29 C
Phnom Penh

កម្មករ​កម្មការិនី​រោង​ចក្រ​កាត់​ដេរ​បន្ត​ធ្វើ​កូដកម្ម​ដោយ​សារ​និយោជក​កាត់​ប្រាក់​ឈ្នួលរបស់​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ម​ករ​កម្មការិនីមក​ពី​រោង​ចក្រ​កាត់​ដេរ​ចំនួនពីរ​បាន​បន្ត​ការធ្វើកូដ​កម្ម​កាល​ពី​ម្សិល​​មិញ​ទាម​ទារ​ឲ្យ​និយោ​ជក​របស់ខ្លួន​បើក​ប្រាក់​ឈ្នួល​ឲ្យ​ពួកគេ​ពាក់​ក​ណ្តា​ល​​​សម្រាប់​ថ្ងៃ​ដែ​ល​ពួកគេ​បាន​ចូលរួម​ធ្វើកូដ​កម្ម​អំឡុង​ការ​ធ្វើ​បាតុកម្ម​ធំ​បំផុត​​ក្នុង​វិស័យ​កាត់​ដេរកាល​ពី​ដើម​ខែ​នេះ។

កម្មករ​កម្មការិនី​ប្រហែល ​៣.000នាក់​មក​ពី​រោង​ចក្រ​កាត់​ដេរ Quint Major  Industrial ក្នុង​ខេត្ត​កណ្តាល​មិន​បាន​ចូល​ធ្វើ​ការ​ទេ​ដោយ​​ធ្វើការ​ហែ​ក្បួនតវ៉ា​​តាម​ផ្លូវ​ជាតិលេខ​៤​ដើម្បី​ទាមទារ​ឲ្យ​និយោជក​បើក​ប្រាក់​ឈ្នួល​ឲ្យ​ពួកគេ​យ៉ាង​ហោច​ណាស់​ក៏ពាក់​កណ្តាល​ដែរ​សម្រាប់​ថ្ងៃ​ដែល​ពួកគេ​ចូល​រួម​ធ្វើ​កូដ​កម្ម។

លោក សៀង រិទ្ធី ប្រធាន​សម្ព័ន្ធ​សហ​ជីព​សាមគ្គីភាព​ការ​ងារ​កម្ពុជា​​​​បាន​ឲ្យ​ដឹង​​ថា កម្មករ​កម្មការិនី​បាន​ហែក្បួន​ចម្ងាយ​ប្រហែល​​​កន្លះ​គីឡូម៉ែត្រ​ពី​រោង​ចក្រ​ឆ្ពោះ​ទៅ​ការិយា​ល័យ​​សាលា​ស្រុក​មុន​ពេល​អ្នក​គ្រប់​គ្រង​រោង​​ចក្រ​បាន​ប្រាប់​កម្មករថា ពួកគេ​មាន​ឆន្ទៈ​​ចរចា។ លោក​បាន​មាន​ប្រសាសន៍ថា​ “កម្មករ​កម្ម​ការិនី​របស់យើង​​ទាម​ទារ​ប្រាក់​ឈ្នួល​៥០ភាគរយ​សម្រាប់​ថ្ងៃដែល​ពួកគេ​ចូល​រួម​ធ្វើកូដកម្ម​ ប៉ុន្តែ​ រោង​ចក្រ​​មិន​ទាន់​បានឆ្លើយ​តប​តាម​សំណើរបស់​យើង​នៅ​ឡើយ​ទេ ហើយ​ពួកគេ​នឹង​ផ្ត​ល់​ចម្លើយ​ [​ថ្ងៃនេះ​] ”។​​​​ លោក​បាន​បន្ថែម​ថា​ “កម្ម​ករ​កម្មការិនី​ទាំង​អស់​ប្តេជ្ញាថា​ នឹង​មិន​ចូល​ធ្វើ​ការ​វិញ​ទេ ប្រសិនបើ​រោង​ចក្រ​មិន​បើក​ប្រាក់​ឈ្នួល​​ឲ្យ​ពួកគេ​៥០ភាគរយ​សម្រាប់​ថ្ងៃ​ដែល​ពួកគេ​ចូលរួម​ធ្វើ​កូដ​កម្ម​ទេនោះ”។

លោក ភីធើ ប៉ាន (Peter Pan) អ្នក​គ្រប់​គ្រង​រោង​ចក្រ​ជា​ជន​ជាតិ​តៃវ៉ាន់បានលើក​​ឡើង​ថា ​លោ​ក​សង្ឃឹម​ថា នឹង​អាច​ដោះ​ស្រាយ​វិវាទ​នេះ​បាន​នៅ​ថ្ងៃ​នេះ។
លោក​បាន​មាន​ប្រសាសន៍ថា “ប្រសិន​បើ​កម្ម​ករ​កម្មការិនីមួយ​ចំនួន​​មិន​មក​ធ្វើការ​ ហើយ​ចូលរួម​ធ្វើកូដកម្ម​នៅ​ខាង​ក្រៅ​នោះ ពួកគេ​ប្រាកដ​ជា​នឹង​មិន​ទទួល​បាន​ប្រាក់​​ឈ្នួល​ឡើយ…ប៉ុន្តែ​ថៅកែ​រោង​ចក្រ​ប្រហែល​ជា​សម្រេច​បើកប្រាក់​ឈ្នួល​ឲ្យ​ពួកគេ​ខ្លះ។ យើង​​ សង្ឃឹមថា​ កិច្ច​ប្រជុំ​[នៅ​ថ្ងៃនេះ] នឹង​អាច​ដោះ​ស្រាយ​បញ្ហា​នេះបាន”។

លោក ចន ឃាង តំណាង​រោង​ចក្រ​មក​​ពី​សម្ពន្ធភាព​សហជីព​ពាណិជ្ជកម្ម​កម្ពុជា​បាន​មាន​ប្រសាសន៍ថា កម្មករ​កម្មការិនី​ធ្វើ​កូដកម្ម​ប្រហែល​៦០០នាក់​មកពី​រោង​ចក្រ​ម៉ាន​ហាត​តាននៅក្នុង​​ខេត្ត​កំពង់​ចាមក៏បាន​ហែ​ក្បួន​ផង​ដែរ​កាលពី​ម្សិលមិញ ដើម្បី​ទាម​ទារ​​ប្រាក់​ឈ្នួល​សម្រាប់​ថ្ងៃ​ធ្វើ​កូដកម្មកន្លង​មក​ផង​ និង​ដើម្បី​​តវ៉ា​ចំពោះ​ការ​ផ្អាក​ការ​ងារ​របស់​តំណាង​​សហជីព​បួន​នាក់​ផង​។​ លោក​បាន​ឲ្យ​ដឹង​ថា កម្មករ​កម្ម​ការិនី​បាន​ហែក្បួន​ទៅកាន់​ការិយាល័យ​នៃ​មន្ទីរការ​ងារ​ខេត្ត​​ដែល​នៅទីនោះ​មន្ត្រី​ពាក់​ព័ន្ធ​​បាន​រៀប​ចំ​ឲ្យ​មាន​ការ​ចរចា​រវាង​កម្មករ​ និង​អ្នក​គ្រប់​គ្រង​រោងចក្រ​នៅ​ថ្ងៃ​នេះ។

លោក ខឹម វាសនា អនុប្រធានមន្ទីរ​ការ​ងារ​ខេត្ត​​បាន​មាន​ប្រសាសន៍​ថា លោក​បាន​អញ្ជើញ​ភាគី​ទាំង​ពីរ​ឲ្យ​មក​ជួប​ប្រជុំ​គ្នា​នៅ​ការិយាល័យ​របស់លោក​នៅ​ថ្ងៃនេះ​ដើម្បី​ព្យាយាម​ដោះស្រាយ​វិវាទ​នោះ។ លោក វាសនា ដែលនិយាយ​ថា លោក​សង្ឃឹម​​ថា នឹងមាន​ជំនួបនៅ​ថ្ងៃ​នេះ​នោះ​បាន​មាន​ប្រសាសន៍ថា “យើង​បាន​អញ្ជើញ​តំណាងមួយ​ចំនួន​​របស់​កម្មករ​មក​ជួប​ប្រជុំគ្នា​[នៅថ្ងៃ​ពុធ] ប៉ុន្តែ​ជំនួប​នោះ​ត្រូវ​បាន​លុប​ចោល​​វិញ​ដោយ​សារ​កម្មករ​បាន​ធ្វើការ​តវ៉ា​នៅ​ខាងក្រៅ​ការ​ិយាល័យ។ ពួកគេ​​មិន​មាន​បំណង​​ជួប​ប្រជុំទេ ​​ពួកគេ​មក​បង្កបញ្ហា​តែ​ប៉ុណ្ណោះ”។

លោក ចន ឃាង​ បាន​មាន​ប្រសាសន៍​ថា ពួកគេ​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូល​ទៅក្នុងមន្ទីរ​ទេកាល​ពីម្សិលមិញ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា សហជីព​នឹង​ចូលរួម​ពិភាក្សា​គ្នា​តាម​ការ​គ្រោង​​ទុក​នៅ​ថ្ងៃនេះ។

កម្មករ​កម្មការិនី​រាប់​រយ​នាក់​ក៏បាន​ធ្វើ​កូដកម្ម​វិញនៅ​រោង​ចក្រ​ចំនួន​ពីរ​ក្នុង​រាជ​ធានី​ភ្នំពេញ​ផង​ដែរ​នៅ​សប្តាហ៍នេះ​។ ទោះ​យ៉ាងណា កាលពីម្សិលមិញ កម្ម​ករ​កម្មការិនី​នៅ​រោង​ចក្រ​នីមួយ​ៗ​បានឲ្យ​ដឹង​ថា ពួកគេ​ភាគ​ច្រើន​បាន​ត្រឡប់​ទៅ​ធ្វើការ​វិញ​ហើយ​​ ឬ​នឹង​ត្រឡប់​ទៅធ្វើការ​វិញ​ឆាប់ៗ​នេះ​​ដោយសារ​ខ្លាច​គេ​កាត់​ប្រាក់​ឈ្នួល​ទៀត។ ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល​នៅក្រសួង​ការ​ងារ​កំពុង​ព្យាយាម​​ដោះ​ស្រាយ​វិវាទ​ការ​ងាទាំង​បួន​នេះ។

លោក សុខ ឡោ នាយក​ប្រតិបត្តិ​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល​​បាន​មាន​ប្រសាសន៍​ថា “ឥឡូវ​នេះ​យើង​កំពុងដោះ​ស្រាយ​រឿង​នេះ​ហើយ​ ហើយ​យើង​​ត្រូវ​ការ​ពេល​វេលា​យ៉ាង​ហោច​ណាស់​ក៏២០ថ្ងៃដែរ​ដើម្បី​ចេញ​សេចក្តី​សម្រេច​”។

សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​​បាន​លើក​យក​ច្បាប់​ការ​ងារ​ក្នុង​ប្រទេស​កម្ពុជា​មក​ធ្វើ​ជាមូល​ដ្ឋាន​សម្រាប់​ការ​​ណែ​នាំ​ដល់​រោង​ចក្រ​ទាំង​អស់​មិន​ឲ្យ​បើក​ប្រាក់​ឈ្នួល​ដល់​កម្មករ​សម្រាប់​ថ្ងៃ​ដែល​ពួកគេ​ចូលរួម​ធ្វើ​កូដកម្ម​។ ក្រសួង​ការ​ងារ​លើក​ឡើង​ថា ក្រសួង​កំពុង​​ជំរុញ​ឲ្យ​រោង​ចក្រ​ទាំង​អស់​បើក​ប្រាក់​ឈ្នួល​ដល់​កម្មករ ​យ៉ាង​ហោច​ណាស់​ក៏មួយ​ចំនួន​ដែរ​ ដោយ​សង្ឃឹម​ថា នឹង​អាច​កាត់​បន្ថយ​​ ការ​ធ្វើ​កូដកម្មបន្ត​​ទៀតបាន​​៕ សារុន
(រាយការ​ណ៍បន្ថែម​ដោយ Zsombor Peter)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស