38.1 C
Phnom Penh

តុលាការខេត្ត​ស្ទឹង​ត្រែង​ចោទ​ប្រកាន់​ប្តី​ប្រពន្ធ​ជន​ជាតិ​ឡាវ​ពី​បទ​រត់​ពន្ធ​គ្រឿង​ញៀន​មេតំ​ហ្វេតាមីន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​នគរបាល​ខេត្ត​ស្ទឹង​ត្រែងបាន​ឲ្យ​ដឹង​ថា ​កាល​ពី​ម្សិល​មិញ​សាលា​ដំបូង​ខេត្ត​ស្ទឹង​ត្រែង​ បាន​ចោទ​ប្រកាន់​ប្តីប្រពន្ធ​ជន​ជាតិ​ឡាវ​ពីរ​នាក់​ពី​បទ​រត់ពន្ធ​ម្សៅ​មេតំហ្វេតាមីន​ ទម្ងន់ជិត​១​គីឡូ​ក្រាម​ពី​ប្រទេស​ឡាវ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​អង្គារ​។

យោង​តាម​លោក​ នូ​ ហួរ​ នាយ​ការិ​​​​​យា​ល័យ​​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​ស្ទឹង​ត្រែង​​ឲ្យ​ដឹង​ថា​​  ជនសង្ស័យ​ឈ្មោះ​ ខាំ​  ផេងណយ​ អាយុ​​​៣៥​ឆ្នាំ​និង​មាន​ប្រពន្ធ​ឈ្មោះ​ ស៊ែនហា​ សិត​ហេង​​​​ អាយុ​៣១​ឆ្នាំ​ ត្រូវ​នគរបាល​ឃាត់​ឲ្យ​ឈប់​នៅ​តាម​ផ្លូវ​មួយ​ក្នុង​ស្រុក​សៀម​ប៉ាង​ខេត្ត​ស្ទឹង​ត្រែង​។លោក​បន្ថែម​ថា នគរបាល​បាន​រក​ឃើញ​ថ្នាំ​ញៀន​ទម្ងន់៩៤៣,២ក្រាម​នៅ​ក្នុង​ស្បោង​ប្លាស្ទិក​​ដែល់​ជន​សង្ស័យ​ទាំង​ពីរ​​បាន​លាក់​ក្រោម​កែប​ម៉ូតូ​របស់​ខ្លួន​ ​ហើយ​ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ពេល​ថ្ងៃ​ត្រង់។​

លោក​ នូ​ ហួរ​ បាន​មាន​ប្រសាសន៍​ថា “ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់​នេះ​ត្រូវ​បាន​សង្ស័យ​ថា បាន​រត់​ពន្ធ​គ្រឿង​ញៀន​ពី​ខេត្ត​ ចំប៉ា​សាក់​ ក្នុង​ប្រទេស​ឡាវ​ឆ្លង​កាត់​ព្រំ​ដែន​ចូល​មកក្នុង​ខេត្ត​ស្ទឹង​ត្រែង​ក្នុង​​ប្រទេស​កម្ពុជា​”។ លោកបាន​បន្ថែម​ថា នគរបាល​ខេត្ត​បាន​សហការ​ជា​មួយ​នគរបាល​ប្រឆាំង​គ្រឿង​ញៀន ​នៅ​តាម​ព្រំ​ដែន​​ដើម្បី​ចាប់​ជន​សង្ស័យ​​ទាំង​ពីរនាក់​នេះ​។

លោក​ នូ ហួរ​ បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា អំឡុង​ការ​សាក​សួរ​នៅ​ស្នង​ការ​ដ្ឋាននគរ​បាល​​ខេត្តស្ទឹង​ត្រែង  ប្តី​ប្រពន្ធ​ពី​រ​នាក់​នេះ​បាន​សារភាព​ថា ខ្លួនត្រូវ​គេ​ជួល​ឲ្យ​រត់​ពន្ធ​ថ្នាំ​ញៀន​មេតំ​ហ្វេតាមីន​ឆ្លង​កាត់​ព្រំ​ដែន​ ហើយ​ពួក​គេ​ទាំង​ពីរ​បាន​និយាយ​ថា ខ្លួន​នឹង​ទទួល​បាន​ប្រាក់​២០០​ដុល្លារ​ បន្ទាប់​ពី​ចែក​ចាយគ្រឿង​ញៀន​ទៅ​​ឲ្យ​អ្នក​ទិញ​របស់​ខ្លួន​​ក្នុង​ប្រទេស​កម្ពុជា​ ហើយនៅពេល​​​ឥឡូវ​នេះ​នគរបាល​កំពុង​តាម​រក​ចាប់​ខ្លួន​អ្នក​ទិញ​នោះ​ហើយ​៕​ ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស