លោក សុរិយ៉ា ស៊ូបេឌី (Surya Subedi) ប្រសិតពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលស្ថិតក្នុងបេសកកម្មស្វែងរកការពិតលើកទី១០របស់ខ្លួននៅក្នុងប្រទេសកម្ពុជា បានជួបពិភាក្សាជាមួយលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងកាលពីម្សិលមិញ មុនជំនួបដូចដែលបាន គ្រោងទុកជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលជាច្រើនរូបទៀត។
ទាក់ទងបានតាមទូរស័ព្ទបន្ទាប់ពីជំនួបកាលពីថ្ងៃយប់មិញ លោក សម រង្សី ដែលត្រូវបានសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញពីបទញុះញង់ប្រជាពលរដ្ឋឲ្យចូលរួមតវ៉ា បានពណ៌នាជំនួបនេះថា មានន័យស្ថាបនា។ តំណាងសហគមន៍ អង្គការសិទ្ធិមនុស្ស និងអង្គការត្រួតពិនិត្យការបោះឆ្នោត ព្រមទាំងនិស្សិត ក៏បាននិយាយជាមួយលោក ស៊ូបេឌី នៅក្នុងជំនួបមួយក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃច័ន្ទផងដែរ។
លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា បានលើកឡើងថា លោកក៏មានការព្រួយបារម្ភដូចលោក ស៊ូ បេឌី ផងដែរទាក់ទងទៅនឹងការកែទម្រង់ការបោះឆ្នោត ជាពិសេសអ្វីដែលលោក ស៊ូបេឌី ផ្តោតលើ អំឡុងបេសកកម្មរបស់លោកនៅក្នុងប្រទេសកម្ពុជា កាលពីខែធ្នូឆ្នាំ២០១១ និងជាប្រធានបទមួយដែលលោកបានលើកឡើងនៅក្នុងរបាយការណ៍ដែលលោកបានផ្ញើជូនក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅក្នុងទីក្រុងហ្សឺណែវ។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងផងដែរថា លោកបាននិយាយជាមួយលោក ស៊ូបេឌី កាលពីថ្ងៃច័ន្ទ អំពីភាពវិជ្ជមាន និងអវិជ្ជមានក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីថ្ងៃទី២៨ ខែកក្កដា។ លោក វីរៈ បានមានប្រសាសន៍ថា “ខ្ញុំគិតថាមានភាពអត់ធ្មត់ច្រើន និងភាពវិជ្ជមានខ្លះ…យើងបាននិងកំពុងតែឃើញមនុស្សកាន់តែច្រើនដើរតាមវិថីនានាដោយសន្តិវិធី ហើយការតវ៉ាភាគច្រើនធ្វើឡើងដោយសន្តិវិធី ហើយរដ្ឋាភិបាលបាននិងកំពុងមានប្រតិកម្មដោយភាពអត់ធ្មត់យ៉ាងខ្លាំង”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “ក៏ប៉ុន្តែ ខ្ញុំក៏លើកឡើ់ងនូវបញ្ហាទាក់ទងនឹងការបង្ក្រាបផងដែរ…យើងត្រូវតែថ្កោលទោសការប្រើហិង្សាដោយភាគីទាំងអស់ ហើយយើងត្រូវស្នើឲ្យរដ្ឋាភិបាលស៊ើបអង្កេត ការប្រើហិង្សា ដែលបានកើតឡើងក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ”៕ ប៊ុននី