26 C
Phnom Penh

អ្នក​គាំទ្រ​លោក​ ម៉ម​ សូណង់​ដូ ​​នឹងតវ៉ា​​ទាម​ទារ​ឲ្យ​ក្រសួង​ព័ត៌មាន​ផ្តល់​អាជ្ញាប័ណ្ណ​បង្កើតទូរទស្សន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ ជំនួយ​ការ​របស់លោក​ ម៉ម​ សូណង់​ដូ  ​បាន​​ឲ្យដឹង​ថា លោក​ ម៉ម​ សូណង់​ដូ ម្ចាស់​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ​ដ៏​មាន​ប្រជា​ប្រិ​យ​ភាព​ និង​អ្នក​គាំ​ទ្រ​របស់​លោក ​នឹង​ប្រឆាំង​ជំទាស់​ចំពោះ​បម្រាម​របស់​រដ្ឋាភិបាល​​​​​ហាម​មិន​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​ជា​សាធារណៈ​​​ហើយ​នឹង​ចាប់​ផ្តើ​ម​ធ្វើ​ការ​តវ៉ា​ជា​រៀង​រាល់​ថ្ងៃ​ប្រឆាំង​នឹង​ក្រសួង​ព័ត៌មាន​ដែល​បាន​ច្រាន​ចោល​​សំណើ​សុំ​ដំឡើង​ស្ថានីយ​ផ្សាយ​បន្ត​និងការ​​បង្កើត​ស្ថានីយ​ទូរទស្សន៍​មួយ​របស់​លោក​ ម៉ម​ សូណង់​ដូ​ ។

កាល​ពី​ម្សិលមិញ​ អ្នកស្រី ហួន​ ផាន់​ណារី​ បាន​មាន​ប្រសាសន៍​ថា “យើង​នឹងនៅ​តែ​​ប្រមូល​ផ្តុំ​គ្នា​ហើយ​តវ៉ា​​នៅ​មុខ​ក្រសួង​ព័ត៌​​មាន​​តាម​ការ​គ្រោង​​​ទុក​របស់​យើង​ បើ​ទោះ​បី​ជា​​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ការ​តវ៉ា​ក៏ដោយ”។ អ្នក​ស្រី​បាន​លើក​ឡើង​ថា ការ​តវ៉ា​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​២៧​ខែ​មករា​។

អ្នក​ស្រី ផាន់​ណារី​ បាន​ឲ្យ​ដឹង​ថា លោក ម៉ម​ សូណង់​ដូ​ ជា​ដំបូង​បាន​ស្នើ​ទៅ​ក្រសួង​ព័ត៌​មាន​​សុំ​ដំឡើង​ស្ថានីយ​ផ្សាយ​បន្ត​នៅ​តាម​បណ្តា​ខេត្ត​និង​សុំ​អាជ្ញា​ប័ណ្ណបង្កើត​​​ស្ថានីយ​​​​ទូរទស្សន៍​មួយ​កាល​ពី​ឆ្នាំ​២០០៥ ប៉ុន្តែ​ក្រសួង​បាន​បដិ​សេធ​មិន​ទទួល​យក​សំណើ​ទាំង​ពីរ​នេះ​ឡើយ​ ហើយ​កាល​ពី​ម្សិល​មិញ​បាន​ច្រាន​ចោល​សំណើ​របស់​លោក​ ម៉ម​ សូណង់​ដូ​ សាជា​ថ្មីម្តង​ទៀត​ ដោយ​លើក​ឡើង​ពី​មូល​​​ហេតុ​ថា  “ហ្វ្រេកង់​ចង្អៀត​ណាស់​”។

អ្នក​ស្រី​ ផាន់ណារី​ បាន​មាន​ប្រសាសន៍​ថា “យើង​មិន​ភ្ញាក់ផ្អើល​ចំពោះ​ការ​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​របស់​ក្រសួង​ព័ត៌មាន​ឡើយ​ ព្រោះ​ពួ​កគេ​ខ្លាច​ថា យើង​នឹង​បង្ហាញ​ការ​ពិត​និង​អ្វី​ដែល​បាន​កើត​នៅ​ក្នុង​សង្គម​”។ អ្នក​ស្រី​បន្ត​ថា មាន​ស្ថានីយ​ទូរទស្សន៍​និង​ស្ថានីយ​វិទ្យុ​ផ្សេង​ៗ​មួយ​ចំនួន​ បាន​ចាប់​ផ្តើម​ផ្សព្វ​ផ្សាយ​ចាប់​តាំង​ពី​សំណើ​របស់​លោក​ ម៉ម​ សូណង់​ដូ​ ត្រូវ​បាន​ច្រាន​ចោល​ជា​លើក​ដំបូង​កាល​ពី​៩ឆ្នាំ​មុនមក​ម៉្លេះ។

លោក​ ម៉ម​ សូណង់​ដូ​ អ្នក​រិះ​គន់​រដ្ឋា​ភិ​បាល​មិន​សំចៃ​មាត់​  ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យជាប់​ពន្ធ​នាគារ​រយៈពេល​២០​ឆ្នាំ​ ពី​បទ​បង្កើត​ចលនា​អបគមន៍កាល​ពី​ឆ្នាំ​២០១២។ អង្គការ​សិទ្ធិ​មនុស្ស​បាន​លើកឡើង​​​​ថា ការ​ចោទ​ប្រកាន់​នេះ​គឺ​ជា​ការ​ចោទ​ប្រកាន់​មួយ​គ្មាន​មូល​ដ្ឋាន​ត្រឹម​ត្រូវ​នោះ​ទេ​ ហើយ​បន្ទាប់​ពី​មាន​ការ​រិះ​គន់​យ៉ា​ង​ខ្លាំង​ពី​អន្តរជាតិ ​ការ​ផ្តន្ទាទោស​​​ចំពោះ​រូប​លោក​ត្រូវ​បាន​ព្យួរ​ ហើយ​លោក​ត្រូវបាន​ដោះ​លែង​កាល​ពី​ឆ្នាំមុន​។

លោក​ មឿន​ ឈាន​ណារិទ្ធ​ ប្រធាន​វិទ្យា​ស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​ឲ្យ​ដឹង​ថា ការ​បដិសេធរបស់​ក្រសួង​ព័ត៌មាន​​​​មិន​ព្រម​​ផ្តល់​អាជ្ញា​ប័ណ្ណ​តាម​សំណើ​របស់​លោក​ ​ម៉ម​ សូណង់​ដូ​ ដោយ​លើក​ឡើង​ពី​មូល​ហេតុ​ថា ហ្វ្រេកង់​ចង្អៀត​នោះ​គឺ​គ្រាន់​តែ​ជា​លេស​ប៉ុណ្ណោះ​។

លោក​ ឈាន​ណារិទ្ធ​ បាន​លើក​ឡើង​ថា​អង្គការ​សង្គម​ស៊ីវិល​និងបុគ្គល​ដែល​គ្មា​ន​ទំនាក់​ទំនង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​​ ធ្លាប់​បាន​ស្នើ​សុំ​អាជ្ញា​ប័ណ្ណ​ជា​ច្រើនលើក​ច្រើន​សា​ ប៉ុន្តែ​ក្រសួង​ព័ត៌មាន​​តែង​តែ​ច្រាន​ចោល​សំណើ​របស់​ពួក​គេ​ រីឯ​​​​អ្នក​គាំ​ទ្រ​គណបក្សប្រជា​ជន​កម្ពុជា​វិញ​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ជា​ហូរ​ហែ។​ លោក​បាន​មាន​ប្រសាសន៍​ថា “រដ្ឋា​ភិ​​បាល​​បាន​លើក​យក​មូលហេតុ​ ‘ហ្វ្រេកង់​ចង្អៀត​’​ ដើម្បី​ឆ្លើយ​តប​នឹង​សំណើ​សុំ​អាជ្ញាប័ណ្ណ​​​បង្កើត​​​​ស្ថានីយ​វិទ្យុ​ ឬទូរទស្សន៍នៅ​ក្នុង​ប្រទេស​កម្ពុជា​។ហ្វ្រេកង់​មិន​ចេះ​ចង្អៀត​ឡើយ ហេតុ​​ដូច្នេះ​ហើយ​ គេ​អាចបើក​ស្ថានីយ[វិទ្យុ​និង​ទូរទស្សន៍​] ប៉ុន្មាន​ក៏​បាន​ដែរ​តាម​ចិត្ត​ចង់​”។

លោក​ ឡុង​ ឌី​ម៉ង់​ អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា សំណើសុំធ្វើ​ការ​​តវ៉ា​​របស់​លោក​ ម៉ម​ សូណង់​ដូ​​ ដែល​ដាក់​ជូន​សាលា​រាជធានី​ កាល​ពី​ថ្ងៃអង្គារ​នៅ​មិន​ទាន់​បញ្ជូន​បន្ត​ទៅ​​ លោក​ ប៉ា​ សុជាតិ​វង្ស​អភិបាល​រាជធានី​ភ្នំពេញ​នៅ​ឡើយ​ទេ។

លោក​ ខៀវ​ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​​​មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​ធ្វើ​អត្ថា​ធិប្បាយ​ឡើយ​៕ ស៊ុយឈាង​​

http://www.cambodiadailykhmer.com/news/9483/

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស