ​ណាស់​។ យើង​កំពុង​ស្វែង​រក​ចាប់ខ្លួន​ពួកគេ​យក​មក​ផ្ត​ន្ទា​ទោស”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស