យោងតាមនគរបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា កាលពីម្សិលមិញសាលាដំបូងខេត្តស្ទឹងត្រែង បានចោទប្រកាន់ប្តីប្រពន្ធជនជាតិឡាវពីរនាក់ពីបទរត់ពន្ធម្សៅមេតំហ្វេតាមីន ទម្ងន់ជិត១គីឡូក្រាមពីប្រទេសឡាវចូលមកក្នុងប្រទេសកម្ពុជាកាលពីថ្ងៃអង្គារ។
យោងតាមលោក នូ ហួរ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែងឲ្យដឹងថា ជនសង្ស័យឈ្មោះ ខាំ ផេងណយ អាយុ៣៥ឆ្នាំនិងមានប្រពន្ធឈ្មោះ ស៊ែនហា សិតហេង អាយុ៣១ឆ្នាំ ត្រូវនគរបាលឃាត់ឲ្យឈប់នៅតាមផ្លូវមួយក្នុងស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង។លោកបន្ថែមថា នគរបាលបានរកឃើញថ្នាំញៀនទម្ងន់៩៤៣,២ក្រាមនៅក្នុងស្បោងប្លាស្ទិកដែល់ជនសង្ស័យទាំងពីរបានលាក់ក្រោមកែបម៉ូតូរបស់ខ្លួន ហើយពួកគេត្រូវបានចាប់ខ្លួននៅពេលថ្ងៃត្រង់។
លោក នូ ហួរ បានមានប្រសាសន៍ថា “ប្តីប្រពន្ធទាំងពីរនាក់នេះត្រូវបានសង្ស័យថា បានរត់ពន្ធគ្រឿងញៀនពីខេត្ត ចំប៉ាសាក់ ក្នុងប្រទេសឡាវឆ្លងកាត់ព្រំដែនចូលមកក្នុងខេត្តស្ទឹងត្រែងក្នុងប្រទេសកម្ពុជា”។ លោកបានបន្ថែមថា នគរបាលខេត្តបានសហការជាមួយនគរបាលប្រឆាំងគ្រឿងញៀន នៅតាមព្រំដែនដើម្បីចាប់ជនសង្ស័យទាំងពីរនាក់នេះ។
លោក នូ ហួរ បានឲ្យដឹងបន្តទៀតថា អំឡុងការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ប្តីប្រពន្ធពីរនាក់នេះបានសារភាពថា ខ្លួនត្រូវគេជួលឲ្យរត់ពន្ធថ្នាំញៀនមេតំហ្វេតាមីនឆ្លងកាត់ព្រំដែន ហើយពួកគេទាំងពីរបាននិយាយថា ខ្លួននឹងទទួលបានប្រាក់២០០ដុល្លារ បន្ទាប់ពីចែកចាយគ្រឿងញៀនទៅឲ្យអ្នកទិញរបស់ខ្លួនក្នុងប្រទេសកម្ពុជា ហើយនៅពេលឥឡូវនេះនគរបាលកំពុងតាមរកចាប់ខ្លួនអ្នកទិញនោះហើយ៕ ស៊ុយឈាង