កម្មកររោងចក្រកាត់ដេរមួយនៅក្នុងខេត្តកណ្តាល បានបញ្ឈប់សកម្មភាពកូដកម្មរបស់ខ្លួនកាលពីម្សិលមិញ បន្ទាប់ពីគណៈគ្រប់គ្រងរោងចក្រយល់ព្រមផ្តល់ប្រាក់ឈ្នួលរបស់ពួកគេមួយចំណែក សម្រាប់ថ្ងៃដែលពួកគេអវត្តមានអំឡុងពេលពួកគេកំពុងធ្វើកូដកម្ម កាលពីពេលថ្មីៗនេះ ខណៈដែលរោងចក្រមួយផ្សេងទៀតនៅក្នុងរាជធានីភ្នំពេញ បានត្រឡប់ទៅធ្វើកូដកម្មវិញ ដោយសារនិយោជករបស់ពួកគេមិនព្រមផ្តល់ប្រាក់ឈ្នួលដល់ពួកគេ សម្រាប់ពេលពួកគេកំពុងធ្វើកូដកម្ម។
កម្មករប្រហែល៣.០០០នាក់នៅរោងចក្រ Quint Major Industrial ក្នុងខេត្តកណ្តាល បានធ្វើកូដកម្មក្នុងសប្តាហ៍នេះ ដើម្បីទាមទារឲ្យនិយោជករបស់ពួកគេផ្តល់ប្រាក់ឈ្នួលរបស់ពួកគេយ៉ាងតិចពាក់កណ្តាល សម្រាប់ថ្ងៃដែលពួកគេបានចូលរួមធ្វើកូដកម្មទូទាំងប្រទេស កាលពីខែធ្នូ ដើម្បីទាមទារប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងមុន សម្រាប់វិស័យកាត់ដេរទាំងមូល។
ក៏ប៉ុន្តែ កម្មករទាំងនេះបានបញ្ឈប់កូដកម្មចុងក្រោយបំផុតរបស់ខ្លួនកាលពីម្សិលមិញ បន្ទាប់ពីរោងចក្រយល់ព្រមផ្តល់ឲ្យពួកគេនូវប្រាក់ឈ្នួល៣០ភាគរយសម្រាប់ថ្ងៃដែលពួកគេបានធ្វើកូដកម្ម នេះបើយោងតាមលោក សៀង រិទ្ធី ប្រធានសម្ព័ន្ធសហជីពសាមគ្គីភាពការងារកម្ពុជា។ លោកបានមានប្រសាសន៍ថា “ យើងបានចុះកិច្ចសន្យាជាមួយតំណាងក្រុមហ៊ុនដែលបង់ប្រាក់ឈ្នួល៣០ភាគរយ និងអត្ថប្រយោជន៍ ដែលពួកគេបានកាត់អំឡុងកូដកម្ម ក៏ប៉ុន្តែ ប្រាក់ទាំងនោះនឹងត្រូវបានផ្តល់ឲ្យនៅខែក្រោយ ពីព្រោះក្រុមហ៊ុនមិនអាចផ្តល់ឲ្យយើងឥឡូវនេះបានទេ”។
លោក ភីធ័រ ប៉ាន់ (Peter Pan) អ្នកគ្រប់គ្រងជនជាតិតៃវ៉ាន់ នៅក្នុងរោងចក្រ Quint Major Industrial បានបញ្ជាក់ថា កូដករបានយល់ព្រមត្រឡប់ចូលធ្វើការវិញ បន្ទាប់ពីទទួលយកប្រាក់ ៣០ភាគរយនេះ។ ទោះជាយ៉ាងណា កាលពីម្សិលមិញ កម្មករប្រហែល១.៨០០នាក់ នៅរោងចក្រ Canteran Apparel ក្នុងរាជធានីភ្នំពេញ បានបន្តធ្វើកូដកម្មតវ៉ាទាមទារប្រាក់ឈ្នួលដែលត្រូវបានកាត់កាលពីខែមុន ក៏ប៉ុន្តែ ពួកគេបានឈប់ធ្វើកូដកម្មមួយរយៈពេលខ្លី កាលពីថ្ងៃអង្គារ ដោយសារតែមានការព្រួយបារម្ភខ្លាចមានការកាត់ប្រាក់ឈ្នួលបន្ថែមទៀត នេះបើយោងតាមលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ។ លោកបានមានប្រសាសន៍ថា “កម្មករទាមទារឲ្យក្រុមហ៊ុនផ្តល់ប្រាក់ដល់ពួកគេ អំឡុងកូដកម្ម ក៏ប៉ុន្តែ ពួកគេមិនព្រម ហើយចោទប្រកាន់កម្មករទាំងអស់ថា ធ្វើកូដកម្មខុសច្បាប់”។
ចំណែកឯរោងចក្រមួយទៀត គឺរោងចក្រ Manhattan Textile កម្មករប្រហែល៦០០នាក់នៅតែបន្តធ្វើកូដកម្ម ដើម្បីទាមទារប្រាក់ឈ្នួលដែលត្រូវបានគេកាត់កាលពីខែមុន សម្រាប់ការធ្វើកូដកម្ម និងតវ៉ាការព្យួរការងាររបស់តំណាងសហជីពបួននាក់ នេះបើយោងតាមតំណាងសហជីព និងរោងចក្រ។ លោក ឃឹម វាសនា អនុប្រធានមន្ត្រីការងារខេត្តកំពង់ចាម បានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការដោះស្រាយវិវាទនេះបានទទួលបរាជ័យ។
លោកបានមានប្រសាសន៍ថា “កិច្ចប្រជុំត្រូវបានបញ្ចប់ទៅដោយមិនមានលទ្ធផលពីព្រោះក្រុមហ៊ុននៅតែអះអាងថា ខ្លួននឹងមិនផ្តល់ប្រាក់សម្រាប់ពេលធ្វើកូដកម្មឡើយហើយពួកគេនឹងមិនអនុញ្ញាតឲ្យមេដឹកនាំសហជីពបួននាក់នោះត្រឡប់ចូលធ្វើការវិញទេ។ លើសពីនេះទៀត ក្រុមហ៊ុនក៏បានចោទប្រកាន់មេដឹកនាំសហជីពទាំងនេះថា បានញុះញង់ឲ្យកម្មករចូលរួមក្នុងសកម្មភាពធ្វើកូដកម្ម”៕ សុធា