27 C
Phnom Penh

ការ​ផ្អាក​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ចាប់​តាំង​ពី​មុន​ការ​បោះ​ឆ្នោត​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​ផ្លូវ​គោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់​ខ្ពស់​មក​ពី​ក្រសួង​មហា​ផ្ទៃ​ បាន​ទទួល​ស្គាល់​ថាការបន្ត​​ផ្អាក​ការ​អនុវត្ត​​ច្បាប់​ច​រា​ចរណ៍​​របស់​នគរបាល​ចរាចរ​​ចាប់​តាំង​ពី​មុន​ការ​បោះឆ្នោត​ជាតិ​ កាល​ពី​ខែ​កក្កដា​​​មក​បាន​ធ្វើ​ឲ្យមាន​ផល​​ប៉ះ​ពាល់​ដល់​សុវត្ថិភាព​ផ្លូវ​គោក។

អង្គការ​សុវត្ថិភាព​ផ្លូវ​គោក​ បាន​សម្តែងក្តី​ព្រួយ​បារម្ភ​រួច​មក​ហើយ​​ថា ការ​សម្រេច​ផ្អាក​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​​អំឡុងពេល​ជិត​បោះ​ឆ្នោត​ កាល​ពី​ខែ​កក្កដា​នឹង​ធ្វើ​អ្នក​បើក​បរ​មិន​គោរព​ច្បាប់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យមាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ច្រើន​ ទោះ​បី​ជា​តួលេខ​បឋម​ពី​ក្រសួង​មហា​ផ្ទៃ​សម្រាប់​ឆ្នាំ​២០១៣​ បង្ហាញ​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ការ​កើន​បន្តិច​បន្តួច​ ហើយ​ការ​ស្លាប់​ដោយ​គ្រោះ​ថា្នក់​ចរាចរណ៍​មាន​ចំនួន​១.៩០១នាក់​ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១២​ ដែលមាន​អ្នក​ស្លាប់​​ចំនួន​១.៨៩៤​​នាក់​ក្តី​។

អំឡុង​កិច្ច​ប្រជុំ​មួយទាក់​ទិន​នឹង​កម្ម​វិធី​សុវត្ថិភាព​​ផ្លូវ​គោក​ពិភពលោក​របស់​អង្គការ​ Bloomberg Philanthropies​ ជាគម្រោង​ម្ចាស់​ជំនួយ​រយៈពេល​៥ឆ្នាំ​ដែល​​ចាប់​ផ្តើម​ពី​ឆ្នាំ​២០១០ ​ដើម្បី​កាត់​បន្ថយ​​ការ​ស្លាប់និង​ការ​រង​របួស​ធ្ងន់​​ដោយសារ​​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​​​ប្រទេសកម្ពុជា​ តំណាង​មក​ពី​អង្គការ​ដែល​ពាក់ព័ន្ធ​នឹងគំនិត​ផ្តួច​ផ្តើម​នេះ​បាន​លើក​ឡើង​ម្តង​ទៀត​ថា កិច្ចខិតខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ត្រូវ​បាន​ធ្វើ​ឲ្យ​ខូច​ដោយ​សារ​តែគ្មាន​ការ​ផ្តន្ទាទោស​ចំពោះ​អ្នក​ដែល​រំលោភ​បំពាន​​ច្បាប់​ចរាចរណ៍ក្នុង​ពេល​បច្ចុប្បន។​

លោក​ ហ៊ឹម​ យ៉ាន ប្រធាន​នាយក​ដ្ឋាន​សណ្តាប់​ធ្នាប់​សាធារណៈ​នៅ​ក្រសួង​មហា​ផ្ទៃ​បាន​ទទួល​ស្គាល់​ថា ទោះ​បី​ជាទទួល​បាន​​ជោគជ័យ​ច្រើន​ចាប់​តាំង​ពី​គម្រោង​ បាន​ចាប់​ផ្តើម​កាល​ពី​ឆ្នាំ​២០១០មក​​ក៏ដោយ​ ក៏​ស្ថាន​ភាព​ចរាចរណ៍​សព្វ​ថ្ងៃ​មិន​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជោគជ័យ​នោះ​បាន​ទេ​។ លោក​បាន​មាន​ប្រសា​​សន៍​ថា “យើង​កំពុង​តែ​សម្លឹង​រក​ឱកាស​​​ដើម្បី​អនុវត្ត​ច្បាប់​ចរាចរណ៍​ឡើង​វិញ​ ហើយ​គម្រោង​របស់​យើង​សម្រាប់​ឆ្នាំ​២០១៤​​គឺ​ថា យើ់ង​នឹង​ប្តេជ្ញា​អនុវត្ត​ច្បាប់​ឲ្យ​បាន​ច្រើន​ជាង​ឆ្នាំ​មុន​”។

លោក​ ស្តេវិន​ អ៊ីដឌីង​ (Steven Iddings) មេ​ដឹក​​​​​នាំ​ក្រុម​សុវត្ថិ​ភាព​ផ្លូវ​គោក​និងទប់​ស្កាត់​ការ​រង​របួស​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ថា ការ​ខ្វះ​ខាត​នៅ​ក្នុង​ការ​អនុវត្ត​ច្បាប់​និង​ការ​ដែល​រដ្ឋាភិបាល​មិន​បាន​អនុម័ត​ច្បាប់​ចរា​ចរណ៍​ថ្មី​ ដែល​គេ​ទន្ទឹង​រង់ចាំ​ជា​យូរ​មក​ហើយ​ គឺសុទ្ធ​តែ​ជា​បញ្ហាចម្បង​ដែល​ចាំបាច់​ត្រូវ​ដោះ​ស្រាយ​។

លោក​បាន​មាន​ប្រសា​សន៍​ថា​ “ចាប់​តាំង​ពី​មុន​ការ​បោះ​ឆ្នោត​មក​ ការ​អនុវត្ត​ច្បាប់​ចរា​ចរណ៍​មិនត្រូវ​បាន​​អេនុវត្ត​ឲ្យ​បាន​​ខ្លាំងក្លា​ឡើយ​”។ លោក​បន្ថែ​ម​ថា ​ការ​ពាក់​មួក​សុវត្ថិ​ភាព​ចាប់​តាំង​ពី​ខែ​ឧសភា​ដល់​ខែ​កញ្ញា​មាន​ការ​ធ្លាក់​ចុះ​​គួរ​ឲ្យ​កត់សម្គាល់ ពោលគឺធ្លាក់​​ពី​៦៣​ភាគរយ​មក​ត្រឹម​៤៧ភាគរយ​។ លោក​ អ៊ីដ​ឌីង​ បាន​លើក​ឡើង​បន្ត​ថា ចំណុច​វិជ្ជមាន​​នៅ​ក្នុង​តួ​លេខ​បង្ហាញ​ឲ្យ​ឃើញ​​យ៉ាង​ច្បាស់​ថា​ ការ​អនុវត្ត​ច្បាប់​ពិត​ធ្វើ​មាន​ប្រសិទ្ធ​ភាព​​មែន​ ហេតុ​ដច្នេះ​ហើយ​ប្រសិន​បើ​មា​ន​ការ​អនុវត្ត​ច្បាប់​ខ្លាំង​មែន​នោះ​ គ្រោះ​​ថ្នាក់​ចរា​ចរណ៍​ប្រហែល​ជា​​មាន​ការ​ធ្លាក់​ចុះ​ជាក់​ជា​មិនខាន​។

សាស្ត្រាចារ្យ​ អាប់​ឌុល​ហ្គាហ្វ័រ បា​ឆា​នី​ (Abdulgafoor Bachani) ម​ក​ពី​សាកល​វិទ្យាល័យ​ Johns Hopkins បាន​មាន​ប្រសាសន៍​ថា ​ការ​បើក​បរ​ពេល​ស្រវឹង​ក៏​រួម​ចំណែក​ធ្វើ​ឲ្យ​​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​​ដែរ​ ។ ប៉ុន្តែ​លោក ហ៊ឹម​ យ៉ាន​ បាន​បដិសេ​ធ​ថា  ការ​ផ្អាក​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​មិន​មែន​ជា​រឿង​នយោបាយ​នោះ​ទេ​ ហើយ​លោក​ក៏​មិនបាន​​រៀប​​រាប់​ពី​មូល​ហេតុ​ដែល​បម្រាម​នេះនៅ​តែ​រក្សាទុក​នោះដែរ​។

លោក​បាន​មាន​ប្រសាសន៍​បន្ទាប់​ពី​កិច្ច​ប្រជុំ​ថា “ពេល​បច្ចុប្បន្ន​មន្ត្រី​របស់​យើង​នៅ​ទូ​ទាំ​ង​ប្រទេស​អាច​ផាក​ពិន័យ​អ្នក​បើក​បរ​ខុស​បាន​ឡើង​វិញ​ហើយ​ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​​​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ពេញ​លេញ​នោះ​​​​ទេ​​​​​ ព្រោះ​យើង​កំពុង​តែ​រង់​ចាំ​ការ​អនុម័ត​ពី​ក្រសួង​​​​​មហា​ផ្ទៃ​និង​រដ្ឋ​សភា​”។ លោក​បន្ថែម​ថា កា​រ​អនុវត្ត​ច្បាប់​ពេញ​លេញ​នឹង​ត្រូវ​អនុវត្ត​ឡើង​វិញ​ ប៉ុន្តែក្នុង​​ពេល​នេះ​ខ្ញុំ​មិន​អាច​ប្រាប់​ថា​​ពេល​ណា​នឹង​ត្រូវ​ចាប់​ផ្តើ​ម​ពិ​ត​ប្រាកដ​បាន​ឡើយ​”៕ ស៊ុយឈាង​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស