យោងតាមបុគ្គលិកមួយរូបដែលធ្វើការនៅក្នុងក្រុមហ៊ុនជប៉ុនដែលទទួលបន្ទុកការអនុវត្តគម្រោងសាងសង់មជ្ឈមណ្ឌលថែទាំសុខភាពកម្រិតស្តង់ដារអន្តរជាតិក្នុងរាជធានីភ្នំពេញ បានឲ្យដឹងថាគម្រោងនេះត្រូវបានរំពឹងថា នឹងចាប់ផ្តើមអនុវត្តក្នុងខែមេសា ហើយនៅពេលសកម្មភាពសាងសង់ត្រូវបានបញ្ចប់ មជ្ឈមណ្ឌលនេះនឹងបំពាក់បច្ចេកវិទ្យាវេជ្ជសាស្ត្រ និងប្រើធនធានមនុស្សដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ។
លោកស្រី មីហូកុ ណាកាក់យ៉ាម៉ាក់ (Mihoko Nakayama) ប្រធានគ្រប់គ្រងគម្រោងក្រៅប្រទេស នៅវិទ្យាស្ថាន Kitahara Neurosurgical Institute Japan បានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថា “គម្រោងសាងសង់នេះនឹងចាប់ផ្តើមអនុវត្តចាប់ពីខែមេសា ឬឧសភា ឆ្នាំ២០១៤”។ លោកស្រី ណាកាក់យ៉ាម៉ាក់ បានឲ្យដឹងទៀតថា មន្ទីរពេទ្យដែលជាគម្រោងមួយរបស់ក្រុមហ៊ុនមន្ទីរពេទ្យអន្តរជាតិ Kitahara Interna tional Hospital ដែលមានមូលដ្ឋាននៅប្រទេសជប៉ុននេះ នឹងត្រូវបានសាងសង់នៅសង្កាត់ជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ ដោយត្រូវធ្វើដំណើរតាមផ្លូវគោកឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ហើយគម្រោងសាងសង់នេះនឹងត្រូវចំណាយប្រាក់៣៥លានដុល្លារ។
នេះគឺជាលើកដំបូងហើយ ដែលបុគ្គលិករបស់ក្រុមហ៊ុនមន្ទីរពេទ្យផ្តល់ព័ត៌មានលម្អិត ទាក់ទងនឹងគម្រោងនេះ តាំងពីលោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ (Shinzo Abe) បានប្រកាសគម្រោងនេះ អំឡុងដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជាកាលពីខែវិច្ឆិកាឆ្នាំមុន ក៏ប៉ុន្តែ គ្រាន់តែបាននិយាយបន្តិចបន្តួចទាក់ទងនឹងគម្រោងនេះប៉ុណ្ណោះ។
លោកស្រី ណាកាក់យ៉ាម៉ាក់ បានលើកឡើងថា កង្វះប្រព័ន្ធវេជ្ជសាស្រ្តនៅប្រទេសកម្ពុជា និងតម្រូវការដ៏ច្រើនក្នុងចំណោមប្រជាជនខ្មែរ ដែលត្រូវការសេវាថែទាំសុខភាព គឺជាមូលហេតុចម្បងដែលក្រុមហ៊ុន Kitahara សម្រេចចិត្តបើកមន្ទីរពេទ្យមួយនៅក្នុងរាជធានីភ្នំពេញ។ លោកស្រីបានមានប្រសាសន៍បន្តទៀតថា “ដោយសារតែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្រ្តនៅក្រៅកំណើនសេដ្ឋកិច្ចដ៏លឿនរបស់ប្រទេសកម្ពុជា ប្រជាជនដែលត្រូវការសេវាថែទាំសុខភាព និងមានលទ្ធភាពបង់ថ្លៃសេវាកម្មទៅក្រៅប្រទេស ដើម្បីទទួលបានសេវាព្យាបាល។ ម្យ៉ាងវិញទៀត ប្រជាជនជាច្រើនដែលមានជីវភាពក្រីក្រ មិនអាចទទួលបានសេវាថែទាំសុខភាពគ្រប់គ្រាន់នៅក្នុងប្រទេសរបស់ខ្លួនឡើយ”។
លោកស្រីណាកាក់យ៉ាម៉ាក់ បានឲ្យដឹងបន្ថែមទៀតថា មន្ទីរពេទ្យនេះនឹងផ្តល់សេវាសង្គ្រោះបន្ទាន់ សេវាវះកាត់ប្រព័ន្ធសរសៃប្រសាទ និងសេវាពិនិត្យជំងឺទូទៅ ព្រមទាំងលក់ឱសថទូទៅផងដែរ។ លោកស្រីបានបន្តថា មន្ទីរពេទ្យនេះនឹងជួយបណ្តុះបណ្តាលបុគ្គលិកជាតិឲ្យយល់ដឹងអំពីឱសថសម័យទំនើប។លោកស្រីបានមានប្រសាសន៍ថា “អ្វីដែលយើងកំពុងព្យាយាមធ្វើនៅទីនេះ មិនមែនគ្រាន់តែដើម្បីបង្កើតមន្ទីរពេទ្យប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងដើម្បីបណ្តុះបណ្តាលអ្នកអាជីពផ្នែកវេជ្ជសាស្ត្រក្នុងស្រុក និងខិតខំពង្រឹងសមត្ថភាពផ្នែកវេជ្ជសាស្រ្ត នៅក្នុងប្រទេសកម្ពុជាផងដែរ”។
លោកស្រី ណាកាក់យ៉ាម៉ាក់ បានមានប្រសាសន៍បន្តទៀតថា “ វេជ្ជបណ្ឌិតជប៉ុន និងបុគ្គលិកវេជ្ជសាស្ត្រផ្សេងៗទៀតនឹងត្រូវបានបញ្ជូនមកនៅពេលចាប់ផ្តើមដំណើរការក៏ប៉ុន្តែ ច្បាស់ណាស់ យើងនឹងបណ្តុះបណ្តាល ប្រជាជនកម្ពុជា ដើម្បីជួយរក្សាកម្រិតស្តង់ដារវេជ្ជសាស្ត្រអន្តរជាតិ។ យើងនឹងផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រនៅ មុន និងក្រោយការបង្កើតមន្ទីរពេទ្យនេះ”។
យោងតាមឯកសារដែលត្រូវបានផ្សព្វផ្សាយតាមគេហទំព័ររបស់ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បានបង្ហាញថា មន្ទីរពេទ្យនេះទំនងជាស្ថិតក្នុងគម្រោងផ្តួចផ្តើមរបស់ប្រទេសនេះ ក្នុងការពង្រីកវិសាលភាពសេវាវេជ្ជសាស្ត្ររបស់ខ្លួនលើទីផ្សារអន្តរជាតិ។ ឯកសារនោះមានឈ្មោះថា ឧត្តមភាពផ្នែកវេជ្ជសាស្ត្ររបស់ជប៉ុន។ មន្ទីរពេទ្យនេះត្រូវបានរំពឹងថា នឹងចាប់ផ្តើមដំណើរការនៅក្នុងខែមេសា ឆ្នាំ២០១៥៕
សុធា