មន្ត្រីម្នាក់បានឲ្យដឹងកាលពីម្សិលមិញថា ក្រុមហ៊ុនផ្តល់សេវាបាឡុងហោះនៅក្នុងខេត្តសៀមរាប បានចាប់ផ្តើមផ្តល់សេវានេះឡើងវិញហើយ នៅសប្តាហ៍ នេះ គឺរយៈពេលប្រាំបួនខែបន្ទាប់ ពីបាឡុងហោះលើបរិវេណប្រាសាទអង្គរមួយដែលមានភ្ញៀវទេសចរ១៧នាក់ជិះក្នុងនោះ បានធ្លាក់បណ្តាលឲ្យមនុស្សប្រាំបួននាក់រងរបួស។
ក្រុមហ៊ុន Cambodia Flight Holiday International របស់ចិននេះ គឺជាក្រុមហ៊ុនតែមួយគត់ដែលផ្តល់សេវាបាឡុងហោះលើបរិវេណប្រាសាទអង្គរវត្ត។
ប៉ុន្តែ អាជ្ញាធរបានផ្អាកអាជីវកម្មរបស់ក្រុមហ៊ុននេះភ្លាមៗបន្ទាប់ពីមានឧបទ្ទវហេតុ មួយកាលពីថ្ងៃទី២៦ ខែមីនា ពេលខ្យល់ខ្លាំងហួសពីការរំពឹងទុកបានបង្ខំឲ្យអ្នកបញ្ជាបាឡុងធ្វើការចុះចតជាបន្ទាន់ បណ្តាលឲ្យមនុស្សប្រាំបួននាក់រងរបួស ក្នុងនោះមានពីរនាក់រងរបួសធ្ងន់។
លោក កែវ ស៊ីវន អនុរដ្ឋលេខាធិការនៅលេខាធិការដ្ឋានអាការចរណ៍ស៊ីវិលបានមានប្រសាសន៍ថា “ឧបទ្ទវហេតុធ្លាក់បាឡុងហោះកាលពីឆ្នាំមុនបានកើតឡើងដោយសារតែមានខ្យល់ខ្លាំង និងប្រហែលជាដោយសារបុគ្គលិកមានការធ្វេសប្រហែសក្នុងការប៉ាន់ប្រមាណពីល្បឿនខ្យល់”។ លោកបានបន្ថែមថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលបានផ្អាកសេវារបស់ក្រុមហ៊ុននេះរយៈពេលពីរថ្ងៃបន្ទាប់ពីមានឧបទ្ទវហេតុនោះ។
ចាប់តាំងពីពេលនោះមក ក្រុមហ៊ុននេះបានសហការជាមួយអាជ្ញាធរ ហើយបន្ទាប់ពីបានឆ្លងកាត់ការហោះហើរសាកល្បងរួចមកក្រុមហ៊ុននេះត្រូវបានអនុញ្ញាតឲ្យបន្តសេវាកម្មឡើងវិញនៅក្នុងសប្តាហ៍នេះ។
លោក ស៊ីវន បានមានប្រសាសន៍ថា “យើង បានបង្ហោះបាឡុងទាំងនោះសាកល្បងរួចហើយ ហើយក្រុមហ៊ុនមានឯកសារគ្រប់គ្រាន់ដូចជា ប័ណ្ណធានារ៉ាប់រងអាយុជីវិតសម្រាប់អ្នកជិះកម្សាន្តជាដើម ដូច្នេះហើយទើបយើងអនុញ្ញាតឲ្យក្រុមហ៊ុននេះផ្តល់សេវាកម្មឡើងវិញ”។ លោកបានបន្ថែមទៀតថា អាជ្ញាប័ណ្ណថ្មីសម្រាប់ក្រុមហ៊ុននេះកំពុងត្រូវបានរៀបចំ។
លោក ម៉ៅ វីសាន ដែលជាផ្នែកនៃគណៈគ្រប់គ្រងនៅក្រុមហ៊ុន Cambodia Flight Holiday International បានឲ្យដឹងកាលពីម្សិលមិញថា ការបង្ហោះបាឡុងបានដំណើរការឡើងវិញធម្មតាហើយ។ លោកបានមានប្រសាសន៍ពីឧបទ្ទវហេតុកាលពីខែមីនាថា “វាមិនមែនជាការធ្លាក់ទេ គ្រាន់តែជាគ្រោះថ្នាក់តិចតួចប៉ុណ្ណោះ ហើយ យើងកំពុងយកចិត្តទុកដាក់ចំពោះអ្នកជិះកម្សាន្តដែលបានរងរបួសនៅពេលនោះតាម រយៈក្រុមហ៊ុនធានារ៉ាប់រងរបស់យើង”។
លោកមានប្រសាសន៍បន្តថា “សុវត្ថិភាពគឺសំខាន់ណាស់សម្រាប់យើង ប៉ុន្តែវិធានការការពារសុវត្ថិភាពរបស់យើងគឺល្អហើយដោយយើងបានសហការជាមួយនាយកដ្ឋានអាកាសចរណ៍ស៊ីវិល និងភ្នាក់ងារព្យាករអាកាសធាតុរហូតទាល់តែនៅសល់មួយម៉ោងមុនពេលបាឡុងហោះ”។
អ្នកស្រី Malou Ojastro មកពីប្រទេសហ្វីលីពីន ដែលស្ថិតក្នុងចំណោមអ្នករងរបួសក្នុងឧបទ្ទវហេតុនោះ បានសរសេររៀបរាប់អំពីគ្រោះថ្នាក់នេះតាមគេហទំព័រផ្ទាល់ខ្លួនរបស់ខ្លួន ដោយមានបង្ហាញរូបថតដែលថតក្នុងបាឡុងហោះពេលវាធ្លាក់ផង ហើយបានរៀបរាប់ពីការបាក់កដៃរបស់ខ្លួន។ អ្នកស្រីបានបង្ហោះសារមួយនៅក្នុងគេហទំព័រនេះកាលពីខែមុនថា “ខ្ញុំមិនទាន់ជាសះស្បើយទាំងស្រុងពីរបួសផ្លូវកាយ ផ្លូវអារម្មណ៍និងផ្លូវចិត្តរបស់ខ្ញុំនៅឡើយទេ…ព្រោះរហូតមកទល់នឹងថ្ងៃនេះ កម្ពស់ខ្ពស់ៗ ការធ្វើដំណើរតាមយន្តហោះ និងការធ្វើដំណើរទូទៅនៅតែធ្វើឲ្យខ្ញុំភ័យខ្លាចរាល់លើក”៕សារុន