40.3 C
Phnom Penh

តុលាការ​លើ​ក​ឡើង​ថា​ លោក ប៉ូឡុន​ស្គី​ នៅ​តែ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទប្រើ​ហិង្សា​លើ​​កម្មករ​លើ​ទូក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ មន្ត្រី​សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ​ បាន​ឲ្យ​ដឹង​ថា លោក​ សេរហ្គេ ប៉ូឡុន​ស្គី​ អតីត​មហាសេដ្ឋី​ជន​ជាតិ​រុស្ស៊ី​ ដែល​សមត្ថកិច្ច​រុស្ស៊ី​​តាម​ចាប់ខ្លួន​ នៅ​តែ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទប្រើ​អំពើ​ហិង្សា​លើ​កម្ម​ករ​លើ​ទូក​ជន​ជាតិ​កម្ពុជា​ចំនួនប្រាំ​មួយ​​នាក់​នៅ​លើ​សមុទ្រក្រុង​ព្រះ​សីហនុ​ កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១២។

លោក​ចៅ​ក្រម​ ម៉ុង​ មុនី​ចរិយា​ ប្រធាន​សាលា ​ដំបូង​ខេត្ត​ព្រះ​សីហនុ​​បានថ្លែង​ ថា “ខ្ញុំ​គិត​ថា សំណុំ​រឿង​នេះ​នឹង​ត្រូវ ​បើក​សវនា​ការ​ជំនុំ​ជម្រះ​នៅ​ក្នុង​ពេល​ឆាប់ៗ​។ យើង​មិនអាច​ទុក​សំណុំ​រឿង​នេះ​ចោល​ក្នុង​រយៈ​ពេល​យូរ​នោះ​ទេ​”។ លោក​បាន​បង្វែ​រ​សំណួរ​បន្ថែម​ទៅលោកចៅក្រម​ ស្វាយ​ តុញ ដែល​ទទួល​ខុសត្រូវ​សំណុំ​រឿង​នេះ។

លោក ស្វាយ​ តុញ​ បាន​ឲ្យ​ដឹង​ថា ថ្ងៃ​បើក​សវនាការ​នៅ​មិន​ទាន់​​កំណត់​នៅ​ឡើយ​ទេ។ លោក​បា​ន​មាន​ប្រសាសន៍​ ដោយ​បដិ​សេធ​​មិន​ធ្វើ​អត្ថា​ធិប្បាយ​ច្រើន​ថា “ ខ្ញុំ​នៅ​តែ​សើ​រើ​​​រឿង​​នេះ​​ឡើង​​វិញ​។ សំណុំ​រឿង​របស់​លោក​​ ប៉ូឡុន​ស្គី​ ត្រូវ​បាន​បញ្ជូន​មក​ឲ្យខ្ញុំ​ប្រហែ​ល​​កន្ល​ះខែ​​កន្្ល​ង​មក​ហើយ​។ ខ្ញុំ​មិន​អាច ​ប៉ាន់​ស្មាន​បាន​ឡើយ​ថា​ តើ​ពេល​ណា​សំណុំ​រឿង​នេះ​ នឹង​ត្រូវ​យក​មក​បើក​សវនាការ​ជំនុំ​ជម្រះ​នោះ​ទេ”។

កាល​ពី​ថ្ងៃ​ច័ន្ទ​ សាលា​ឧទ្ធរណ៍​បាន​ដោះ​លែង​លោក ប៉ូឡុន​ស្គី​ ហើយ​បា​ន​ព្យួរ​ការ​ធ្វើ​បត្យាប័ន​លោក​ទៅ​កាន់​ប្រទេស​រុស្ស៊ី​ ជា​ទី​ដែល​លោក​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ឆ​បោកប្រាក់​រាប់​លាន​ដុល្លារ​ ដោយ​លើក​ឡើង​ថា លោក​ដាច់​ខាត​ត្រូវ​តែ​ប្រឈម​នឹង​តុលាការ​កម្ពុជា​ពី​បទប្រើ​អំពើ​ហិង្សា​កាល​ពី​ឆ្នាំ​២០១​២​ ​ជាមុនសិន​។

ការ​លើក​ឡើង​របស់​មន្ត្រី​កម្ពុជា​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ ទីភ្នាក់​ងារ​ព័ត៌មាន​រុស្ស៊ី ​RIA  Novosti បាន​រាយការណ៍​កាល​ពី​ថ្ងៃ​អង្គារថា លោក​ អាឡិចសានឌឺ​ ការា៉​បាណូវ​ (Alexander Karabanov) មេធាវី​ម្នាក់​នៅ​​ក្នុង​ចំណោម​មេធាវី​ទាំងអស់​របស់​លោក​ ប៉ូឡុន​ស្គី​ បាន​និយាយថា​ ការ​ចោទ​ប្រកាន់​លើ​កូន​ក្តី​របស់​លោក​ក្នុង​ខេត្ត​ព្រះ​សីហនុ​ ត្រូវ​បាន​លើក​លែង ​បន្ទាប់​ពី​ មាន​ការ​ព្រម​ព្រៀង​គ្នា​ជា​មួយ​​​កម្មករ​លើ​ទូក​។

កាល​ពី​ខែ​មករា​ឆ្នាំ​២០១៣ មេធាវី​ម្មាក់​របស់​កម្ម​ករ​លើ​ទូក​បាន​និយាយ​ថា កូន​ក្តី​របស់​លោក​បានទទួល​យក​ប្រាក់​សំណង​ជំងឺ​ចិត្តចំនួន​២០.០០០ដុល្លារ ហើ​យ​បានដក​ពាក្យ​បណ្តឹង​ពី​តុលា​ការ​ ប៉ុន្តែ​លោក​បាន​លើក​ឡើង​ថា​ លោក​ ប៉ូឡុន​ស្គី​ និង​ជន​ជាតិ​រុស្ស៊ី​ពីរ​នាក់​ផ្សេង​ទៀត​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​សំណុំ​រឿង​នេះ​នៅ​តែ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​។

លោក​ ប៉ូឡុន​ស្គី​ និង​សហការី​របស់​លោក​បាន​ជាប់​ពន្ធ​នាគារ​រយៈពេល​បី​ខែ​ពី​បទប្រើ​អំពើ​ហិង្សា​នេះ​ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាល​ពី​ខែ​មេសា​។ កាល​ពី​ខែ​កក្កដា​ តុលាការ​រុស្ស៊ើ​បាន​ចោទ​ប្រកាន់​លោក​ ប៉ូឡុន​ស្គី​ កំបាំង​មុខ​ពី​បទ​ឆ​បោក​ ប្រាក់​ចំនួន​១៧៦​លាន​ដុល្លារ​ពី​វិនិ​យោគិន​ក្នុង​គម្រោង​សាង​សង់​មួយ​ក្នុង​ទី​ក្រុង​មូស្គូ។

លោក​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​វិច្ឆិកា​តាម​សំណើ​ពី​អាជ្ញាធរ​រុស្ស៊ី​ និង​បន្ទាប់​ពី​ត្រូវ​បាន​ជាប់​ឈ្មោះ​​ក្នុង​បញ្ជី​របស់​នគរ​បាល​អន្តរ​ជាតិ​ ជា​ជន​ដែល​គេ​តាម​រក​ចាប់​ខ្លួន​បំផុត​។ លោក​ បែន​សុន ​សម័យ តំណាង​របស់​លោក​ ប៉ូ​ឡុន​ស្គី​ ដែល​ទទួល​ដោះ​ស្រាយ​ក្នុង​ករណី​​​មួយ​ទាក់​ទិន​នឹង​ការ​ធ្វើ​បត្យា​ប័ន ​​បាន​និយាយ​ថា​ លោក​មិន​ដឹង​អំពី​សំណុំ​រឿង​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ឡើយ៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស