28.4 C
Phnom Penh

សហរដ្ឋ​​​អាមេរិកអនុម័ត​​​សេចក្ដី​​​ព្រាង​​​ថវិកា​​​​​​ផ្អាក​​​ជំនួយ​​​មួយ​​​ចំនួន​​​​​​ដល់កម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ សភា​​​សហរដ្ឋ​​​អាមេរិក​​​បាន​​​អនុម័ត​​​សេចក្ដី​​​ព្រាង​​​​​​ថវិកា​​​ ដែល​​​នឹង​​​ផ្អាក​​​ការ​​​ផ្ដល់​​​ជំនួយ​​​មូលនិធិ​​​មួយ​​​ចំនួន​​​ដល់​​​កម្ពុជា ​​​រហូត​​​ទាល់​​​តែ​​​រដ្ឋាភិបាល​​​កម្ពុជា​​​ធ្វើ​​​ការ​​​ស៊ើប​​​អង្កេត​​​ឯករាជ្យ​​​លើ​​​ការបោះឆ្នោត​​​ជាតិ​​​ដ៏​​​ចម្រូង​​​ចម្រាស​​​កាលពី​​​ខែ​​​កក្កដាកន្លងមក​​​  ហើយ​​​ធ្វើ​​​​​​កំណែទម្រង់​​​ប្រព័ន្ធ​​​បោះឆ្នោត​​​របស់​​​ខ្លួន​​​ ឬ​​​រហូត​​​ទា​​​ល់​​​តែ​​​គណបក្ស​​​ប្រឆាំង​​​​​​បញ្ចប់​​​ការ​​​ធ្វើ​​​ពហិការ​​​​​​មិន​​​ចូល​​​សភា​​​។

សេចក្ដី​​​ព្រាង​​​ច្បាប់​​​ថវិកានេះ​​​ក៏​​​ណែ​​​នាំ​​​ធនាគារ​​​ពិភព​​​លោក​​​កុំ​​​ឲ្យ​​​ “សហ​​​ការ​​​ឡើង​​​​​​វិញ​​​” ជាមួយ​​​កម្ពុជា​​​ រហូតទាល់​​​តែ​​​​​​វិវាទ​​​​​​នៃ​​​ការ​​​បោះឆ្នោត​​​​​​ត្រូវ​​​បាន​​​ដោះ​​​ស្រាយ​​​  និងឲ្យ​​​​​​​​​​​​រាយ​​​ការណ៍​​​ជា​​​ប្រចាំ​​​ប្រាប់​​​សមាជិក​​​សភា​​​សហរដ្ឋ​​​អាមេរិក​​​ ស្ដីពី​​​​​​អ្វី​​​ដែល​​​​​​ធនាគារ​​​នេះ​​​កំពុង​​​តែ​​​ធ្វើ​​​ ដើម្បី​​​ជួយ​​​ដល់​​​ប្រជា​​​ពល​​​រដ្ឋ​​​រាប់​​​ពាន់​​​គ្រួសារ​​​ដែលត្រូវ​​​​​​បាន​​​បណ្ដេញ​​​ចេញ​​​ពី​​​តំបន់​​​បឹង​​​កក់​​​ រាជ​​​ធានីភ្នំពេញ​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​ថ្មី​​​ៗ​​​នេះ​។

ប្រសិន​​​បើ​​​ត្រូវ​​​ព្រឹទ្ធសភា​​​សហរដ្ឋ​​​អាមេរិក​​​​​អនុម័ត​​​នៅ​​​ប៉ុន្មាន​​​ថ្ងៃ​​​ខាង​​​មុខ​​​​​​ទៀត​​​នោះ​​​ សេចក្ដី​​​ព្រាង​​​ច្បាប់​​​នេះ​​​នឹង​​​​​​អនុវត្ត​​​តាម​​​ការ​​​គំរាម​​​កំហែង​​​​​​របស់​​​សមាជិក​​​សភា​​​សហរដ្ឋ​​​អាមេរិក​​​មួយ​​​ចំនួន​​​ ដើម្បី​​​កាត់​​​ផ្ដាច់​​​ជំនួយ​​​ហិរញ្ញវត្ថុដោយ​​​សារ​​​តែ​​​ការ​​​បោះឆ្នោត​​​​​​ដ៏​​​ចម្រូង​​​ចម្រាស​​​នៅ​​​កម្ពុជា ​​​ ដែល​​​បាន​​​ធ្វើ​​​ឲ្យ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​​​​ បន្ត​​​ឡើង​​​​​​កាន់​​​អំណាច​​​ ប៉ុន្តែ​​​ការ​ឈ្នះ​​​​​​របស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ដែលកំពុង​​​កាន់​​​អំណាច​​​​​​នៅតែ​​​មាន​​​ផល​​​ប៉ះពាល់​​​ ដោយ​​​សារ​​​តែ​​​មាន​​​ភ័ស្ដុតាង​​​​​​បង្ហាញពី​​​ភាព​​​មិន​​​ប្រក្រតី​​​​​​ដែល​​​កើត​​​មាន​​​​​​ស្ទើរ​​​គ្រប់​​​កន្លែង​​​។​​​

​​សហរដ្ឋ​​​អាមេរិក​​​មិន​​​បាន​​​ច្រាន​​​ចោល​​​លទ្ធផល​​​នៃ​​​ការ​​​បោះឆ្នោត​​​នេះ​​​ទេ​​​ ប៉ុន្តែ​​​ក៏​​​បាន​​​ចៀសវាង​​​​​​​​​មិន​​​​​​គាំទ្រ​​​លទ្ធផល​​​នេះ​​​ដែរ​​​។​​​ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ សេចក្ដី​​​ព្រាង​​​ច្បាប់​​​នេះ​​​ប្រហែល​​​ជា​​​មាន​​​ប្រសិទ្ធភាព​​​​​​ជាង​​​​​​បន្ទុក​​​​​​ហិរញ្ញវត្ថុ។​​​ សេចក្ដី​​​ព្រាង​​​ច្បាប់​​​នេះ​​​មិន​​​បញ្ជាក់​​​​​​ថា​​​តើ​​​ជំនួយ​​​​​​សម្រាប់​​​កម្ពុជា ប៉ុន្មា​​​ន​​​​​​អាច​​​នឹង​​​​​​បាត់​​​បង់​​​នោះ​​​ទេ​​​ ហើយ​​​មាន​​​រាប់​​​​​​បញ្ចូល​​​ករណី​​​​​​លើក​​​លែង​​​មួយ​​​ចំនួន​​​ដែល​​​​​​នឹង​​​រារាំង​​​មិន​​​ឲ្យ​​​ដក​​​ជំនួយ​​​ភាគ​​​ច្រើន​​​ចេញ​​​។​​

ក្នុង​​​ចំណោម​​​​​​ជំនួយ​​​ជាង​​​១.០០០​​​លាន​​​ដុល្លារ​​​ ដែល​​​ម្ចាស់​​​ជំនួយ​​​បរទេស​​​​​​ជួយ​​​​​​ដល់​​​​​​កម្ពុជា​​​ក្នុង​​​មួយ​​​ឆ្នាំៗ​​​ ជំនួយ​​​តិច​​​​​​ជាង​​​៨០​​​លាន​​​ដុល្លារ​​​​​​បាន​​​ពី​​​សហរដ្ឋ​​​អាមេរិក​​​ ហើយ​​​ភាគ​​​ច្រើ​​​ន​​នៃ​​​ជំនួយ​​​នោះ​​​​​​បាន​​​ទៅ​​​លើ​​​​​​បណ្ដា​​​អង្គ​​​ការ​​​​​​ក្រៅរដ្ឋាភិបាល​​​នានា​​​ដោយ​​​ផ្ទាល់​​​។ សេច​​​ក្ដី​​​ព្រាង​​​​​​ថវិកា​​​ចំណាយ​​​ថ្មី​​​នេះ​​​​​​​​​ផ្ដោត​​​តែ​​​ទៅ​​​​​​លើ​​​មូលនិធិ​​​​​​ដែល​​​បាន​​​ទៅ​​​លើ​​​​​​រដ្ឋាភិបាល​​​ដោយ​​​ផ្ទាល់​​​​​​សម្រាប់​​​ធ្វើ​​​អ្វី​​​ផ្សេង​​​​​​ក្រៅ​​​ពី​​​ជំនួយ​​​មនុស្ស​​​ធម៌​​​តែ​​​ប៉ុណ្ណោះ​​​​។​​​ វា​​​ក៏​​​​​​ការពារ​​​មូល​​​និធិ​​​សម្រាប់​​​​​​ការ​​​បណ្ដុះ​​​បណ្ដាល​​​ពី​​​សិទ្ធិមនុស្ស​​​​​​ដល់​​​​​​កង​​​កម្លាំង​​​ប្រដាប់​​​អាវុធ​​​របស់​​​កម្ពុជា​​​ ដែល​​​​​​អង្គភាព​​​មួយ​​​ចំនួន​​​បាន​​​​​​ជាប់ពាក់ព័ន្ធ​​​​​​នៅក្នុង​​​ការ​​​បង្ក្រាប​​​​​​ដោយ​​​ហិង្សា​​​លើ​​​ការ​​​តវ៉ា​​​​​​ទាមទារ​​​​​​ដំឡើង​ប្រាក់ខែ​​​​​​គោល​​​។​​​

តែ​​​ទោះ​​​ជាយ៉ាង​​​ណា​​​មិន​​​ថា ជំនួយ​​​នៅ​​​សល់ប៉ុណ្ណា​​​ទេ​​​ សេចក្ដី​​​ព្រាង​​​ច្បាប់​​​នេះ​​​​​​នឹង​​​​​​ត្រូវ​​​ផ្អាក​​​​​​រហូតដល់​ “​​រដ្ឋាភិបាលមួយ​​​​​​​​នេះ​​​​​​ធ្វើ​​​ការ​​​​​​ស៊ើប​​​អង្កេត​​​​​​ឯករាជ្យ​​​និង​​​គួរ​​​ឲ្យ​​​ជឿ​​​ទុក​​​ចិត្ត​​​បាន​​​លើ​​​ភាព​​​មិន​​​ប្រក្រតី​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​ជ្រើស​​​តាំង​​​តំណាង​​​រាស្ត្រ​​​​​​កាលពី​​​ថ្ងៃ​​​ទី​​​២៨ ខែ​​​កក្កដា​​​ ឆ្នាំ​​​២០១៣ និង​​​ធ្វើ​​​កំណែ​​​ទម្រង់​​​​​​ស៊ីជម្រៅ​​​លើ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះឆ្នោត​​​​​​ហៅ​​​កាត់​​​ គ.ជ.ប. ដោយ​​​មាន​​​កា​​​រ​​​ព្រម​​​ព្រៀង​​​ពី​​​គណបក្ស​​​ប្រឆាំង​​​នៅ​​​​​​កម្ពុជា​​​​​​ ឬ​​​ភាគី​​​ទាំង​​​អស់​​​ដែល​​​​​​ទទួល​​​បាន​​​អាសនៈ​​​សភា​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​​​​នេះ​​​ បាន​​​យល់​​​ព្រម​​​ចូល​​​រួម​​​ជាមួយ​​​រដ្ឋ​​​សភា ហើយ​​​រដ្ឋ​​​សភា​​​ធ្វើ​​​កិច្ចការ​​​​​​ដោយ​​​អនុ​​​លោម​​​តាម​​​រដ្ឋ​​​ធម្មនុញ្ញ​​​របស់​​​កម្ពុជា​​​”។​

គណបក្ស​​​សង្គ្រោះជាតិ​​​​​​ទទួល​​​បាន​​​​​​ជិត​​​ពាក់​​​កណ្ដាល​​​នៃ​​​អាសនៈ​​​សភា​​​​​​ទាំង​​​១២​​​៣​​​អាសនៈ​​​នៅ​​​ក្នុង​​​កា​​​របោះឆ្នោត​​​ជាតិ​​​កាលពី​​​ខែ​​​កក្កដា ហើយ​​​​​​អះអាង​​​ថា ខ្លួន​​​នឹ​​​ង​​​ទទួ​​​​​​​​​ល​​​បាន​​​សំឡេង​​​គាំទ្រ​​​ភាគ​​​ច្រើន​​​​​​ ប្រសិន​​​បើ​​​ការ​​​បោះឆ្នោត​​​មាន​​​​​​លក្ខណៈ​​​សេរី​​​និង​​​​​​យុត្តិធម៌​​​។​​​ គណបក្ស​​​​​​នេះ​​​បាន​​​​​​បដិសេធ​​​មិន​​​ទទួល​​​យក​​​អាសនៈ​​​សភា​​​របស់​​​ខ្លួន​​​ឡើយ​​​ ចាប់​​​តាំង​​​ពី​​​រដ្ឋ​​​សភា​​​បាន​​​កោះ​​​ប្រជុំ​​​​​​​​​កាលពី​​​ខែ​​​កញ្ញា​​​មក​​​ ហើយ​​​កំពុង​​​តែ​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​​​​ឯក​​​រាជ្យ​​​ និង​​​ធ្វើ​​​កំណែទម្រង់​​​គ.ជ.ប.។​​​

រដ្ឋាភិ​​​បាល​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​ មិន​​​ព្រម​​​ធ្វើ​​​តាម​​​​​​សំណើ​​​ទាំង​​​នេះ​​​ទេ​​​។​​​ ការ​​​ចរចា​​​រវាង​​​គណបក្ស​​​ប្រឆាំង​​​និង​​​គណ​​​បក្ស​​​​​​ប្រជាជន​​​កម្ពុជាដែល​​​កំពុង​​​កាន់​​​អំណាច​​​នោះនៅតែ​​​ជាប់​​​គាំង​​​នៅ​​​ឡើយ​​​  ខណៈ​​​ពេល​​​ដែល​​​​​​មហា​​​បាតុកម្ម​​​ប្រឆាំង​​​លោក​​​ ហ៊ុន​​​ សែន​​​ បាន​​​បញ្ចប់​​​ភ្លាម​​​ៗ​​​មួយ​​​រំពេច​​​​​​​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​ បន្ទាប់ពី កម្លាំង​​​របស់​​​រដ្ឋាភិបាល​​​បាន​​​​​​​​​បោស​​​សម្អាត​​​​​​ជំរុំ​​​​​​របស់​​​អ្នក​​​គំាទ្រ​​​នៅ​​​លើ​​​ទីលា​​​ន​​​ប្រជាធិប​​​តេយ្យ​​​​​​កណ្ដាល​​​រាជធានីភ្នំពេញ​​​។

លោក​​​ ជាម យៀប​​​ សមាជិក​​​រដ្ឋសភា​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ និង​​​ជា​​​អ្នក​​​នាំ​​​ពាក្យ​​​​​​គណបក្ស​​​នេះ​​​បាន​​​មានប្រសាសន៍​​​ថា លោក​​​មាន​​​ការ​​​​​​ខក​​​ចិត្ត​​យ៉ាង​​​ខ្លាំង​​​​​​ចំពោះ​​​ការ​​​អនុម័ត​​​សេចក្ដី​​​ព្រាង​​​​​​ច្បាប់​​​នេះ​​​ ហើយ​​​​​​បាន​​​​​​ចោទ​​​ប្រកាន់​​​សហរដ្ឋ​​​អាមេរិក​​​​​​ថា បាន​​​ជ្រើស​​​យក​​​កម្ពុជា​​​​​​ដោយ​​​មិន​​​យុត្តិធម៌​​​។ លោក​​​បាន​​​​​​ចោទ​​​សួរ​​​ថា “ខ្ញុំ​​​មាន​​​ការ​​​សោក​​​ស្ដាយ​​​យ៉ាង​​​ខ្លាំង​​​ ដែល​​​អាមេរិក​​​អនុម័ត​​​ច្បាប់​​​តែ​​​លើ​​​​​​កម្ពុជា​​​​​​​​​ ចុះ​​​ហេតុ​​​អ្វី​​​បាន​​​ជា​​​អាមេរិក​​​មិន​​​អនុវត្ត​​​ច្បាប់​​​នេះ​​​លើ​​​​​​ប្រទេស​​​ផ្សេងៗ​​​ទៀត​​​ផង​​​? ខ្ញុំ​​​រៀន​​​ច្បាប់​​​ច្រើន​​​ណាស់​​​ ខ្ញុំ​​​ចេះ​​​ច្បាប់​​​អន្តរជាតិ​​​និង​​​​​​ច្បាប់​​​ខំមិន​​​ឡ (Common law)។ យោង​​​តាម​​​នីតិវិធី​​​ច្បាប់​​​ បណ្ដា​​​ប្រទេស​​​លោក​​​ខាង​​​លិច​​​មិន​​​គួរ​​​ធ្វើ​​​រឿង​​​បែប​​​នេះ​​​ទេ​​​”។

លោក​​​ ជាម​​​ យៀប​​​ បាន​​​សម្ដែង​​​ការ​​​ខក​​​ចិត្ត​​​ចំពោះ​​​អ្វី​​​ដែល​​​លោក​​​គិត​​​ថា សហរដ្ឋ​​​អាមេរិក​​​​​​លម្អៀង​​​ទៅ​​​ខាង​​​គណបក្ស​​​ប្រឆាំង​​​។​​​ លោក​​​បាន​​​មានប្រសាសន៍​​​ទៀត​​​ថា “អាមេរិក​​​មិនអាច​​​គ្រប់​​​គ្រង​​​កម្ពុជា​​​បាន​​​ទេ​​​” មុន​​​ពេល​​​​​​ដាក់​​​ទូរស័ព្ទ​​​ចុះ​​​​​​។​​​ និយាយ​​​ពី​​​តំបន់​​​បឹងកក់​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​ ដែល​​​​​​រដ្ឋាភិបាល​​​​​​បាន​​​​​​បណ្ដេញ​​​​​​ប្រជា​ពល​​​រដ្ឋ​​​ប្រមាណ​​​​​​៣.០០​​​០​​​គ្រួសារ​​​ចេញ​​​​​​ដោយ​​​​​​ខុស​​​ច្បាប់​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​ថ្មីៗ​​​នេះ​​​ ដើម្បី​​​បើក​​​ផ្លូវ​​​​​​សម្រាប់​​​គម្រោង​​​អចលនទ្រព្យ​​​របស់​​​សមាជិក​​​​​​ព្រឹទ្ធ​​​សភា​​​មួយ​​​រូប​​​មក​​​​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​​​​វិញ​​​ សេចក្ដី​​​ព្រាង​​​ថវិកា​​​នេះ​​​​​​អំពាវនាវ​​​ឲ្យ​​​ធនាគារ​​​ពិភព​​​លោក​​​មាន​​​គណ​​​នេយ្យ​​​ភាព​​​ជាងមុន​​​។

កាល​​​ពី​​​ដើម​​​ឆ្នាំ​​​២០១១ ការ​​​ស៊ើប​​​អង្កេត​​​​​​ឯករាជ្យ​​​​​​មួយ​​​​​​បាន​​​សន្និដ្ឋាន​​​​​​ថា គម្រោង​​​មួយ​​​របស់​​​ធនាគារ​​​ពិភព​​​លោក​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ដែល​​​មាន​​​បំណង​​​ផ្ដល់​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដី​​​ធ្លី​​​ដល់​​​ប្រជាពល​​​រដ្ឋ​​​កម្ពុជា​​​​​​នោះ​​​​​​តាម​​​ពិត​​​បាន​​​ជួយ​​​ធ្វើ​​​ឲ្យ​​​ប្រជាពល​​​រដ្ឋ​​​នៅ​​​បឹង​​​កក់​​​បាត់​​​បង់​​​​​​សិទ្ធិ​​​ដី​​​ធ្លី​​​របស់​​​ខ្លួន​​​ទៅ​​​វិញ​​​ទេ​​​​​​។​​​ ក្រោយ​​​ម​​​ក​​​នៅ​​​ក្នុង​​​ឆ្នាំ​​​ដដែល​​​នោះ​​​ធនាគារ​​​ពិភព​​​លោក​​​បាន​​​បញ្ជាក់​​​ថា ខ្លួន​​​​​​នឹ​​​ង​​​ផ្អាក​​​ការ​​​ផ្ដល់​​​ឥណទាន​​​​​​ថ្មីៗ​​​ទាំង​​​អស់​​​​​​ដល់​​​កម្ពុជា​​​ រហូត​​​ទាល់​​​តែ​​​​​​រដ្ឋាភិ​​​បាល​​​និង​​​​​​ប្រជាពល​​​រដ្ឋ​​​​​​បាន​​​ឈា​​​ន​​​ដល់​​​​​​ការ​​​ព្រម​​​ព្រៀងផ្ដល់​​​សំណង​​​​ដល់​​​ប្រជាពល​​​រដ្ឋ​​​ ដែល​​ត្រូវ​​​បណ្ដេញ​​​ចេញ​​​។​​​

សេចក្ដី​​​ព្រាង​​​ថវិកា​​​ចំណាយ​​​នេះ​​​​​​នឹង​​​​​​ប្រគល់​​​​​ភារកិច្ចនេះ​​​ឲ្យ​​​​​​រដ្ឋមន្ត្រី​​​រតនាគារ​​​សហរដ្ឋ​​​អាមេរិក​​​​​​ចង្អុល​​​បង្ហាញ​​​ឲ្យ​​​​​​នាយក​​​ប្រតិបត្តិ​​​​​​ជន​​​ជាតិ​​​អាមេរិក​​​​​​របស់​​​ធនាគារ​​​ពិភព​​​លោក​​​ ធ្វើ​​​របាយការណ៍​​​ជា​​​ប្រចាំប្រាប់​​​គណៈកម្មាធិការ​​​ទទួល​​​បន្ទុក​​​កំណត់​​​ការ​​​ចំណាយ​​​នៃ​​​សភា​​​អាមេរិក​​​ (House Appropriations Committee) ថា​​​គាត់​​​កំណត់​​​ធ្វើ​​​អ្វី​​​ខ្លះ​​​​​​ ដើម្បី​​​​​​ “ផ្អាក​​​ការ​​​សហការ​​​ឡើង​​​វិញ​​​” ជាមួយ​​​កម្ពុជា​​​ រហូត​​​ទាល់​​​តែ​​​វិវាទ​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​​​​ត្រូវ​​​បាន​​​ដោះ​​​ស្រាយ​​​។​​​

ប្រជាពលរដ្ឋ​​​ដែល​​​ត្រូវ​​​បណ្ដេញ​​​ចេញ​​​​​​និង​​​បណ្ដា​​​អង្គការ​​​សិទ្ធិមនុស្ស​​​​​​បាន​​​ចោទ​​​ប្រកាន់​​​ធនាគារ​​​ពិភពលោក​​​ថា មិន​​​បាន​​​ធ្វើ​​​ការ​​​ឲ្យ​​​បាន​​​គ្រប់​​​គ្រាន់​​​ដើម្បីជួយ​​​ដល់​​​ប្រជា​​​ពលរដ្ឋ​​​ដែល​​​ត្រូវ​​​បាន​​​បណ្ដេញ​​​ចេញ​​​ឡើយ​​​។​​​

អ្នកស្រី​​​ ទេព​​​ វន្នី​​​ ជា​​​ប្រជាពល​​​រដ្ឋ​​​ម្នាក់​​​នៅបឹង​​​កក់​​​ ដែល​​​បាន​​​ប្រឆាំង​​​តវ៉ា​​​នឹង​​​ការ​​​បណ្ដេញ​​​ចេញ​​​អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​​​​ឆ្នាំ​​​មក​​​នេះ​​​ ហើយ​​​បាន​​មក​​​វិញ​​​នូវ​​​ការ​​​ជាប់​​​ពន្ធនាគារ​​​​​​នោះ​​​ បាន​​​ស្វាគមន៍​​​បទប្បញ្ញត្តិ​​​​​​នៅ​​​ក្នុង​​​សេចក្ដី​​​ព្រាង​​​​​​ច្បាប់​​​ថ្មីនេះ​​​​​​ធ្វើ​​​ឡើង​​​​​​ដោយ​​​សមាជិក​​​សភា​​​សហរដ្ឋ​​​អាមេរិក​​​។​​​ អ្នក​​​ស្រី​​​បាន​​​លើក​​​ឡើង​​​​​​នៅ​​​ក្នុង​​​សេ​ចក្ដី​​​ថ្លែង​​​ការណ៍​​​មួយ​​​ ដែល​​​បណ្ដា​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​បាន​​​ផ្សព្វផ្សាយ​​​ថា “យើង​​​​​​រីករាយ​​​ជា​​​ខ្លាំង​​​ចំពោះ​​​សាមគ្គីភាព​​​របស់​​​ពលរដ្ឋ​​​អាមេ​​​រិក​​​ ហើយ​​​យើង​​​សង្ឃឹ​ម​​​ថា ធនាគារ​​​ពិភព​​​លោក​​​នឹង​​​ចាប់​​​អារម្មណ៍​​​។​​​ វា​​​ដល់​​​ពេល​​​ដែល​​​​​​​​​ត្រូវ​​​​​​ដោះ​​​ស្រាយ​​​ករណី​​​របស់​​​ពួក​​​យើង​​និង​​​​​​សម្រាប់​​​​​​​​​អ្នក​​​ទាំង​​​អស់​​​គ្នា​​​​​​ហើយ​​​ ពីព្រោះ​​​ប្រជា​​​​​​ពល​​​រដ្ឋ​​​​​​រប​ស់​​​​យើង​​​បាន​​​រង​​ទុក្ខ​​​យូរ​​​​​​គ្រប់គ្រាន់​​​ហើយ​​​”។​​​

សេចក្ដី​​​ព្រាង​​​ច្បាប់​​​នេះ​​​ ក៏​​​នឹង​​​ផ្អាក​​​មូល​​​និធិ​​​របស់​​​សហរដ្ឋ​​​អាមេរិក​​​ទុក​​​សម្រាប់​​​សាលា​​​ក្ដី​​​ខ្មែរ​​​ក្រហម​​​ផង​​​ដែរ​​​ រហូត​​​ទាល់​​​តែ​​​រដ្ឋាភិបាល​​​​​​កម្ពុជា​​​​​​ផ្ដល់​​​ ឬធានា​​​ការ​​​ផ្ដល់​​​មូលនិធិ​​​សម្រាប់​​​ភាគី​​​ជាតិ​​​​​​នៃ​​​តុលាការ​​​​​​កូន​​​កាត់​​​ ដែល​​​គាំទ្រ​​​ដោយ​​​អង្គការ​​​សហប្រជាជាតិ​​​​​​មួយ​​​នេះ​​​។​ រដ្ឋាភិបាល​​​ត្រូវ​​​បាន​​​តម្រូវ​​​ឲ្យ​​ឧបត្ថម្ភ​​​ដល់​​​ភាគី​​​ជាតិ​​​ ដែល​​​តែង​​​តែ​​​ខ្វះ​​​មូល​​​និធិ​​​ នៃ​​​សាលា​​​ក្ដី​​​ខ្មែរ​​​ក្រហម​​​តាម​​​ការ​​​ព្រម​​​ព្រៀង​​​របស់​​​ខ្លួន​​​ជាមួយ​​​អង្គការ​​​សហប្រជាជាតិ​​​ ប៉ុន្តែ​​​ភាគ​​​ច្រើន​​​​​​មិន​​​បាន​​​ធ្វើ​​​ដូច្នេះ​​​ទេ​​​។​​​

សហរដ្ឋ​អាមេរិក​គឺ​​​ជា​​​ម្ចាស់​​​ជំនួយ​​​ធំបំផុត​​​ទី៣ របស់​​​​​​សាលា​​​ក្ដី​​​ខ្មែរ​​​ក្រហម​​​ បន្ទាប់ពី​​​ប្រទេស​​​ជប៉ុន និង​​​អូស្ត្រាលី។ ក្នុង​​​ចំណោម​​​ជំនួយ​​​២០០​​​លាន​​​ដុល្លារ​​​ ដែល​​​ម្ចាស់​​​ជំនួយ​​​នានា​​​ផ្ដល់​​​ដល់​​​តុលាការ​​​នេះ​​រហូត​​​មក​​​ទល់​​​ខែ​​​កញ្ញា​​​​​​ សហរដ្ឋ​​​អាមេរិក​​​បាន​​​ផ្ដល់​​​ចំនួន​​​១៦,១​​​លាន​​​ដុល្លារ​​​ ឬ​​​ប្រហែល​​​៨ភាគ​​​រយ​​​។​​​

លោក ស៊ាន​​​ ម៉ាក​គីនតុស ​​​អ្នក​​​នាំពាក្យ​​​ស្ថាន​​​ទូត​​​សហរដ្ឋ​​​អាមេរិក​​​បាន​​​បដិសេធ​​​មិន​​​ឆ្លើយ​​​បំភ្លឺ​​​ថា តើជំនួយ​​​ប៉ុន្មាន​​​ដែល​​​សេចក្ដី​​​ព្រាង​​​ច្បាប់​​​នេះ​​​អាច​​​នឹង​​​ធ្វើ​​​ឲ្យ​​​កម្ពុជា​​​​​​ខាត​​​បង់​​​នោះ​​​​ទេ។​​​ លោក​​​បាន​​​មានប្រសាសន៍​​​ថា “ជាទូទៅ​​​​​​យើង​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពី​​​ច្បាប់​​​ដែលមិន​​​ទាន់​​​ចេញ​​​នោះ​​​ទេ​​​”៕សុខុម​​​
(រាយការណ៍​​​បន្ថែម​​​ដោយ​​​ ឃី សុវុឌ្ឍី)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស