កាលពីថ្ងៃអាទិត្យ សាលាដំបូងខេត្តតាកែវបានចោទប្រកាន់មន្ត្រីមន្ទីរការងារខេត្តមួយរូបពីបទពុករលួយបន្ទាប់ពីការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយបានលាតត្រដាងថា មន្ត្រីរូបនេះបានកិបកេងមូលនិធិសាធារណៈចំនួន១.២៥៥ពាន់លានរៀល (៣១៣.៧៥០ដុល្លារ) ក្នុងរយៈពេលប្រាំពីរឆ្នាំមកនេះ។
លោកស្រី សុខ រ៉ានី ប្រធានមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបានកេងបន្លំប្រាក់ខែរបស់គ្រូបង្រៀនចំនួន១៨នាក់ព្រមទាំងកិបកេងមូលនិធិបានពីថវិកាខេត្តសម្រាប់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ នេះបើយោងតាមសេចក្ដីថ្លែងការណ៍មួយចេញដោយអង្គភាពប្រឆាំងអំពើពុករលួយកាលពីម្សិលមិញ។
លោក មាស សុភ័ក្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវបានមានប្រសាសន៍ថា ពេលនេះលោកស្រី សុខ រ៉ានី ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ កំពុងជាប់ឃុំនៅពន្ធនាគារខេត្ត។ លោកបានមានប្រសាសន៍ថា “ខណៈពេលព្រះរាជអាជ្ញារងមួយរូបធ្វើការសាកសួរ គាត់ពិតជាបានសហការយ៉ាងខ្លាំង ហើយបានសារភាពទទួលស្គាល់ថា ខ្លួនពិតជាបានប្រព្រឹត្តអំពើពុករលួយមែន ចន្លោះពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៨”។
ប្រសិនបើតុលាការកាត់សេចក្ដីឲ្យជាប់ទោសដូចការចោទប្រកាន់នេះមែននោះ លោកស្រី សុខ រ៉ានី ប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ប្រាំឆ្នាំ និងពិន័យជាប្រាក់២.៥០០ដុល្លារ៕សុខុម